ព្រះគម្ពីរ
អាលម៉ា 4


ជំពូក​ទី ៤

អាលម៉ា​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ប្រែចិត្ត​ជឿ​រាប់​ពាន់​នាក់ — អំពើ​ទុច្ចរិត​ចូល​ក្នុង​សាសនាចក្រ ហើយ​ការ​លូតលាស់​នៃ​សាសនាចក្រ​ត្រូវ​បាន​បង្អាក់​បង្អន់ — នីហ្វៃ​ហា​ត្រូវ​បាន​តែងតាំង​ឡើង​ជា​មេ​ចៅក្រម — អាលម៉ា ជា​សង្ឃ​ជាន់​ខ្ពស់ ប្រគល់​ខ្លួន​ចំពោះ​ការងារ​បម្រើ​តែ ប៉ុណ្ណោះ។ ប្រមាណ​ជា​ឆ្នាំ ៨៦–៨៣ ម.គ.ស.។

ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ប្រាំមួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​លើ​ប្រជាជន​នីហ្វៃ​គ្មាន​ការ​ទាស់ទែង​គ្នា ឬ សង្គ្រាម​នៅ​លើ​ដែនដី​សារ៉ាហិមឡា​ឡើយ។

ប៉ុន្តែ ប្រជាជន​មាន​ទុក្ខ មែន​ហើយ គឺ​មាន​ទុក្ខ​ពន់ប្រមាណ ព្រោះ​តែ​ការ​បាត់បង់​បង​ប្អូន​របស់​គេ និង​ព្រម​ទាំង​ការ​បាត់បង់​ហ្វូង ចៀម និង​គោ​របស់​គេ​ផង និង​ព្រម​ទាំង​ការ​បាត់បង់​ផលដំណាំ​នៅ​ឯ​ស្រែ​ចម្ការ​របស់​គេ​ផង ដែល​ត្រូវ​ពួក​លេមិន​ជាន់​ឈ្លី ហើយ​បំផ្លាញ ចោល។

ហើយ​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ​មាន​ទំហំ​ធំ​ណាស់​ហ្ន៎ រហូត​ដល់​មនុស្ស​គ្រប់​រូប​មាន​ហេតុ​ឲ្យ​ទួញ​សោក ហើយ​ពួក​គេ​បាន​ជឿ​ថា នោះ​គឺជា​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​នៃ​ព្រះ ដែល​បាន​ធ្លាក់​មក​លើ​ពួក​គេ ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​គេ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​បាន​ភ្ញាក់​ឡើង ដោយ​នឹក​ឃើញ​ដល់​ភារកិច្ច​របស់​ខ្លួន។

ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​តាំង​សាសនាចក្រ​ឡើង​យ៉ាង​ពេញលេញ​ជាង​មុន មែន​ហើយ មនុស្ស​ជាច្រើន​បាន​ទទួល​បុណ្យ​ជ្រ​មុជទឹក នៅ​ក្នុង​ទន្លេ​ស៊ីដូន ហើយ​បាន​ចូល​រួបរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះ មែន​ហើយ ពួក​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយ​ដៃ​របស់​អាលម៉ា ជា​អ្នក​ដែល​បាន​ទទួល​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជាន់​ខ្ពស់ លើ​ប្រជាជន​នៃ​សាសនាចក្រ ដោយ​ដៃ​របស់​អាលម៉ា ជា​ឪពុក​លោក។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ប្រាំពីរ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម មាន​មនុស្ស​ប្រហែល​បី​ពាន់​ប្រាំ​រយ​នាក់​ដែល បាន​ចូល​រួបរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ប្រាំពីរ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ទៅ​លើ​ប្រជាជន​នីហ្វៃ ហើយ​សេចក្ដី​សុខសាន្ត​ក៏​មាន​ត​រៀង​ទៅ​ក្នុង​រយៈ​ពេល​នោះ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ប្រាំបី​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ប្រជាជន​នៃ​សាសនាចក្រ​បាន​ចាប់​ផ្ដើម​វាយឫក​ក្រអោង ដោយ​សារ​ទ្រព្យសម្បត្តិ​ដ៏​លើសលប់​របស់​គេ និង​សូត្រ​ព្រែ​របស់​គេ និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត​ទេស​វេញ​យ៉ាង​ខ្មាញ់​របស់​គេ ហើយ​ដោយ​សារ​ហ្វូង​ចៀម និង​ហ្វូង​សត្វ​ជាច្រើន​របស់​គេ និង​មាស​របស់​គេ និង​ប្រាក់​របស់​គេ និង​វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​បែប​យ៉ាង​របស់​គេ ដែល​គេ​រក​បាន​ដោយ​សារ​ការ​ឧស្សាហ៍​របស់​ខ្លួន ហើយ​ដោយ​សារ​របស់​ទាំង​នេះ​ហើយ​ដែល​ពួក​គេ​បាន​លើក​ខ្លួន​ឡើង ក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ភ្នែក​របស់​គេ ព្រោះ​គេ​បាន​ចាប់​ផ្ដើម​ស្លៀកពាក់​នូវ​ប្រដាប់​ស្លៀកពាក់​ដ៏​មាន​តម្លៃ​ថ្លៃ។

ឥឡូវ​នេះ នេះ​គឺជា​ហេតុ​ដែល​មាន​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ច្រើន​ដល់​អាលម៉ា មែន​ហើយ និង​ដល់​មនុស្ស​ជាច្រើន​នាក់ ដែល​អាលម៉ា​បាន​ញែក​ចេញ​ឲ្យ​ធ្វើ​ជា​ពួក​គ្រូបង្រៀន និង​ពួក​សង្ឃ និង​ពួក​អែលឌើរ​នៅ​ក្នុង​សាសនា​ច្រក មែន​ហើយ ពួក​គេ​ជាច្រើន​កើតទុក្ខ​ជា​ខ្លាំង ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត ដែល​ពួក​គេ​បាន​ឃើញ​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ចំណោម​ប្រជាជន​គេ។

ព្រោះ​ពួក​គេ​បាន​មើល ហើយ​ឃើញ​ដោយ​ការ​សោកសៅ​ជា​ខ្លាំង​ថា ប្រជាជន​នៃ​សាសនាចក្រ​បាន​ចាប់​ផ្ដើម​លើក​ខ្លួន​ឡើង ក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ភ្នែក​របស់​គេ ហើយ​ភ្ជាប់​ចិត្ត​គេ​ទៅ​លើ​ទ្រព្យសម្បត្តិ និង​ទៅ​លើ​វត្ថុ​ទាំង​ឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ គឺ​ពួក​គេ​បាន​ចាប់​ផ្ដើម​មើល​ងាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​បៀតបៀន​ដល់​អស់​អ្នក​ណា ដែល​មិន​ជឿ​តាម​ចំណង់ និង​ការ​ប៉ង​ប្រាថ្នា​របស់​ខ្លួន។

ម្ល៉ោះ​ហើយ កាល​នៅ​ឆ្នាំ​ទី​ប្រាំបី​នេះ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម នោះ​ចាប់​ផ្ដើម​កើត​មាន​ការ​ទាស់ទែង​ដ៏​ធំៗ នៅ​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ មែន​ហើយ មាន​ការ​ឈ្នានីស និង​ការ​ប្រកួតប្រជែង និង​ការ​ព្យាបាទ និង​ការ​បៀតបៀន​ទាំង​ឡាយ និង​ការ​ឆ្មើងឆ្មៃ គឺ​ច្រើនជាង​ការ​ឆ្មើងឆ្មៃ នៃ​ពួក​អ្នក​ដែល​មិន​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​ទៅ​ទៀត។

១០ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ប្រាំបី​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ ហើយ​អំពើ​ទុច្ចរិត​នៃ​សាសនាចក្រ គឺជា​ការ​ជំពប់​មួយ​ដ៏​ធំ​ដល់​ពួក​អ្នក​ដែល​ពុំ​នៅ​ក្នុង​សាសនាចក្រ ម្ល៉ោះ​ហើយ សាសនាចក្រ​បាន​ចាប់​ផ្ដើម​ចុះ​អន់ថយ​នូវ​ការ​លូតលាស់​ទៅ​វិញ។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ដើម​ឆ្នាំ​ទី​ប្រាំបួន អាលម៉ា​បាន​ឃើញ​អំពើ​ទុច្ចរិត​របស់​សាសនាចក្រ ហើយ​លោក​ក៏​បាន​ឃើញ​ដែរ​ថា គំរូ​នៃ​សាសនាចក្រ​បាន​ចាប់​ផ្ដើម​នាំ​ពួក​អ្នក​ដែល​ឥត​ជំនឿ ពី​អំពើ​ទុច្ចរិត​មួយ​ទៅ​អំពើ​ទុច្ចរិត​មួយ​ទៀត ម្ល៉ោះ​ហើយ គេ​បាន​នាំ​មក​នូវ​ការ​បំផ្លិចបំផ្លាញ​មក​លើ​ប្រជាជន។

១២មែន​ហើយ លោក​បាន​ឃើញ​ការ​មិន​ស្មើ​គ្នា​ដ៏​ធំ នៅ​ក្នុង​ចំណោម​ប្រជាជន អ្នក​ខ្លះ​លើក​ខ្លួន ដោយ​ការ​ឆ្មើងឆ្មៃ​របស់​ខ្លួន​ដោយ​មើល​ងាយ​អ្នក​ឯ​ទៀត បែរខ្នង​ដាក់​អ្នក​ខ្វះ​ខាត និង​អ្នក​អាក្រាត និង​ពួក​អ្នក​ដែល​អត់ឃ្លាន និង​ពួក​អ្នក​ដែល​ស្រេក និង​ពួក​អ្នក ដែល​ឈឺ ហើយ​មាន​ទុក្ខ​វេទនា។

១៣ឥឡូវ​នេះ នេះ​គឺជា​មូលហេតុ​ដ៏​ធំ​មួយ ដល់​ការ​ទួញ​សោក​នៅ​ក្នុង​ចំណោម​ប្រជាជន កាល​អ្នក​ខ្លះ​ទៀត​បន្ទាប​ខ្លួន ជួយឧបត្ថម្ភ​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ត្រូវ​ការ​សេចក្ដី​ឧបត្ថម្ភ ដូច​ជា​ចែកទ្រព្យ​របស់​ខ្លួន​ដល់​អ្នក​ក្រីក្រ និង​ដល់​អ្នក​ខ្វះ​ខាត ផ្ដល់​អាហារ​ដល់​អ្នក​អត់ឃ្លាន ហើយ​ស៊ូ​រង​សេចក្ដី​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង ដើម្បី​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​នឹង​យាង​មក ស្រប​តាម​វិញ្ញាណ​នៃ​ការ​ព្យាករណ៍

១៤ដោយ​ទន្ទឹង​ចាំ​ថ្ងៃ​នោះ ដែល​នឹង​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​គេ ដោយ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ដ៏​ខ្លាំង ដោយ​សារ​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់ ស្រប​តាម​ព្រះ​ហឫទ័យ និង​ព្រះ​ចេស្ដា និង​ការ​ដោះ​លែង​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​រួច​ផុត​ពី​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់។

១៥ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​អាលម៉ា​បាន​ឃើញ​សេចក្ដី​ទុក្ខ​វេទនា​របស់​ពួក​ជន ដែល​បន្ទាប​ខ្លួន​ដើរ​តាម​ព្រះ និង​ការ​បៀតបៀន​ទាំង​ឡាយ​ដែល​គរ​ទៅ​លើ​ពួក​គេ ពី​សំណាក់​ប្រជាជន​របស់​លោក ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ហើយ​ដោយ​បាន​ឃើញ​ការ​មិន​ស្មើ​គ្នា​របស់​គេ នោះ​លោក​បាន​ចាប់​ផ្ដើម​ព្រួយបារម្ភ​ជា​ខ្លាំង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ទ្រង់​ពុំ​បាន​លះបង់​ចោល​លោក​ឡើយ។

១៦ហើយ​លោក​បាន​ជ្រើសរើស​អ្នក​ប្រាជ្ញ​ម្នាក់ នៅ​ក្នុង​ចំណោម​ពួក​អែលឌើរ​នៃ​សាសនាចក្រ ហើយ​បាន​ប្រគល់​អំណាច​ឲ្យ​អ្នក​នោះ ស្រប​តាម​សំឡេង​របស់​ប្រជាជន ដើម្បី​ឲ្យ​លោក​អាច​មាន​អំណាច​ចេញ​ច្បាប់​ទាំង​ឡាយ តាម​ច្បាប់​ទាំង​ឡាយ​ដែល​បាន​ប្រទាន​ឲ្យ ហើយ​អនុវត្ត​ច្បាប់​ទាំង​នោះ ស្រប​តាម​តែ​អំពើ​ទុច្ចរិត និង​ទោស​ទាំង​ឡាយ​របស់​ប្រជាជន។

១៧ឥឡូវ​នេះ បុរស​នេះ​មាន​ឈ្មោះ​ថា នីហ្វៃ​ហា ហើយ​លោក​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​មេ​ចៅក្រម ហើយ​លោក​បាន​អង្គុយ​នៅ​វេទិកា​ជំនុំ​ជំរះ ដើម្បី​ជំនុំ​ជំរះ ហើយ​អភិបាល​ដល់​ប្រជាជន។

១៨ឥឡូវ​នេះ អាលម៉ា​ពុំ​បាន​ប្រគល់​ឲ្យ​លោក​នូវ​មុខងារ​នៃ​សង្ឃ​ជាន់​ខ្ពស់​លើ​សាសនាចក្រ​នោះ​ទេ តែ​លោក​បាន​ទុក​មុខងារ​នៃ​សង្ឃ​ជាន់​ខ្ពស់​នេះ សម្រាប់​ខ្លួន​លោក​វិញ ប៉ុន្តែ​លោក​ប្រគល់​វេទិកា​ជំនុំ​ជំរះ​ទៅ​ឲ្យ​នីហ្វៃ​ហា។

១៩ហើយ​លោក​បាន​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​ខ្លួន​លោក​ផ្ទាល់ អាច​ទៅ​ក្នុង​ចំណោម​ប្រជាជន​របស់​លោក ឬ​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ដើម្បី​លោក​អាច​ផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ​ដល់​គេ ដើម្បី​ដាស់​រំជួល​ពួក​គេ​ឲ្យ​នឹក​ចាំ​ដល់​ភារកិច្ច​របស់​គេ ហើយ​ដើម្បី​លោក​អាច​ទម្លាក់​ចោល ដោយ​ព្រះ​បន្ទូល​នៃ​ព្រះ​នូវ​អស់​ទាំង​ការ​ឆ្មើងឆ្មៃ និង​ឧបាយកល និង​អស់​ទាំង​ការ​ទាស់ទែង​គ្នា ដែល​មាន​នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​លោក ដោយ​ពុំ​ឃើញ​ថា មាន​ផ្លូវ​ណាមួយ​ដែល​លោក​អាច​ទាម​ទាញ​ពួក​គេ​មក​វិញ​បាន​ឡើយ លើកលែង​តែ​ដោយ​ការ​ធ្វើ​ទី​បន្ទាល់​ដ៏​បរិសុទ្ធ​ទាស់​នឹង​គេ​ប៉ុណ្ណោះ។

២០ម្ល៉ោះ​ហើយ នៅ​ដើម​ឆ្នាំ​ទី​ប្រាំបួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​លើ​ប្រជាជន​នីហ្វៃ អាលម៉ា​បាន​ប្រគល់​វេទិកា​ជំនុំ​ជំរះ​ទៅ​ឲ្យ​នីហ្វៃ​ហា ហើយ​បាន​ផ្ទុក​ខ្លួន​ទាំង​ស្រុង​ទៅ​លើ​តំណែង​នៃ​សង្ឃ​ជាន់​ខ្ពស់​នៃ​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ ទៅ​លើ​ទី​បន្ទាល់​នៃ​ព្រះ​បន្ទូល ស្រប​តាម​វិញ្ញាណ​នៃ​វិវរណៈ និង​ការ​ព្យាករណ៍៕