ជំពូកទី ១២
អ័ប៊ីណាដៃជាប់គុកដោយមកពីបានព្យាករអំពីការបំផ្លិចបំផ្លាញប្រជាជន និងការសុគតនៃស្ដេចណូអេ — ពួកសង្ឃក្លែងក្លាយដកស្រង់បទគម្ពីរ ហើយធ្វើពុតជាកាន់តាមក្រឹត្យវិន័យលោកម៉ូសេ — អ័ប៊ីណាដៃចាប់ផ្ដើមបង្រៀនពួកគេអំពីព្រះបញ្ញត្តិទាំងដប់ប្រការ។ ប្រមាណជាឆ្នាំ ១៤៨ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ក្នុងរយៈពេលពីរឆ្នាំក្រោយមក អ័ប៊ីណាដៃបានមកក្នុងចំណោមពួកគេដោយក្លែងខ្លួនកុំឲ្យពួកគេស្គាល់ ហើយបានចាប់ផ្ដើមព្យាករនៅក្នុងចំណោមពួកគេថា ៖ ព្រះអម្ចាស់ ទ្រង់បានបញ្ជាមកខ្ញុំដូច្នេះថា — អ័ប៊ីណាដៃ ចូរអ្នកទៅព្យាករដល់រាស្ត្រយើងនេះ ព្រោះពួកគេបានធ្វើចិត្តរឹងរូសទាស់នឹងពាក្យរបស់យើង ពួកគេពុំបានប្រែចិត្តពីអំពើអាក្រក់របស់គេឡើយ ហេតុដូច្នេះហើយ យើងនឹងទៅពិនិត្យពិច័យគេ ដោយសេចក្ដីពិរោធរបស់យើង មែនហើយ ដោយសេចក្ដីពិរោធដ៏ខ្លាំងក្លារបស់យើង យើងនឹងទៅពិនិត្យពិច័យគេក្នុងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ។
២មែនហើយ វេទនាដល់តំណនេះចុះ! ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ចូរលាដៃរបស់អ្នក ហើយព្យាករថា ៖ ត្បិត ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ហេតុការណ៍នឹងកើតឡើងថា មនុស្សជំនាន់នេះ ដោយមកពីអំពើទុច្ចរិតទាំងឡាយរបស់ពួកគេ នោះនឹងត្រូវនាំឲ្យធ្លាក់ទៅក្នុងសេវកភាព ហើយនឹងត្រូវទះកំផ្លៀង មែនហើយ ហើយត្រូវមនុស្សបណ្ដេញចេញ ហើយនឹងត្រូវស្លាប់ ឯត្មាតនៅលើអាកាស និងឆ្កែ មែនហើយ ព្រមទាំងសត្វព្រៃទាំងឡាយ នឹងហែកសាច់ស៊ីសាច់គេ។
៣ហើយហេតុការណ៍នឹងកើតឡើងថា ជីវិតរបស់ស្ដេចណូអេនឹងមានតម្លៃស្មើទៅនឹងសំពត់មួយនៅក្នុងឡភ្លើងក្ដៅប៉ុណ្ណោះ ព្រោះទ្រង់នឹងដឹងថា យើងជាព្រះអម្ចាស់។
៤ហើយហេតុការណ៍នឹងកើតឡើងថា យើងនឹងវាយរាស្ត្រយើងនេះ ដោយសេចក្ដីទុក្ខវេទនាដ៏ឈឺចាប់ មែនហើយ ដោយអំណត់អត់ ដោយជំងឺអាសន្នរោគ ហើយយើងនឹងធ្វើឲ្យពួកគេស្រែកទ្រហោអស់ទាំងថ្ងៃ។
៥មែនហើយ ហើយយើងនឹងធ្វើឲ្យមានបន្ទុកជាប់នៅលើខ្នងពួកគេ ហើយពួកគេនឹងត្រូវដឹក ដូចជាសត្វលាដែលគ។
៦ហើយហេតុការណ៍នឹងកើតឡើងថា យើងនឹងធ្វើឲ្យព្រិលធ្លាក់មកលើចំណោមពួកគេ ហើយព្រិលនឹងវាយគេ ហើយគេក៏នឹងត្រូវបានវាយដោយខ្យល់បូព៌ ហើយសត្វល្អិតនឹងបំផ្លាញដីគេ ព្រមទាំងស៊ីគ្រាប់ពូជរបស់គេផង។
៧ហើយពួកគេនឹងត្រូវបានវាយដោយអាសន្នរោគដ៏សាហាវ — ហើយការណ៍អស់ទាំងនេះ យើងនឹងធ្វើឡើង ពីព្រោះតែអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ពួកគេ។
៨ហើយហេតុការណ៍នឹងកើតឡើងថា លើកលែងតែគេប្រែចិត្ត បើពុំនោះសោតទេ យើងនឹងបំផ្លាញគេឲ្យសូន្យបង់ពីលើផ្ទៃផែនដី ក៏ប៉ុន្តែគេនឹងទុកបញ្ជីមួយ ហើយយើងនឹងរក្សាបញ្ជីទាំងនោះ ទុកសម្រាប់ពួកសាសន៍ផ្សេងៗទៀត ដែលនឹងមកយកដីនេះ មែនហើយ យើងធ្វើយ៉ាងនេះ ដើម្បីបង្ហាញនូវអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់រាស្ត្រនេះដល់ពួកសាសន៍ផ្សេងៗទៀត។ ហើយអ័ប៊ីណាដៃបានព្យាករការណ៍ជាច្រើនទៀតទាស់នឹងប្រជាជននេះ។
៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានខឹងនឹងលោក ហើយគេចាប់លោកចង នាំយកទៅគាល់ស្ដេច ហើយទូលទៅស្ដេចថា ៖ មើលចុះ យើងខ្ញុំបាននាំបុរសម្នាក់មកចំពោះទ្រង់ ជាអ្នកដែលបានព្យាករអាក្រក់អំពីប្រជាជនទ្រង់ ហើយបាននិយាយថា ព្រះទ្រង់នឹងបំផ្លាញប្រជាជនរបស់ទ្រង់ចោល។
១០ហើយបុរសនេះថែមទាំងបានព្យាករអាក្រក់ អំពីជីវិតរបស់ទ្រង់ផង ហើយបាននិយាយថា ជីវិតរបស់ទ្រង់ដូចជាសំពត់ដែលនៅក្នុងឡភ្លើង។
១១ហើយមួយទៀត គាត់បាននិយាយថា ទ្រង់នឹងទៅដូចជាចំបើង គឺដូចជាចំបើងស្ងួតនៅវាលស្រែ ដែលត្រូវសត្វបោលពីលើ ហើយជាន់ឈ្លីក្រោមជើង។
១២ហើយមួយទៀត គាត់បាននិយាយថា ទ្រង់នឹងទៅដូចជាផ្កាបន្លា កាលណារីកពេញហើយ បើសិនជាខ្យល់បក់ត្រូវ នោះនឹងរសាត់ទៅលើផ្ទៃដី។ ហើយគាត់បានធ្វើឫកដូចជាព្រះអម្ចាស់ទ្រង់មានបន្ទូលដូច្នោះ។ ហើយគាត់បាននិយាយថា ការណ៍អស់ទាំងនេះនឹងកើតមានដល់ទ្រង់ លើកលែងតែទ្រង់ប្រែចិត្ត ហើយនេះក៏ដោយសារតែអំពើទុច្ចរិតទាំងឡាយរបស់ទ្រង់។
១៣ហើយឥឡូវនេះ ឱព្រះរាជាអើយ តើទ្រង់បានធ្វើអំពើអាក្រក់ដ៏ធំយ៉ាងណាទៅ ឬក៏ប្រជាជនរបស់ទ្រង់ បានធ្វើអំពើបាបដ៏ធំយ៉ាងណាទៅ បានជាយើងរាល់គ្នានេះ ត្រូវព្រះទ្រង់កាត់ទោស ឬក៏ត្រូវបុរសនេះជំនុំជំរះដូច្នេះ?
១៤ហើយឥឡូវនេះ ឱព្រះរាជាអើយ មើលចុះ យើងជាមនុស្សឥតទោស ឯព្រះរាជា ទ្រង់ក៏ពុំបានធ្វើអំពើបាបដែរ ហេតុដូច្នេះហើយ បុរសនេះបាននិយាយកុហកអំពីទ្រង់ ហើយគាត់បានព្យាករដោយឥតប្រយោជន៍។
១៥ហើយមើលចុះ យើងជាមនុស្សខ្លាំងពូកែ យើងនឹងពុំធ្លាក់ទៅក្នុងសេវកភាព ឬក៏នឹងត្រូវចាប់ជាឈ្លើយដោយពួកខ្មាំងសត្រូវរបស់យើងឡើយ មែនហើយ ទ្រង់បានចម្រើនឡើងនៅលើដែនដីនេះ ហើយទ្រង់ក៏នឹងចម្រើនឡើងនៅថ្ងៃក្រោយដែរ។
១៦មើលចុះ នេះគឺជាបុរសនោះហើយ យើងខ្ញុំសូមប្រគល់គាត់មកក្នុងព្រះហស្តទ្រង់ចុះ ទ្រង់មានព្រះទ័យចង់ធ្វើអ្វីដល់គាត់ ក៏សូមធ្វើតាមព្រះទ័យចុះ។
១៧ហើយហេតុការណ៍បានកើតឡើងថា ស្ដេចណូអេបានបញ្ជាឲ្យគេយកអ័ប៊ីណាដៃទៅដាក់ក្នុងគុក ហើយទ្រង់បានបញ្ជាឲ្យពួកសង្ឃប្រមូលគ្នាមក ដើម្បីទ្រង់អាចបើកការប្រជុំ ដើម្បីពិភាក្សាថា តើទ្រង់ត្រូវធ្វើអ្វីដល់លោក។
១៨ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានទូលទ្រង់ថា ៖ ចូរនាំលោកនោះមកទីនេះ ដើម្បីពួកយើងចោទសួរគាត់ ហើយស្ដេចបានបញ្ជាឲ្យគេនាំលោកមកចំពោះពួកគេ។
១៩ហើយពួកគេបានចាប់ផ្ដើមចោទសួរលោក ក្រែងគេអាចធ្វើឲ្យលោកនិយាយខុស ដើម្បីឲ្យពួកគេអាចមានឱកាសនឹងចាប់កំហុសលោកបាន ប៉ុន្តែលោកបានឆ្លើយតបពួកគេដោយក្លាហាន ហើយបានឆ្លើយបានគ្រប់ទាំងសំនួររបស់ពួកគេ មែនហើយ ធ្វើឲ្យពួកគេមានសេចក្ដីអស្ចារ្យជាខ្លាំង ព្រោះលោកបានឆ្លើយតបបានគ្រប់ទាំងសំនួររបស់ពួកគេ ហើយបានផ្ទាញ់ផ្ទាល់ពួកគេគ្រប់អស់ទាំងពាក្យរបស់គេផង។
២០ហើយហេតុការណ៍បានកើតឡើងថា ពួកគេម្នាក់បាននិយាយទៅកាន់លោកថា ៖ តើពាក្យទាំងឡាយដែលបានសរសេរទុក ហើយបានបង្រៀនដោយពួកអយ្យកោរបស់យើង ដូចតទៅនេះមានន័យថាដូចម្ដេច?
២១ឱល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីសុខសាន្ត ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកទ្រង់សោយរាជ្យ
២២មានឮសំឡេងពួកចាំយាមរបស់អ្នក បន្លឺសំឡេងឡើងច្រៀងជាព្រមគ្នា ត្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេក្នុងកាលដែលព្រះអម្ចាស់ទ្រង់ប្រគល់ក្រុងស៊ីយ៉ូនមកវិញ
២៣អស់ទាំងដីឯកការនៃក្រុងយេរូសាឡិមអើយ ចូរបន្លឺសេចក្ដីអំណរ ចូរច្រៀងជាមួយគ្នាចុះ ត្បិតព្រះអម្ចាស់ទ្រង់បានកម្សាន្ដទុក្ខរបស់រាស្ត្រទ្រង់ ក៏បានប្រោសលោះក្រុងយេរូសាឡិមហើយ
២៤ព្រះអម្ចាស់ទ្រង់បានលាតព្រះពាហុបរិសុទ្ធរបស់ទ្រង់ នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយអស់ទាំងចុងផែនដីនឹងបានឃើញសេចក្ដីសង្គ្រោះនៃព្រះរបស់យើងរាល់គ្នា?
២៥ហើយឥឡូវនេះ អ័ប៊ីណាដៃបាននិយាយទៅពួកគេថា ៖ តើមិនមែនអ្នករាល់គ្នាជាសង្ឃទេឬអី ហើយធ្វើពុតជាបង្រៀនប្រជាជននេះ ហើយធ្វើពុតជាយល់វិញ្ញាណនៃការព្យាករណ៍ តែបែរជាមានបំណងចង់ឲ្យខ្ញុំពន្យល់ប្រាប់ពីការណ៍ទាំងនេះទៅវិញ?
២៦ខ្ញុំសូមប្រាប់អ្នកថា វេទនាដល់អ្នកដែលបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់! ព្រោះបើសិនជាអ្នករាល់គ្នាយល់ការណ៍ទាំងនេះ នោះអ្នករាល់គ្នាមិនបានយកមកបង្រៀនគេទេ ហេតុដូច្នេះហើយ អ្នករាល់គ្នាបានបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់ហើយ។
២៧អ្នករាល់គ្នាពុំបានតាំងចិត្តរៀនឲ្យយល់ ហេតុដូច្នេះហើយ អ្នករាល់គ្នាពុំមានប្រាជ្ញាទេ ហេតុដូច្នេះហើយ តើអ្នករាល់គ្នាបង្រៀនអ្វីដល់ប្រជាជននេះ?
២៨ហើយពួកគេបានឆ្លើយថា ៖ យើងបង្រៀនក្រឹត្យវិន័យលោកម៉ូសេ។
២៩ហើយម្យ៉ាងទៀត លោកបាននិយាយទៅពួកគេថា ៖ បើសិនជាអ្នករាល់គ្នាបង្រៀនក្រឹត្យវិន័យលោកម៉ូសេមែន ហេតុអ្វីក៏អ្នករាល់គ្នាមិនកាន់តាមក្រឹត្យវិន័យនោះ? ហេតុអ្វីបានជាអ្នករាល់គ្នាទុកចិត្តទៅលើសម្បត្តិទ្រព្យវិញ? ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើសហាយស្មន់ទាំងឡាយ ហើយចំណាយកម្លាំងខ្លួនទៅលើពួកស្រីពេស្យា មែនហើយ ហើយបានធ្វើឲ្យប្រជាជននេះប្រព្រឹត្តអំពើបាប រហូតដល់ព្រះអម្ចាស់ទ្រង់បានចាត់ឲ្យខ្ញុំមកព្យាករទាស់នឹងប្រជាជននេះ មែនហើយ គឺនឹងមានការណ៍អាក្រក់ដ៏ធំមួយកើតឡើងដល់ប្រជាជននេះដូច្នេះ?
៣០តើអ្នករាល់គ្នាមិនដឹងទេឬថា ខ្ញុំនិយាយការពិត? មែនហើយ អ្នករាល់គ្នាដឹងថា ខ្ញុំនិយាយការពិត ហើយអ្នករាល់គ្នាគួរតែញ័រចំពោះព្រះ។
៣១ហើយហេតុការណ៍នឹងកើតឡើងថា អ្នករាល់គ្នានឹងត្រូវបានវាយ ពីព្រោះតែអំពើទុច្ចរិតទាំងឡាយរបស់អ្នក ត្បិតអ្នករាល់គ្នាបាននិយាយថា អ្នករាល់គ្នាបង្រៀនក្រឹត្យវិន័យលោកម៉ូសេ។ ហើយតើអ្នកដឹងអ្វីខ្លះអំពីក្រឹត្យវិន័យលោកម៉ូសេនោះ? តើសេចក្ដីសង្គ្រោះបានមកដោយសារក្រឹត្យវិន័យលោកម៉ូសេឬ? តើអ្នកនិយាយថាដូចម្ដេច?
៣២ហើយពួកគេបានឆ្លើយតបថា សេចក្ដីសង្គ្រោះបានមកដោយសារក្រឹត្យវិន័យលោកម៉ូសេ។
៣៣ប៉ុន្តែឥឡូវនេះ អ័ប៊ីណាដៃបាននិយាយទៅគេថា ៖ ខ្ញុំដឹងថា បើសិនជាអ្នករាល់គ្នាកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ អ្នករាល់គ្នានឹងបានសង្គ្រោះហើយ មែនហើយ បើសិនជាអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានប្រទានដល់លោកម៉ូសេនៅលើភ្នំស៊ីណាយថា ៖
៣៤យើងជាព្រះអម្ចាស់ ជាព្រះនៃអ្នក ដែលបាននាំអ្នកចេញពីផ្ទះពួកបាវបម្រើនៅស្រុកអេស៊ីព្ទមក។
៣៥អ្នកមិនត្រូវមានព្រះឯណាទៀត នៅចំពោះយើងឲ្យសោះ។
៣៦អ្នកមិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ឬក៏ធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬអ្វីដែលនៅផែនដីខាងក្រោមឡើយ។
៣៧ឥឡូវនេះ អ័ប៊ីណាដៃបាននិយាយទៅពួកគេថា តើអ្នករាល់គ្នាបានធ្វើតាមអស់ទាំងនេះហើយឬនៅ? ខ្ញុំសូមប្រាប់អ្នកថា ទេ អ្នករាល់គ្នាពុំទាន់បានធ្វើតាមទេ។ ហើយតើអ្នករាល់គ្នាបានបង្រៀនប្រជាជននេះថា គេត្រូវធ្វើការណ៍អស់ទាំងនេះឬនៅ? ខ្ញុំប្រាប់អ្នកថា ទេ អ្នករាល់គ្នាពុំទាន់បានបង្រៀនគេទេ៕