ការផ្តោតជីវិតរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃ អាទិត្យ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤
អែលឌើរ អូលីសេស សូរ៉េស ៖សំណួរដ៏អស្ចារ្យទាំងអស់ដែលយើងបានពិនិត្យមើលនៅល្ងាចនេះ បញ្ចប់នៅត្រឹមប្រធានបទសំខាន់បំផុតដែលអ្នកបានលើកឡើងនៅក្នុងការប្រជុំធម្មនិដ្ឋានរបស់យើងគឺ ៖ « ការផ្ដោតជីវិតយើងលើព្រះយេស៊ូវគ្រីស្ទ » ។
សូមចាក់វីដេអូ ។
បូលីវី ឡា ផាស្ស – សំណួរទី ៣
អែលឌើរ សូរ៉េស ខ្ញុំមានសំណួរមួយ ។ តើយើងអាចអភិវឌ្ឍការទុកចិត្តកាន់តែខ្លាំងទៅលើព្រះអង្គសង្គ្រោះ ហើយបញ្ចេញពន្លឺនៃព្រះយេស៊ូវគ្រីស្ទ កាន់តែប្រសើរឡើងក្នុងពិភពលោកដ៏ច្របូកច្របល់នេះដោយរបៀបណា ?
ទីក្រុងម៉ិកស៊ិក #១ – សំណួរទី ៤
អែលឌើរ សូរ៉េស តើខ្ញុំអាចខិតចូលទៅជិតព្រះចេស្ដានៃព្រះដោយរបៀបណា ហើយពេលធ្វើដូច្នេះ តើវាធ្វើឲ្យជីវិតខ្ញុំប្រសើរឡើង ហើយអាចជួយអ្នកដទៃបានដោយរបៀបណា ?
ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន – សំណួរទី ៩
អែលឌើរ សូរ៉េស ខ្ញុំចង់សួរថា តើយើងដឹងពីភាពខុសគ្នារវាងភាពឥតខ្ចោះនិយមនិងការអញ្ជើញរបស់ព្រះគ្រីស្ទឲ្យមានភាពល្អឥតខ្ចោះដូចទ្រង់ដោយរបៀបណា ?
អែលឌើរ សូរ៉េស ៖ សូមអរគុណណាស់ក្មួយៗចំពោះបំណងប្រាថ្នាដ៏សុចរិតក្នុងការធ្វើតាមព្រះអង្គសង្គ្រោះដែលបានបង្ហាញតាមរយៈសំណួរទាំងនេះ ។ ក្មួយៗត្រូវដឹងថា ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទយើង ទ្រង់គង់ចាំយើង ដោយព្រះហស្តដ៏មេត្តាករុណារបស់ទ្រង់បានលាតចេញជាស្រេច មានព្រះឆន្ទៈ និងអាចឃុំគ្រងយើងដោយសេចក្តីស្រឡាញ់របស់ទ្រង់ ។ ទ្រង់មានព្រះទ័យចង់ឲ្យយើងក្លាយដូចជាទ្រង់ ដែលគិត និងធ្វើដូចទ្រង់ ដោយសារទ្រង់ជ្រាបដឹងថា នោះជាផ្លូវដើម្បីមានសេចក្តីសុខសាន្ត និងសុភមង្គលយូរអង្វែង ។ ដោយសារហេតុនេះ ព្រះអង្គសង្រ្គោះតែងតែអញ្ជើញយើងឲ្យចូលមកជិតទ្រង់ ហើយដើរតាមទ្រង់ដោយអស់ពីចិត្ត ។ សូមពិចារណាអំពីការអញ្ជើញនេះដូចដែលមានកត់ត្រានៅក្នុងព្រះគម្ពីរ ៖
« ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។ នៅពេលយើងទទួលយកការអញ្ជើញនេះ ព្រះអង្គសង្គ្រោះបំពេញការសន្យាដ៏អស្ចារ្យរបស់ទ្រង់ ដោយរួមទាំងការដើរក្នុងពន្លឺទ្រង់ និងទទួលការណែនាំផ្ទាល់ខ្លួននៅក្នុងជីវិតរបស់យើង ។
ការផ្តោតជីវិតទៅលើព្រះអង្គសង្គ្រោះតម្រូវឲ្យយើងដាក់បំណងប្រាថ្នា និងគំនិតយើងឲ្យស្របតាមព្រះរាជបំណងរបស់ទ្រង់ ។ ដើម្បីសម្រេចបានការខិតខំនេះ យើងចាំបាច់ត្រូវព្យាយាមយល់បន្ថែមអំពីទ្រង់ ដឹកនាំជីវិតយើងឲ្យស្របនឹងដំណឹងល្អរបស់ទ្រង់ឲ្យខ្ជាប់ខ្ជួន ហើយខិតខំព្យាយាមផ្តោតទៅលើអ្វីគ្រប់យ៉ាងដែលល្អជាប្រចាំថ្ងៃ ។
ពេលយើងខិតខំដើម្បីសម្របជីវិតយើងទៅនឹងព្រះអង្គសង្គ្រោះ នោះយើងអាចយល់ច្រលំអំពីអត្ថន័យនៃការក្លាយជាឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ និងភាពឥតខ្ចោះនិយម ។ អូនសម្លាញ់ តើអូនចង់ចែកចាយគំនិតមួយអំពីរឿងនេះទេ ?
ស៊ីស្ទើរ រ៉ូសាណា សូរ៉េស ៖ចាស ខ្ញុំចង់និយាយឡើងវិញនូវអ្វីដែលអែលឌើរ វើន ស្តានហ្វីល មកពីពួកចិតសិបនាក់បានបង្រៀនអំពីបញ្ហានេះ ។ លោកបានមានប្រសាសន៍ថា យើងត្រូវតែចងចាំថា ភាពឥតខ្ចោះនិយមគឺមិនដូចគ្នាទៅនឹងការឥតខ្ចោះនៅក្នុងព្រះគ្រីស្ទនោះទេ ។ ភាពឥតខ្ចោះនិយមតម្រូវឲ្យមានបទដ្ឋានធ្វើមិនបាន ហើយធ្វើឲ្យខ្លួនឯងឈឺចាប់ ព្រោះតែការប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃ ។ វាធ្វើឲ្យមានអារម្មណ៍ថាខុសឆ្គង និងថប់បារម្ភ ហើយអាចធ្វើឲ្យយើងចង់ដកខ្លួននៅឲ្យឆ្ងាយពីគេ ។
ការក្លាយជាល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទគឺជារឿងមួយផ្សេងទៀត ។ វាគឺជាដំណើរការ—ដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធដោយក្តីស្រឡាញ់—ឲ្យប្រែក្លាយកាន់តែដូចព្រះអង្គសង្គ្រោះ។ បទដ្ឋានទាំងនេះត្រូវបានកំណត់ដោយព្រះវរបិតាសួគ៌ដែលមានព្រះទ័យសប្បុរស និងត្រាស់ដឹងគ្រប់ការណ៍ ហើយបានកំណត់យ៉ាងច្បាស់នៅក្នុងសេចក្ដីសញ្ញានានា ដែលយើងត្រូវបានអញ្ជើញឲ្យឱបក្រសោបនោះ ។ ពេលយើងទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យមករកទ្រង់ នោះយើងនឹងដឹងភ្លាមថា ភាពល្អបំផុតរបស់យើងគឺល្អគ្រប់គ្រាន់ហើយ ថាព្រះគុណនៃព្រះអង្គសង្គ្រោះដែលប្រកបដោយក្ដីស្រឡាញ់ នឹងប៉ះប៉ូវនូវភាពផ្សេងគ្នារបស់យើងតាមរបៀបដែលយើងនឹកស្មានមិនដល់ ។
អែលឌើរ សូរ៉េស ៖ មិត្តខ្ញុំអើយ ការធ្វើតាមលំនាំនេះគឺគ្មានសង្ស័យទេថាវាជាដំណើរការ ពេញមួយជីវិត ហើយតម្រូវឲ្យមានច្រើនជាងការគ្រាន់តែជឿ ។ ប៉ុន្តែ នៅពេលយើងទទួលយកវា នោះយើងនឹងមានពិសោធន៍នូវអំណរ ភាពសុខសាន្ត និងការរីកចម្រើនខាងវិញ្ញាណ ហើយលក្ខណៈរបស់ព្រះអង្គសង្គ្រោះអាចក្លាយជាផ្នែកមួយនៃអាកប្បកិរិយារបស់យើង ហើយរូបភាពទ្រង់អាចឆ្លាក់នៅលើទឹកមុខរបស់យើង ។
ខ្ញុំបានឃើញដោយផ្ទាល់ពីរបៀបដែលការផ្ដោតជីវិតទៅលើព្រះអង្គសង្គ្រោះនាំមកនូវកម្លាំងដើម្បីយកឈ្នះលើការលំបាក ភាពទន់ខ្សោយ និងការឈឺចាប់នៃជីវិត ដែលពិបាកទ្រាំ បើគ្មានជំនួយ និងអំណាចព្យាបាលរបស់ទ្រង់នោះទេ ។ ខ្ញុំមានមិត្តភក្តិម្នាក់ដែលឈឺធ្ងន់ ហើយរោគវិនិច្ឆយថាគាត់គឺគ្មានសង្ឃឹមទេ ។ មិត្តម្នាក់នេះគ្មានខ្វល់ចំពោះការរំពឹងទុកនេះទេ ។ បំណងប្រាថ្នាតែមួយគត់របស់នាងគឺចង់ដឹងថាតើនាងអង់អាច និងក្លាហាននៅក្នុងទីបន្ទាល់របស់នាងអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់នាងឬទេ ។ វាច្បាស់ណាស់សម្រាប់ខ្ញុំថា មិត្តម្នាក់នេះបានផ្តោតជីវិតនាងលើព្រះអង្គសង្គ្រោះ ហើយមានអារម្មណ៍ថា ព្រះហស្ដដែលលាតចេញរបស់ទ្រង់កំពុងឱបនាង ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនេះ ។
ប្រធាន ណិលសុន បានបង្រៀនថា ៖ « វា [ តម្រូវឲ្យមាន ] កិច្ចខិតខំដោយមនសិកា [ និង ខ្ជាប់ខ្ជួន ] ដើម្បីបំពេញជីវិតប្រចាំថ្ងៃរបស់យើងដោយព្រះបន្ទូល [ របស់ព្រះអង្គសង្រ្គោះ ] ការបង្រៀនរបស់ទ្រង់ [ និង ] សេចក្ដីពិតរបស់ទ្រង់ » ។ គ្មានអ្វីយាងអញ្ជើញព្រះវិញ្ញាណខ្លាំងជាងពេលយើងផ្ដោតមើលទៅព្រះយេស៊ូវគ្រីស្ទនោះទេ ។
មិត្តជាទីស្រឡាញ់ ខ្ញុំគិតថាយើងកំពុងឈានដល់ទីបញ្ចប់សម្រាប់បទពិសោធន៍ដ៏អស្ចារ្យរបស់យើងជាមួយគ្នាហើយ ។ «មុនពេលខ្ញុំនិយាយបញ្ចប់ ខ្ញុំចង់អញ្ជើញប្អូនប្រុស និងប្អូនស្រី វិប និង ភរិយាជាទីស្រឡាញ់របស់ខ្ញុំចែកចាយទីបន្ទាល់ខ្លីៗរបស់ពួកគាត់ ។ តើលោកនឹងធ្វើវាទេ ? » សូមអរគុណ ។
ស៊ីស្ទើរ គ្រីស្ទី វិប ៖ បងប្អូនប្រុសស្រី ខ្ញុំស្រឡាញ់ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ការយល់ពីសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់មានចំពោះខ្ញុំ បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ។ ទ្រង់បានផ្លាស់ប្តូរខ្ញុំ ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់នៅ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់ស្រឡាញ់យើងម្នាក់ៗ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់ប្រទានជីវិតរបស់ទ្រង់ដើម្បីប្រោសលោះយើង ។ គំរូនៃការបន្ទាបខ្លួន ការគោរពប្រតិបត្តិ និងសេចក្ដីស្រឡាញ់របស់ទ្រង់បំផុសគំនិតខ្ញុំជាប្រចាំថ្ងៃ ។ ទ្រង់កំពុងបង្រៀនខ្ញុំអំពីរបៀបដើម្បីទុកចិត្ត និងបម្រើព្រះវរបិតាសួគ៌ខ្ញុំ ។ ទ្រង់ជាពន្លឺ ជាកម្លាំង និងជាក្តីសង្ឃឹមរបស់ខ្ញុំ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
បងប្រុស ឆាដ អេច វិប ៖ វាជាឯកសិទ្ធិដែលយើងបាននៅជាមួយបងប្អូននិងអែលឌើរ និងស៊ីស្ទើរ សូរ៉េសយប់នេះ ។ ខ្ញុំចង់បន្ថែមទីបន្ទាល់របស់ខ្ញុំអំពីការហៅរបស់អែលឌើរ សូរ៉េស ជាសាវករបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ខ្ញុំក៏ដឹងដែរថា ប្រធាន ណិលសុន គឺជាព្យាការីរបស់ព្រះអម្ចាស់នៅលើផែនដីសព្វថ្ងៃ ។ ខ្ញុំក៏បន្ថែមទីបន្ទាល់របស់ខ្ញុំថា ព្រះវរបិតាសួគ៌ស្រឡាញ់បងប្អូន ។ ទ្រង់មានផែនការនៃសុភមង្គលដ៏ល្អឥតខ្ចោះ ដើម្បីសង្គ្រោះ និងលើកតម្កើងបុត្រាបុត្រីរបស់ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ គឺជាតួអង្គសំខាន់នៃផែនការដ៏ឥតខ្ចោះនោះ ហើយជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះនៃពិភពលោក ។ ទ្រង់គឺជាគំរូដ៏ឥតខ្ចោះរបស់យើង ។ ទ្រង់គឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ។ ទ្រង់គឺជាព្រះនៃការរំដោះ ។ យើងអាចទុកចិត្តលើទ្រង់អស់ពីដួងចិត្តរបស់យើង ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងដែលបានក្លាយជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ និងពរជ័យទាំងអស់ដែលយើងមានតាមរយៈដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕
ស៊ីស្ទើរ សូរ៉េស ៖មិត្តជាទីស្រឡាញ់ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះព្រះដែលជួយនៅគ្រប់រឿងតូចតាចនៅក្នុងជីវិតរបស់យើង ។ ទ្រង់ជ្រាបដឹងពីអ្វីដែលយើងត្រូវការ ហើយឆ្លើយសំណួររបស់យើង ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺទូលសូម ! នៅពេលយើងបង្ហាញចិត្តអំណត់ អំណរគុណ និងសេចក្តីជំនឿរបស់យើងទៅលើទ្រង់ តាមរយៈការអធិស្ឋានដ៏ស្មោះត្រង់ នោះទ្រង់តែងតែគង់នៅចាំជួយយើងជាស្រេច ។ ទ្រង់នឹងពុំចាកចោលយើងឡើយ ។ ទោះបីជាយើងមើលមិនឃើញទ្រង់ក៏ដោយ ទ្រង់តែងតែគង់នៅទីនោះ ។
ហើយអ្វីដែលផ្តល់ឲ្យខ្ញុំនូវក្តីសង្ឃឹមបំផុតគឺការដឹងថាយើងមានព្រះអង្គសង្គ្រោះដែលដឹកនាំសាសនាចក្ររបស់ទ្រង់នៅលើផែនដីនេះ តាមរយៈប្រធាន ណិលសុន និងព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈរបស់ទ្រង់ ។ ក្នុងនាមនៃព្រះអង្គសង្គ្រោះយើង គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។