ព្រះគម្ពីរ
ហេលេមិន 12


ជំពូក​ទី ១២

មនុស្ស​មិន​នឹង​ន ហើយ​ឆ្កួត​លីលា ហើយ​ឆាប់​ធ្វើ​អាក្រក់ — ព្រះ​អម្ចាស់​ទ្រង់​វាយ​ផ្ចាល​ដល់​រាស្ត្រ​ទ្រង់ — ភាព​ឥត​ការ​ទទេ​នៃ​មនុស្ស​ប្រៀបធៀប​ទៅ​នឹង​ព្រះ​ចេស្ដា​នៃ​ព្រះ — នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​នឹង​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ឬ​ក៏​ទោស​ដ៏​អស់​កល្ប​ជានិច្ច។ ប្រមាណ​ជា​ឆ្នាំ ៦ ម.គ.ស.។

ម្ល៉ោះ​ហើយ យើង​អាច​ឃើញ​ថា ចិត្ត​នៃ​កូន​ចៅ​មនុស្ស​ខុសឆ្គង ហើយ​គ្មាន​ភាព​នឹង​ន​យ៉ាង​ណា មែន​ហើយ យើង​អាច​ឃើញ​ថា ព្រះ​អម្ចាស់​នៅ​ក្នុង​សេចក្ដី​ល្អ​មហិមា​ដ៏​និរន្តរ៍​របស់​ទ្រង់ ប្រទាន​ពរ ហើយ​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ដល់​អស់​អ្នក​ណា ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​គេ​ទៅ​លើ​ទ្រង់។

មែន​ហើយ ហើយ​យើង​អាច​ឃើញ​ថា នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ចម្រើន​ឡើង មែន​ហើយ គឺ​ក្នុង​ការ​បង្កើន​ស្រែ​ចម្ការ​របស់​គេ ហ្វូង​ចៀម​របស់​គេ និង​ហ្វូង​សត្វ​របស់​គេ ហើយ​មាស និង​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​សព្វ​សារពើ និង​វត្ថុ​សិល្បៈ លើក​លែង​ជីវិត​ឲ្យ​គេ ហើយ​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ បន្ទន់​ចិត្ត​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ​ដើម្បី​កុំ​ឲ្យ​ពួក​វា​ធ្វើ​សង្គ្រាម​នឹង​ពួក​គេ មែន​ហើយ ហើយ​សរុប​សេចក្ដី​មក ធ្វើ​នូវ​គ្រប់​ការណ៍​ទាំង​អស់ ដើម្បី​សុខុមាលភាព និង​សុភមង្គល​របស់​រាស្ត្រ​ទ្រង់ មែន​ហើយ នៅ​ពេល​នោះ​ហើយ​ដែល​ពួក​គេ​ធ្វើ​ចិត្ត​រឹងរូស ហើយ​បំភ្លេច​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ ហើយ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង​របស់​គេ​នូវ​ព្រះ​ដ៏​បរិសុទ្ធ — មែន​ហើយ ហើយ​នេះ​គឺ​មក​ពី​ការ​ងាយស្រួល និង​ការ​ចម្រើន​ឡើង​ដ៏​ធំ​ហួស​ប្រមាណ​របស់​គេ។

ម្ល៉ោះ​ហើយ យើង​ឃើញ​ថា លើក​លែងតែ​ព្រះ​អម្ចាស់ ទ្រង់​វាយ​ផ្ចាល​រាស្ត្រ​ទ្រង់ ដោយ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ច្រើន មែន​ហើយ លើក​លែងតែ​ទ្រង់​ធ្វើ​ទោស​ពួក​គេ ដោយ​សេចក្ដី​ស្លាប់ និង​ដោយ​ភេរវកម្ម និង​ដោយ​អំណត់​អត់ និង​ដោយ​ជំងឺ​អាសន្នរោគ​គ្រប់​បែប​យ៉ាង នោះ​ពួក​គេ​នឹង​ពុំ​នឹក​ឃើញ​ដល់​ទ្រង់​ឡើយ។

ឱ​កូន​ចៅ​មនុស្ស​អើយ ម្ដេច​ក៏​ឆ្កួត​លីលា និង​អសារ​ឥត​ការ និង​អាក្រក់ និង​ដូច​អារក្ស​ម្ល៉េះ ហើយ​ឆាប់​ធ្វើ​អំពើ​ទុច្ចរិត តែ​កម្រ​ធ្វើ​អំពើ​ល្អ​ទៅ​វិញ មែន​ហើយ គឺ​ឆាប់​ស្ដាប់​តាម​ពាក្យ​សម្ដី​នៃ​ជន​អាក្រក់ ហើយ​ភ្ជាប់​ចិត្ត​គេ​ទៅ​លើ​វត្ថុ​ទាំង​ឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ!

មែន​ហើយ គឺ​ឆាប់​លើក​ខ្លួន​ឡើង ក្នុង​ការ​ឆ្មើងឆ្មៃ មែន​ហើយ គឺ​ឆាប់​អួតអាង ហើយ​ធ្វើ​នូវ​អ្វីៗ​គ្រប់​យ៉ាង​នៃ​អំពើ​ដែល​ទុច្ចរិត តែ​ពួក​គេ​កម្រ​នឹក​ឃើញ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ ឬ​យក​ត្រចៀក​ស្ដាប់​តាម​ដំបូន្មាន​របស់​ទ្រង់ មែន​ហើយ គឺ​កម្រ​ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​ខាង​ប្រាជ្ញា​ទៅ​វិញ។

មើល​ចុះ ពួក​គេ​ពុំ​មាន​បំណង​ចង់​ឲ្យ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ដែល​បាន​បង្កើត​គេ​មក គ្រប់​គ្រង និង​អភិបាល​លើ​ពួក​គេ​ទេ ទោះ​ជា​ទ្រង់​មាន​ការណ៍​ល្អ​ដ៏​ធំ និង​សេចក្ដី​មេត្តាករុណា​ដល់​ពួក​គេ​ក៏​ដោយ គង់តែ​ពួក​គេ​ពុំ​យក​ជា​ការ​នូវ​ដំបូន្មាន​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​ពួក​គេ​ពុំ​មាន​បំណង​ចង់​ឲ្យ​ទ្រង់ ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​ពួក​គេ​ឡើយ។

ឱ​ភាព​ឥត​ការ​ទទេ​នៃ​កូន​ចៅ​មនុស្ស អ្វី​ក៏​ធំធេង​ម្ល៉េះ មែន​ហើយ គឺ​ពួក​គេ​អន់​ជាង​ធូលី​ដី​ទៅ​ទៀត។

ត្បិត​មើល​ចុះ ធូលី​ដី​ធ្វើ​ចលនា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ បែក​គ្នា​ជា​ពីរ​តាម​បញ្ជា​របស់​ព្រះ​ដ៏​មហិមា និង​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច​របស់​យើង។

មែន​ហើយ មើល​ចុះ តាម​ព្រះ​សូរសៀង​របស់​ទ្រង់ ភ្នំ​តូច និង​ភ្នំ​ធំ​ញ័រ ហើយ​រញ្ជួយ

១០ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​សំឡេង​របស់​ទ្រង់ វា​បែក​ចេញ ហើយ​ក្លាយ​ទៅ​ជា​រាបស្មើ មែន​ហើយ គឺ​ដូច​ជា​ច្រក​ភ្នំ​ដូច្នោះ។

១១មែន​ហើយ ដោយ​ព្រះ​ចេស្ដា​នៃ​សំឡេង​របស់​ទ្រង់ ផែនដី​ទាំង​មូល​រង្គើ។

១២មែន​ហើយ ដោយ​ព្រះ​ចេស្ដា​នៃ​សំឡេង​របស់​ទ្រង់ គ្រឹះ​រណ្ដំ គឺ​រហូត​ដល់​ចំ​កណ្ដាល។

១៣មែន​ហើយ ហើយ​បើ​សិន​ជា​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ផែនដី​ថា — ចូរ​ធ្វើ​ចលនា — វា​នឹង​ធ្វើ​ចលនា។

១៤មែន​ហើយ បើ​សិន​ជា​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ផែនដី​ថា — ចូរ​ថយ​ក្រោយ ដើម្បី​វា​ពន្យារ​ថ្ងៃ​ឲ្យ​បាន​ច្រើន​ម៉ោង — នោះ​នឹង​បាន​សម្រេច

១៥ម្ល៉ោះ​ហើយ ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ ផែនដី​ថយ​ក្រោយ ហើយ​វា​ហាក់​បី​ដូច​ជា​ធ្វើ​ឲ្យ​មនុស្ស​ឃើញ​ថា ព្រះ​អាទិត្យ​ឈរ​នៅ​នឹង​មួយ​កន្លែង មែន​ហើយ ហើយ​មើល​ចុះ ការណ៍​នេះ​គឺ​ដូច្នោះ​មែន ព្រោះ​ពិតប្រាកដ​មែន គឺ​ផែនដី​ដែល​ធ្វើ​ចលនា ហើយ​មិនមែន​ព្រះ​អាទិត្យ​ទេ។

១៦ហើយ​ក៏​មើល​ចុះ បើ​សិន​ជា​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ទឹក​នៃ​ទី​ជម្រៅ​ដ៏​ធំ​ថា — ចូរ​ឯង​រីងស្ងួត​ទៅ — នោះ​នឹង​បាន​សម្រេច។

១៧មើល​ចុះ បើ​សិន​ជា​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ភ្នំ​នេះ​ថា — ចូរ​ឯង​ផុស​ឡើង​ខ្ពស់ ហើយ​រលំ និង​ធ្លាក់​ទៅ​លើ​ទី​ក្រុង​នោះ ដើម្បី​វា​ត្រូវ​កប់ — មើល​ចុះ វា​នឹង​បាន​សម្រេច។

១៨ហើយ​មើល​ចុះ បើ​សិន​ជា​មនុស្ស​ម្នាក់​លាក់​កំណប់​មួយ​នៅ​ក្នុង​ដី ហើយ​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា — ចូរ​ឲ្យ​វា​ត្រូវ​បណ្ដា​សា​ចុះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​អ្នក​ដែល​បាន​លាក់​វា — មើល​ចុះ វា​នឹង​ត្រូវ​បណ្ដាសា។

១៩ហើយ​បើ​សិន​ជា​ព្រះ​អម្ចាស់​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ថា — ឯង​ត្រូវ​បណ្ដាសា​ហើយ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​រក​ឃើញ​ឯង​ឡើយ ចាប់​ពី​ពេល​នេះ និង​រហូត​ត​ទៅ — មើល​ចុះ គ្មាន​អ្នក​ណា​រក​វា​ឃើញ​ទេ ចាប់​ពី​ពេល​នោះ និង​រហូត​ត​ទៅ។

២០ហើយ​មើល​ចុះ បើ​សិន​ជា​ព្រះ​អម្ចាស់​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ទៅ​កាន់​មនុស្ស​ម្នាក់​ថា — ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​អ្នក នោះ​អ្នក​នឹង​ត្រូវ​បណ្ដាសា​រហូត​ត​ទៅ — នោះ​នឹង​ត្រូវ​បាន​សម្រេច។

២១ហើយ​បើ​សិន​ជា​ព្រះ​អម្ចាស់​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ថា — ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​អ្នក នោះ​អ្នក​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​របស់​យើង — ទ្រង់​នឹង​ធ្វើ​ឲ្យ​វា​ត្រូវ​បាន​សម្រេច​ដូច្នោះ។

២២ហើយ​វេទនា​ដល់​ជន​ណា ដែល​ទ្រង់​ប្រាប់​ដូច្នោះ ព្រោះ​គឺជា​ជន​នេះ​ហើយ​ដែល​នឹង​ធ្វើ​អំពើ​ទុច្ចរិត ហើយ​ជន​នោះ​មិន​អាច​បាន​សង្គ្រោះ​ឡើយ ហេតុ​ដូច្នេះ​ហើយ ដោយ​ហេតុ​នេះ ដើម្បី​ឲ្យ​មនុស្ស​អាច​បាន​សង្គ្រោះ ទើប​ការ​ប្រែ​ចិត្ត​ត្រូវ​បាន​ប្រកា​ស​មក។

២៣ហេតុ​ដូច្នេះ​ហើយ មាន​ពរ​ហើយ​ដល់​អស់​អ្នក​ណា​ដែល​នឹង​ប្រែ​ចិត្ត ហើយ​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ ព្រោះ​គឺ​គេ​ទាំង​នេះ​ហើយ​ដែល​នឹង​បាន​សង្គ្រោះ។

២៤ហើយ​សូម​ឲ្យ​ព្រះ​ក្នុង​ភាព​ពោរ​ពេញ​ដ៏​ធំ​របស់​ទ្រង់ អនុញ្ញាត​ឲ្យ​មនុស្ស​អាច​បាន​នាំ​ទៅ​កាន់ការ​ប្រែ​ចិត្ត និង​កិច្ច​ការ​ល្អ​ទាំង​ឡាយ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​សាង​ឡើង​វិញ ពី​គុណ​មួយ​ទៅ​គុណ​មួយ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​គេ។

២៥ហើយ​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ។ ប៉ុន្តែ​យើង​អាន​ថា នៅ​ក្នុង​ថ្ងៃ​ដ៏​មហិមា និង​ចុង​ក្រោយ​បង្អស់ មាន​មនុស្ស​ខ្លះ​ដែល​នឹង​ត្រូវ​បោះបង់​ចោល មែន​ហើយ ជា​អ្នក​ដែល​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់។

២៦មែន​ហើយ ជា​អ្នក​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ក្នុង​ស្ថានភាព​នៃ​សេចក្ដី​វេទនា​ដ៏​មិន​ចេះ​មិន​ចេះ​ហើយ ដោយ​បំពេញ​នូវ​ពាក្យ​ទាំង​ឡាយ​ដែល​ថា ៖ អស់​អ្នក​ណា​ដែល​ធ្វើ​ល្អ​នឹង​មាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ហើយ​អស់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់ នឹង​មាន​សេចក្ដី​ជាប់​ទោស​ដ៏​អស់​កល្ប​ជានិច្ច។ ហើយ​គឺ​យ៉ាង​ដូច្នោះ​មែន។ អាម៉ែន៕