ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៤
ការរៀបចំខ្លួន​ចូល និង​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ


11:49

ការរៀបចំខ្លួន​ចូល និង​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃ អាទិត្យ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤

អែលឌើរ អូលីសេស សូរ៉េស ៖យើង​បាន​ទទួល​សំណួរ​ល្អៗ​ជាច្រើន​ទាក់ទង​នឹង​ប្រធានបទ​ដែល​ប្រធាន រ័សុល អិម ណិលសុន ចូលចិត្ត​បំផុតគឺ ៖ « ការរៀបចំខ្លួន​ដើម្បី​ចូល និង​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

បងប្រុស និង​បងស្រី វិប តើ​ប្អូន​អាច​ចែកចាយ​គំនិត​​អំពី​ប្រធានបទ​នេះ​ផង​បាន​ទេ បន្ទាប់ពី​ស្តាប់​សំណួរ​ដែល​បានថតទុក​ទាំងនេះ ?

កាណាដា ទីក្រុងអេដម៉នតុន – សំណួរ​ទី ១

អែលឌើរ សូរ៉េស សំណួរ​របស់​ខ្ញុំ​គឺថា ​តើ​ខ្ញុំ​អាច​រៀបចំ​ខ្លួន​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង និង​ទទួល​ពិធីបរិសុទ្ធ​​ដោយ​របៀប​ណា ?

កាណាដា ទីក្រុងអេដម៉នតុន – សំណួរ​ទី ២

អែលឌើរ សូរ៉េស តើ​ខ្ញុំ​ដឹង​ថា​ខ្លួន​ត្រៀមខ្លួន​រួចរាល់ ​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​​ដោយ​របៀប​ណា ?

ស៊ីលី ទីក្រុងខនសេបភី – សំណួរ​ទី ២

ជម្រាបសួរ អែលឌើរ សូរ៉េស ។ ខ្ញុំ​មាន​សំណួរ​មួយ ។ តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ចាំបាច់ និង​​​សំខាន់​ក្នុង​ជីវិត​​ខ្ញុំ​ដោយ​របៀប​ណា ?

បងប្រុស ឆាដ អេច វិប ៖នោះ​ជា​សំណួរ​ដ៏​អស្ចារ្យ និង​សំខាន់ ។

ដំបូន្មាន​ដំបូង​ដែល​ខ្ញុំ​ចង់​ណែនាំ​នោះ​គឺ រៀបចំ​ខាងវិញ្ញាណ ។ រៀន​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ហើយ​ឆ្លើយតប​ទៅនឹង​ការបំផុស​គំនិត ។ សូម​ព្យាយាមឲ្យ​ស្អាតស្អំ​ខាង​សីលធម៌ ហើយ​ចៀសវាង​រឿងទាំងឡាយ​​រារាំង​ព្រះវិញ្ញាណ​ក្នុង​ជីវិត​របស់​អ្នក ។ បើ​អ្នក​ធ្វើ​ខុស ចូរ​ប្រែចិត្ត ហើយ​មាន​ភាពស័ក្ដិសម​ដើម្បី​ទៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ មិន​ថា​អ្នក​ធ្លាប់​ធ្វើ​អ្វី​ក្នុង​ជីវិត ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​មក​លើ​អ្នក ។ ដោយសារ​ទ្រង់ អ្នក​អាច​មាន​ភាពស័ក្ដិសម ។ ទ្រង់​នឹង​ជួយ​អ្នក ។

បងស្រី គ្រីស្ទី វិប: ដំបូន្មាន​មួយទៀត​ដែល​ខ្ញុំ​ចង់​ផ្ដល់​យោបល់​គឺ​ត្រូវ​និយាយ​អំពី​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​សមាជិក​គ្រួសារ ថ្នាក់​ដឹកនាំ ឬ​មិត្តភក្ដិ​ដែល​​ទុកចិត្ត​ ។ ព្រះវិហារបរិសុទ្ធ​គឺ​ពិសិដ្ឋ ប៉ុន្តែ​ពុំមែន​អ្វីៗ​ទាក់ទង​នឹង​ព្រះវិហារបរិសុទ្ធសុទ្ធតែ​ជាការ​សម្ងាត់​នោះ​ទេ ​ពេល​ខ្លះ​យើង​អាច​និយាយ​ច្រើន​អំពី​ព្រះវិហារ​បរិសុទ្ធ​ជាង​ពេល​ផ្សេង ។ ហើយ​ខ្ញុំ​គិត​ថា​វា​អាច​មាន​អត្ថប្រយោជន៍​ ទាំង​ពីមុន និង​ក្រោយ​ពេល​ដែល​អ្នក​ទៅចូលរួម​ជា​លើក​ដំបូង ។ វា​ល្អ​ណាស់​ដែល​មាន​សំណួរ នោះ​ហើយ​ជា​របៀប​ដែល​យើង​រៀន ដូច្នេះ​សូម​សួរ​​ទៅកាន់​បុគ្គល​ដែល​អ្នក​ទុក​ចិត្ត ដែល​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ហើយ​ចាត់ទុក​ថា​ព្រះវិហារ​បរិសុទ្ធ​គឺ​ពិសិដ្ឋ ។ សំខាន់បំផុត សូម​ទូលថ្វាយ​សួរ​ទៅកាន់​ព្រះអម្ចាស់ ។ ការមាន​សំណួរគឺជា​វិធី​ដ៏​ល្អ​ដើម្បី​​ព្រះអម្ចាស់​បង្រៀន​យើង​តាមរយៈ​វិវរណៈ ។ ​បើ​អ្នក​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​កាន់​តែ​ច្រើន នោះ​ទ្រង់​នឹង​បង្រៀន​អ្នក​កាន់​តែ​ច្រើន ។

Brother Webb: ដំបូន្មាន​ចុងក្រោយនោះគឺ ការសិក្សា ។ សូម​ស្វែងយល់​ពី​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក ។ កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​រៀន​នោះ​គឺ​នៅលើ​គេហទំព័រ ChurchofJesusChrist.org/temples ជា​កន្លែង​ដែល​អ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​អំណោយទានពិសិដ្ឋ សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ ហើយ​ជា​ពិសេស​រៀន​អំពី​សេចក្ដី​សញ្ញា​នីមួយៗ​ដែល​អ្នក​នឹង​ធ្វើ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ គេហទំព័រ​នោះ​មាន​អត្ថប្រយោជន៍​ណាស់ ។

ដោយជា​ផ្នែក​មួយ​នៃ​ការសិក្សា​របស់​អ្នក សូម​រៀន​ឲ្យ​អស់​ពី​សមត្ថភាព​អំពី​និមិត្ត​រូប​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សម្រាប់​ខ្ញុំ វិធី​ដ៏​ល្អ​បំផុត​មួយ​ក្នុងការរៀបចំ​ដើម្បី​យល់​អំពី​ព្រះវិហារ​បរិសុទ្ធ គឺ​រៀន​អំពី​រោងឧបោសថ​ពី​បុរាណ ដែល​បានពិពណ៌នា​នៅក្នុង​គម្ពីរ​សញ្ញាចាស់ ។ និមិត្តសញ្ញា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប​គឺ​ខុស​ពី​សម័យ​បុរាណ ប៉ុន្តែ​គោលការណ៍ និង​គោលបំណង​គឺ​ស្រដៀង​គ្នា​ណាស់ ហើយ​វា​អាច​ជួយ​យើង​រៀបចំ​ខ្លួន​សម្រាប់​បទពិសោធន៍​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​ផ្ទាល់ ។

អស់អ្នក​ចូល​ទៅ​ក្នុង​រោងឧបោសថ​ពី​បុរាណ​ដំបូង​បាន​ចូល​ទៅ​ជិត​អាសនៈ​មួយ ជា​កន្លែង​ដែល​ពួកគេ​ថ្វាយ​យញ្ញបូជា​ដូច​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ពួកគេ​ត្រូវ​បានលាង​សម្អាត​នៅ​ក្នុង​ចាន​ក្លាំ និង​លាប​ប្រេង​តាំង ហើយ​បាន​ផ្តល់​សម្លៀក​បំពាក់​ពិសិដ្ឋ។ នៅក្នុង​រោងឧបោសថ​ក៏​មាន​ត្រសាល​មួយ​ដែល​គេ​ហៅ​ថា ទីបរិសុទ្ធ ជា​កន្លែង​ដែល​ពួកគេ​កាន់​ជើង​ទៀន ដែល​តំណាង​ឲ្យ​ការរស់នៅ​ជាមួយនឹង​ព្រះ​វិញ្ញាណ ឬ​ពន្លឺ​នៃ​ព្រះ ។ តុ​នំប៉័ង និង​ស្រា ដែល​ជា​និមិត្ត​សញ្ញា​ស្រដៀង​នឹង​សាក្រាម៉ង់ ។ វា​ក៏​មាន​អាសនា​គ្រឿង​ក្រអូប​តំណាង​ឲ្យ​ការអធិស្ឋាន​ផងដែរ ។ ផ្នែក​ចុងក្រោយ​នៃ​រោងឧបោសថ​គឺជា​ទីបរិសុទ្ធ​បំផុត ដែល​កាន់​ហិប​នៃ​សេចក្តីសញ្ញា និង​ទី​សន្តោស​ប្រោស ។ មាន​តែ​សង្ឃ​ជាន់ខ្ពស់​ប៉ុណ្ណោះ​ដែល​អាច​ឆ្លង​កាត់​វាំងនន​នេះ ហើយ​ចូល​ទៅ​ក្នុង​ទី​ដ៏​បរិសុទ្ធ ហើយ​នោះ​មាន​តែ​មួយ​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ថ្ងៃ​នៃ​ដង្វាយធួន ។ ទីធ្លា​ខាងក្រៅ​តំណាង​ឲ្យ​នគរ​ទេឡេស្ទាល ទីបរិសុទ្ធ នគរ​ទេរេសទ្រាល និង​ទី​ដ៏​បរិសុទ្ធ នគរ​សេឡេស្ទាល ។ ការរីកចម្រើន​នេះ​តាមរយៈ​រោងឧបោសថ​ដែល​បានបង្រៀន​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​អំពី​ដំណើរ​របស់​ពួកគេ​តាមរយៈ​ជីវិត​រមែង​ស្លាប់ ដោយ​មាន​គោលបំណង​ចុងក្រោយ​ដើម្បី​ចូល​ទៅក្នុង​ទី​វត្តមាន​របស់​ព្រះ ។

តាម​គំនិត​ខ្ញុំ​វាគឺជា​និមិត្តសញ្ញា​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក នៅពេល​ដែល​ព្រះយេស៊ូវ​ត្រូវ​បាន​ឆ្កាង មាន​ការរញ្ជួយ​ដី ហើយ​វាំងនន​នៃ​ព្រះវិហារ​របស់​ហេរ៉ូឌ បាន​រហែក​ពាក់​កណ្តាល ដែល​ជា​និមិត្តរូប​ថា ឥឡូវនេះ ដង្វាយធួន​ត្រូវ​បានបំពេញ មនុស្ស​ទាំង​អស់​គ្នា​មាន​ឱកាស​ដើម្បី​ចូល​ទៅក្នុង​នគរ​សេឡេស្ទាល ឬ​វត្តមាន​របស់​ព្រះ ។

សូម្បីតែ​ពណ៌ទាំងឡាយ​នៅក្នុង​រោងឧបោសថ—ពណ៌ខៀវ ស្វាយ ក្រហម និង​ស—អាច​មាន​ន័យ​ជា​និមិត្តរូប។ ជាញឹកញាប់ ពណ៌ខៀវ​ត្រូវ​បាន​គិត​ថា​ជា​តំណាង​ស្ថានសួគ៌ ពណ៌ស្វាយ​គឺជា​និមិត្តសញ្ញា​បុរាណ​នៃ​រាជវង្ស ពណ៌ក្រហម​រំឭក​យើង​អំពី​ព្រះលោហិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជា​ញឹកញាប់​ពណ៌-ស ត្រូវ​បាន​ប្រើ​ជា​និមិត្តសញ្ញា​នៃ​ភាពបរិសុទ្ធ ។ ការ​ដាក់​វាំងនន​រោងឧបោសថ និង​អាវផាយ​ចូលគ្នា​របស់​សង្ឃ នោះ​វា​អាច​ដឹកនាំ​គំនិត​របស់​យើង​ទៅ​កាន់​គំនិត​ដែល​ថា វា​គឺ​តាមរយៈ​ព្រះលោហិត​របស់​ស្តេច​ស្ថានសួគ៌ ដែល​យើង​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ—ដើម្បី​រៀន​ពី​របៀប​ដើម្បី​ទទួល​បាន​អំណាច​ពេញលេញ​នៃ​យញ្ញបូជា​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ជីវិត​របស់​យើង ។ យើង​រៀន​ថា តាមរយៈ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​តាមរយៈ​ព្រះអង្គសង្គ្រោះ នោះ​យើង​អាច​រៀបចំ​ខ្លួន​ត្រឡប់​ទៅ​កាន់​ទី​វត្តមាន​នៃ​ព្រះ ដោយ​ស្អាតស្អំ និង​បរិសុទ្ធ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​រៀន​អំពី​លោក​អ័ដាម និង​នាង​អេវ៉ា និង​ពី​របៀប​ដែល​ពួកលោក​ត្រូវ​បាន​បណ្ដេញចេញ​ពី​វត្តមាន​របស់​ព្រះ និង​ពី​របៀប​ដែល​ពួកគេ​រៀបចំ​ដើម្បី​ត្រឡប់​ទៅរក​ទ្រង់​វិញ ។ តាមរយៈ​ដំណើរ​រឿង​របស់​ពួកលោក យើង​រៀន​ពី​របៀប​ដែល​យើង​អាច​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​ដ៏​អស្ចារ្យ​នោះ ។ ប្រធាន ដេវីឌ អូ ម៉ាក់ខេ បាន​មាន​ប្រសាសន៍​ថា ព្រះវិហារ​បរិសុទ្ធ « គឺជា​ការឡើង​មួយ​ជំហាន​ម្តងៗ​ទៅ​កាន់​ទីវត្តមាន​ដ៏​អស់កល្ប​ជានិច្ច ។ បើ​យុវជន​របស់​យើង​អាច​គ្រាន់តែ​បាន​យល់​ដឹង ពី​ព្រះវិហារ​បរិសុទ្ធ នោះ​វា​នឹង​ជា​កម្លាំង​ចិត្ត​ខាង​វិញ្ញាណ​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ជីវិត​ពួកគេ » ។

ដូច្នេះ ពេល​អ្នក​ទៅ​ព្រះវិហារ​បរិសុទ្ធ សូម​រកមើល​ព្រះយេស៊ូវគ្រីស្ទ ហើយ​រកមើល​អ្វី​ដែល​អ្នក​កំពុង​រៀន​អំពី​ការរៀបចំ​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​ក្នុង​ទីវត្តមាន​របស់​ព្រះវរបិតាសួគ៌ នោះ​អ្នក​នឹង​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ ។

ស៊ីស្ទើរ វិប ៖តើ​ខ្ញុំ​អាច​ឆ្លើយតប​នឹង​សំណួរ « តើ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​អំណោយទាន​របស់​ខ្ញុំ »​ដោយ​របៀបណា​បានទេ ?

ដោយ​ហេតុផល​ខ្លះ សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ព្យាការី​អ័ប្រាហាំ ។ មាន​ពេល​មួយ​នៅក្នុង​ជីវិត​របស់​អ័ប្រាហាំ នៅពេល​ដែល​លោក​មាន​អារម្មណ៍​ថា​មាន​បំណង​ប្រាថ្នា​ដ៏​បំផុស​គំនិត​សម្រាប់​ពន្លឺ និង​ចំណេះដឹង​ខាងវិញ្ញាណ​បន្ថែម​ទៀត។ លោក​ចង់​បាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​នឹង​ព្រះ ហើយ​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​បម្រើ​ទ្រង់ ។ នៅក្នុង​អ័ប្រាហាំ ១:២ លោក​មាន​ប្រសាសន៍​ថា ៖ « ហើយ​ដោយ​ឃើញ​ថា​មាន​សុភមង្គល និង​សេចក្ដី​សុខសាន្ត និង​សេចក្ដីសម្រាក​ដ៏​ធំ​ជាង​ចំពោះ​ខ្ញុំ ទើប​ខ្ញុំ​ស្វែងរក​ព្រះពរ​ទាំងឡាយ​ខាង​ពួក​អយ្យកោ » ។ អ័ប្រាហាំ បាន​ពិពណ៌នា​ខ្លួន​លោក​ថា​ជា « អ្នក​ដើរ​តាម​សេចក្ដី​សុចរិត ដោយ ព្រម​ទាំង​មាន​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ដែល​មាន​ចំណេះ​ដ៏​ធំ ហើយ​ចង់​ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង ហើយ​ចង់​បាន​ចំណេះ​ដ៏​ធំ … ហើយ​មាន​ប្រាថ្នា​ចង់​ទទួល​ការបង្គាប់​ទាំងឡាយ ហើយ​ចង់​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ » ។

នេះ​ជា​របៀប​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពេល​ខ្ញុំ​ចាប់​ផ្ដើម​គិត​អំពី​ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ចូលរួម​យ៉ាង​ពេញលេញ​ក្នុងការ​រស់នៅ​តាម​ដំណឹងល្អ​រួច​ទៅហើយ ។ ខ្ញុំ​បាន​រៀន​ច្រើន​ណាស់​ពី​ការសិក្សា​ព្រះគម្ពីរ​របស់ខ្ញុំ ហើយ​ខ្ញុំ​បាន​រីកចម្រើន ហើយ​បម្រើ​ដោយ​រីករាយ​ក្នុង​វួដ​របស់​ខ្ញុំ ។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ស្រេកឃ្លាន​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់​សម្រាប់​ខ្ញុំ ។ ការណ៍​នេះ​គឺ​លើស​ពី​ការចង់ដឹង​ចង់ឃើញ ខ្ញុំ​មាន​អារម្មណ៍​ចង់​រៀន​ពី​របៀប​ខិត​កាន់តែ​ជិត​ព្រះ ហើយ​ក្លាយជា​សិស្ស​ដ៏​ខ្ជាប់ខ្ជួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ព្រះ​ឈ្នះ​កាន់តែ​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ ។ មិត្តភក្តិ​ជិតស្និទ្ធ​របស់ខ្ញុំ និង​ប៊ីស្សព​របស់​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​បាន​ត្រៀម​ខ្លួន​ដើម្បី​ចុះ​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួចរាល់​ហើយ ហើយ​បាន​ជួយ​ខ្ញុំ​ក្នុង​ការរៀបចំ​ខ្លួន​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់​របស់​ខ្ញុំ ។

អែលឌើរ សូរ៉េស ៖ ពិតជាល្អខ្លាំងណាស់ សូម​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​យោបល់​ដ៏​អស្ចារ្យ​របស់​ប្អូនប្រុស និង​ប្អូនស្រី វិប ។ មិត្ត​សម្លាញ់​របស់ខ្ញុំ​អើយ ដូចជា​ប្រធាន ណិលសុន បាន​បង្រៀន​ថា « ភាពស័ក្ដិសម​ផ្ទាល់ខ្លួន​ដើម្បី​ចូល​ក្នុង​ដំណាក់របស់​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ច្រើនខាង​វិញ្ញាណ​ផ្ទាល់ខ្លួនម្នាក់ៗ ។… ភាពស័ក្ដិសម​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​ចិត្តជឿ​ទាំង​ស្រុង​ទាំង​ក្នុង​គំនិត និង​ដួងចិត្ត​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអម្ចាស់ … ជាគំរូ​ល្អប្រសើរ និង​ជា​មនុស្ស​កាន់តែ​បរិសុទ្ធ » ។ ដូច្នេះ បើ​យើង​ផ្ដោត​ដោយ​សុចរិត​លើ​ការរៀបចំ​ខ្លួន​របស់​យើង​ដើម្បី​ចូល​ព្រះវិហារបរិសុទ្ធ នោះ​យើង​នឹង​ផ្លាស់ប្ដូរ​បទពិសោធន៍​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​យើង​នៅ​ខាងក្រៅ​ព្រះវិហារបរិសុទ្ធ​ផងដែរ ។

កំណត់​ចំណាំ

  1. សូមមើល និក្ខមនំ ២៦:៤–៩ ។

  2. ទ្រូម៉ាន ជី មែតសិន « House of Glory » ( Brigham Young University ten-stake fireside address ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ១៩៧២ ) ទំព័រ ៧ ។

  3. រ័សុល អិម ណិលសុន « Closing Remarks » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២១–២២ ។