ឆ្នាំ ២០១៩
ដំណឹង​ល្អ ៖ យោបល់​ដ៏​មាន​ប្រយោជន៍​អស់កល្ប
ខែ មករា ឆ្នាំ ២០១៩


ដំណឹង​ល្អ៖ យោបល់​ដ៏​មាន​ប្រយោជន៍​អស់កល្ប

ឡូរី ហ្វូលើរ គឺជា​អ្នក​កែ​សម្រួល​អត្ថបទ​ទស្សនាវដ្តី Friend ។ គាត់​ចូលចិត្ត​ស្វែងរក​ក្រុមច​ម្រៀង​ថ្មីៗ ស្តាប់​ព័ត៌មាន​តាម​វិទ្យុ និង​ចម្អិន​ម្ហូប​មក​ពី​ជុំវិញ​ពិភពលោក ។ ជួនកាល​គាត់​សរសេរ​អត្ថបទ​បន្តិចបន្តួច ។

តើ​អ្នក​ធ្លាប់​គិត​អំពី​របៀប​ដែល​ការគោរព​បទបញ្ញត្តិ​ធ្វើ​ឲ្យ​ជីវិត​មាន​ភាព​កាន់តែ​ងាយស្រួល​ដែរ​ឬ​ទេ ?

life icons

កាល​ពី​ខែ​មុន មិត្តភក្តិ​មួយ​ចំនួន និង​ខ្ញុំ​បាន​និយាយ​ប្រាប់​គ្នា​អំពី​កិច្ចការ​ដែល​យើង​ធ្វើ​នៅ​សប្តាហ៍​នោះ ។ មិត្ត​ម្នាក់​បាន​ចែកចាយ​ថា គាត់​បាន​ដោះស្រាយ​បន្ទុក​មួយ​ដ៏​លំបាក​គឺ​ការជា​សះស្បើយ​ពី​ការញៀន​ស្រា​របស់​ម្តាយ​គាត់ ។ គាត់​មាន​អាយុ​ក្មេង​ជាង​ខ្ញុំ​បន្តិច ស្តាប់​ទៅ​វា​ជា​កិច្ចការ​ដ៏​លំបាក​មួយ ។

ពេល​យប់​កាន់​តែ​ជ្រៅ​បន្តិច យើង​បាន​ជជែក​គ្នា​អំពី​ថ្លៃ​ចំណាយ​លើ​ការជក់​បារី និង​របៀប​ដែល​មនុស្ស​ម្នាក់​ដែល​យើង​ជក់​បារី​អស់​មួយ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ ។ ( បើ​គិត​លុយ​វិញ​គឺ​អស់​ច្រើន​ណាស់ ! ) គាត់​បាន​ព្យាយាម​ឈប់​ជក់ ហើយ​គាត់​កំពុង​ឆ្លងកាត់​ការផ្តាច់​បារី ។ កូន​ប្រុស​របស់​គាត់​រីករាយ​ណាស់​ដែល​គាត់​ឈប់​ជក់​បារី ។ ឪពុក​របស់​គាត់​បាន​ស្លាប់​ដោយសារ​ហូប​ថ្នាំ​លើស​កម្រិត ដែល​ធ្វើ​ឲ្យ​គាត់​ភ័យ​ច្រើន​ក្នុងការ​ប្រើប្រាស់​ថ្នាំ​នានា ។

ទីបំផុត​ការសន្ទនា​របស់​យើង​បញ្ចប់​ត្រឹម​រឿង​កាហ្វេ—តើ​មនុស្ស​ផឹក​កាហ្វេ​ច្រើន​ប៉ុន្មាន​រៀងរាល់​ព្រឹក ( និង​ពេល​រសៀល ហើយ​ជួនកាល​ពេល​យប់​ទៀត ) និង​របៀប​ដែល​ពួកគេ​ខកខាន​មិន​បាន​ផឹក​កាហ្វេ ដោយសារ​តែ​ពួកគេ​គ្មាន​ប្រាក់​ទិញ​ផឹក​រៀងរាល់​ថ្ងៃ​ទៀត ។

ពេល​ខ្ញុំ​បើក​ឡាន​ទៅ​ផ្ទះ​វិញ​ដោយ​គិត​អំពី​ការសន្ទនា​ទាំង​នេះ នោះ​ខ្ញុំ​បាន​គិត​ថា « ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​គឺជា​យោបល់​គ្រឹះ​ដ៏​មាន​ប្រយោជន៍​ចម្បង​ដ៏​ធំ​បំផុត​នៃ​ជីវិត ។ ( ប្រសិនបើ​អ្នក​ពុំ​ស្គាល់ « យោបល់​ដ៏​មាន​ប្រយោជន៍ » គឺ​ជា​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ល្អ​ប្រសើរ​ឡើង រស់នៅ​កាន់តែ​មាន​ប្រសិទ្ធិភាព ជាដើម ។ ដូច​ម្នាក់​នៅលើ​អ៊ិនធើរណែត​បាន​ពិពណ៌នា​វា​ថា យោបល់​ដ៏​មាន​ប្រយោជន៍​គឺ​ជា​អ្វី​ដែល​គេ​ធ្លាប់​ហៅ​ថា « គំនិត​ល្អ » ) ។ វា​ដូចជា​អ្វី​ដែល​ព្រះបាន​មាន​បន្ទូល « នេះ​ជា​របៀប​មួយ​ដើម្បី​សន្សំ​ប្រាក់​របស់​អ្នក ជួយ​អ្នក​ឲ្យ​មាន​សុខភាព​ល្អ ការពារ​កូន​របស់​អ្នក ហើយ​ចៀស​ផុត​ពី​បន្ទុក​ខាង​ផ្លូវ​ចិត្ត​ដ៏​លំបាក រួមទាំង​ការញៀន​ផ្ទាល់​ខ្លួន និង​ការញៀន​របស់​មនុស្ស​ដទៃ ។ វា​ស្ទើរតែ​ដូច​ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក​ជាមុន​នូវ​រាល់​បញ្ហា​ទាំងអស់​ដែល​យើង​ជួប ហើយ​ប្រទាន​ដល់​យើង​នូវ​វិធី​មួយ​ដើម្បី​ចៀសវាង​ពាក់កណ្តាល​ពី​វា ។ …

ជាមួយ​នឹង​បទបញ្ញត្តិ​ណា​មួយ​របស់​ព្រះ នោះ​យើង​មាន​ជម្រើស​ដើម្បី​ធ្វើតាម ឬ​ព្រងើយ​កន្តើយ​នឹង​បទបញ្ញត្តិ​ទាំង​នោះ ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​គិត​អំពី​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​ថា ជា​សេចក្តីណែនាំ​មក​ពីព្រះ​ដែល​រៀបចំ​ទុកជាមុន និង​ការពារ​យើង​ពី​ឧបសគ្គ​ជាច្រើន នោះ​ខ្ញុំ​បាន​គិត​ថា « ចុះ​មាន​អ្វីកើត​ឡើង​ប្រសិនបើ​បទបញ្ញត្តិ​របស់​ព្រះ​ទាំងអស់​ដំណើរ​ការ​តាម​របៀប​នោះ ? » ចុះ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់ ដែល​មាន​បទពិសោធន៍​នៃ​ជីវិត​នេះ និង​ឧបសគ្គ​នានា បាន​ប្រទាន​សៀវភៅ​ណែនាំ​មួយ ដើម្បី​ជួយ​យើង​ឲ្យ​រស់នៅ​ដោយ​គ្មាន​ការឈឺចាប់ ? ហើយ​តើ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ទ្រង់​ប្រទាន​សៀវភៅ​ណែនាំ​នោះ​ដល់​យើង ដោយសារ​ទ្រង់​ស្រឡាញ់​ពួកយើង ហើយ​មាន​ព្រះទ័យ​ការពារ​យើង ?

តើ​អ្នក​ពេញចិត្ត​នឹង​អ្វី​ដែល​អ្នក​មាន ដើម្បី​រីករាយ និង​មាន​អំណរ​ដែរ​ឬ​ទេ ? « កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ » ( និក្ខមនំ ២០:១៧ ) ។

តើ​អ្នក​ចង់​ចៀសវាង​ពី​កំហុស ការជាប់​ឃុំ​ឃាំង ការបង់​ប្រាក់​ធានា​ច្រើន​ដើម្បី​រួច​ពី​ការឃុំឃាំង និង​ថ្លៃ​ចៅក្រម​ដែរ​ឬ​ទេ ? តើ​អ្នក​ចង់​រក្សា​ទំនុកចិត្ត និង​ការគោរព—និង​ការងារ​របស់​អ្នក​ឬទេ ? « កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ » ( និក្ខមនំ ២០:១៥ ) ។

តើ​អ្នក​ចង់​បន្ត​នៅ​ជិត​ព្រះ ដើម្បី​ឲ្យ​ទ្រង់​អាច​ណែនាំ និង​ដឹកនាំ​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​រែក​បន្ទុក​របស់​អ្នក​ដែរ​ឬ​ទេ ? « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត​អស់​ពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ( ម៉ាថាយ ២២:៣៧ ) ។

បញ្ជី​នេះ​នៅមាន​បន្ត​ទៀត ។ បទបញ្ញត្តិ​នីមួយៗ​អាច​ការពារ​យើង​ពី​ការឈឺចាប់ ធ្វើ​ឲ្យ​ជីវិត​យើង​កាន់តែ​ងាយ​ស្រួល ធ្វើ​ឲ្យ​យើង​ចៀសវាង​ពី​ក្តីអំពល់ ឬ​ជួយ​យើង​ឲ្យ​រកឃើញ​ភាព​សុខសាន្ត ។ ហើយ​យើង​ទទួល​ពរជ័យ​ទាំង​នេះ​ដោយ​កិច្ចខិតខំ ឬ​ភាព​ពុំ​ងាយស្រួល​តិចតួច​ប៉ុណ្ណោះ ។ ( ហើយ​គ្មាន​តម្លៃ​ដែល​លាក់​បាំង​ឡើយ ! )

ខ្ញុំ​ពិតជា​ពុំ​ចង់​បន្ទាប​បទបញ្ញាត្តិ​ទាំងឡាយ​របស់​ព្រះ​មក​ត្រឹមតែ​ជា​សេចក្តីណែនាំ ឬ​យោបល់​ដ៏​មាន​ប្រយោជន៍​នៃ​ជីវិត​នោះ​ឡើយ ។ បទបញ្ញត្តិ​របស់​ព្រះ​គឺ​មាន​ទំហំ​ធំ​ជាង​នេះ​ឆ្ងាយ​ណាស់ ។ ប៉ុន្តែ​បទបញ្ញត្តិ​របស់​ព្រះ​ក៏​មាន​លក្ខណៈ​សាមញ្ញ​ផងដែរ ។ ព្រះវរបិតាសួគ៌​ពុំ​អាច​ការពារ​យើង​ពី​គ្រប់​កិច្ចការ​ទាំងអស់​ឡើយ ។ ប៉ុន្តែ​ក្នុងនាម​ជា​ឪពុក​ម្តាយ​ជា​ទីស្រឡាញ់ ទ្រង់​សព្វព្រះទ័យ​រៀបចំ​យើង ហើយ​ការពារ​យើង​ពី​ឥទ្ធិពល​នៃ​ជម្រើស​របស់​យើង—តាមរយៈ​ការណែនាំ​យើង​ឲ្យ​ធ្វើជា​មនុស្ស​ប្រសើរ​ឡើង ។

ប្រាកដ​ណាស់ យើង​អាច​រក្សា​បទបញ្ញត្តិ ហើយ​នៅតែ​មាន​រឿង​អាក្រក់​កើត​ឡើង ។ អញ្ចឹង​យើង​គោរព​បទបញ្ញត្តិ​ធ្វើ​អ្វី ?

ដោយសារ​យើង​នឹង​ពុំ​ដឹង​សោះ​ឡើយ​ថា តើ​យើង​នឹង ត្រូវបាន ការពារ​ពី​អ្វី​ខ្លះ​ឡើយ តាមរយៈ​ការគោរពប្រតិបត្តិ​របស់យើង ។ ដោយសារ​វា​ជួយ​រំដោះ​យើង​ចេញ​ពី​ជីវិត​ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់ ។ ដោយសារ​ការគោរព​ប្រតិបត្តិ​ជួយ​យើង​ឲ្យ​បន្ត​នៅ​ជិត​ព្រះ ។ ដោយសារ​វា​ដាក់​យើង​នៅក្នុង​កន្លែង​មួយ​ដើម្បី​ប្រែចិត្ត នៅពេល​យើង​ជ្រើសរើស​ខុស ។ ដោយសារ​យើង​ទុកចិត្ត​ព្រះ ថា​ទ្រង់​ត្រាស់​ដឹង​អំពី​របៀប​ប្រទានពរ និង​ការពារ​យើង ។

បញ្ជី​នេះ​នៅមាន​បន្ត​ទៀត ។ វា​គឺជា​បញ្ជី​មួយ​ដែល​វែង​ជាង​បញ្ជី​នៃ​ហេតុផល​ដែល​យើង មិន​ គោរព​បទបញ្ញត្តិ​ទៅទៀត ។

ទោះ​មាន​លទ្ធផល​ល្អ ឬ​អាក្រក់​ក្តី ព្រះ​ទុក​ឲ្យ​ខ្ញុំ​ជ្រើសរើស​ថា ខ្ញុំ​ចង់​គោរព​ប្រតិបត្តិ​ខ្លាំង​ប៉ុណ្ណា ។ ខ្ញុំ អាច​ជ្រើសរើស​ថា តើ​ខ្ញុំ​បើក​ខ្លួន​ខ្ញុំ​ចំពោះ​ពរជ័យ​ដែល​ទ្រង់​មាន​សម្រាប់​ខ្ញុំ​ធំ​ប៉ុណ្ណា ។ ដូច្នេះ​ហេតុអ្វី​ត្រូវ​គោរព​បទបញ្ញត្តិ ? ដោយសារ​ខ្ញុំ​ចង់​ឲ្យ​ជីវិត​ខ្ញុំ​ទទួល​បាន​ជំនួយ​ដែល​ព្រះ​កំពុង​ព្យាយាម​ប្រទាន​ឲ្យ​ដោយ​ឥត​ដែន​កំណត់ ។