ការពង្រឹងទីបន្ទាល់របស់យើង
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃ អាទិត្យ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤
អែលឌើរ អូលីសេស សូរ៉េស ៖ យើងសូមចាប់ផ្ដើមជាមួយនឹងប្រធានបទទីមួយ « ការពង្រឹងទីបន្ទាល់របស់យើង » ។
ប៉េរ៉ូ ទីក្រុងហួនកាយ៉ូ – សំណួរទី ២
អែលឌើរ សូរ៉េស សំណួររបស់ខ្ញុំគឺថា តើយើងអាចដឹងថា ពេលណាយើងលង់លក់ខាងវិញ្ញាណដោយរបៀបណា ហើយតើយើងអាចចៀសផុតពីវាបានដោយរបៀបណា ?
បូលីវី ឡា ផាស្ស – សំណួរទី ៦
អែលឌើរ សូរ៉េស តើលោកមានដំបូន្មានអ្វីខ្លះ សម្រាប់មនុស្សវ័យក្មេងដែលរស់នៅតាមដំណឹងល្អ ដែលគេដឹងថាវាពិតនៅក្នុងគំនិតតែគ្មានអារម្មណ៍អ្វីសោះនៅក្នុងដួងចិត្តរបស់ពួកគេ ?
ស៊ីលី ទីក្រុងខនសេបភី – សំណួរទី ១១
ជំរាបសួរ អែលឌើរ សូរ៉េស សំណួររបស់ខ្ញុំគឺថា តើអ្វីទៅជារបៀបល្អបំផុតដើម្បីជួយមនុស្សជាទីស្រឡាញ់ឲ្យត្រឡប់មកលើផ្លូវនៃដំណឹងល្អវិញ បន្ទាប់ពីពួកគេបានអសកម្មអស់ជាច្រើនឆ្នាំនោះ ?
អែលឌើរ សូរ៉េស ៖មិត្តជាទីស្រឡាញ់អើយ ទីបន្ទាល់ដ៏ពិតអំពីដំណឹងល្អ គឺជាសាក្សីផ្ទាល់ខ្លួនដែលបានថ្លែងទៅកាន់ព្រលឹងយើងដោយព្រះវិញ្ញាណបរិសុទ្ធថា កត្តាសំខាន់ដ៏អស់កល្បជាក់លាក់គឺជាការពិត ។ សាក្សីផ្ទាល់ខ្លួននេះបង្កើតបំណងប្រាថ្នាខ្លាំងឡើងនៅក្នុងខ្លួនយើង បង្វែរដួងចិត្តយើងទៅកាន់ព្រះអង្គសង្គ្រោះដោយសេចក្ដីជំនឿ និងការប្រែចិត្ត ដកពិសោធន៍នូវការផ្លាស់ប្ដូរក្នុងដួងចិត្ត ទទួលពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងធ្វើសេចក្ដីសញ្ញាដើម្បីធ្វើតាមទ្រង់ជានិរន្តរពេញមួយជីវិតរមែងស្លាប់របស់យើង ។ វានាំពន្លឺនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទចូលមកក្នុងជីវិតយើង ហើយនាំយើងផ្ដោតឆ្ពោះទៅរកគោលដៅនៃការត្រឡប់ទៅរកព្រះវរបិតាសួគ៌យើងវិញដូចគ្នា ។ ទីបន្ទាល់ដ៏រឹងមាំក្លាយជាការជំរុញចិត្តរបស់យើងឲ្យធ្វើកាន់តែប្រសើរក្នុងជីវិតនេះ និងជាកំពែងដ៏ក្រាស់ដែលការពារយើងពីការវាយលុកមិនឈប់ឈររបស់សាតាំង ។
ព្រះអង្គសង្គ្រោះបានស្ថាបនាផ្លូវសម្រាប់យើងដើម្បីពង្រឹងទីបន្ទាល់ និងដើម្បីចៀសវាងពីភាពទន់ខ្សោយ និងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពកន្តើយខាងវិញ្ញាណ ។ ទ្រង់បានមានបន្ទូលថា « ចូររៀនអំពីយើង ហើយស្ដាប់តាមព្រះបន្ទូលទាំងឡាយរបស់យើងចុះ ចូរដើរក្នុងភាពស្លូតបូតនៃព្រះវិញ្ញាណរបស់យើង នោះអ្នកនឹងបានសេចក្ដីសុខសាន្តក្នុងយើង » ។ ព្រះអម្ចាស់ទ្រង់ផ្ទាល់បានសន្យាថា ទ្រង់នឹងដឹកនាំផ្លូវយើង បើយើងទទួលយកការអញ្ជើញរបស់ទ្រង់ ។
កាលពីប៉ុន្មានឆ្នាំមុន ព្យាការីជាទីស្រឡាញ់របស់យើង ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីតម្រូវការដើម្បីបញ្ឆេះសន្ទុះខាងវិញ្ញាណរបស់យើង ។ លោកបានមានប្រសាសន៍ថា « យើងពុំធ្លាប់ត្រូវការសន្ទុះ វិជ្ជមាន ខាងវិញ្ញាណដូចជាពេលនេះ ដើម្បីទប់ទល់នឹងល្បឿនដ៏ខ្លាំងរបស់អារក្ស និងសញ្ញាកាន់តែអាក្រក់នៃសម័យនេះដូច្នេះទេ » ។ លោកបានផ្ដល់យោបល់ប្រាំចំណុចជាក់លាក់ដែលយើងអាចធ្វើ ដែលនឹងជួយយើងឲ្យរក្សាសន្ទុះវិជ្ជមានខាងវិញ្ញាណ និងជាលទ្ធផលអាចជះឥទ្ធិពលលើទីបន្ទាល់របស់យើងអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ នេះជាចំណុចទាំងនោះ ៖ (១) ដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ហើយបន្ដនៅលើផ្លូវនោះ (២) ស្វែងរកអំណរនៃការប្រែចិត្តជារៀងរាល់ថ្ងៃ (៣) រៀនអំពីព្រះ និងរបៀបដែលទ្រង់ធ្វើការ (៤) ស្វែងរក និងរំពឹងថាមានអព្ភូតហេតុ និង (៥) បញ្ចប់ជម្លោះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់បងប្អូន ។ មិត្តជាទីស្រឡាញ់របស់ខ្ញុំ ដូចដែលព្យាការីតែងតែធ្វើនៅក្នុងការបង្រៀនរបស់ពួកលោក គឺមាននូវការសន្យាថា ៖ « ពេលណាបងប្អូនធ្វើតាមអ្វីទាំងនេះ ខ្ញុំសន្យាថា បងប្អូននឹងមានលទ្ធភាពឆ្ពោះទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញាដោយសន្ទុះដ៏កាន់តែខ្លាំង មិនថាបងប្អូនជួបនឹងឧបសគ្គអ្វីនោះទេ ។ ហើយខ្ញុំសន្យាថា បងប្អូននឹងមានកម្លាំងកាន់តែខ្លាំងដើម្បីទប់ទល់នឹងការល្បួង កាន់តែសុខសាន្ដក្នុងចិត្ត និងសេរីភាពពីការភ័យខ្លាច ព្រមទាំងសាមគ្គីភាពក្នុងក្រុមគ្រួសារកាន់តែខ្លាំងផងដែរ » ។ នោះហើយជាអ្វីដែលព្យាការីបាននិយាយ ។
មិត្តខ្ញុំអើយ ជំនឿត្រូវបានបង្ហាញដោយការប្រព្រឹត្តិ ហើយការប្រព្រឹត្តិជួយស្ថាបនា និងពង្រឹងទីបន្ទាល់របស់យើង ។ កាលដែលយើងប្រព្រឹត្តិដោយនូវសេចក្ដីជំនឿទៅលើអ្វីៗដែលព្យាការីជាទីស្រឡាញ់របស់យើងបានបង្រៀន នោះទីបន្ទាល់របស់យើងអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ នឹងកាន់តែរឹងមាំ ហើយយើងនឹងទុកឲ្យព្រះគ្រីស្ទរស់ក្នុងចិត្តយើង យើងនឹងដឹកនាំជីវិតឲ្យ « ចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំង [ តាំង ] នៅខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿ … ព្រមទាំងអរព្រះគុណកាន់តែច្រើនឡើងផង » ។ បន្ថែមពីលើនេះទៀត បងប្អូននឹងមានចិត្ដរំភើបចំពោះដំណឹងល្អកាន់តែខ្លាំងឡើង នឹងមានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធកាន់តែញឹកញាប់នៅក្នុងជីវិត ហើយនឹងមានភាពធន់ខាងវិញ្ញាណ ព្រមទាំងត្រូវបានការពារពីភាពសោះរង្គើយខាងវិញ្ញាណ និងទីបន្ទាល់ទន់ខ្សោយ ។
អូនសំឡាញ់ តើអូនមានអ្វីទេអំពីការជួយអ្នកដទៃដែលបានបាត់បង់ទីបន្ទាល់របស់ខ្លួន ឲ្យត្រឡប់ទៅកាន់ផ្លូវនៃសេចក្ដីសញ្ញាវិញ ?
ស៊ីស្ទើរ រ៉ូសាណា សូរ៉េស ៖ ចាស ខ្ញុំជឿ ហើយតែងតែជឿថា វិធីដ៏ល្អបំផុតដើម្បីជួយមនុស្សជាទីស្រឡាញ់ឲ្យត្រឡប់ទៅកាន់ផ្លូវនៃដំណឹងល្អវិញ គឺស្រឡាញ់ព្រះ និងមនុស្សនោះឲ្យខ្លាំង និងធ្វើជាគំរូឲ្យល្អបំផុតតាមដែលបងប្អូនអាចធ្វើបាន ។ បងប្អូនអាចលើកទឹកចិត្តពួកគេឲ្យមកស្គាល់ព្រះ ហើយរីករាយនឹងសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះអង្គសង្គ្រោះ ដោយគ្មានការវិនិច្ឆ័យអសុចរិត ឬបន្ទាបតម្លៃពួកគេឡើយ ។ កាលណាយើងស្រឡាញ់ព្រះ ហើយគោរពតាមបញ្ញត្តិរបស់ទ្រង់កាន់តែច្រើន នោះយើងកាន់តែមានអារម្មណ៍ស្រឡាញ់បុគ្គលនោះ ហើយប្រាថ្នាថា គាត់នឹងរីករាយនឹងពរជ័យនៃដំណឹងល្អ មិនថាពួកគេមើលខ្លួនឯងថានៅកន្លែងណានៅលើផ្លូវនៃភាពជាសិស្សនោះទេ ។ ខ្ញុំគិតថា មនុស្សត្រូវតែទទួលអារម្មណ៍ថាមានគេស្រឡាញ់យ៉ាងខ្លាំង ទោះបីជាការសម្រេចចិត្តរបស់ពួកគេកំពុងដកពួកគេចេញពីផ្លូវនៃសេចក្តីសញ្ញាក្ដី ។