ព្រះគម្ពីរ
ហេលេមិន 3


ជំពូក​ទី ៣

ពួក​សាសន៍​នីហ្វៃ​ជា​ច្រើន​ផ្លាស់​ទីលំនៅ​ទៅ​ដែនដី​ខាង​ជើង — ពួក​គេ​សង់​ផ្ទះ​អំពី​ស៊ីម៉ងត៍ ហើយ​រក្សា​បញ្ជី​ជា​ច្រើន — មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ប្រែ​ចិត្ត​ជឿ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក — ព្រះ​បន្ទូល​នៃ​ព្រះ​នាំ​មនុស្ស​ទៅ​កាន់​សេចក្ដី​សង្គ្រោះ — នីហ្វៃ​ដែល​ត្រូវ​ជា​កូន​របស់​ហេលេមិន​បំពេញ​វេទិកា​ជំនុំ​ជំរះ។ ប្រមាណ​ជា​ឆ្នាំ ៤៩–៣៩ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​សែសិប​បី​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម គ្មាន​ការ​ទាស់ទែង​គ្នា​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ​ទេ លើក​លែងតែ​ការ​ឆ្មើងឆ្មៃ​បន្តិចបន្តួច ដែល​មាន​នៅ​ក្នុង​សាសនាចក្រ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​គ្នា​បន្តិចបន្តួច នៅ​ក្នុង​ចំណោម​ប្រជាជន ការណ៍​នេះ​ត្រូវ​បាន​សម្រុះសម្រួល​នៅ​ចុង​ឆ្នាំ​ទី​សែសិប​បី។

ហើយ​គ្មាន​ការ​ទាស់ទែង​គ្នា​នៅ​ក្នុង​ចំណោម​ប្រជាជន នៅ​ក្នុង​ឆ្នាំ​ទី​សែសិប​បួន​ទេ ហើយ​ក៏​គ្មាន​ការ​ទាស់ទែង​គ្នា​អ្វី​ច្រើន​នៅ​ក្នុង​ឆ្នាំ​ទី​សែសិប​ប្រាំ​ដែរ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​សែសិប​ប្រាំមួយ មែន​ហើយ មាន​ការ​ទាស់ទែង​គ្នា​ជា​ខ្លាំង និង​ការ​បែកបាក់​គ្នា​ជា​ច្រើន​នៅ​ក្នុង​នោះ មាន​មនុស្ស​ជា​ច្រើន​ហួស​ប្រមាណ ដែល​បាន​ចាក​ចេញ​ពី​ដែនដី​សារ៉ាហិមឡា ហើយ​បាន​ទៅ​កាន់​ដែនដី​ខាង​ជើង ដើម្បី​គ្រោង​យក​ដែនដី។

ហើយ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​យ៉ាង​ឆ្ងាយ ដរាប​ដល់​ពួក​គេ​ទៅ​ដល់​ផ្ទៃ​ទឹក​ធំៗ និង​ទន្លេ​ជា​ច្រើន។

មែន​ហើយ ហើយ​ពួក​គេ​បាន​រាល​ទៅ​មុខ ទៅ​ក្នុង​គ្រប់​ផ្នែក​នៃ​ដែនដី ចូល​ទៅ​ក្នុង​ទី​កន្លែង​ណា​ដែល​ពុំ​ត្រូវ​ឆ្ការ និង​ពុំ​ត្រូវ​កាប់​អស់​ដើម​ឈើ ព្រោះ​បណ្ដាជន​ជា​ច្រើន ដែល​ធ្លាប់​បាន​មក​នៅ​ដែនដី​នេះ​ពីមុន។

ហើយ​ឥឡូវ​នេះ គ្មាន​ផ្នែក​ណា​នៃ​ដែនដី​នោះ​ត្រូវ​គ្មាន​មនុស្ស​នៅ​ឡើយ លើក​លែងតែ​ព្រៃ​ឈើ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​មក​ពី​ការ​បំផ្លិច​បំផ្លាញ​ដ៏​ធំ នៃ​ប្រជាជន​ដែល​ធ្លាប់​បាន​មក​នៅ​លើ​ដី​នេះ​ពីមុន វា​ត្រូវ​បាន​ហៅ​ថា ទី​ចោល​ស្ងាត់។

ហើយ​នៅ​ទី​នោះ មាន​ព្រៃ​ឈើ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​លើ​ផ្ទៃ​ដី ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ប្រជាជន​ដែល​មក​នៅ​ទី​នេះ បាន​ក្លាយ​ទៅ​ជា​អ្នក​ប៉ិនប្រសប់​ជា​ខ្លាំង​ដែរ ក្នុង​ការ​ប្រើ​ស៊ីម៉ងត៍ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​សង់​ផ្ទះ​ទាំង​ឡាយ​ពី​ស៊ីម៉ងត៍ ដែល​គេ​បាន​រស់នៅ​ក្នុង​នោះ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​កើន​ចំនួន ហើយ​បាន​រាលដាល​ឡើង និង​បាន​ពង្រីក​ពី​ដី​នៅ​ខាង​ត្បូង​ទៅ​ដែនដី​ខាង​ជើង ហើយ​វាតទី​ធំ​ឡើង ដរាប​ដល់​ពួក​គេ​បាន​ចាប់​ផ្ដើម​នៅ​ពេញ​ផ្ទៃ​ដី​ទាំង​មូល ចាប់​ពី​សមុទ្រ​ខាង​ត្បូង​ទៅ​ដល់​សមុទ្រ​ខាង​ជើង ចាប់​ពី​សមុទ្រ​ខាង​លិច​ទៅ​ដល់​សមុទ្រ​ខាង​កើត។

ហើយ​ប្រជាជន​ដែល​នៅ​លើ​ដែនដី​ផ្នែក​ខាង​ជើង បាន​រស់នៅ​ក្នុង​រោង​ត្រសាល​ទាំង​ឡាយ និង​នៅ​ក្នុង​ផ្ទះ​ទាំង​ឡាយ​ដែល​ធ្វើ​ពី​ស៊ីម៉ងត៍ ហើយ​ពួក​គេ​ទុក​ឲ្យ​ឈើ​ណា​ក៏​ដោយ ឲ្យ​តែ​ដុះ​នៅ​លើ​ផ្ទៃ​ដី​ទុក​ឲ្យ​វា​ដុះ​ធំ​ឡើង ដើម្បី​ដល់​ពេល​ណាមួយ នោះ​ពួក​គេ​អាច​មាន​ឈើ ដើម្បី​សង់​ផ្ទះ​របស់​គេ មែន​ហើយ ទី​ក្រុង​ទាំង​ឡាយ​របស់​គេ និង​ព្រះ​វិហារ​បរិសុទ្ធ​ទាំង​ឡាយ និង​សាលា​ប្រជុំ​ទាំង​ឡាយ និង​ទី​បរិសុទ្ធ​ទាំង​ឡាយ និង​អស់​ទាំង​អគារ​គ្រប់​បែប​របស់​គេ។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ដោយ​មក​ពី​ឈើ​កម្រ​រក​បាន​នៅ​លើ​ដែនដី​ខាង​ជើង នោះ​ពួក​គេ​បាន​បញ្ជូន​ឈើ​ជា​ច្រើន​ទៅ​តាម​ផ្លូវ​ទឹក។

១១ម្ល៉ោះ​ហើយ ពួក​គេ​បាន​បណ្ដាល​ឲ្យ​ប្រជាជន​នៅ​លើ​ដី​ខាង​ជើង អាច​សង់​ទី​ក្រុង​ជា​ច្រើន ដែល​ធ្វើ​ពី​ឈើ និង​ស៊ីម៉ងត៍។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ប្រជាជន​អាំម៉ូន​ជា​ច្រើន ដែល​ជា​សាសន៍​លេមិន​ពី​កំណើត បាន​ចូល​ទៅ​ក្នុង​ដែន​ដី​នេះ​ដែរ។

១៣ហើយ​ឥឡូវ​នេះ មាន​បញ្ជី​ជា​ច្រើន ដែល​ត្រូវ​បាន​កត់​ទុក​នូវ​ដំណើរការ​អំពី​ប្រជាជន​នេះ ដោយ​ប្រជាជន​នេះ​ជា​ច្រើន ជា​ពិសេស ហើយ​ច្រើន​ស្ដី​អំពី​ពួក​គេ។

១៤ប៉ុន្តែ​មើល​ចុះ មួយ​ភាគរយ​នៃ​ដំណើរការ​របស់​ប្រជាជន​នេះ មែន​ហើយ គឺ​ដំណើរ​រឿង​របស់​ពួក​សាសន៍​លេមិន និង​ពួក​សាសន៍​នីហ្វៃ និង​សង្គ្រាម​ទាំង​ឡាយ​របស់​ពួក​គេ និង​ការ​ទាស់ទែង​គ្នា និង​ការ​បែកបាក់ និង​ការ​ផ្សាយ​របស់​គេ និង​ការ​ព្យាករណ៍​របស់​គេ និង​ការ​ប្រើ​នាវា​របស់​គេ និង​ការ​សង់​នាវា​របស់​គេ និង​ការ​សង់​ព្រះ​វិហារ​បរិសុទ្ធ​ទាំង​ឡាយ​របស់​គេ និង​ការ​សង់​សាលា​ប្រជុំ និង​ទី​បរិសុទ្ធ​ទាំង​ឡាយ​របស់​គេ និង​សេចក្ដី​សុចរិត​របស់​គេ និង​សេចក្ដី​ទុច្ចរិត​របស់​គេ និង​អំពើ​ឃាតកម្ម​របស់​គេ និង​ការ​លួច​របស់​គេ និង​ការ​ប្លន់​របស់​គេ និង​ការ​គួរ​ខ្ពើម​ឆ្អើម និង​ការ​សហាយស្មន់​គ្រប់​បែប​យ៉ាង ពុំ​អាច​ដាក់​ក្នុង​ការ​សរសេរ​នេះ​បាន​អស់​ឡើយ។

១៥ប៉ុន្តែ​មើល​ចុះ មាន​សៀវភៅ​ជា​ច្រើន និង​បញ្ជី​ជា​ច្រើន​គ្រប់​បែប​យ៉ាង ហើយ​វត្ថុ​ទាំង​នេះ ត្រូវ​បាន​កត់​ទុក​ដោយ​ពួក​សាសន៍​នីហ្វៃ​ប៉ុណ្ណោះ។

១៦ហើយ​វត្ថុ​ទាំង​នោះ ត្រូវ​បាន​បន្ត​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ទៀត ដោយ​ពួក​សាសន៍​នីហ្វៃ គឺ​រហូត​ដល់​ពេល​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​អំពើ​រំលង ហើយ​ត្រូវ​បាន​ធ្វើ​ឃាត​ចោល ប្លន់ និង​ដេញ​ចាប់ និង​រុញច្រាន និង​ប្រហារ និង​ខ្ចាត់​ព្រាត់​លើ​ផ្ទៃ​ផែនដី និង​លាយ​ឡំ​ទៅ​ជា​មួយ​នឹង​ពួក​សាសន៍​លេមិន រហូត​ដល់​ពួក​គេ​ឈប់​បាន​ហៅ​ថា ពួក​សាសន៍​នីហ្វៃ​ទៀត ដោយ​បាន​ក្លាយ​ទៅ​ជា​ទុច្ចរិត ហើយ​ព្រៃ​ផ្សៃ និង​កាច​សាហាវ មែន​ហើយ គឺ​ក្លាយ​ទៅ​ជា​ពួក​សាសន៍​លេមិន​ផង។

១៧ហើយ​ឥឡូវ​នេះ ខ្ញុំ​ត្រឡប់​មក​ឯ​ដំណើរ​រឿង​របស់​ខ្ញុំ​វិញ ហេតុ​ដូច្នេះ​ហើយ អ្វី​ដែល​ខ្ញុំ​បាន​និយាយ​មក បាន​កើត​ឡើង បន្ទាប់​ពី​មាន​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​ដ៏​ធំ និង​ការ​រំជើបរំជួល និង​សង្គ្រាម និង​ការ​បែកបាក់​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ។

១៨ឆ្នាំ​ទី​សែសិប​ប្រាំមួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ក៏​ចប់​ទៅ

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​តែ​មាន​ការ​ទាស់ទែង​គ្នា​ដ៏​ធំ​នៅ​ក្នុង​ដែនដី មែន​ហើយ គឺ​រហូត​ដល់​ឆ្នាំ​ទី​សែសិប​ប្រាំពីរ ហើយ​នៅ​ក្នុង​ឆ្នាំ​ទី​សែសិប​ប្រាំបី​ផង។

២០ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ហេលេមិន​បាន​បំពេញ​វេទិកា​ជំនុំ​ជំរះ ដោយ​យុត្តិធម៌ និង​សម​ភាព​ដែរ មែន​ហើយ លោក​បាន​ប្រតិបត្តិ​តាម​ក្រឹត្យ​ក្រម និង​សេចក្ដី​យុត្តិធម៌ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​លោក​បាន​ធ្វើ​នូវ​អ្វីៗ​ដែល​ត្រឹម​ត្រូវ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​រហូត ហើយ​លោក​បាន​ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​របស់​ឪពុក​លោក ដរាប​ដល់​លោក​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​មាន​កូន​ប្រុស​ពីរ​នាក់។ លោក​បាន​ឲ្យ​ឈ្មោះ​កូន​ច្បង​ថា នីហ្វៃ ហើយ​កូន​ពៅ​ថា លីហៃ។ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ធំ​ឡើង​នៅ​ក្នុង​ព្រះ​អម្ចាស់។

២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សង្គ្រាម និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ បាន​ចាប់​ផ្ដើម​ឈប់​នៅ​ក្នុង​មួយ​កម្រិត​តូច នៅ​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសន៍​នីហ្វៃ គឺ​នៅ​ចុង​ឆ្នាំ​ទី​សែសិប​ប្រាំបី​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង គឺ​នៅ​ឆ្នាំ​ទី​សែសិប​ប្រាំបួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម មាន​សន្តិ​ភាព​ត​រៀង​មក ដែល​បាន​បង្កើត​ឡើង​នៅ​លើ​ដែនដី លើក​លែងតែ​បក្សព័ន្ធ​សម្ងាត់ ដែល​ចោរ​ឈ្មោះ កាឌីអានតុន​បាន​កសាង​ឡើង​នៅ​តំបន់​ទាំង​ឡាយ​ដែល​មាន​បណ្ដាជន​ច្រើន​នៅ​ក្នុង​ដែនដី នៅ​ពេល​នោះ ឧបាយកល​នេះ ពុំ​បាន​ដឹង​ដល់​អ្នក​ដែល​ជា​មេដឹកនាំ​រដ្ឋាភិបាល​ទេ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​ត្រូវ​បាន​បំផ្លាញ​ឲ្យ​ផុត​ពី​ដែនដី​ឡើយ។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ មាន​ការ​ចម្រុង​ចម្រើន​យ៉ាង​ខ្លាំង​ហួស​ប្រមាណ​នៅ​ក្នុង​សាសនាចក្រ ដរាប​ដល់​មាន​មនុស្ស​រាប់​ពាន់ បាន​ចូល​រួម​ក្នុង​សាសនាចក្រ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែ​ចិត្ត។

២៥ហើយ​ការ​ចម្រុង​ចម្រើន​នៃ​សាសនាចក្រ មាន​កម្រិត​ធំ​ណាស់ ហើយ​ព្រះ​ពរ​ជា​ច្រើន ត្រូវ​បាន​ចាក់​ស្រោច​ទៅ​លើ​ប្រជាជន ដែល​សូម្បីតែ​ពួក​សង្ឃ​ជាន់​ខ្ពស់ និង​ពួក​គ្រូ​ផ្ទាល់​ក៏​មាន​សេចក្ដី​អស្ចារ្យ​ហួស​ប្រមាណ។

២៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កិច្ចការ​នៃ​ព្រះ​អម្ចាស់​បាន​ចម្រើន​ឡើង​ក្នុង​បុណ្យ​ជ្រមុជ​ទឹក ហើយ​បង្រួបបង្រួម​មក​ក្នុង​សាសនាចក្រ​នៃ​ព្រះ​នូវ​មនុស្ស​ជា​ច្រើន មែន​ហើយ គឺ​រាប់​ម៉ឺន​នាក់។

២៧ម្ល៉ោះ​ហើយ យើង​អាច​ឃើញ​ថា ព្រះ​អម្ចាស់​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ដល់​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ដោយ​ចិត្ត​ស្មោះសរ។

២៨មែន​ហើយ ម្ល៉ោះ​ហើយ យើង​ឃើញ​ថា ក្លោង​ទ្វារ​នៃ​ស្ថានសួគ៌​បាន​បើកចំហ​ដល់​មនុស្ស​ទាំង​អស់ គឺ​ដល់​អស់​អ្នក​ណា​ដែល​នឹង​ជឿ​ដល់​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។

២៩មែន​ហើយ យើង​ឃើញ​ថា នរណា​ក៏​ដោយ​ដែល​ចង់​បាន នោះ​អាច​បាន​ទទួល​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​រស់ ហើយ​ពូកែ ដែល​នឹង​ផ្ដាច់​អស់​ទាំង​កលល្បិច និង​អន្ទាក់ និង​ឧបាយ​របស់​អារក្ស​ឲ្យ​ដាច់​ពី​គ្នា ហើយ​ដឹកនាំ​អ្នក​សំណប់​នៃ​ព្រះ​គ្រីស្ទ​ចូល​ទៅ​ក្នុង​ផ្លូវ​មួយ​ដ៏​តូច ហើយ​ចង្អៀត ឆ្លងកាត់​ជង្ហុក​នៃ​សេចក្ដី​វេទនា​ដ៏​អស់​កល្ប​ជានិច្ច​នោះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​កប់​ពួក​ទុច្ចរិត —

៣០ហើយ​ដាក់​ព្រលឹង​របស់​គេ មែន​ហើយ ព្រលឹង​ដ៏​អមត​របស់​គេ នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ​នៅ​ក្នុង​នគរ​ស្ថានសួគ៌ ដើម្បី​អង្គុយ​ជាមួយ​នឹង​អ័ប្រាហាំ និង​អ៊ីសាក និង​យ៉ាកុប និង​ជាមួយ​ពួក​អយ្យកោ​ដ៏​បរិសុទ្ធ​ទាំង​អស់​របស់​យើង ដើម្បី​កុំ​ចេញ​ពី​ទី​នេះ​ទៅ​ទៀត​ឡើយ។

៣១ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ មាន​ការ​អរ​រីករាយ​ត​រៀង​មក​នៅ​ក្នុង​ដែនដី​សារ៉ាហិមឡា និង​នៅ​តាម​តំបន់​ជុំវិញ​ទាំង​អស់ គឺ​នៅ​លើ​ដែនដី​ទាំង​អស់ ដែល​យក​បាន​ដោយ​ពួក​សាសន៍​នីហ្វៃ។

៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​សន្តិ​ភាព និង​សេចក្ដី​អំណរ​ដ៏​លើសលប់ នៅ​ក្នុង​រយៈ​ពេល​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នៃ​ឆ្នាំ​ទី​សែសិប​ប្រាំបួន មែន​ហើយ ហើយ​មាន​សន្តិ​ភាព និង​សេចក្ដី​អំណរ​ដ៏​ធំ​ត​រៀង​មក នៅ​ឆ្នាំ​ទី​ហាសិប​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ដែរ។

៣៣ហើយ​នៅ​ឆ្នាំ​ទី​ហាសិប​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ក៏​មាន​សន្តិ​ភាព​ដែរ លើក​លែងតែ​ការ​ឆ្មើងឆ្មៃ​ដែល​បាន​ចាប់​ផ្ដើម​ចូល​ទៅ​ក្នុង​សាសនាចក្រ — ពុំ​មែន​ទៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​ទេ ប៉ុន្តែ​ទៅ​ក្នុង​ចិត្ត​នៃ​ប្រជាជន​ដែល​ប្រកាស​ខ្លួន​ថា នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​ប៉ុណ្ណោះ —

៣៤ហើយ​ពួក​គេ​បាន​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើងឆ្មៃ គឺ​ដល់​ទៅ​ធ្វើ​ការ​បៀតបៀន​ដល់​បង​ប្អូន​ខ្លួន​ជា​ច្រើន។ ឥឡូវ​នេះ នេះ​គឺជា​អំពើ​អាក្រក់​ដ៏​ធំ​មួយ ដែល​បណ្ដាល​ឲ្យ​ពួក​ប្រជាជន​ដែល​សុ​ភាព​រាបសា ត្រូវ​រង​ការ​បៀតបៀន​ដ៏​ធំ​ទាំង​ឡាយ ហើយ​ត្រូវ​លុយ​កាត់​សេចក្ដី​ទុក្ខ​វេទនា​ជា​ច្រើន។

៣៥ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​បាន​តម​អាហារ ហើយ​បាន​អធិស្ឋាន​ជា​ញឹកញាប់​ដែរ ហើយ​បាន​មុតមាំ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ភាព​រាបសា​របស់​គេ ហើយ​បាន​រឹងប៉ឹង​ឡើងៗ​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ នាំ​ឲ្យ​ចិត្ត​គេ​បាន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ និង​ការ​លួងលោម​ចិត្ត មែន​ហើយ គឺ​រហូត​ដល់​ធ្វើ​ឲ្យ​ចិត្ត​គេ​បរិសុទ្ធ ហើយ​ញែក​ចិត្ត​គេ​ចេញ​ជា​បរិសុទ្ធ រីឯ​ការ​ញែក​ចិត្ត​ចេញ​បរិសុទ្ធ​បាន​មក ដោយ​សារ​ពួក​គេ​បាន​ប្រគល់​ចិត្ត​ដល់​ព្រះ។

៣៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​ហាសិប​ពីរ​បាន​ចប់​ទៅ នៅ​ក្នុង​សន្តិ​ភាព​ដែរ លើក​លែងតែ​ការ​ឆ្មើងឆ្មៃ​ដ៏​ធំ​ហួស​ប្រមាណ ដែល​បាន​ចូល​ទៅ​ក្នុង​ចិត្ត​របស់​ប្រជាជន ហើយ​នេះ​គឺ​មក​ពី​សម្បត្តិ​ទ្រព្យ​ដ៏​ច្រើន​លើសលប់​របស់​គេ និង​ការ​ចម្រុង​ចម្រើន​របស់​គេ នៅ​លើ​ដែនដី ហើយ​វា​បាន​ដុះ​ដល់​គេ​ជា​រៀងរាល់​ថ្ងៃ។

៣៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ហាសិប​បី​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម នោះ​ហេលេមិន​ក៏​ស្លាប់​ទៅ ហើយ​នីហ្វៃ ដែល​ជា​កូន​ច្បង​របស់​លោក​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជំនួស​លោក។ ហើយ​ហេតុការណ៍​បាន​កើត​ឡើ​ថា លោក​បាន​បំពេញ​វេទិកា​ជំនុំ​ជំរះ​ដោយ​យុត្តិធម៌ និង​សម​ភាព មែន​ហើយ លោក​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​បាន​ដើរ​នៅ​ក្នុង​ផ្លូវ​ទាំង​ឡាយ​របស់​ឪពុក​លោក៕