បង្រៀនខ្ញុំឲ្យហោះហើរ៖ ការសម្រេចបាននូវភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្តតាមមាគ៌ារបស់ព្រះអម្ចាស់
អ្នកនិពន្ធរស់នៅរដ្ឋកាលីហ្វូញ៉ា ស.រ.អា. ។
វ៉ាលើរី ដូរ៉ាន់ មកពីរដ្ឋកាលីហ្វ័រញ៉ា ស.រ.អា. បានរៀបការនឹងស្វាមីគាត់ឈ្មោះរ៉ាយអិនអស់រយៈពេលបួនឆ្នាំហើយ ។ ថ្មីៗនេះគាត់ទើបតែមានកូនប្រុសម្នាក់ ។ គាត់ចូលចិត្តកីឡាយ៉ូកា ការគូររូប ការអាន និងការឡើងភ្នំ ។
យើងត្រូវពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយត្រូវអនុវត្តកិច្ចខិតខំផ្ទាល់ខ្លួនរបស់យើង នៅពេលយើងមានគោលបំណងចង់មានភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្ត ។
នៅពេលយើងគិតអំពីកូនចាបកំពុងតែរៀនហើរ នោះយើងស្រមៃឃើញរូបភាពនៃការព្យាយាមដ៏ក្លាហានចុងក្រោយរបស់វា ៖ កូនចាបលោតចេញពីសំបុកវា លាស្លាបវាឡើង ហើយហោះទៅលើមេឃ ។ ពីមុនជោគជ័យនោះ វាទំនងជាជួបនូវបរាជ័យជាច្រើនដែលធ្វើឲ្យកូនចាបនោះពុំអាចហោះទៅលើមេឃបាន ប៉ុន្តែធ្លាក់ខ្ពាក់ទៅលើដីវិញ ។
ដូចជាចាបដែលរៀនហើរដែរ យើងក៏ធ្លាក់ចុះម្តងហើយម្តងទៀតដែរ នៅពេលយើងចង់សម្រេចឲ្យបានភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្តផ្ទាល់ខ្លួនរបស់យើង ។ ប៉ុន្តែប្រសិនបើយើងបែរទៅរកព្រះអម្ចាស់ដើម្បីសូមជំនួយ ហើយអនុវត្តកិច្ចខិតខំ នោះយើងអាចរៀនអំពីរបៀបទទួលបានជោគជ័យម្តងទៀត នៅពេលដែលជីវិតហាក់ដូចជាពុំកើតឡើងដូចការគ្រោងទុក្ខ ហើយពឹងផ្អែកទៅលើទ្រង់ និងពេលដែលការសាកល្បងបានប្រែជាខ្លាំងក្លាពេកចំពោះយើងឲ្យស៊ូទ្រាំដោយខ្លួនយើងបាននោះ ។
ការរៀនហើរ
ប្រសិនបើការរៀនហើរគឺជាដំណើរការមួយដ៏ឈឺចាប់ ហេតុអ្វីសត្វចាបចាកចេញពីសំបុកវាដែលជាកន្លែងដំបូងរបស់វាធ្វើអ្វី ? ពីព្រោះដោយសារតែមេវា ។ នៅផ្នែកដំបូងនៃជីវិតកូនៗរបស់វា មេចាបនឹងយកចំណីទៅដោយផ្ទាល់ឲ្យពួកគេដល់សំបុក ។ ប៉ុន្តែនៅពេលណាមួយ មេចាបចាប់ផ្តើមទុកចំណីនៅខាងក្រៅសំបុក ដូច្នេះកូនចាបត្រូវធ្វើដំណើរចេញពីកន្លែងសុខស្រួលរបស់វា ដើម្បីទទួលបានការចិញ្ចឹមបីបាច់ ។
វាគឺជាដំណើរការដូចគ្នា ដែលយើងស៊ូទ្រាំ នៅពេលយើងរៀនប្រែក្លាយជាមានភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្ត—ប៉ុន្តែយើងពុំអាចរំពឹងទុកថា អាចហើរបានទាំងស្រុងដោយខ្លួនយើងនៅឡើយទេ ។
ដូចគ្នាទៅនឹងមេចាបដែលអនុញ្ញាតឲ្យកូនវាចេញពីសំបុកដែរ នោះព្រះវរបិតាសួគ៌ទុកឲ្យយើងឆ្លងកាត់ការសាកល្បង និងបទពិសោធន៍នានា ដែលអាចមានភាពឈឺចាប់ ស្មុគស្មាញ និងបាក់ទឹកចិត្ត ។ ផែនការនៃសេចក្តីសង្គ្រោះរបស់ទ្រង់ត្រូវបានរៀបចំឡើងដើម្បីជួយយើងឲ្យប្រែក្លាយដូចទ្រង់ ដូច្នេះគ្រប់ឧបសគ្គទាំងអស់ដែលយើងជួប អាចជាឱកាសដើម្បីរៀន និងរីកចម្រើន ។ ដូចជាមេចាបដែរ ព្រះវរបិតាសួគ៌នៅតែប្រទានដល់យើងនូវការលួងលោម និងការណែនាំ ដោយសារមានតែតាមជំនួយរបស់ទ្រង់ប៉ុណ្ណោះ ដែលយើងអាចសម្រេច និងរក្សាសុខភាពផ្លូវចិត្ត និងអារម្មណ៍យើងបាន ។
ការហើរដោយស្លាបរបស់យើងផ្ទាល់
ទោះបីជាព្រះវរបិតាសួគ៌ជាដៃគូរបស់យើងក្តី យើងពុំគួររំពឹងឲ្យទ្រង់ធ្វើអ្វីគ្រប់យ៉ាងសម្រាប់យើងឡើយ ។ ទ្រង់សព្វព្រះទ័យឲ្យយើងប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើង និងធនធាននានាដែលទ្រង់បានប្រទានឲ្យយើងនៅលើផ្លូវរបស់យើងដើម្បីមានភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្ត ។
ឧទាហរណ៍ ពេលយើងមានការឈឺចាប់ក្នុងចិត្ត កំហឹង ឬការបាត់បង់ នោះទ្រង់សព្វព្រះទ័យឲ្យយើងប្រឹក្សាជាមួយទ្រង់ ប៉ុន្តែយើងពុំគួរឈប់នៅត្រឹមនេះទេ—យើងត្រូវការធ្វើឲ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីអនុវត្តតាមការបំផុសគំនិតដែលទ្រង់បានប្រទានដល់យើង រក្សាបទបញ្ញត្តិ ចូលរួមព្រះវិហារបរិសុទ្ធដើម្បីស្វែងរកភាពសុខសាន្ត ការលួងលោម និងចម្លើយ គិតគូរអំពីការទូន្មានរបស់ព្យាការី ហើយទុកចិត្តលើផែនការរបស់ទ្រង់សម្រាប់ពួកយើង ។
ព្រះវរបិតាសួគ៌បានប្រទានឧបករណ៍ជាច្រើនដល់យើងដើម្បីសម្រេចបាននូវភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្ត ប៉ុន្តែប្រសិនបើយើងខំប្រឹងអស់ពីសមត្ថភាព ហើយនៅតែឃើញថា យើងនៅជាប់គាំង ឬមានការលំបាកជាមួយសុខភាពផ្លូវចិត្តទៀត នោះធនធានបន្ថែមទៀតគឺមានភាពចាំបាច់ណាស់ ។ ពិតណាស់ មានគ្រាជាច្រើនដែលអ្នកត្រូវតែងាកទៅរកអ្នកមានវិជ្ជាជីវៈផ្នែកសុខភាពផ្លូវចិត្ត ឬទទួលការទូន្មានពីប៊ីស្សពរបស់អ្នកសម្រាប់ការណែនាំបន្ថែមទៀត ដើម្បីបន្តដំណើរឆ្ពោះទៅមុខទៀត ។
ចូរដឹងថា ប្រសិនបើយើងសូមការទូន្មានពីមនុស្សដទៃគ្រប់ពេលដែលយើងជួបឧបសគ្គ នោះយើងអាចបាត់បង់ឱកាសដ៏មានតម្លៃដើម្បីរៀន ហើយរីកចម្រើនដោយខ្លួនយើង ។ ជាថ្មីម្តងទៀត យើងត្រូវតែខិតខំឲ្យអស់ពីសមត្ថភាពរបស់យើងដើម្បីបន្តឆ្ពោះទៅមុខទៀត ។
ដើរតាមលំនាំរបស់ព្រះអម្ចាស់
នៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញាកណ្ឌទី ៩ អូលីវើរ ខៅឌើររី ត្រូវបានស្តីបន្ទោសចំពោះការព្យាយាមបកប្រែផ្ទាំងព្រះគម្ពីរមរមន ដោយពុំបាន « យកមកគិតសោះ ក្រៅពីសុំពី [ ព្រះ ] » ( ខទី ៧ ) ។ ក្រោយមកទ្រង់បានដាស់តឿនឲ្យ « សិក្សាក្នុងគំនិត [ របស់លោក ] » ដើម្បីឈានដល់ការសន្និដ្ឋានរបស់គាត់ បន្ទាប់មក « សូមដល់ [ ព្រះ ] បើសិនជាការណ៍នោះត្រឹមត្រូវ » ( ខទី ៨ ) ។
នៅពេលយើងធ្វើតាមលំនាំនេះ ព្រះវរបិតាសួគ៌ពុំបោះបង់យើងឲ្យពឹងផ្អែកលើសមត្ថភាព និងគំនិតផ្ទាល់ខ្លួនយើងទាំងស្រុងឡើយ នៅពេលយើងខ្វាយខ្វល់នឹងសុខភាពផ្លូវចិត្តរបស់យើងនោះ ។ ទ្រង់កំពុងប្រទានឱកាសឲ្យយើងរៀនសូត្រអំពីរបៀបដើម្បីអនុវត្តសិទ្ធិជ្រើសរើសរបស់យើង ។ ការស្វែងរកចម្លើយចំពោះសំណួររបស់យើង និងការស្វែងរកដំណោះស្រាយរបស់យើងចំពោះបញ្ហានានា ជាមួយនឹងជំនួយរបស់ទ្រង់គឺជាអ្វីដែលនឹងជួយយើងឲ្យប្រែក្លាយដូចជាទ្រង់នៅទីបំផុត ។ ដោយចាំការណ៍នេះក្នុងចិត្ត នោះយើងអាចសូមឲ្យទ្រង់បង្ហាញយើង អំពីរបៀបដែលយើងអាចប្រែកាន់តែមានតុល្យភាពផ្នែកផ្លូវចិត្ត ជំនួសឲ្យការសូមយ៉ាងសាមញ្ញពីទ្រង់ដើម្បីធ្វើឲ្យយើងបានប្រសើរឡើង ។
នៅពេលយើងអនុវត្តសិទ្ធិជ្រើសរើសរបស់យើងម្តងហើយម្តងទៀតនៅក្នុងលំនាំនេះ ទោះជាយើងមានការសាកល្បងផ្នែកផ្លូវចិត្តបែបណាក្តី នោះយើងនឹងប្រែកាន់តែប្រសើរឡើង ហើយមានទំនុកចិត្តកាន់តែច្រើនដោយសន្សឹមៗ ។ ខណៈដែលយើងពុំទាន់ចេះហើរស្ទាត់នៅឡើយ នោះយើងអាចប្រាកដថា ទ្រង់គង់នៅជាមួយយើងនៅតាមផ្លូវ ហើយរីករាយនៅក្នុងសេចក្តីពិតថា ទ្រង់កំពុងជួយយើងឲ្យប្រែកាន់តែប្រសើរឡើងបន្តិចម្តងៗ ។ មានឱកាសផ្សេងទៀតរៀងរាល់ថ្ងៃដើម្បីប្រែខ្លួនកាន់តែប្រសើរឡើង—ដែលរៀបចំយើងសម្រាប់ថ្ងៃដែលយើងនឹងអាចហើរដោយខ្លួនយើងបាន ។