របៀប ១៤ យ៉ាង ដើម្បីធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកត្រឡប់មកលើផ្លូវវិញ
អ្នកនិពន្ធរស់នៅរដ្ឋ អៃដាហូ ស.រ.អា ។
នៅពេលអ្នកមានអារម្មណ៍ហត់នឿយផ្នែកផ្លូវចិត្ត នោះមានយុទ្ធសាស្ត្រមួយចំនួនដើម្បីទទួលអារម្មណ៍ពេញលេញឡើងវិញ ១០០ ភាគរយ ។
ប្រាកដណាស់ ជួនកាលជីវិតនេះអាចធ្វើឲ្យយើងមានអារម្មណ៍ទន់ខ្សោយផ្នែកផ្លូវចិត្ត ប៉ុន្តែនៅពេលយើងមានភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្ត នោះយើងអាចបំពេញតម្រូវការផ្នែកផ្លូវចិត្តរបស់យើង ហើយដោះស្រាយបានទាំងកាលៈទេសៈល្អ និងអាក្រក់ប្រចាំថ្ងៃ ។ នេះពុំមែនមានន័យថា យើងពុំត្រូវការជំនួយនោះទេ ។ ផ្ទុយទៅវិញ ការមានភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្តគឺការដឹងថា តើពេលណាយើងអាចដោះស្រាយសម្ពាធផ្លូវចិត្តដោយខ្លួនឯង និងការដឹងថា តើពេលណាយើងត្រូវការឈោងទៅរកជំនួយ និងការគាំទ្រពីមនុស្សដទៃ ។
នៅពេលយើងរៀនអំពីរបៀបទទួលអារម្មណ៍ និងឆ្លើយតបចំពោះផ្លូវចិត្តក្នុងរបៀបដ៏ប្រសើរមួយ នោះយើងកាន់តែអាចបានប្រសើរឡើង ហើយមានឱកាសបម្រើនៅក្នុងនគរព្រះកាន់តែច្រើន ។ គំនិតយោបល់មួយចំនួនដូចខាងក្រោមអាចមានប្រយោជន៍ នៅពេលអ្នកព្យាយាមមានភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្ត ។*
-
ធ្វើកិច្ចការគ្រឹះនានា ៖ អធិស្ឋាន សិក្សាព្រះគម្ពីរ ចូលរួមព្រះវិហារ និងការបម្រើ ។ ផ្តោតចិត្តទៅលើ អំណរគុណ ។
-
ថែទាំសុខភាពរាងកាយរបស់អ្នកឲ្យបានល្អ ។ សូមប្រាកដថា អ្នកបរិភោគអាហារបានល្អ ដេកបានគ្រប់គ្រាន់ និងហាត់ប្រាណ ។ សុខភាពរាងកាយរបស់យើងជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តយើង ។
-
សរសេរសៀវភៅកំណត់ហេតុ ។ ផ្នែកមួយនៃការមានភាពខ្លួនទីពឹងខ្លួនផ្លូវចិត្តគឺ ការស្គាល់ផ្លូវចិត្តរបស់អ្នក ។ ការសរសេរសៀវភៅកំណត់ហេតុគឺជាវិធីមួយដើម្បីដោះស្រាយនូវអារម្មណ៍នោះ ។
-
និយាយប្រាប់មិត្តភក្តិ ឬគ្រួសារអ្នកដោយត្រង់ៗអំពីអារម្មណ៍របស់អ្នក ។ ការពិភាក្សាអំពីអារម្មណ៍របស់អ្នកជាមួយមនុស្សផ្សេងទៀត គឺជាវិធីដ៏ប្រសើរមួយ ដែលអាចជួយឲ្យសុខភាពផ្លូវចិត្តរបស់អ្នកមានតុល្យភាព ។
-
អធិស្ឋានទូលសូមជំនួយ ជាជាងទូលសូមការជួសជុល ។ សូមគិតពីការផ្លាស់ប្តូរឃ្លានិយាយដូចជា « ឱព្រះវរបិតាសួគ៌អើយ សូមឲ្យផ្លូវចិត្តរបស់ខ្ញុំមានតុល្យភាព » ទៅជាឃ្លាផ្សេងទៀតដូចជា « ឱព្រះវរបិតាសួគ៌អើយ សូមបង្ហាញដល់ខ្ញុំនូវអ្វីដែលខ្ញុំត្រូវរៀន និងធ្វើដោយខ្លួនខ្ញុំ ដើម្បីធ្វើឲ្យផ្លូវចិត្តរបស់ខ្ញុំមានតុល្យភាព » ។
-
វាយតម្លៃតុល្យភាពនៅក្នុងជីវិតរបស់អ្នក ។ សូមពិនិត្យមើលពេលវេលា និងកម្លាំងដែលអ្នកបានផ្តល់ដល់គ្រួសារ ខ្លួនឯង ការបម្រើ ការងារ និងការកម្សាន្ត ។ នៅពេលផ្នែកណាមួយត្រូវបានចំណាយពេល និងកម្លាំងច្រើនជាងផ្នែកមួយផ្សេងទៀត នោះអ្នកចាប់ផ្តើមដេកមិនគ្រាប់គ្រាន់ អស់កម្លាំង និងខ្វះការផ្តោតចិត្តទុកដាក់ ។ នេះមានន័យថា វាជាពេលដែលត្រូវវាយតម្លៃឡើងវិញ ហើយរៀបចំឲ្យមានតុល្យភាពឡើងវិញ ។
-
កុំពន្យារពេល ។ ការពន្យារពេលដល់រឿងទាំងឡាយអាចនាំទៅរកការបាក់ទឹកចិត្ត ។ សូមបំបែកកិច្ចការធំៗទៅជាបំណែកតូចៗ ។ សូមចាប់ផ្ដើម ដោយរំឭកខ្លួនឯងថា « អ្វីទាំងអស់ដែលខ្ញុំត្រូវធ្វើនៅពេលនេះគឺ____ » ឬ « ខ្ញុំនឹងធ្វើកិច្ចការនេះតែប៉ុន្មាននាទីប៉ុណ្ណោះ រួចហើយសម្រាក បើខ្ញុំចង់ » ។
-
ស្រមៃមើលឃើញពីភាពជោគជ័យ ។ ការព្រួយបារម្ភអាចជាវិធីមួយនៃការបរាជ័យផ្នែកផ្លូវចិត្ត ។ ជំនួសឲ្យការហាត់សមនូវអ្វីដែលអាចខុសឆ្គង ឬបន្តព្រួយបារម្ភ « ថាតើវានឹងប្រែទៅជាយ៉ាងណា » នោះសូមអនុវត្តលទ្ធផលវិជ្ជមានផ្លូវចិត្ត ហើយធ្វើផែនការដើម្បីសម្រេចវា ។ ប្រសិនបើកិច្ចការទាំងឡាយពុំបានកើតឡើងដូចអ្វីដែលអ្នកសង្ឃឹមទុក សូមស្រមើស្រមៃថា ខ្លួនអ្នកកំពុងរៀនពីឧបសគ្គនោះ ហើយកំពុងឆ្ពោះទៅមុខ ។
-
ផ្តោតទៅលើអ្វីដែលអ្នកធ្វើត្រឹមត្រូវ ហើយចៀសវាងពីការប្រៀបធៀបខ្លួនរបស់អ្នកទៅនឹងមនុស្សដទៃ ។ មនុស្សដែលមានការរំពឹងទុកខ្ពស់ពេកតែងតែផ្ដោតលើភាពទន់ខ្សោយ និងបរាជ័យរបស់ខ្លួនយ៉ាងខ្លាំង ។ ដូច្នេះ ជំនួសឲ្យការកែលម្អ នោះពួកគេប្រហែលជាទទួលអារម្មណ៍អស់សង្ឃឹម ។ សូមធ្វើបញ្ជីមួយអំពីគុណតម្លៃ ទេពកោសល្យ បទពិសោធន៍ និងអំណោយទានរបស់អ្នក ។ សូមដាក់ផែនការអំពីរបៀបដែលអ្នកអាចប្រើប្រាស់ចំណុចខ្លាំងទាំងនោះប្រកបដោយការច្នៃប្រឌិតនៅសប្តាហ៍នេះ ។
-
ចូរបំភ្លេចចោលនូវអ្វីដែលអ្នកពុំអាចគ្រប់គ្រងបាន ។ អតីតកាល សិទ្ធិជ្រើសរើសរបស់មនុស្សដទៃ អាកាសធាតុ ដែនកំណត់របស់អ្នក ឬអត្តចរិតរបស់មនុស្សដទៃ គឺហួសពីការគ្រប់គ្រងរបស់អ្នក ។ សូមផ្ដោតលើរឿងទាំងឡាយដែលអ្នកអាចធ្វើបាន ដូចជាអាកប្បកិរិយារបស់អ្នក ផ្នែករបស់អ្នកនៅក្នុងទំនាក់ទំនងមួយ ជម្រើសបច្ចុប្បន្នរបស់អ្នក និងឥរិយាបថរបស់អ្នក ។
-
សូមទទួលយកការពិតនៃទម្លាប់ដ៏ធុញទ្រាន់មួយចំនួន ។ ជីវិតពុំមែនសុទ្ធតែពោរពេញដោយរឿងមានន័យ ហើយរំភើបរីករាយនោះទេ ។ ចូរចៀសវាងពីការបង្កើតឆាកល្ខោន ប្រើកម្លាំង ឬធ្វើឲ្យមានជម្លោះដើម្បីដោះស្រាយនឹងភាពអផ្សុក ។ ផ្ទុយទៅវិញ សូមមានអំណរគុណ ហើយរីករាយចំពោះរឿងល្អៗនៅជុំវិញអ្នក ហើយស្វែងរកវិធីដើម្បីកែលម្អ និងបម្រើ ។
-
សូមកុំលើកទឹកចិត្តខ្លួនឯងឲ្យមានកំហឹង ។ មនុស្សភាគច្រើនមានកំហឹងនៅពេលពួកគេជ្រើសរើសមើលទៅមនុស្សដទៃទៀតជា (១) ការគំរាមកំហែង (២) មិនយុត្តិធម៌ ឬ (៣) ខ្វះការគោរព ។ ផ្ទុយទៅវិញ ត្រូវមើលប្រសិនបើអ្នកអាចគិតពីការពន្យល់មួយដ៏សប្បុរសចំពោះអាកប្បកិរិយារបស់ពួកគេ ។ ឧទាហរណ៍ ប្រហែលជាពួកគេអស់កម្លាំង មិនបានទទួលដំណឹង ខ្វះសុវត្ថិភាព ឬគិតថាពួកគេកំពុងតែមានប្រយោជន៍ ។ សូមធ្វើការជ្រើសរើសយកការមិនបញ្ឆេះកំហឹង ។
-
សូមទប់ស្កាត់ការមាននិន្នាការដើម្បីស្ដីបន្ទោស ឬធ្វើឲ្យមនុស្សដទៃ ឬខ្លួនឯងមានភាពអាម៉ាស់ ។ ផ្ទុយទៅវិញ សូមស្វែងរកអ្វីទៅជាបញ្ហា ហើយសុំជំនួយពីមនុស្សផ្សេងទៀតដើម្បីដោះស្រាយវា មិនថាវាជាកំហុសនរណានោះទេ ។
-
សូមស្ដាប់ព្រះវិញ្ញាណ មិនមែនស្តាប់ភាពអវិជ្ជមាននោះទេ ។ ប្រសិនបើអ្នកកំពុងមានគំនិតដែលគ្មានតម្លៃ ចំអក កំហឹង បញ្ឈឺចិត្ត រអូរទាំ រិះគន់ ឬហៅឈ្មោះចំៗ នោះវាពុំមែនមកពីព្រះឡើយ ។ សូមលុបបំបាត់គំនិតទាំងនោះចេញ ។ សូមច្រៀងទំនុកតម្កើង សូត្រខគម្ពីរ ឬអធិស្ឋានដើម្បីយាងអញ្ជើញព្រះវិញ្ញាណឲ្យត្រឡប់មកវិញ ។