ការស៊ូទ្រាំនឹងការសាកល្បង
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃ អាទិត្យ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤
អែលឌើរ អូលីសេស សូរ៉េស ៖ ល្អណាស់ ។ សូមអរគុណ ។ ឥឡូវនេះ សូមឲ្យយើងមើលសំណួរដែលទាក់ទងនឹង « ការស៊ូទ្រាំនឹងការសាកល្បង » ។
ប្រទេសហ្គាណា – សំណួរ ទី៧
អែលឌើរ សូរ៉េស ខ្ញុំចង់ដឹងថាហេតុអ្វីបានជាវាតែងតែពិបាកម៉េ្លះក្នុងការអនុវត្តសេចក្តីជំនឿនៅក្នុងគ្រាលំបាក ។
ស៊ីលី ទីក្រុងខនសេបភី – សំណួរទី ៨
ជម្រាបសួរ អែលឌើរ សូរ៉េស ។ សំណួរខ្ញុំគឺមានដូចនេះ ៖ តើអែលឌើរនឹងជួយនរណាម្នាក់ដែលរងទុក្ខយ៉ាងខ្លាំងក្នុងជីវិត ដែលពួកគេហាក់មិនដែលបានទទួលពរជ័យនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
អេស្ប៉ាញ ទីក្រុងប៊ីលបាវ – សំណួរទី ២
អែលឌើរ សូរ៉េស នៅក្នុងសាសនាចក្ររបស់យើងមានយុវជនសក្តិសមដែលអាចបម្រើបេសកកម្ម និងបន្តបម្រើទាំងនៅក្នុងសាសនាចក្រ និងសហគមន៍ ។ ប៉ុន្តែមិនថាការបម្រើរបស់ពួកគេយ៉ាងណាទេ ពួកគេមិនអាចមើលឃើញពរជ័យដែលបានសន្យាទេ ។ តើអែលឌើរនឹងនិយាយអ្វីខ្លះទៅកាន់យុវជនទាំងនោះ ដែលដំណើរជីវិតលើផែនដីពួកគេពុំបានទទួលពរជ័យតាមដែលសន្យានោះ ?
អែលឌើរ សូរ៉េស ៖ សូមអរគុណសម្រាប់សំណួរដ៏ល្អទាំងនេះ ។ មែនហើយ ការយល់ខុសជាទូទៅមួយនៅក្នុងចំណោមពួកយើងគឺថា ប្រសិនបើយើងព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ រស់នៅដោយសុចរិត នោះគ្មានអ្វីអាក្រក់នឹងកើតឡើងចំពោះយើងឡើយ ។ នៅពេលយើងទទួលយកផែនការរបស់ព្រះវរបិតាសួគ៌របស់យើងមុនជីវិតរមែងស្លាប់ នោះយើងបានដឹងថាយើងនឹងជួបនូវបទពិសោធន៍ដ៏រីករាយ ព្រមទាំងការសាកល្បង និងការល្បួងក្នុងអំឡុងពេលនៃដំណើរជីវិតរមែងស្លាប់យើងនេះ ។ ការឆ្លងកាត់កាលៈទេសៈដ៏លំបាកទាំងនេះ គឺជាចំណែកនៃដំណើរការរៀនសូត្ររបស់យើង ដើម្បីមានលក្ខណៈគ្រប់គ្រាន់ត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាសួគ៌របស់យើងវិញ ។ ហេតុដូច្នោះ សេចក្តីពិតនោះគឺថា យើងនឹងប្រឈមមុខនឹងទុក្ខលំបាកនៅក្នុងជីវិត មិនថាយើងសុចរិតប៉ុណ្ណានោះទេ ។ ម្យ៉ាងវិញទៀត ផលនៃអំពើល្អប្រាកដជានឹងកើតមាន ប៉ុន្តែពេលខ្លះមិនកើតឡើងភ្លាមៗនោះទេ ។ ពរជ័យទាំងនេះអាចកើតឡើងតាមពេលវេលាកំណត់ផ្សេងពីពេលវេលារបស់យើង ហើយស្របទៅតាមបំណង ប្រាជ្ញា និងបញ្ញារបស់ព្រះវរបិតា ដែលជ្រាបដឹងនូវអ្វីដែលយើងត្រូវការ និងអ្វីដែលល្អបំផុតនៅក្នុងជីវិតយើងនេះ ។
ដូច្នេះអ្វីដែលសំខាន់បំផុតដែលយើងអាចធ្វើបាននៅពេលយើងប្រឈមមុខនឹងទុក្ខលំបាកនៅក្នុងជីវិតរមែងស្លាប់ គឺការបង្វែរចិត្ត និងការទុកចិត្តទៅលើព្រះអង្គសង្គ្រោះ ។ នៅពេលយើងធ្វើដូច្នេះ យើងនឹងមិនគ្រាន់តែរកបានការលួងលោមដែលយើងខំស្វែងរកប៉ុណ្ណោះទេ គឺយើងទទួលបាន និងពង្រីកសេចក្ដីជំនឿ និងទីបន្ទាល់អំពីភាពពិតនៃព្រះអង្គសង្រ្គោះ និងដង្វាយធួនរបស់ទ្រង់ទៀតផង ។ ព្រះគ្រីស្ទបានរងការឈឺចាប់ ទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ដើម្បីឲ្យទ្រង់អាចបំពេញសេចក្ដីមេត្តាករុណា ហើយអាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ ។ ព្រះអង្គសង្គ្រោះអាចព្យាបាលរបួសស្នាមមកពីស្ថានភាពដ៏លំបាកនានានៃជីវិតរមែងស្លាប់ ល្អជាងអ្នកណាៗទាំងអស់ ។ ក្នុងឱកាសមួយចំនួន យើងអាចនឹងមិនត្រូវបានព្យាបាលខាងរាងកាយពីការឈឺចាប់ ឬជំងឺរបស់យើងភ្លាមៗទេ ប៉ុន្តែយើងអាចជាសះស្បើយខាងវិញ្ញាណ ដោយយយើងទទួលបានកម្លាំង ការយល់ដឹង និងការអត់ធ្មត់ ដើម្បីស៊ូទ្រាំនឹងបន្ទុកដែលដាក់មកលើយើង ។ ដូច្នេះ នៅពេលយើងបង្វែរចិត្តទៅរកព្រះអង្គសង្គ្រោះរបស់យើង នោះទ្រង់នឹងធ្វើការដ៏អស្ចារ្យនៅក្នុងជីវិតយើង ។
ចំណុចមួយទៀតដែលត្រូវពិចារណានោះគឺថា យើងអាចមើលទៅការសាកល្បង និងល្បងលរបស់យើងថាជាឱកាសដើម្បីរីកចម្រើន ជំនួសឲ្យការទុកឲ្យខ្លួនយើងមានអារម្មណ៍ត្រូវរងការកៀបសង្កន់ដោយការណ៍ទាំងនោះ ។ ខ្ញុំសូមអះអាងចំពោះក្មួយៗមិត្តរបស់ខ្ញុំថា ការប្រព្រឹត្តតាមរបៀបនេះអាចផ្តល់ឱកាសឲ្យយើងបង្ហាញដល់ព្រះអម្ចាស់ និងខ្លួនយើងថា យើងអាច ហើយនឹងធ្វើគ្រប់កិច្ចការដែលព្រះអម្ចាស់បានបញ្ជាឲ្យយើងធ្វើ—និងខិតទៅជិតអ្វីដែលមានតម្លៃដ៏អស់កល្បជានិច្ច ទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពបែបណាក្តី ។ ទ្រង់ដឹងថាយើងអាចធ្វើរឿងលំបាកៗបាន ! ទ្រង់ប្រទានដល់យើងនូវអំណាចយ៉ាងច្រើន ។
ដូចអែលឌើរ អួសុន អែហ្វ វិតនី ដែលជាសាវកម្នាក់នៃការស្តាឡើងវិញបានបង្រៀនថា ៖ « គ្មានការឈឺចាប់ណាមួយដែលយើងរងទុក្ខ គ្មានការសាកល្បងណាមួយដែលយើងជួបប្រទះត្រូវបានខ្ជះខ្ជាយឡើយ ។ វាផ្តល់ជាការអប់រំដល់យើងដើម្បីអភិវឌ្ឍន៍គុណសម្បត្តិដូចជា ការអត់ធ្មត់ សេចក្តីជំនឿ ភាពរឹងមាំ និងភាពរាបសា … [ ហើយ ] នៅពេលយើងស៊ូទ្រាំវាដោយអត់ធ្មត់ វាស្ថាបនាចរិកលក្ខណៈ បន្សុទ្ធចិត្ត ពង្រីកព្រលឹងរបស់យើង ហើយធ្វើឲ្យយើងកាន់តែទន់ភ្លន់ និងសប្បុរសធម៌ … និងភាពសក្តិសមកាន់តែច្រើនដើម្បីហៅថាជាបុត្រាបុត្រីនៃព្រះ … ។ វាតាមរយៈសេចក្ដីសោកសៅ និងការរងទុក្ខ ការលំបាក និង ទុក្ខព្រួយ ដែលយើងទទួលបានការអប់រំដែលយើងមកទីនេះដើម្បីទទួល › ។
មិត្តខ្ញុំអើយ ការអភិវឌ្ឍន៍ភាពអត់ធ្មត់ជួយយើងឲ្យមើលទៅជីវិតចេញពីទស្សនៈវិស័យដ៏អស់កល្ប ហើយវាក្លាយជាឥទ្ធិពលមួយព្យាបាលដល់ព្រលឹងរបស់យើង ។ តាមការរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង នោះយើងអាចទទួលបានការយល់ចិត្ត និងចិត្តមេត្តាចំពោះអ្នកដទៃ ហើយអាចជួយលើកពួកគេនៅក្នុងគ្រាលំបាកបាន ។
អូនសម្លាញ់ តើអូនចង់ផ្តល់យោបល់លើបញ្ហាដ៏សំខាន់នេះដែរទេ ?
ស៊ីស្ទើរ រ៉ូសាណា សូរ៉េស ៖ចាស មានមនុស្សខ្លះមានប្រតិកម្មខុសគ្នាចំពោះឧបសគ្គដូចគ្នា ឬការរងទុក្ខជាប្រចាំ ។
អ្នកខ្លះគិតថាខ្លួនឯងកំពុងត្រូវបានចម្រាញ់នៅក្នុងព្រះហស្តនៃអង្គបង្កបង្កើត គឺជាព្រះនៃយើង ។ ខ្លះទៀតគិតថា ព្រះអម្ចាស់បានភ្លេចពួកគេ ហើយតែងតែសួរថា « ហេតុអ្វី ? » ពីមុនពេលស្ថានភាពទាំងនេះ ។ អ្នកផ្សេងទៀតធ្វើសកម្មភាពដោយអត់ធ្មត់ និងក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយអាចមើលឃើញ និងទទួលយកព្រះហឫទ័យរបស់ព្រះអម្ចាស់ ដើម្បីជួយព្យាបាលព្រលឹងរបស់ពួកគេខាងវិញ្ញាណ ។ យើងមកផែនដីនេះដើម្បីរៀនសូត្រ និងរីកចម្រើន ។ បន្តិចម្តងៗ យើងនឹងមើលឃើញផលផ្លែនៃការខិតខំរបស់យើង ដោយយើងគ្រាន់តែបន្តទៅមុខ និងមានអំណត់ប៉ុណ្ណោះ ។ វាមិនងាយស្រួលនោះទេ ហើយនោះជាមូលហេតុដែលយើងមានព្រះអង្គសង្រ្គោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ !
អែលឌើរ សូរ៉េស ៖ អរគុណ អូនសម្លាញ់ ។ មានយោបល់ល្អណាស់ ។
បញ្ហាប្រឈមមួយចំនួនរបស់យើង គឺជាលទ្ធផលនៃលក្ខខណ្ឌជីវិតរមែងស្លាប់ ហើយវានឹងមិនមានបន្តទៅដល់ជីវិតបន្ទាប់ទៀតឡើយ ។ នៅសព្វថ្ងៃនេះ យើងប្រហែលជាមិនអាចយល់ឲ្យបានគ្រប់ហេតុផលចំពោះបញ្ហាប្រឈមមុខរបស់យើង ឬឱកាសដែលវានឹងផ្តល់ឲ្យយើងដើម្បីរីកចម្រើននោះទេ ។ នៅពេលយើងស៊ូទ្រាំដោយអំណត់នៅក្នុងសេចក្ដីសុចរិត នោះព្រះអម្ចាស់អាចនឹងបើកសម្ដែងដល់យើងនូវការយល់ដឹងកាន់តែច្បាស់អំពីការសាកល្បងរបស់យើង និងគោលបំណងវានៅក្នុងជីវិតយើង ។