មូលហេតុដែលខ្ញុំមិនភ័យខ្លាចទៀតចំពោះការប្រឹក្សាអំពីសុខភាពផ្លូវចិត្ត
អ្នកនិពន្ធរស់នៅរដ្ឋវើរជីញ៉ា ស.រ.អា. ។
ការទទួលបានជំនួយដែលខ្ញុំត្រូវការពុំមែនជាសញ្ញាមួយនៃភាពទន់ខ្សោយ ឬបរាជ័យឡើយ ។
« អ្នកគួរតែនិយាយប្រាប់អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត » ។
ដំបូន្មាននេះគឺជារឿងដែលខ្ញុំពុំបានរំពឹងទុកឡើយ ។ ខ្ញុំបានប្រាប់មិត្តជិតស្និទ្ធម្នាក់របស់ខ្ញុំអំពីភាពតានតឹងផ្លូវចិត្តដ៏ខ្លាំង ដែលខ្ញុំហៀបនឹងចូលរៀនកម្មវិធីគណនេយ្យដ៏ល្បីល្បាញមួយ ការរក្សាទំនាក់ទំនង និងការដើរលេងជាគូក្នុងនាមជាអ្នកត្រឡប់មកពីបេសកកម្មថ្មីៗ ។ ខ្ញុំពុំធ្លាប់បានគិតអំពីគំនិតនៃការព្យាបាលឡើយ ហើយខ្ញុំមានអារម្មណ៍ថា ការនិយាយប្រាប់អ្នកប្រឹក្សាយោបល់គឺសម្រាប់តែមនុស្សដែលមានបញ្ហា ធំដុំ ឬទន់ខ្សោយខ្លាំង ដើម្បីដោះស្រាយឧបសគ្គនានាដោយខ្លួនពួកគេផ្ទាល់ ។ មិត្តភក្ដិរបស់ខ្ញុំមានតែរឿងល្អៗ និយាយអំពីបទពិសោធន៍ផ្ទាល់របស់គាត់ក្នុងការនិយាយជាមួយអ្នកប្រឹក្សាយោបល់ ដូច្នេះខ្ញុំបានចាប់ផ្តើមពិចារណាអំពីរឿងនោះ ។
មិនយូរប៉ុន្មានក្រោយមក ការថប់បារម្ភរបស់ខ្ញុំបានប្រែកាន់តែធ្ងន់ធ្ងរឡើង ។ បន្ទាប់ពីដេកមិនលក់អស់ជាច្រើនយប់ដោយក្តីបារម្ភ នោះខ្ញុំបានសម្រេចចិត្តធ្វើការណាត់ជួប ។ ខ្ញុំមានការបារម្ភអំពីអ្វីដែលមនុស្សផ្សេងទៀតនឹងនិយាយ ឬគិតអំពីខ្ញុំ ប្រសិនបើពួកគេបានដឹងថា ខ្ញុំនឹងទៅជួបអ្នកប្រឹក្សាយោបល់ ប៉ុន្តែនៅដំណាក់កាលនោះ ការថប់បារម្ភរបស់ខ្ញុំបានប៉ះពាល់ដល់សមត្ថភាពរបស់ខ្ញុំដើម្បីធ្វើកិច្ចការនានា ដូច្នេះខ្ញុំបានទៅជួបអ្នកប្រឹក្សាយោបល់ ។
ការយកឈ្នះលើការថប់បារម្ភ
នៅឯការណាត់ជួបនោះ អ្នកប្រឹក្សាយោបល់បានសួរសំណួរជាច្រើនដែលបានជួយខ្ញុំឲ្យឆ្លើយវាដោយខ្លួនឯង ។ អ្នកប្រឹក្សាយោបល់នោះពុំបានផ្តល់ដំណោះស្រាយវេទមន្តអ្វីដល់ឧបសគ្គរបស់ខ្ញុំឡើយ ។ គាត់ក៏ពុំបានប្រព្រឹត្តដាក់ខ្ញុំដូចខ្ញុំជាមនុស្សឆ្កួតដែរ—គាត់បានជួបមនុស្សជាច្រើនដែលមានឧបសគ្គស្រដៀងនឹងខ្ញុំដែរ ។ ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ថា ដូចបានទៅជួបវេជ្ជបណ្ឌិតដែរ ។ គាត់គឺជាអ្នកមានវិជ្ជាជីវៈម្នាក់ដែលមានបទពិសោធន៍ ក្នុងការធ្វើរោគវិនិច្ឆ័យអំពីបញ្ហា និងមានជំនាញបង្រៀនខ្ញុំអំពីរបៀបការពារ និងព្យាបាលជំងឺថប់បារម្ភ ។
ជាមួយនឹងយោបល់ផ្សេងៗទៀត អ្នកប្រឹក្សាយោបល់នោះបានផ្តល់យោបល់ថា ខ្ញុំគួរតែសរសេរអារម្មណ៍ និងគំនិតរបស់ខ្ញុំនៅក្នុងសៀវភៅកំណត់ហេតុ ។ វាគឺជាជំនួយដ៏ធំក្នុងការយកឈ្នះលើជំងឺថប់បារម្ភ ។ ខ្ញុំក៏បានបន្តហាត់ប្រាណ ចំណាយពេលជាមួយមិត្តភក្តិ និងគ្រួសារ បរិភោគអាហារដែលធ្វើឲ្យមានសុខភាពល្អ ( ឬអាហារដែលមានសុខភាពល្អតាមដែលអ្នកនៅមហាវិទ្យាល័យចម្អិនអាហារសម្រាប់ខ្លួនគាត់អាចធ្វើទៅបាន ) សិក្សាព្រះគម្ពីរ ចូលរួមព្រះវិហារ និងអធិស្ឋាន ។
បន្ទាប់ពីជួបជាមួយអ្នកប្រឹក្សាយោបល់នោះបានពីរបីដងមក ខ្ញុំបានផ្លាស់ប្តូរចំណុចពីរយ៉ាង ៖ ទីមួយ ខ្ញុំមានទស្សនវិស័យថ្មីមួយដែលប្រសើរឡើងស្តីពីជំងឺថប់បារម្ភអំពីខ្លួនខ្ញុំ និងមនុស្សដទៃទៀត ហើយទីពីរ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានឧបករណ៍ដ៏មានប្រយោជន៍ ដែលខ្ញុំអាចប្រើប្រាស់នាពេលខាងមុខពេលមានស្ថានភាពដែលនាំឲ្យមានការថប់បារម្ភ ។ ខ្ញុំពុំបានជាសះស្បើយដាច់ស្រឡះពីជំងឺថប់បារម្ភឡើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចដោះស្រាយវាបានប្រសើរជាងមុន នៅពេលវាកើតឡើងម្តងទៀត ។ ចាប់តាំងពីនោះមក ខ្ញុំពុំបានត្រឡប់ទៅជួបអ្នកប្រឹក្សាយោបល់នោះទៀតឡើយ ប៉ុន្តែប្រសិនបើខ្ញុំត្រូវទៅ នោះខ្ញុំពុំព្រួយបារម្ភអំពីការទទួលបានជំនួយឡើយ—ខ្ញុំបានដឹងថា គ្មានហេតុផលអ្វីដើម្បីរងការឈឺចាប់នៅក្នុងភាពស្ងាត់ស្ងៀម ឬខ្មាសអៀននៃការស្វែងរកជំនួយពីអ្នកមានវិជ្ជាជីវៈសម្រាប់បញ្ហាសុខភាពផ្លូវចិត្តឡើយ ។
ការបញ្ឈប់នូវឥរិយាបថអវិជ្ជមាន
ជាអកុសល មានឥរិយាបថអវិជ្ជាមានជាច្រើននៅជុំវិញការព្យាបាលសុខភាពផ្លូវចិត្ត ប៉ុន្តែនោះប្រហែលជាដោយសារ មនុស្សមួយចំនួនពុំយល់ថា ការជួបជាមួយអ្នកមានវិជ្ជាជីវៈផ្នែកផ្លូវចិត្តនោះគឺចាំបាច់ ដូចគ្នានឹងការទទួលការព្យាបាលជំងឺខាងរូបកាយដទៃទៀតផងដែរ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា ៖ « ប្រសិនបើអ្នកមានជំងឺរលាកខ្នែងពោះវៀន ព្រះរំពឹងឲ្យអ្នកស្វែងរកការប្រសិទ្ធពរបព្វជិតភាព ហើយ ទទួលការព្យាបាលពីផ្នែកវេជ្ជសាស្ត្រដែលល្អបំផុត ។ ដូចគ្នានឹងជំងឺផ្លូវចិត្តដែរ ។ ព្រះវរបិតាគង់នៅស្ថានសួគ៌រំពឹងឲ្យយើងប្រើប្រាស់ អំណោយទានដ៏អស្ចារ្យ ទាំងអស់ ដែលទ្រង់បានប្រទានឲ្យនៅក្នុងសម័យកាន់កាប់ត្រួតត្រាដ៏រុងរឿងនេះ » ។១
តម្រូវការផ្នែកសុខភាពផ្លូវចិត្តក៏ជាបញ្ហាដែលមនុស្សច្រើនមើលរំលង ។ វាពុំងាយស្រួលដើម្បីនិយាយអំពីវា ដូចជាការកើតជំងឺផ្តាសាយ ឬបាក់ឆ្អឹងឡើយ ។ ប៉ុន្តែវាជារឿងធម្មតាទេ ។ អង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថា មនុស្សជាច្រើនដែលមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរពុំទទួលការព្យាបាលឡើយ ៖ ចន្លោះពី ៣៥ ទៅ ៥០ ភាគរយ នៅក្នុងបណ្តាលប្រទេសដែលបានអភិវឌ្ឍ និងពី ៧៦ ទៅ ៨៥ ភាគរយ នៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ។២
ការទទួលបានជំនួយដែលអ្នកត្រូវការពុំមែនជាសញ្ញាមួយនៃភាពទន់ខ្សោយ ឬបរាជ័យឡើយ ។ ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងមានសុខភាពល្អ ទាំងផ្លូវចិត្ត និងរាងកាយ ហើយបានប្រទានដល់យើងនូវ « អំណោយទានដ៏អស្ចារ្យ » ដើម្បីជួយយើងឲ្យដោះស្រាយនឹងឧបសគ្គខាងផ្លូវចិត្ត និងសតិអារម្មណ៍នៃជីវិតរមែងស្លាប់នេះ រួមមាន ៖
យើងនឹងពុំអាចយកឈ្នះទាំងស្រុងលើឧបសគ្គផ្លូវចិត្តទាំងអស់ក្នុងជីវិតនេះជានិច្ចនោះទេ ហើយវាក៏ពុំងាយមានដំណោះស្រាយមួយដែលត្រូវគ្រប់ស្ថានភាពទាំងអស់ដែរ ។ ប៉ុន្តែនៅពេលយើងធ្វើឲ្យអស់ពីសមត្ថភាពរបស់យើងដើម្បីជួយខ្លួនឯង ដោយប្រើឧបករណ៍នានាដែលព្រះវរបិតាសួគ៌បានប្រទានដល់យើង នោះព្រះអង្គសង្គ្រោះនឹងជួយយើងឲ្យរែកបន្ទុកយើងបានដោយងាយ ( សូមមើល ម៉ូសាយ ២៤:១៥ ) ហើយយើងនឹងបានទទួលពរដោយមានកម្លាំង និងសេចក្តីសង្ឃឹមសម្រាប់កិច្ចខិតខំរបស់យើង ។