ក.យ.ស., កូរិនថូស ទី ១ ៧:១–២, ៥, ២៦, ២៩–៣៣ (ចូរប្រៀបធៀបនឹងគម្ពីរ កូរិនថូស ទី ១ ៧:១–២, ៥, ២៦, ២៩–៣៣)
(ប៉ុលបានឆ្លើយសំណួរទាំងឡាយ អំពីអាពាហ៍ពិពាហ៍នៃពួកអ្នកដែលទៅធ្វើបេសកកម្ម)។
១ឥឡូវនេះ ស្ដីអំពីសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកសួរខ្ញុំថា គឺជាការល្អដែលបុរសមិនប៉ះពាល់នឹងស្ត្រី។
២ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំនិយាយថា ដើម្បីឲ្យបានចៀសវាងពីការសហាយស្មន់ នោះចូរឲ្យបុរសគ្រប់រូបមានប្រពន្ធរបស់ខ្លួន ហើយចូរឲ្យស្ត្រីគ្រប់រូបមានប្ដីរបស់ខ្លួន។
៥ចូរអ្នករាល់គ្នាកុំបែកចេញពីគ្នាឡើយ លើកតែស្រុះចិត្តគ្នាក្នុងមួយពេល ដើម្បីឲ្យបានទំនេរនឹងតមអាហារ ហើយអធិស្ឋាន ហើយវិលមកនៅជាមួយគ្នាវិញ ដើម្បីកុំឲ្យអារក្សសាតាំងមកល្បួងអ្នក ដោយព្រោះអ្នកមិនចេះអត់ទ្រាំ។
២៦ដូច្នេះ ខ្ញុំស្មានជាការនេះបានល្អ ដោយព្រោះគ្រាលំបាកនេះ សម្រាប់ឲ្យមនុស្សនៅតែដដែលវិញ ដើម្បីឲ្យគេអាចបានធ្វើការល្អលើសលែងទៅទៀត។
២៩ប៉ុន្តែខ្ញុំនិយាយទៅកាន់អ្នក ដែលត្រូវបានហៅឲ្យធ្វើការងារបម្រើ។ បងប្អូនអើយ ខ្ញុំប្រាប់សេចក្ដីនេះថា ពេលវេលាដែលនៅសល់ គឺខ្លីណាស់ ដែលអ្នករាល់គ្នានឹងត្រូវបានចាត់ឲ្យទៅធ្វើការងារបម្រើ។ សូម្បីតែពួកអ្នកដែលមានប្រពន្ធ ក៏នឹងទៅដូចជាពួកអ្នកគ្មានប្រពន្ធដែរ ព្រោះអ្នករាល់គ្នាត្រូវបានហៅ ហើយជ្រើសរើសឲ្យធ្វើកិច្ចការរបស់ព្រះអម្ចាស់។
៣០ហើយហេតុការណ៍នៃពួកអ្នកដែលយំក៏នឹងទៅជាដូច្នោះដែរ គឺហាក់ដូចជាមិនបានយំ ហើយពួកអ្នកដែលអរសប្បាយ ក៏ហាក់ដូចជាពួកគេមិនបានអរសប្បាយដែរ ហើយពួកអ្នកដែលទិញ ក៏ហាក់ដូចជាគេគ្មានអ្វីសោះ
៣១ហើយពួកអ្នកដែលប្រើប្រាស់លោកិយនេះ ដូចជាមិនប្រើប្រាស់លោកិយទេ ត្បិតគំរូនៃលោកិយនេះកំពុងកន្លងទៅ។
៣២ប៉ុន្តែបងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាតម្កើងការហៅរបស់អ្នក។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីសេចក្ដីកង្វល់។ ត្បិតអ្នកណាដែលមិនបានរៀបការ នោះតែងតែរវល់នឹងការរបស់ព្រះអម្ចាស់ ដែលគេនឹងធ្វើដូចម្ដេចឲ្យទ្រង់សព្វព្រះហឫទ័យ ហេតុដូច្នេះហើយ ទើបគេមានការជោគជ័យ។
៣៣ប៉ុន្តែឯអ្នកណាដែលបានរៀបការ នោះតែងតែរវល់នឹងការនៅលោកិយនេះវិញ ដែលនឹងធ្វើដូចម្ដេចឲ្យបានគាប់ចិត្តដល់ប្រពន្ធខ្លួន ហេតុដូច្នេះហើយ ទើបមានការខុសពីគ្នា ត្បិតអ្នកនោះត្រូវបានរារាំង។