២០២១
គ្រឹះ​ដ៏​មាំមួន
ខែ មីនា ឆ្នាំ ២០២១


« គ្រឹះ​ដ៏​មាំមួន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២១ ទំព័រ ១៤–១៥ ។

គ្រឹះ​ដ៏​មាំមួន

ជញ្ជាំង​ដែល​ត្រូវ​ឡើង

យុវនារី​កំពុង​ឡើង​ជញ្ជាំង

រចនា​រូបភាព​ដោយ អាលីហ្សា ភីធើរសិន

យុវនារី​ម្ភៃ​នាក់​បាន​ឈរ​ក្បែរ​ខ្ញុំ មើល​ទៅ​ជញ្ជាំង​ឈើ​កម្ពស់​ជិត ៥ ម៉ែត្រ ។ ឧបសគ្គ​របស់​យើង​គឺ​ត្រូវ​ជួយ​យុវនារី​គ្រប់គ្នា​ឲ្យ​ឡើង​ដល់​កំពូល ។ សម្រាប់​យុវនារី​ជាច្រើន នេះ​គឺជា​ឆ្នាំ​ដំបូង​របស់​ពួកគេ​នៅឯ​ជំរំ​យុវនារី ។ យុវនារី​ដែលមាន​អាយុ​ច្រើន និង​ខ្ញុំ​គឺជា​អ្នកដឹកនាំ​យុវវ័យ ប៉ុន្ដែ​យើង​មិន​ដែល​ចូលរួម​ក្នុង​សកម្មភាព​ដូចនេះ​ឡើយ ។ យើង​ទាំងអស់​គ្នា​ស្ដាប់​តាម​វិន័យ​ក្នុង​ការចូលរួម​លេង ។

យុវនារី​ម្នាក់ៗ​ត្រូវតែ​ឡើង​ជញ្ជាំង​នោះ ។ កាលណា​យុវនារី​ណាម្នាក់​ឡើង​បាន​ហើយ នាង​អាច​ឈរ​នៅលើ​ទីវាល ហើយ​ជួយ​ទាញ​យុវនារី​ផ្សេងទៀត​ឲ្យ​ឡើង ។ ប៉ុន្ដែ ប្រសិនបើ​នាង​ប៉ះ​បាតទី នាង​លែង​អាច​ជួយ​លើក​យុវនារី​ទាំង​ប៉ុន្មាន​ទៀត​ហើយ ។

ដំបូង​យើង​រាង​ពិបាក ប៉ុន្ដែ​មិន​យូរ​ប៉ុន្មាន យើង​បាន​ធ្វើការ​រួមគ្នា ហើយ​ចាប់ផ្ដើម​ទាញ​យុវនារី​ទាំងឡាយ​ឲ្យ​ឡើង​លើ ។ យុវនារី​មួយ​ចំនួន​បាន​ខ្លាច​ពេល​ត្រូវគេ​ទាញ​ឡើង​ខ្ពស់ ទោះបី​មាន​ការការពារ​សុវត្ថិភាព​ហើយ​ក្ដី ។ យុវនារី​ផ្សេងទៀត​បាន​ភ័យ ពេល​ប្រើ​កម្លាំង​របស់​គេ​ផ្ទាល់​ដើម្បី​ឡើង​ដល់​កំពូល ។ វា​តម្រូវ​ឲ្យ​យើង​ទាំងអស់​គ្នា​បង្កើន​ការទុកចិត្ត និង​ការគាំទ្រ​ដល់​គ្នា​ទៅវិញ​ទៅមក ។ នៅ​ទីបំផុត យើង​បាន​បញ្ចប់​ឧបសគ្គ​នេះ​ដោយ​ជោគជ័យ ។

នៅពេល​យុវនារី​ចុងក្រោយ​គេ​បាន​ចុះ យើង​បាន​ប្រជុំ​ពិភាក្សា​គ្នា​ពី​មេរៀន​ជាច្រើន​មកពី​សកម្មភាព​ជញ្ជាំង​នេះ ។

យើង​ទាំងអស់​គ្នា​ប្រឈម​មុខ​នឹង​រឿង​ដែល​មើល​ទៅ​មិន​អាច​យក​ឈ្នះ​បាន ។ ប៉ុន្ដែ យើង​ពុំ​នៅ​តែឯង​ទេ ។ មាន​មនុស្ស​ទាំងអស់​នៅជុំវិញ​យើង​ដើម្បី​ជួយ​លើក និង​ផ្ដល់​ការគាំទ្រ ។ ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​គង់​នៅ​ទីនោះ​ដើម្បី​ប្រទាន​ជំនួយ និង​កម្លាំង នៅពេល​យើង​ងាក​ទៅរក​ទ្រង់ ។

មេហ្គាន ប៊ី រដ្ឋ​អូហៃអូ ស.រ.អា

« ខ្ញុំ​បាន​សន្យា​ថា ខ្ញុំ​នឹង​មក »

យុវជន

ខ្ញុំ​តែងតែ​ចង់​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ប៉ុន្ដែ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ខ្ញុំ​មិន​មាន​ជោគជ័យ​ទេ ។ រហូតដល់​ខ្ញុំ​ក្លាយជា​មិត្តភក្ដិ​របស់​ក្មេងប្រុស​ម្នាក់​ឈ្មោះ ធីអាហ្គោ ។ យើង​បាន​រស់នៅ​ក្បែរ​គ្នា ដូច្នេះ​យើង​ដើរ​ទៅ​ផ្ទះ​បន្ទាប់ពី​ចេញពី​សាលា​រាល់ថ្ងៃ​ជាមួយគ្នា ។

ថ្ងៃ​មួយ យើង​បាន​ដើរ​តាម​ផ្លូវ​ផ្សេង​ទៅ​ផ្ទះ ហើយ​បាន​ដើរកាត់​សាលជំនុំ ជា​កន្លែង​ដែល​ខ្ញុំ​ទៅ​ព្រះវិហារ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​ជាយូរ​មក​ហើយ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ពី​អ្វី​ដែល​យើង​ជឿ ហើយ​ថា​គ្រួសារ​ខ្ញុំ​ទទួល​បាន​ពរជ័យ​យ៉ាងណា​ដោយសារ​តែ​ដំណឹងល្អ ។ ខ្ញុំ​បាន​អញ្ជើញ​ធីអាហ្គោ​ឲ្យ​មក​ព្រះវិហារ​នៅ​ថ្ងៃអាទិត្យ​នោះ ហើយ​គាត់​បាននិយាយ​ថា គាត់​នឹង​មក ។

ថ្ងៃ​អាទិត្យ​បាន​មកដល់ ហើយ​ខ្ញុំ​បាន​រង់ចាំ​គាត់​នៅ​ព្រះវិហារ​យ៉ាង​អន្ទះសា ប៉ុន្ដែ​គាត់​មិន​បាន​មក​នោះ​ទេ ។ ក្រោយមក​នៅ​សប្ដាហ៍​នោះ ខ្ញុំ​បាន​អញ្ជើញ​គាត់​ម្ដងទៀត ។ វា​បាន​កើតឡើង​ដូច្នេះ​រយៈពេល​ពីរ​ទៅ​បី​ខែ ប៉ុន្ដែ​គាត់​តែង​មាន​ពាក្យ​ដោះសា​ជានិច្ច ។ ប៉ុន្តែ​ខ្ញុំ​ពុំ​ឈប់​អញ្ជើញ​គាត់​នោះ​ទេ ។

នាព្រឹក​ថ្ងៃអាទិត្យ​មួយ ខ្ញុំ​បាន​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ហើយ​មើល​ទៅ​ឃើញ​ធីអាហ្គោ​ឈរ​នៅ​ទីនោះ ។ ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​បាន​ឃើញ​គាត់ ប៉ុន្ដែ​គាត់​បាន​មក​អង្គុយ​ក្បែរ​ខ្ញុំ ហើយ​និយាយ​ថា « ខ្ញុំ​បាន​សន្យា​ថា ខ្ញុំ​នឹង​មក ! »

ខ្ញុំ​បាន​ណែនាំ​គាត់​ឲ្យ​ស្គាល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ពួកគេ​បាន​ចាប់ផ្ដើម​បង្រៀន​គាត់ ។ ក្រោយមក គាត់​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ ឥឡូវ យើង​ទាំងពីរ​នាក់​កំពុង​រៀបចំ​ខ្លួន​ទៅ​បេសកកម្ម ។ ខ្ញុំ​រីករាយ​ណាស់ ដែល​ខ្ញុំ​មិន​បោះបង់​គាត់ !

មែរី អ័រ ប្រេស៊ីល

ទុកចិត្ត​លើ​ពេលវលា​របស់​ព្រះ

ម្ដាយមីង​របស់​ខ្ញុំ​បាន​លែងលះ​គ្នា នៅពេល​ដែល​មាន​តែ​កូនប្រុស​ច្បង​របស់​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ដើម្បី​រក្សា​ចំណង​គ្រួសារ​ឲ្យ​សុខសាន្ដ​ជាមួយ​នឹង​ឪពុក​បង្កើត​របស់​កូនៗ​គាត់ គាត់​ចង់​សុំ​ការអនុញ្ញាត​ពី​ឪពុក​នោះ​ឲ្យ​កូនៗ​ផ្សេងទៀត​របស់​ពួកគាត់​បាន​ជ្រមុជ​ទឹក ។ ជា​អកុសល ឪពុក​នោះ​មិន​ផ្ដល់​ការអនុញ្ញាត​ឲ្យ​អស់ពេល​ជាច្រើន​ឆ្នាំ ។

ទីបំផុត ម្ដាយ​មីង​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា គាត់​ចង់​ឲ្យ​កូនៗ​ជ្រមុជទឹក ទោះ​គ្មាន​ការអនុម័ត​ពី​ឪពុក​របស់​ពួកគេ​ក្ដី ។ ប៉ុន្ដែ​ក្រោយពី​ម្ដាយមីង និង​បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​បាន​តម​អាហារ និង​អធិស្ឋាន​អំពី​ការសម្រេច​ចិត្ត​នេះ គ្រប់គ្នា​បាន​ទទួល​ការបំផុស​គំនិត​ថា ពួកគេ​គួរតែ​បន្ដ​រង់ចាំ ។

នៅ​សប្ដាហ៍​ដដែល​នោះ ឪពុក​បង្កើត​របស់​បងប្អូន​ជីដូន​មួយ​ខ្ញុំ​បាន​ប្រាប់​ម្ដាយមីង​របស់​ខ្ញុំ​ថា គាត់​ចង់​ឲ្យ​កូនៗ​ជួប​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក ។ ខ្ញុំ​នៅតែ​ចងចាំ​ដល់​អំណរ​ដែល​ខ្ញុំ​មាន ពេល​ម្ដាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ពី​ដំណឹង​នេះ ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ប្រទានពរ​ដល់​បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ បន្ទាប់ពី​បាន​រង់ចាំ​ដោយ​អំណត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។

យើង​មិន​ដឹង​ជានិច្ច​ថា ពេលណា​ព្រះអម្ចាស់​នឹង​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង​នោះ​ទេ ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​ឆ្លើយតប ។ ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​រង់ចាំ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក​នោះ​ទេ ប៉ុន្ដែ​ខ្ញុំ​ពិតជា​ដឹង​ថា ទ្រង់​បាន​ប្រទានពរ​ពួកគេ ដោយសារតែ​សេចក្ដី​ស្មោះត្រង់​របស់​ពួកគេ ។

ប្រេ ចេ ហ្វ្លូរីដា ស.រ.អា