ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៤
សេចក្តីផ្តើម


5:23

សេចក្តីផ្តើម

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃ អាទិត្យ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤

យុវមជ្ឈិមវ័យ​ជាទីស្រឡាញ់​នៅ​ទូទាំង​ពិភពលោក ឱ !​នេះ​ជា​ពរជ័យ​ដ៏អស្ចារ្យ និង​ជាឯកសិទ្ធិ​មួយ​សម្រាប់​យើងទាំងពីរ​ដើម្បី​ជួប​នឹង​ក្មួយៗ ក្នុង​កម្មវិធីប្រជុំ​ធម្មនិដ្ឋាន ស៊ី. អ៊ី. អេស ទូទាំង​ពិភពលោក​នេះ ។ ពួកយើង​ក៏រីករាយ​ដោយ​មាន​វត្តមាន​របស់​បងប្រុស ឆាត វិប ដែល​អមដំណើរ​ដោយ​ភរិយា​ជាទី​ស្រឡាញ់​របស់​លោកគឺ ​គ្រីស្ទី នារាត្រីនេះ ។ បងប្រុស និងបងស្រី វិប គឺជាសិស្ស​ដ៏ស្មោះត្រង់​របស់​ព្រះគ្រីស្ទ និង​ជាគំរូ​ដ៏អស្ចារ្យ​នៃការលះបង់ និង​សេចក្តី​ស្រឡាញ់​ក្នុងគ្រប់​ទិដ្ឋភាព​ក្នុង​ជីវិត​ពួកលោក ។

យើង​រំភើប​ជាខ្លាំង​ចំពោះ​វត្តមាន​របស់​ក្មួយៗ នៅ​ក្នុង​ការប្រជុំ ថ្ងៃនេះ ។ ការចូលរួម​របស់​ក្មួយៗ​បង្ហាញ​អំពី​ជំនឿ​របស់​ក្មួយៗ​ទៅ​លើ​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​បំណង​ប្រាថ្នា​ក្នុងការ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ទ្រង់ ហើយ​ធ្វើ​តាម​ទ្រង់ទាំងទ្វេ ។ កាល​ក្មួយៗ សម្រេច​ចិត្ត​ធ្វើ​តាម ហើយ​ថ្វាយបង្គំ​ទ្រង់ នោះ​ជីវិត​ក្មួយ​អាច​កាន់តែរឹងមាំ និង​រឹងប៉ឹង​ខាង​វិញ្ញាណ ដែល​ក្មួយ​ត្រូវការ​ចាំបាច់​នៅក្នុង​ដំណើរ​ជា​សិស្ស​របស់​ទ្រង់​ក្នុង​ជំនាន់​យើង​នេះ ។ ពួកយើង​ស្រឡាញ់​ក្មួយៗ​ណាស់ !

ខ្ញុំសូម​ពាំនាំ​មកកាន់​ក្មួយៗ​នូវការគំនាប់ និង​ក្ដី​ស្រឡាញ់​ពី​ព្យាការី​ជាទីស្រឡាញ់​របស់​យើង គឺ ប្រធាន រ័សុល អិម ណិលសុន និង​ទីប្រឹក្សា​របស់​លោក​នៅក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់ ។ ពួកលោក​ពិតជាស្រឡាញ់ និង​យក​ចិត្តទុកដាក់​ចំពោះ​ក្មួយៗ ហើយ​អធិស្ឋាន​សម្រាប់​សុខុមាលភាព​របស់​ក្មួយៗ​ជានិច្ច ។ ខ្ញុំសង្ឃឹមថា​ក្មួយៗ​នឹង​ទទួល​អារម្មណ៏​ពី​សេចក្តី​ស្រឡាញ់​របស់ព្រះ និង​ព្រះគ្រីស្ទ​ក្នុង​អំឡុង​ពេលនៃ​ការប្រជុំ​ធម្មនិដ្ឋាន​នាថ្ងៃនេះ ។

ខ្ញុំពិតជា​រីករាយ​នឹង​បទចម្រៀង​ដ៏បំផុស​គំនិត​ដែលបាន​ច្រៀង​កាលពី​មួយនាទី​មុននេះ ។ ទំនុកច្រៀង​ដ៏បំផុសគំនិត​នៃ​ទំនុកតម្កើង​ដ៏ជាទីស្រឡាញ់​នេះ ពិតជា​ត្រូវ​នឹង​ការប្រជុំ​ធម្មនិដ្ឋាន នារាត្រីនេះ ហើយ​វាផ្តល់​ចម្លើយ​ដល់​ការទូលអង្វរ​ដ៏ក្រៀមក្រំ​ចេញ​ពី​ដួងចិត្តឈឺចាប់​បំផុត​ថា « ខ្ញុំ​រក​ក្តីសុខ​ឯណា ? »

« ពេលខ្ញុំ​ត្រូវការ​ដឹងថា​ខ្ញុំ​គួរទៅណា ? »

«ឯណាទៅ​ការលួងលោម​បន្ធូរ​ការតានតឹង ? »

« តើ​មាននរណា​អាចយល់ ?

« មានតែ​ទ្រង់​ទេ » ។

« ក្តីល្អ​ទ្រង់​មិន​ផ្លាស់ប្តូរ »

« ក្តីស្នេហ៍​អង្វែង » ។

នៅ​កន្លែង​ទទួល​ភ្ញៀវ​នៃ​អគារ​ការិយាល័យ​សាសនាចក្រ​ក្នុង​ទីក្រុង សលត៍ លេក មាន​គំនូរ​ដ៏​ស្រស់ស្អាត​របស់​ព្រះយេស៊ូវគ្រីស្ទ លាត​ព្រះហស្ដ​សន្ធឹង​ក្នុង​ចំណោម​សិស្ស​របស់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ពេល​ក្នុង​ព្រះជន្ម​នៅលើ​ផែនដី​ទ្រង់​អញ្ជើញ មនុស្ស​ឲ្យ មករក​ទ្រង់ ហើយទ្រង់​ធានា​ដល់​ពួកគេ​ដោយ ក្តីមេត្តា​ថា​នៅពេល​ពួកគេ​មកទ្រង់ នោះ​ពួកគេ​អាច « នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង [ ពួកគេ ] » ។

ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​ច្រកទ្វារ​នៃជីវិត​ប្រចាំថ្ងៃ​របស់យើង​ទាំង​បើកព្រះហស្ត ហើយ​ទ្រង់​បក់​ព្រះហស្ត​ហៅ​យើង​ដោយ​មាន​ព្រះបន្ទូលថា « យើង​នឹង​ឱប​ក្រសោប​អ្នក​ដោយ​ពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង » ។ ទោះជា​យើង​ជំពប់ដួល ឬ​ងឿងឆ្ងល់​ក្តី​ក៏​យើង​អាច ទៅ​ក្នុង​ព្រះហស្ត​ទ្រង់ ដឹង​ពី​ក្តីស្រឡាញ់​ដ៏ឥតខ្ចោះ​របស់ទ្រង់ ហើយ​ដឹងថា​គម្លាត​នៃ​ព្រះហស្ត​ទ្រង់​ត្រូវបាន​ឧទ្ទិស​តាមរយៈ​សេចក្តី​ស្រឡាញ់​និង ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​សម្រាប់​យើង ។ ឱ !​នេះ​ជា​របៀប​ដ៏អស្ចារ្យ​មួយ​ក្នុងការ​ស្វែងរក​ភាពសុខសាន្ត​នៅក្នុង​ពិភពលោក​ដ៏លំបាកនេះ ។

នៅក្នុង​ស្មារតី​នៃការស្វែងរក​ភាពសុខសាន្ត​តាមរយៈ​ព្រះអង្គ​សង្គ្រោះ យើង​បាន​អញ្ជើញ​សិស្ស​ថ្នាក់​វិទ្យាស្ថាន​នៅទូទាំង​ពិភពលោក​ឲ្យ​ចែកចាយ​ពី​កង្វល់ និង​សំណួរ​សំខាន់ៗ​របស់​ពួកគេ​ជាមួយ​យើង ។ ពួកគេ​បានថត​សំណួរ​ក្នុង​ឃ្លីប​វីដេអូខ្លី មួយ​ផ្ញើមក​កាន់​យើង ។ យើងស្ងើច​សរសើរ និង​ស្ញប់ស្ញែង​ចំពោះ​សេចក្តីល្អ​ស្មោះសរ ដែល​បាន​បង្ហាញ​តាមរយៈ​សំណួរ​ទាំងនេះ ។ យើងអាច​ដឹង​ពី​បំណង​ប្រាថ្នា​របស់​ក្មួយ​ដើម្បី​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ក្លាយ​ជាសិស្ស​ដ៏ស្មោះត្រង់​របស់​ទ្រង់ ។

យើង​បានកាត់វីដេអូខ្លីៗ​តាមក្រុម​យោង​លើប្រធានបទ​ដូចខាងក្រោម ៖ ( ១ ) ការពង្រឹង​ទីបន្ទាល់​របស់យើង ( ២ ) ស៊ូទ្រាំ​នឹង​ការសាកល្បង ( ៣ ) ធ្វើតាម​ផែនការ​របស់​ព្រះ​សម្រាប់​យើង ( ៤ ) ការរៀបចំ​ដើម្បីចូល និង​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង ( ៥ ) ការផ្តោត​ជីវិត​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

យើងនឹង​បង្ហាញ​វីដេអូ​ជម្រើសចេញ​ពី​វីដេអូ​សំណួរ​របស់​ក្មួយៗ​ដើម្បីផ្តល់​នូវ​បរិបទ​មួយចំនួន និង​ជា​សេចក្តី​ណែនាំ​អំពី​ប្រធានបទ​នីមួយៗ​នៅក្នុង​ការពិភាក្សា​របស់យើង​នា​យប់នេះ ។ បងប្រុស និង​បងស្រី វិប នឹង​ចូលរួម​នឹង​យើង នៅពេល​យើង​ពិភាក្សា​អំពី​ប្រធានបទ​មួយ​ចំនួន​ទាំងនេះ ដោយ​ចែកចាយ​ចំណេះដឹង និង​ទីបន្ទាល់​ដ៏អស្ចារ្យ​របស់​ពួកលោក អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

អរគុណច្រើន ។ យើង​ស្រឡាញ់​ក្មួយៗ ហើយ​សំណួរ​ដែល​ក្មួយ​បានផ្ញើមក​ប្រាប់យើង​ថាតើ ក្មួយៗ​ស្រឡាញ់​ព្រះសង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​របស់យើង​ប៉ុណ្ណា ។