ធ្វើតាមផែនការរបស់ព្រះសម្រាប់យើង
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃ អាទិត្យ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤
អែលឌើរ អូលីសេស សូរ៉េស ៖ ប្រធានបទបន្ទាប់របស់យើងគឺ « ការធ្វើតាមផែនការរបស់ព្រះសម្រាប់ខ្ញុំ » ។
បន្ទាប់ពីបានស្តាប់សំណួររបស់ក្មួយៗ ខ្ញុំសូមអញ្ជើញបងប្រុស វិប ចែករំលែកគំនិតរបស់គាត់អំពីប្រធានបទនេះ ។ តើត្រឹមត្រូវទេ ?
ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន – សំណួរទី ៨
អែលឌើរ សូរ៉េស ខ្ញុំចង់សួរសំណួរមួយ ។ តើនៅពេលណាដែលលោកដឹងដោយខ្លួនលោកថា ព្រះពិតជាមានវត្តមាននៅគ្រប់ទីកន្លែងក្នុងជីវិតរបស់លោក ?
ប្រទេសប្រេស៊ីល – សំណួរ ទី៣
អែលឌើរ សូរ៉េស តើខ្ញុំអាចដឹងថាខ្ញុំកំពុងរស់នៅតាមការរំពឹងទុកដែលព្រះវរបិតាសួគ៌មានចំពោះខ្ញុំ ហើយថាទ្រង់សព្វព្រះទ័យទៅលើជម្រើសដែលខ្ញុំដោយរបៀបណា ?
បងប្រុស ឆាត អេច វិប ៖លើកដំបូងដែលខ្ញុំពិតជាមានអារម្មណ៍បែបនោះ គឺនៅពេលដែលខ្ញុំបានទទួលពររបស់លោកអយ្យកោរបស់ខ្ញុំ ។ ព្រះវិញ្ញាណបានជួយខ្ញុំឲ្យដឹងថា ព្រះអម្ចាស់ស្គាល់ខ្ញុំ ហើយសព្វព្រះទ័យនឹងជួយខ្ញុំក្នុងគ្រប់ស្ថានភាពនៃជីវិតខ្ញុំ ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានឃើញ និងទទួលអារម្មណ៍បែបនោះជាច្រើនរាប់មិនអស់ ។ ប្រាកដណាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ខ្ញុំបានឃើញព្រះហស្តទ្រង់នៅក្នុងជីវិតខ្ញុំ និងជីវិតមនុស្សជាច្រើនដែលរស់នៅក្នុងប្រទេសម៉ិកស៊ីកូ ។ ពីមុនបេសកកម្ម ខ្ញុំអៀន និងភ័យខ្លាចខ្លាំងណាស់ក្នុងការនិយាយជាមួយមនុស្ស ។ ក្នុងអំឡុងពេលនៃបេសកកម្មរបស់ខ្ញុំ ព្រះអម្ចាស់បានប្រទានពរដ៏មហិមាដល់ខ្ញុំ ហើយវាពិតជាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំជារៀងរហូត ។
ប៉ុន្តែឧទាហរណ៍ដែលខ្ញុំពេញចិត្តនោះគឺរបៀបដែលទ្រង់បានជួយខ្ញុំឲ្យជួបនឹង គ្រីស្ទី ។ មុនពេលយើងជួបគ្នា ខ្ញុំបានដាក់ពាក្យសុំចូលបម្រើការងារ ដែលខ្ញុំចង់បានយ៉ាងខ្លាំង ។ ខ្ញុំខកចិត្តណាស់នៅពេលវាមិនបានសម្រេច ហើយខ្ញុំបានចាំថា ខ្ញុំបានអធិស្ឋានដោយគ្មានការដឹងគុណទាល់តែសោះ ទាំងទូលទៅព្រះអម្ចាស់ថាវាមិនយុត្តិធម៌ទេ ។ ខ្ញុំយល់ខុសថា ដោយសារខ្ញុំកំពុងព្យាយាមរស់នៅតាមដំណឹងល្អ នោះទ្រង់ត្រូវតែប្រទានដល់ខ្ញុំនូវអ្វីដែលខ្ញុំចង់បាន ។ ពីរបីសប្តាហ៍ក្រោយមក អព្ភូតហេតុមួយបានកើតឡើង ហើយខ្ញុំក៏ទទួលបានការងារមួយផ្សេងទៀត ។ ការងារនោះបាននាំឲ្យខ្ញុំជួប គ្រីស្ទី ។ វាជារឿងវែងឆ្ងាយណាស់ ប៉ុន្តែជាក់ស្តែងបើអ្វីៗបានកើតឡើងទៅតាមអ្វីដែលខ្ញុំគិតចង់បាន ពីការងារលើកដំបូង នោះខ្ញុំនឹងមិនបានជួបនាងឡើយ ។ ខ្ញុំគិតស្រមៃពីអ្វីដែលព្រះវរបិតាសួគ៌បានគិតក្នុងព្រះទ័យ អំឡុងពេលនៃការអធិស្ឋានមិនដឹងគុណរបស់ខ្ញុំនោះ ។ វាដូចជា « តើឯងអាចមានចិត្តអត់ធ្មត់បន្តិចបានទេ ? យើងមានផែនការមួយ ។ យើងមានអ្វីដែលល្អជាងនេះសម្រាប់ឯង បើឯងគ្រាន់តែជឿទុកចិត្តយើង » ។ ខ្ញុំរីករាយណាស់ដែលទ្រង់បានគ្រប់គ្រងជីវិតខ្ញុំជំនួសខ្ញុំ ។ ខ្ញុំបានរៀនថាទ្រង់ចូលរួមក្នុងគ្រប់ការណ៍ក្នុងជីវិតរបស់យើង ហើយដឹងថា ទ្រង់អាចធ្វើឲ្យយើងបានល្អប្រសើរច្រើនជាងយើងធ្វើវាដោយខ្លួនឯង ។ ខ្ញុំមិនអាចស្រមៃឃើញជីវិតរបស់ខ្ញុំរស់នៅដោយគ្មាន គ្រីស្ទីនោះទេ ។ ខ្ញុំរីករាយណាស់ដែលទ្រង់បានជ្រាបច្បាស់ជាងខ្ញុំអំពីអ្វីដែលខ្ញុំត្រូវការពិតប្រាកដ ។ អ្វីដែលខ្ញុំបានរៀននោះគឺថា យើងអាចទុកចិត្តលើទ្រង់ដោយស្មោះអស់ពីចិត្តរបស់យើង ។
អែលឌើរ សូរ៉េស ៖ សូមអរគុណចំពោះការបង្រៀនដ៏អស្ចារ្យរបស់បងប្រុស វិប ។ មិត្តជាទីស្រឡាញ់ព្រះអម្ចាស់ពិតជាមានផែនការសម្រាប់យើង ។ ផែនការរបស់ទ្រង់គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដល់ក្មួយៗថា នៅពេលយើងអនុវត្តសិទ្ធិជ្រើសរើសរបស់យើង ហើយធ្វើការសម្រេចចិត្តដោយសុចរិត នោះយើងអាចកំណត់ថា តើយើងកំពុងធ្វើតាមផែនការរបស់ព្រះសម្រាប់យើងបានល្អកម្រិតណា ។