ព្រះគម្ពីរ
ម៉ូសាយ 25


ជំពូក​ទី ២៥

ពួក​ពូជ​ពង្ស​មូលេក​នៅ​ក្រុង​សារ៉ាហិមឡា ក្លាយ​ទៅ​ជា​ពួក​សាសន៍​នីហ្វៃ — ពួក​គេ​ដឹង​អំពី​ប្រជាជន​របស់​អាលម៉ា និង​របស់​ស៊ីនិព្វ — អាលម៉ា​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជូន​លិមហៃ និង​ប្រជាជន​របស់​ទ្រង់​ទាំង​អស់ — ម៉ូសាយ​អនុញ្ញាត​ឲ្យ​អាលម៉ា​រៀបចំ​សាសនាចក្រ​នៃ​ព្រះ​ឡើង។ ប្រមាណ​ជា​ឆ្នាំ ១២០ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ស្ដេច​ម៉ូសាយ​បាន​បញ្ជា​ឲ្យ​ប្រជាជន​ទាំង​អស់​ប្រមូល​គ្នា​មក។

ឥឡូវ​នេះ កូន​ចៅ​នីហ្វៃ​ពុំ​សូវ​មាន​ច្រើន​ប៉ុន្មាន ឬ​ក៏​ពុំ​សូវ​មាន​ពួក​ជន​ដែល​ជា​ពូជ​ពង្ស​នីហ្វៃ ស្មើ​នឹង​ប្រជាជន​សារ៉ាហិមឡា ដែល​ជា​ពូជ​ពង្ស​មូលេក និង​ពួក​ជន​ដែល​មក​ជា​មួយ​លោក​ក្នុង​ទី​រហោស្ថាន​នោះ​ទេ។

ហើយ​ពុំ​សូវ​មាន​ប្រជាជន​នីហ្វៃ និង​ប្រជាជន​សារ៉ាហិមឡា ឲ្យ​ស្មើ​ទៅ​នឹង​ពួក​លេមិន​ទេ មែន​ហើយ ពួក​គេ​មិន​ស្មើ​នឹង​ពាក់​កណ្ដាល​ពួក​លេមិន​ផង។

ហើយ​ឥឡូវ​នេះ ប្រជាជន​នីហ្វៃ​ទាំង​អស់​បាន​ប្រមូល​គ្នា​មក ហើយ​ប្រជាជន​សារ៉ាហិមឡា​ទាំង​អស់​ផង​ដែរ ហើយ​ពួក​គេ​បាន​ប្រមូល​មក​ជា​ពីរ​ក្រុម។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូសាយ​បាន​អាន ហើយ​បាន​បញ្ជា​ឲ្យ​គេ​អាន​បញ្ជី​ទាំង​ឡាយ​របស់​ស៊ីនិព្វ និង​ប្រជាជន​ទ្រង់ មែន​ហើយ ទ្រង់​បាន​អាន​បញ្ជី​ទាំង​ឡាយ នៃ​ប្រជាជន​ស៊ីនិព្វ ចាប់​តាំង​ពី​ពេល​ដែល​ពួក​គេ​ចាក​ចេញ​ពី​ដែនដី​សារ៉ាហិមឡា​ទៅ រហូត​ដល់​ពេល​ពួក​គេ​បាន​ត្រឡប់​មក​វិញ​ទៀត។

ហើយ​ទ្រង់​ក៏​បាន​អាន​ដំណើរ​រឿង​នៃ​អាលម៉ា និង​បង​ប្អូន​លោក និង​សេចក្ដី​វេទនា​ទាំង​អស់​របស់​គេ ចាប់​តាំង​ពី​ពេល​ដែល​គេ​ចាក​ចេញ​ពី​ដែនដី​សារ៉ាហិមឡា​ទៅ រហូត​ដល់​ពេល​គេ​ត្រឡប់​មក​វិញ​ដែរ។

ហើយ​ឥឡូវ​នេះ កាល​ម៉ូសាយ​បាន​បញ្ចប់​នូវ​ការ​អាន​បញ្ជី​ទាំង​នេះ​ហើយ នោះ​ប្រជាជន​របស់​ទ្រង់ ដែល​មិនដែល​បាន​ចាក​ចេញ​ពី​ដែនដី​នេះ​កើត​សេចក្ដី​អស្ចារ្យ ហើយ​ងឿងឆ្ងល់​ជា​ខ្លាំង។

ព្រោះ​ពួក​គេ​មិន​ដឹង​ជា​នឹង​គិត​យ៉ាង​ណា​ទេ ព្រោះ​កាលដែល​គេ​បាន​ឃើញ​ពួក​ជន​ដែល​បាន​ដោះ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព នោះ​ពួក​គេ​មាន​សេចក្ដី​សោមនស្ស​ជា​អតិបរមា។

ហើយ​កាលដែល​ពួក​គេ​នឹក​ដល់​បង​ប្អូន​គេ ដែល​ត្រូវ​ពួក​លេមិន​សម្លាប់​ចោល នោះ​ពួក​គេ​ពោ​ពេញ​ទៅ​ដោយ​សេចក្ដី​សោកសៅ ហើយ​គឺ​បាន​ស្រក់​ទឹកភ្នែក​ដ៏​ហូរហៀរ​ដោយ​សោកសៅ។

១០ហើយ​មួយ​ទៀត កាលដែល​ពួក​គេ​នឹក​ដល់​សេចក្ដី​ល្អ​សប្បុរស​ដ៏​ទាន់​ចិត្ត​នៃ​ព្រះ និង​ព្រះ​ចេស្ដា​របស់​ទ្រង់​ក្នុង​ការ​ដោះ​អាលម៉ា និង​បង​ប្អូន​លោក​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​លេមិន និង​ពី​សេវក​ភាព នោះ​ពួក​គេ​បាន​បន្លឺ​សំឡេង​ឡើង ហើយ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ។

១១ហើយ​មួយ​ទៀត កាលដែល​ពួក​គេ​នឹក​ដល់​ពួក​លេមិន​ដែល​ជា​បង​ប្អូន​នឹង​គេ​នោះ ដល់​ស​ភាព​បាប និង​កខ្វក់​របស់​គេ​នោះ នោះ​ពួក​គេ​ក៏​ពោរ​ពេញ​ទៅ​ដោយ​ការ​ឈឺ​ចាប់ ហើយ​ការ​បារម្ភ​ដល់​សុខុមាលភាព​នៃ​ព្រលឹង​របស់​ពួក​គេ។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អ្នក​ណា​ដែល​ជា​កូន​ចៅ​របស់​អាមូឡុន និង​បង​ប្អូន​ទ្រង់ ដែល​បាន​យក​ពួក​កូន​ក្រមុំ នៃ​ពួក​លេមិន​ធ្វើ​ជា​ប្រពន្ធ​នោះ មិន​ពេញ​ចិត្ត​នឹង​ចរិយា​របស់​ឪពុក​ខ្លួន​ទេ ហើយ​គេ​មិន​ចង់​ឲ្យ​គេ​ហៅ​តាម​នាម​របស់​ឪពុក​គេ​ត​ទៅ​ទៀត​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​យក​នាម​នីហ្វៃ​មក​ដាក់​ឲ្យ​ខ្លួន ដើម្បី​ឲ្យ​គេ​ហៅ​ថា​ជា​កូន​ចៅ​នីហ្វៃ​ទៅ​វិញ ហើយ​បាន​រាប់​ក្នុង​ចំណោម​ពួក​ជន​ដែល​ហៅ​ថា ពួក​សាសន៍​នីហ្វៃ​វិញ។

១៣ហើយ​ឥឡូវ​នេះ ប្រជាជន​សារ៉ាហិមឡា​ទាំង​អស់ ត្រូវ​បាន​រាប់​ជាមួយ​នឹង​ពួក​សាសន៍​នីហ្វៃ ហើយ​នេះ​ក៏​មក​ពី​នគរ​នេះ​ពុំ​ដែល​ប្រគល់​ដល់​នរណា​ក្រៅ​ពី​ពូជ​ពង្ស​នៃ​នីហ្វៃ​ឡើយ។

១៤ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ម៉ូសាយ​បាន​បញ្ចប់​នូវ​ការ​និយាយ និង​ការ​អាន​ដល់​ប្រជាជន​ទ្រង់​ហើយ នោះ​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​អាលម៉ា​ថ្លែង​ទៅ​កាន់​ប្រជាជន​ផង។

១៥ហើយ​អាលម៉ា​បាន​ថ្លែង​ទៅ​ពួក​គេ កាល​ពួក​គេ​ប្រមូល​គ្នា​មក​ជា​ក្រុម​ដ៏​ធំៗ ហើយ​លោក​បាន​ទៅ​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ ដោយ​ផ្សាយ​ប្រាប់​ដល់​ប្រជាជន អំពី​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់។

១៦ហើយ​លោក​បាន​ទូន្មាន​ប្រជាជន​លិមហៃ និង​បង​ប្អូន​ទ្រង់ គឺ​ជន​ទាំង​អស់​ដែល​បាន​ដោះ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព​មក ដើម្បី​ឲ្យ​ពួក​គេ​ចងចាំ​ថា គឺ​ព្រះ​អម្ចាស់​ទ្រង់​បាន​ដោះ​ពួក​គេ​ឲ្យ​រួច។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​អាលម៉ា​បាន​បង្រៀន​ប្រជាជន​នូវ​ការណ៍​ជា​ច្រើន ហើយ​បាន​បញ្ចប់​នូវ​ការ​និយាយ​ដល់​គេ​ហើយ នោះ​ស្ដេច​លិមហៃ​មាន​ព្រះ​ទ័យ​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ប្រជាជន​របស់​ទ្រង់​ទាំង​អស់​ក៏​មាន​បំណង​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែរ។

១៨ហេតុ​ដូច្នេះ​ហើយ អាលម៉ា​បាន​ដើរ​ចុះ​ទៅ​ក្នុង​ទឹក ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ មែន​ហើយ លោក​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ តាម​របៀប​ដែល​លោក​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​បង​ប្អូន​លោក​នៅ​ក្នុង​ទឹក​មរមន​ដែរ មែន​ហើយ អស់​អ្នក​ណា​ដែល​លោក​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ គឺ​បាន​រួបរួម​ចូល​ក្នុង​សាសនាចក្រ​នៃ​ព្រះ ហើយ​ការណ៍​នេះ​ក៏​ដោយ សារ​តែ​សេចក្ដី​ជំនឿ​របស់​គេ​ទៅ​លើ​ពាក្យ​សម្ដី​របស់​អាលម៉ា​នោះ​ឯង។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​ម៉ូសាយ​បាន​អនុញ្ញាត​ឲ្យ​អាលម៉ា​តាំង​សាសនាចក្រ​ជា​ច្រើន​ឡើង​ទូ​ទៅ​អស់​ទាំង​ដែនដី​សារ៉ាហិមឡា ហើយ​ទ្រង់​បាន​ប្រទាន​ដល់​លោក នូវ​អំណាច​សម្រាប់​តែងតាំង​ពួក​សង្ឃ និង​ពួក​គ្រូបង្រៀន​នៅ​គ្រប់​សាសនាចក្រ​នីមួយៗ។

២០ឥឡូវ​នេះ ការណ៍​នេះ​បាន​ធ្វើ​ឡើង ពី​ព្រោះ​មាន​មនុស្ស​ជា​ច្រើន ដែល​ពួក​គេ​ពុំ​អាច​អភិបាល​ដោយ​គ្រូ​តែមួយ​បាន​ឡើយ ហើយ​ពួក​គេ​ទាំង​អស់​គ្នា​ក៏​មិន​អាច​ស្ដាប់​ព្រះ​បន្ទូល​នៃ​ព្រះ​នៅ​ក្នុង​ជំនុំ​តែមួយ​បាន​ដែរ

២១ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​រួម​ប្រជុំ​ជា​ក្រុម​ផ្សេងៗ​គ្នា ដោយ​ហៅ​ថា​សាសនាចក្រ​ទាំង​អស់ សាសនាចក្រ​នីមួយៗ​មាន​ពួក​សង្ឃ​របស់​ខ្លួន និង​ពួក​គ្រូបង្រៀន​របស់​ខ្លួន ហើយ​សង្ឃ​នីមួយៗ​ផ្សាយ​សាសនា ស្រប​តាម​អ្វីៗ​ដែល​ប្រគល់​ទៅ​ឲ្យ​ពួក​គេ​ពី​មាត់​អាលម៉ា​ផ្ទាល់។

២២ម្ល៉ោះ​ហើយ ទោះ​ជា​គេ​មាន​សាសនាចក្រ​ជា​ច្រើន​ក្ដី គង់តែ​គេ​ទាំង​អស់​ជា​សាសនាចក្រ​តែមួយ​ដែរ មែន​ហើយ គឺជា​សាសនាចក្រ​នៃ​ព្រះ ព្រោះ​គ្មាន​អ្វី​ដែល​គេ​ផ្សាយ​នៅ​ក្នុង​សាសនាចក្រ​ទាំង​អស់​នេះ​ឡើយ លើក​លែងតែ​អំពី​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​ប៉ុណ្ណោះ។

២៣ហើយ​ឥឡូវ​នេះ មាន​សាសនាចក្រ​ប្រាំពីរ​នៅ​លើ​ដែនដី​សារ៉ាហិមឡា។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អ្នក​ណា​ក៏​ដោយ ដែល​មាន​បំណង​ចង់​លើក​យក​ព្រះ​នាម​ព្រះ​គ្រីស្ទ ឬ​ព្រះ​នាម​នៃ​ព្រះ​មក​ដាក់​លើ​ខ្លួន អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​ចូល​រួម​ក្នុង​សាសនាចក្រ​ទាំង​ឡាយ​នៃ​ព្រះ។

២៤ហើយ​ពួក​គេ​ត្រូវ​បាន​ហៅ​ថា រាស្ត្រ​នៃ​ព្រះ។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ស្រោច​ព្រះ​វិញ្ញាណ​ទ្រង់​មក​លើ​ពួក​គេ ហើយ​ពួក​គេ​បាន​ទទួល​ពរ ហើយ​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី​ទៅ៕