ឆ្នាំ ២០១៩
យោបល់​ចំនួន ៨ យ៉ាង ដើម្បី​ធ្វើ​ឲ្យ​តម្រូវការ​ជីវិត​មាន​តុល្យភាព
ខែ មករា ឆ្នាំ ២០១៩


យោបល់​ចំនួន​ប្រាំបី​យ៉ាង​ដើម្បី ធ្វើ​ឲ្យ​តម្រូវការ​ជីវិត​មាន​តុល្យភាព

ដកស្រង់​ចេញ​ពី​សុន្ទរកថា​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ១៩៨៧ ។

ខ្ញុំ​មាន​យោបល់​មួយ​ចំនួន​ដែល​ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​តម្លៃ​ដល់​អ្នក​ដែល​ខ្វាយខ្វល់​នឹង​ការធ្វើ​ឲ្យ​តម្រូវការ​នៃ​ជីវិត​មាន​តុល្យភាព។

balancing life’s demands

រចនា​រូបភាព និង​រូបសញ្ញា​មកពី Getty Images

  • ទីមួយ សូម​គិត​អំពី​ជីវិត​របស់​អ្នក ហើយ​ដាក់​អាទិភាព​របស់​អ្នក ។ សូម​ស្វែងរក​ពេល​ស្ងប់ស្ងាត់​ជា​ទៀងទាត់​ដើម្បី​គិត​ឲ្យ​ស៊ី​ជម្រៅ​អំពី​កន្លែង​ដែល​អ្នក​នឹង​ទៅ និង​អ្វី​ដែល​អ្នក​នឹង​ត្រូវការ​ដើម្បី​ធ្វើ​ទៅដល់​ទីនោះ ។ ព្រះយេស៊ូវ​ជា​គំរូ​របស់​យើង ជារឿយៗ​ទ្រង់ « បាន​ថយ​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន​វិញ » ( លូកា ៥:១៦ ) ។ យូរៗ​ម្តង យើង​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ដែរ​ដើម្បី​រំឭក​ខ្លួន​របស់​យើង​ខាង​វិញ្ញាណ ដូចជា​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដែរ ។ សូម​សរសេរ​កិច្ចការ​នានា​ដែល​អ្នក​ចង់​សម្រេច​បាន​នៅ​ថ្ងៃ​នីមួយៗ ។ សូម​ចាំ​ក្នុង​ចិត្ត​នូវ​សេចក្តីសញ្ញា​ពិសិដ្ឋ​ដ៏​សំខាន់​បំផុត ដែល​អ្នក​បាន​ចុះ​ជាមួយ​ព្រះអម្ចាស់ នៅពេល​អ្នក​សរសេរ​កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

  • ទីពីរ ដាក់​គោលដៅ​ខ្លីៗ​ដែល​អ្នក​ចង់​សម្រេច​បាន ។ សូម​ដាក់​គោលដៅ​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​បាន​ល្អ—កុំ​ដាក់​គោលដៅ​ច្រើន​ពេក ឬ​តិច​ពេក ហើយ​កុំ​ដាក់​គោលដៅ​ខ្ពស់ពេក ឬ​ទាប​ពេក ។ សូម​សរសេរ​គោលដៅ​ដែល​អ្នក​អាច​សម្រេច​បាន ហើយ​ខិតខំ​ធ្វើ​វា ស្រប​តាម​សារៈសំខាន់​របស់​វា ។ អធិស្ឋាន​ទូល​សូម​ការណែនាំ​ពី​ព្រះ​នៅក្នុង​ការដាក់​គោលដៅ​របស់​អ្នក ។

  • ទីបី តាមរយៈ​ការចាត់ចែង​ថវិកា​ដោយ​ឈ្លាសវៃ សូម​គ្រប់គ្រង​តម្រូវការ​ពិតប្រាកដ​របស់​អ្នក ហើយ​វាស់វែង​វា​ដោយ​ប្រុង​ប្រយ័ត្ន ដែល​វា​ផ្ទុយ​ទៅ​នឹង​ចំណង់ចង់​បាន​ជា​ច្រើន​របស់​អ្នក​នៅក្នុង​ជីវិត ។ មាន​បុគ្គល និង​គ្រួសារ​ជា​ច្រើន​បាន​ជួប​នឹង​ការជំពាក់បំណុល​ដ៏​លើស​លុប ។ សូម​ប្រុងប្រយ័ត្ន​នឹង​ការផ្តល់​ឲ្យ​ដ៏​ទាក់ទាញ​ជា​ច្រើន​ដើម្បី​ខ្ចី​ប្រាក់ ។ ខ្ចី​ប្រាក់​គឺ​ងាយ​ជាង​ការសង​ប្រាក់​វិញ​ឆ្ងាយ​ណាស់ ។ គ្មាន​ផ្លូវ​កាត់​ដើម្បី​មាន​សុវត្ថិភាព​ខាង​ហិរញ្ញវត្ថុ​ឡើយ ។ យើង​នឹង​គ្មាន​លំនឹង​ក្នុង​ជីវិត​យើង​ឡើយ លុះ​ត្រា​តែ​ហិរញ្ញវត្ថុ​របស់​យើង ត្រូវ​បាន​គ្រប់​គ្រង​ដោយ​សុវត្ថិភាព ។

    សូម​ចាំ​ជានិច្ច​ថា ត្រូវ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ឲ្យ​ពេញលេញ ។

  • ទីបួន សូម​បន្ត​នៅ​ក្បែរ​នឹង​ស្វាមី ឬ​ភរិយា កូនៗ សាច់ញាតិ និង​មិត្តិភក្តិ ។ ពួកគេ​នឹង​ជួយ​អ្នក​ឲ្យ​រក្សា​តុល្យភាព​នៅក្នុង​ជីវិត​អ្នក ។ សូម​បង្កើត​ទំនាក់ទំនង​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក តាមរយៈ​ទំនាក់ទំនង​បើក​ចំហរ និង​ស្មោះត្រង់ ។

    ទំនាក់ទំនង​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ល្អ អាច​ត្រូវ​បាន​រក្សា​តាម​រយៈ​ទំនាក់ទំនង​ទន់ភ្លន់ ដោយ​ក្តីស្រឡាញ់ និង​ចេះ​គិត​ចេះ​គូរ ។ សូម​ចាំ​ថា ការក្រឡេក​មើល ការមិច​ភ្នែក​ដាក់ ការងក់​ក្បាល ឬ​ការស្ទាប​អង្អែល​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ពាក្យ​សម្តី​ទៅ​ទៀត ។ ការកំប្លែង​លេង និង​ការស្តាប់​ដ៏​ល្អ​ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​ទំនាក់ទំនង​ល្អ​ផងដែរ ។

  • ទីប្រាំ ការសិក្សា​ព្រះគម្ពីរ ។ ព្រះគម្ពីរ​ផ្តល់​ប្រភព​មួយ​ដ៏​ល្អ​បំផុត​ដែល​យើង​មាន ដើម្បី​ទាក់ទង​ជាមួយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ របៀប​មួយ​ដែល​ខ្ញុំ​បាន​ទទួល​ចំណេះដឹង​ពិតប្រាកដ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ​គឺ​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ ។ ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​សមាជិក​សាសនាចក្រ​ទាំងអស់​ឲ្យ​សិក្សា​ព្រះគម្ពីរ​មរមន​ប្រកប​ដោយ​ការអធិស្ឋាន​រៀងរាល់​ថ្ងៃ ។

  • ទី​ប្រាំ​មួយ យើង​ត្រូវ​ដាក់​កាលវិភាគ​លើ​ប្រតិទិន​ប្រចាំ​ថ្ងៃ​របស់​យើង ដើម្បី​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហាត់​ប្រាណ និង​សម្រាក​លំហែរ​កាយ ប្រសិនបើ​យើង​ចង់​រីករាយ​នឹង​ជីវិត​ដែល​មាន​សុខភាព​ល្អ និង​មាន​តុល្យភាព ។ សុខភាព​រូបកាយ​ល្អ​ពង្រីក​ភាព​ថ្លៃថ្នូរ​របស់​យើង និង​ការគោរព​ខ្លួន​ឯង ។

  • ទី​ប្រាំពីរ ធ្វើ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ យើង​ពុំ​ត្រូវ​បាត់បង់​ឱកាស​ពិសេស​នេះ​ដើម្បី « បង្រៀន​គ្នា​ទៅវិញទៅមក​អំពី​គោលលទ្ធិ​នៃ​នគរ » ឡើយ ( គ. និង ស. ៨៨:៧៧ ) ដែល​នឹង​ដឹកនាំ​គ្រួសារ​ទៅ​កាន់​ជីវិត​អស់កល្ប​ជានិច្ច ។

    សាតាំង​តែងតែ​ធ្វើការ​ដើម្បី​បំផ្លាញ​ទីបន្ទាល់​របស់​អ្នក ប៉ុន្តែ​វា​នឹង​គ្មាន​អំណាច​ដើម្បី​ល្បួង ឬ​រំខាន​យើង​លើស​ពី​កម្លាំង​របស់​យើង​ដើម្បី​ទប់ទល់​ឡើយ នៅពេល​យើង​កំពុង​សិក្សា​ដំណឹងល្អ និង​រស់នៅ​តាម​បទបញ្ញត្តិ​នៃ​ដំណឹងល្អ ។

  • យោបល់​ចុង​ក្រោយ​របស់​ខ្ញុំ​គឺ​អធិស្ឋាន​ឲ្យ​បាន​ញឹកញាប់ ។ អ្នក​អាច​ដឹង​អំពី​ការសម្រេច​ចិត្ត​ត្រឹមត្រូវ​ដើម្បី​ធ្វើ​កិច្ចការ​នានា​ប្រចាំ​ថ្ងៃ​តាមរយៈ​ការអធិស្ឋាន​ដោយ​ខ្ជាប់ខ្ជួន​ស្មោះសរ​ជានិច្ច ។ នៅពេល​ខ្ញុំ​រស់​នៅ​ស្រប​តាម​ដំណឹង​ល្អ នោះ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​អាច​ធ្វើ​ឲ្យ​អ្វីៗ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​មាន​តុល្យភាព​កាន់តែ​ងាយ​ស្រួល ។

ខ្ញុំ​បាន​ដឹង​ថា យោបល់​ផ្សេង​ទៀត​អាច​ត្រូវបាន​បន្ថែម​លើ​យោបល់​ទាំង​នេះ​ដែរ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា នៅពេល​យើង​ផ្តោត​ទៅលើ​គោលបំណង​គ្រឹះ​ពីរ ឬ​បី នោះ​យើង​ទំនង​ជា​អាច​គ្រប់គ្រង​តម្រូវការ​ជា​ច្រើន​ដែល​យើង​រំពឹង​ចង់​បាន ។ ចូរ​ចាំ​ថា ការ​ចំណាយ​ពេល​ច្រើន​ពេក​លើ​សកម្មភាព​តែ​មួយ​ឬ​ពីរ​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​តុល្យភាព​នៅ​ក្នុង​ជីវិត ។ នៅ​ក្នុង​ពេល​ដំណាល​គ្នា​នោះ​ដែរ បើ​យើង​ចំណាយ​ពេល​មិន​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​សកម្មភាព​អ្វី​មួយ​ដែល​សំខាន់​នោះ​ក៏​អាច​ធ្វើ​ឲ្យ​បាត់បង់​តុល្យភាព​ក្នុង​ជីវិត​ផងដែរ ។ ស្តេច​បេនយ៉ាមីន​បាន​ប្រឹក្សា​ថា « ការណ៍​ទាំង​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​ប្រាជ្ញា និង​របៀប​រៀបរយ » ( ម៉ូសាយ ៤:២៧ ) ។

ជារឿយៗ ការខ្វះ​នូវ​ការណែនាំ និង​គោលដៅ​ច្បាស់លាស់ អាច​ខ្ជះខ្ជាយ​ពេលវេលា និង​កម្លាំង​របស់​យើង ព្រមទាំង​រួម​ចំណែក​ធ្វើ​ឲ្យ​ជីវិត​យើង​គ្មាន​តុល្យភាព ។ គោលដៅ​ចម្បង​របស់​យើង​គួរតែ​ដើម្បី​ស្វែងរក « អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច » ( ម៉ូសេ ១:៣៩ ) ។ ដោយ​មាន​ចំណុច​នេះ​ជា​គោលដៅ​របស់​យើង ហេតុ​អ្វី​ក៏​យើង​មិន​កម្ចាត់​ចោល​នូវ​អ្វីៗ​ដែល​បង្វែរ​អារម្មណ៍ និង​បំភាន់ ព្រមទាំង​ប្រើ​គំនិត អារម្មណ៍​កម្លាំង​របស់​យើង​ដែល ពុំ​រួមចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​របស់​យើង​ចេញ​ពី​ជីវិត​យើង​ទៅ ?

ចូរ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក​រៀងរាល់​ថ្ងៃ ។ ចូរ​ធ្វើ​កិច្ចការ​គ្រឹះ​នានា ហើយ​ពីមុន​អ្នក​ដឹង​ពី​វា នោះ​ជីវិត​របស់​អ្នក​នឹង​ពោរពេញ​ដោយ​ការយល់​ដឹង​ខាង​វិញ្ញាណ ដែល​នឹង​បញ្ជាក់​ដល់​អ្នក​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​អ្នក ។ នៅពេល​បុគ្គល​ម្នាក់​ដឹង​អំពី​រឿង​នេះ នោះ​ជីវិត​នឹង​ពោរពេញ​ដោយ​គោលបំណង និង​អត្ថន័យ ដែល​នឹង​ធ្វើ​ឲ្យ​តុល្យភាព​កាន់តែ​ងាយ​ស្រួល​ដើម្បី​រក្សា​វា​ទុក ។