« ដូចជាបង្អួចមួយទៅកាន់ព្រលឹងរបស់អ្នក » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២១ ទំព័រ ៦–៨ ។
ដូចជាបង្អួចមួយទៅកាន់ព្រលឹងរបស់អ្នក
នៅពេលពួកគេបានច្រៀងជាមួយនឹងក្រុមចម្រៀងវួដរបស់ពួកគេនៅពិធីអន្តរសាសនា យុវវ័យទាំងនេះបានរៀនយ៉ាងច្រើនពីរបៀបដែលតន្ដ្រីអាចនាំអ្នកជឿទាំងអស់ឲ្យមករួមគ្នា ។
មេហ្គាន ស៊ី, អេថាន អិម និង រ៉ូមី ស៊ី មានអ្វីមួយដែលដូចគ្នាគឺ ៖ ពួកគេស្រឡាញ់តន្ដ្រីដែលមានគារវភាព ។ ពួកគេស្រឡាញ់របៀបដែលវាលើកស្ទួយ និងបំផុសគំនិតពួកគេ គឺរបៀបដែលវាធ្វើឲ្យពួកគេមានអារម្មណ៍ល្អ ។ ហើយពួកគេចូលចិត្តមើលឃើញរបៀបដែលតន្ដ្រីលើកស្ទួយ និងបំផុសគំនិតដល់អ្នកដទៃ ។
មេហ្គាន ១៨ ឆ្នាំ, អេថាន ១៩ ឆ្នាំ និង រ៉ូមី ១៧ ឆ្នាំ ក៏មានអ្វីមួយផ្សេងទៀតដូចគ្នាផងដែរ ៖ ពួកគេទាំងអស់គ្នាច្រៀងនៅក្នុងក្រុមចម្រៀងវួដរបស់ពួកគេនៅរដ្ឋហ្វ្លូរីដា ស.រ.អ ។ ហើយថ្មីៗនេះ ក្រុមចម្រៀងនេះបានផ្ដល់ឱកាសដ៏កាន់តែអស្ចារ្យមួយឲ្យពួកគេចែកចាយសេចក្ដីស្រឡាញ់របស់ពួកគេចំពោះតន្ដ្រី តាមរយៈការចូលរួមក្នុងពិធីប្រគំតន្ដ្រីអន្តរសាសនា ។
អេថានពន្យល់ថា « សហគមន៍របស់យើងមានក្រុមចម្រុះអន្តរសាសនាមួយ ដែលធ្វើការយ៉ាងខ្លាងដើម្បីនាំមនុស្សដែលមានសេចក្ដីជំនឿខុសគ្នាឲ្យមករួមគ្នា » ។ ឧទាហរណ៍ ក្រុមនេះបានបង្កើតការពិភាក្សាមួយនៅអាហារពេលល្ងាច អីហ្វតារ ( អាហារពេលល្ងាច ពេលពួកមូស្លីមបញ្ចប់ការតមអាហារប្រចាំថ្ងៃរបស់ពួកគេ អំឡុងខែបរិសុទ្ធរ៉ាម៉ាដានរបស់ពួកគេ ) បានរៀបចំគម្រោងបម្រើជាច្រើនដូចជា ការរៀបចំកាតាបសាលាសម្រាប់កុមារដែលត្រូវការ និងអាហារពេលល្ងាចជុំគ្នាច្រើនដង ជាកន្លែងដែលមនុស្សមិនដែលស្គាល់គ្នាអង្គុយនៅក្បែរគ្នានៅតុតែមួយ ហើយជជែកអំពីអាហារ ប្រពៃណី និងជំនឿដែលពួកគេរីករាយនៅក្នុងវប្បធម៌របស់ពួកគេ ។
ចូរធ្វើជាមិត្តនឹងគ្នា
ពិតណាស់ គោលដៅរបស់ក្រុមចម្រុះនេះគឺ ដើម្បីជួយមនុស្សមកពីសាវតាខុសៗគ្នាឲ្យក្លាយជាមិត្តនឹងគ្នា ។
រ៉ូមីពោលថា « មានគ្រួសារសាសន៍ទួគីមួយ ដែលខ្ញុំតែងជួបពេលបរិភោគអាហារពេលល្ងាចអន្តរសាសនា ហើយពួកគេរត់មករកខ្ញុំ ហើយនិយាយថា ‹ យើងសប្បាយចិត្តណាស់ដែលជួបអ្នកម្ដងទៀត › » ។ « ក្នុងពិភពលោកមួយ ដែលមានការបៀតបៀនយ៉ាងខ្លាំងដល់សាសនា និងសេចក្ដីជំនឿ នោះវាល្អដែលយើងទាំងអស់គ្នាអាចមករួមគ្នា ហើយនិយាយចូលគ្នា » ។ អំឡុងគម្រោងបម្រើមួយ នាងថ្លែងថា « ស្ដ្រីនៅឯព្រះវិហារមួយទៀតគួរឲ្យស្រឡាញ់ណាស់ » ។ « ពួកគេមិនខ្វល់ពីសាសនារបស់នរណាម្នាក់ឡើយ ។ ពួកគេគ្រាន់តែមកដើម្បីជួយប៉ុណ្ណោះ ។ វាពិតជាអារម្មណ៍ដ៏ល្អមួយ » ។
មេហ្គាននិយាយថា « យើងអាចជឿលើរឿងខុសៗគ្នា ប៉ុន្ដែខ្ញុំគោរពដល់ជំនឿរបស់មនុស្សផ្សេងទៀតជានិច្ច ហើយវាជាការល្អដើម្បីទាក់ទងជាមួយពួកគេនៅក្នុងមជ្ឈដ្ឋាននេះ ជាទីដែលយើងទាំងអស់គ្នាចង់រៀនពីគ្នាទៅវិញទៅមក » ។
អេថានថ្លែងថា « សាសនាចក្ររបស់យើងគឺជាសមាជិកថ្មីមួយនៅក្នុងក្រុមចម្រុះនេះ » ។ « ដូច្នេះ ខ្ញុំមានអំណរគុណណាស់ដែលពួកគេមានសន្ដានចិត្តល្អចំពោះពួកយើង និងទទួលយកយើង ។ ខ្ញុំដឹងថា នៅកន្លែងមួយចំនួន មនុស្សយល់ខុសអំពីសាសនាចក្រ ។ ដូច្នេះ ខ្ញុំតែងមានអំណរគុណ នៅពេលមនុស្សអាចទទួលយកភាពខុសគ្នារបស់គ្នាទៅវិញទៅមក ហើយរកមើលអ្វីដែលយើងមានដូចគ្នា » ។
គិតតែផ្លូវមួយដូចគ្នា
ហើយរឿងមួយដែលក្រុមជំនឿសាសនាទាំងអស់មានដូចគ្នាគឺ តន្ដ្រី ។ ពិធីប្រគុំតន្ដ្រីអន្តរសាសនាគឺជាឱកាសដ៏អស្ចារ្យមួយដើម្បីឲ្យអ្នកជឿរួមរួបគ្នាក្នុងការសរសើរដល់ព្រះ ។ ក្រុមចម្រៀងប្រចាំវួដគឺជាក្រុមមួយក្នុងចំណោមក្រុមប្រហែលប្រាំមួយ ដែលតំណាងឲ្យក្រុមជំនុំទូទាំងទីក្រុង ។
មេហ្គានពន្យល់ថា « មានក្រុមកណ្ដឹង អ្នកច្រៀងទោ ក្រុមចម្រៀងធំ ក្រុមចម្រៀងតូច អ្នកលេងខ្លុយ និងព្យាណូទោ ជាដើម » ។ « ក្រុមនីមួយៗត្រូវបានសូមឲ្យសម្ដែងពីរលើក » ។
មេហ្គានបន្ដថា « យើងចង់ប្រាកដថា អ្វីដែលយើងច្រៀងនឹងធ្វើឲ្យមនុស្សដឹងថា យើងជឿលើព្រះយេស៊ូវគ្រីស្ទ ហើយថាយើងជឿលើព្រះវរបិតាសួគ៌ផងដែរ ។ យើងចង់បង្កើតឲ្យមានអារម្មណ៍នៃការថ្វាយបង្គំ » ។
ក្រុមចម្រៀងបានសម្រេចរើសពីរបទ ដែលពួកគេធ្លាប់បានសម្ដែងពីមុនមក « Great Things and Small Things » ដោយ ស្ទីវិន ខេប ភើរី និង « Sacraments and Symbols » ដោយ ចេននីស ខេប ភើរី, ស្ទីវិន ខេប ភើរី និងលីន ភើរី គ្រីស្ដូហ្វឺសិន ។
អេថានថ្លែងថា « បទទីមួយគឺសប្បាយៗ ។ វាផ្ដល់ការធានាថា តាមរយៈព្រះ នោះអ្នកអាចធ្វើអ្វីៗបាន មិនថាវាហាក់ដូចជារឿងតូចតាច ឬសំខាន់ខ្លាំងនោះទេ » ។ « បទទីពីរមានគារវភាពយ៉ាងជ្រាលជ្រៅ ។ វាសឹងតែដូចជាបទសូត្រ ហើយវាបង្កើតឲ្យមានអារម្មណ៍នៃការថ្វាយបង្គំ » ។
ហាត់ ហាត់ ហាត់
នៅពេលពួកគេបានត្រៀមខ្លួនច្រៀង អេថានបានប្រើវិធីមួយ ដែលគាត់ធ្លាប់ប្រើពីមុនមក ។ គាត់និយាយថា « ខ្ញុំព្យាយាមដាក់អាទិភាពលើការស្ដាប់ និងហាត់បទនោះយ៉ាងខ្លាំង ។ ខ្ញុំឃើញថា ពេលខ្ញុំអាចយកចិត្តទុកដាក់លើអត្ថន័យនៃបទចម្រៀង នោះខ្ញុំអាចរីករាយនឹងបទនោះកាន់តែខ្លាំងឡើង ។ ពិតណាស់ ខ្ញុំប្រាកដថា ខ្ញុំអាចច្រៀងវាបានច្បាស់ ប៉ុន្ដែខ្ញុំគិតថា វាងាយស្រួលសម្រាប់ខ្ញុំដើម្បីច្រៀង ពេលខ្ញុំយល់ត្រូវគ្នានឹងសារលិខិតដែលបទនេះព្យាយាមប្រាប់ ។ ខ្ញុំចូលចិត្តសង្កត់ធ្ងន់លើការរៀបចំខាងវិញ្ញាណ » ។
មេហ្គានពោលថា « យើងនៅតែត្រូវច្រៀងក្នុងការប្រជុំសាក្រាម៉ង់ និងហាត់អ្វីផ្សេងទៀតផងដែរ ។ ប៉ុន្ដែយើងដឹងពីសារសំខាន់នៃព្រឹត្តិការណ៍អន្តរសាសនានេះ ដូច្នេះយើងធ្វើឲ្យប្រាកដថា បទចម្រៀងនេះបានត្រៀមរួចរាល់ ។ យើងខិតខំហាត់បទនេះយ៉ាងខ្លាំង » ។
សម្រាប់ការសម្ដែងទីពីរ ក្រុមចម្រៀងដែលមានសមាជិក ១៤ នាក់ត្រូវបន្ថយនៅត្រឹមអ្នកចៀងប្រាំបីនាក់ ។ មេហ្គានថ្លែងថា « យើងត្រូវហាត់សមនៅថ្ងៃអង្គារ ពីមុនយុវជន និងយុវនារី ។ វាធ្វើឲ្យខ្ញុំគិតពីបទនេះពេញមួយសប្ដាហ៍ ពេញមួយខែ យ៉ាងពិតប្រាកដ ។ ជាធម្មតា ខ្ញុំមិនធ្វើអញ្ចឹងទេ ប៉ុន្ដែខ្ញុំបានរកឃើញបទនេះនៅលើ YouTube ហើយបានបន្ដលេងម្ដងហើយម្ដងទៀត ។ ខ្ញុំចង់អភិវឌ្ឍ ។ ខ្ញុំចង់ឲ្យយើងច្រៀងបានល្អខ្លាំង ដើម្បីយើងអាចប៉ះពាល់ដួងចិត្តមនុស្សដទៃបាន » ។
អេថាន មេហ្គាន និងរ៉ូមីយល់ស្របថា ការហាត់សមទាំងអស់មានប្រយោជន៍បន្ថែមមួយ ។ រ៉ូមីនិយាយថា « នៅពេលអ្នកច្រៀងបទនោះដដែលៗ នោះសារលិខិតនៃបទនោះបន្ដនៅក្នុងគំនិត និងដួងចិត្តរបស់អ្នក » ។
នៅក្នុងគំនិត នៅក្នុងចិត្ត
វត្តមាននោះនៅក្នុងគំនិត និងចិត្តរបស់ពួកគេគឺជាភស្ដុតាងយ៉ាងច្បាស់ នៅពេលសមាជិកក្រុមចម្រៀងបានច្រៀង ។ រ៉ូមីថ្លែងថា « បទចម្រៀងទាំងពីរគឺពិរោះណាស់ ។ អ្នកស្ដាប់អង្គុយយ៉ាងស្ងាត់ជ្រៀប ហើយគ្រប់គ្នាមានអារម្មណ៍ពីព្រះវិញ្ញាណ កាលយើងច្រៀងបទចម្រៀងទាំងនោះ ។ យើងទាំងអស់គ្នាមានអារម្មណ៍រួបរួមគ្នា » ។
មេហ្គានពោលថា « បទទីមួយគឺជាបទសប្បាយៗសម្រាប់ខ្ញុំជានិច្ច ។ ខ្ញុំមានអារម្មណ៍ថា វាមានឥទ្ធិពលលើមនុស្សនៅឯបុណ្យនោះ ។ ខ្ញុំមានពេលដ៏រីករាយពេលច្រៀងបទនេះ ហើយខ្ញុំសង្ឃឹមថា ពួកគេទាំងអស់គ្នារីករាយនឹងវាដែរ ។ ហើយបទទីពីរ សំឡេងលាយចូលគ្នាយ៉ាងល្អ ។ ខ្ញុំគិតថា គ្រប់គ្នាដែលបានស្ដាប់បទនេះ មាននូវវិញ្ញាណនៃការគោរព និងកោតសរសើរដល់ព្រះ » ។
នៅចុងបញ្ចប់នាល្ងាចនោះ មេហ្គានបន្ដថា « យើងអាចជជែកជាមួយនឹងអ្នកចូលរួម និងអ្នកស្ដាប់ជាច្រើន ។ ខ្ញុំដឹងថា មានគេសួរអ្នកដឹកនាំក្រុមចម្រៀងយើងអំពីបទចម្រៀងដែលយើងបានច្រៀងនោះ—‹ តើនោះជាតន្ដ្រីប្រភេទអ្វី ? › ឬ ‹ តើអ្នករកឃើញបទនោះនៅកន្លែងណា ? › យើងអាចប្រាស្រ័យទាក់ទងគ្នា ហើយជជែកអំពីតន្ដ្រីដែលយើងទាំងអស់គ្នាបានចែកចាយ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចយល់ពីពួកគេកាន់តែខ្លាំងតាមរយៈបទចម្រៀងរបស់ពួកគេ ហើយថាពួកគេបានយល់ពីយើងកាន់តែច្បាស់ដោយសារបទរបស់យើងផងដែរ ។ តន្ដ្រីគឺដូចជាបង្អួចមួយទៅកាន់ព្រលឹងរបស់អ្នក » ។