« របៀបដើម្បីមានព្រះវិញ្ញាណជានិច្ច » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២១ ទំព័រ ២៦–២៩ ។
ចូរមកតាមខ្ញុំ
ការរៀបចំខ្លួនដើម្បីមានព្រះវិញ្ញាណរបស់ទ្រង់ជានិច្ច
ការរៀបចំខ្លួនដើម្បីទទួលទានសាក្រាម៉ង់ដោយស័ក្ដិសមរាល់សប្ដាហ៍ អាចជួយយើងឲ្យមានព្រះវិញ្ញាណគង់នៅជាមួយយើងជានិច្ច ។
នៅពេលខ្ញុំមានអាយុ ១២ ឆ្នាំ ខ្ញុំបានទៅលេងទីតាំងប្រវត្តិសាស្ដ្រសាសនាចក្រនៅរដ្ឋនូវ យ៉កភាគខាងជើង ស.រ.អ ជាមួយនឹងគ្រួសាររបស់ខ្ញុំ ។ នៅក្នុងព្រៃពិសិដ្ឋ ខ្ញុំចាំថាបានសញ្ជឹងគិតអំពីការនិមិត្តដំបូង និងការនិមិត្តដ៏អស្ចារ្យផ្សេងទៀតដែលយ៉ូសែបបានឃើញ ហើយគិតថា « ឱ ! ប្រសិនបើខ្ញុំបានជួបនឹងអង្គពីស្ថានសួគ៌ខាងវិញ្ញាណដ៏អស្ចារ្យដូចជាយ៉ូសែបបានជួបដែរនោះ ជីវិតរបស់ខ្ញុំនឹងពេញលេញហើយ » ។
តាំងពីនោះមក ខ្ញុំបានរៀនថា ជាជាងមានការជួបខាងវិញ្ញាណដ៏ធំមួយតែម្ដងក្នុងជីវិតខ្ញុំ នោះខ្ញុំត្រូវការបទពិសោធន៍តូចៗញឹកញាប់ដើម្បីរក្សាខ្ញុំឲ្យនៅរឹងមាំក្នុងទីបន្ទាល់របស់ខ្ញុំ ហើយបន្ដនៅលើផ្លូវទៅផ្ទះវិញដោយសុវត្ថិភាព ។ ព្រះវរបិតាសួគ៌បានញាណដឹងថា យើងត្រូវការការដឹកនាំជាទៀងទាត់នៅក្នុងជីវិតរបស់យើង ហើយទ្រង់បានរៀបចំផ្លូវនោះដើម្បីឲ្យយើងទទួលបានវា ។
សម្រាប់មនុស្សទាំងអស់ដែលមានសេចក្ដីជំនឿគ្រប់គ្រាន់លើព្រះរាជបុត្រារបស់ទ្រង់ដើម្បីប្រែចិត្ត និងទទួលបុណ្យជ្រមុជទឹក នោះទ្រង់ប្រទាននូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ តាមរយៈពិធីបរិសុទ្ធសាក្រាម៉ង់រាល់សប្ដាហ៍ នោះទ្រង់ប្រទានដល់យើងនូវលទ្ធភាពដើម្បី « អាចបានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [ ពួកយើង ] ជាដរាប » ប្រសិនបើយើងចងចាំដល់ព្រះអង្គសង្គ្រោះ និងកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ) ។ ការណ៍នេះធ្វើឲ្យយើងអាចទទួលបានការណែនាំប្រចាំថ្ងៃពីព្រះវិញ្ញាណនៅក្នុងជីវិតរបស់យើង នៅពេលយើងប្រើសិទ្ធិជ្រើសរើសរបស់យើងដើម្បីធ្វើការជ្រើសរើស ដែលនឹងជួយយើងតាមផ្លូវត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។
សាក្រាម៉ង និង ព្រះវិញ្ញាណ
ព្រះវរបិតាសួគ៌ញាណដឹងថា យើងត្រូវការការដឹកនាំជាប្រចាំពីព្រះវិញ្ញាណរបស់ទ្រង់ មិនមែនគ្រាន់តែបទពិសោធន៍ដ៏ធំតែម្ដងនោះទេ ។ តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ទ្រង់បានស្ដារពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកដោយការពន្លិចឡើងវិញ ដែលជួយយើងឲ្យបានស្អាត ។ រួចហើយ យើងត្រៀមខ្លួនដើម្បីទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធតាមរយៈការបញ្ជាក់ ដែលផ្ដល់លទ្ធភាពឲ្យយើងទទួលបានការដឹកនាំប្រចាំថ្ងៃមកពីព្រះវិញ្ញាណ ។
ព្រះវរបិតាសួគ៌ញាណដឹងថា ការបានជ្រះស្អាតតែម្ដងនឹងមិនគ្រប់គ្រាន់ទេ ហើយថាយើងត្រូវចងចាំដល់ព្រះអង្គសង្គ្រោះ ហើយបានស្អាតម្ដងហើយម្ដងទៀតដើម្បីរក្សាព្រះវិញ្ញាណឲ្យគង់នៅជាមួយនឹងយើង ។ ទ្រង់បានស្ដារពិធីបរិសុទ្ធនៃសាក្រាម៉ង់ឡើងវិញសម្រាប់គោលបំណងនោះ ។ ប្រសិនបើយើងរៀបចំខ្លួនដោយយកចិត្តទុកដាក់ ហើយទទួលទានសាក្រាម៉ង់ជាទៀងទាត់ នោះយើងទទួលបានការសន្យាថា យើង « អាចបានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [ ពួកយើង ] ជាដរាប » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ បានបន្ថែមការគូសបញ្ជាក់ ) ។
ទោះយ៉ាងណា ការគ្រាន់តែមានវត្តមាននៅព្រះវិហារ ហើយការទទួលទាននំប៉័ង និងទឹកនឹងមិនអនុញ្ញាតឲ្យយើងទទួលបានការសន្យារបស់ព្រះអម្ចាស់នោះទេ ។ ការរៀបចំខ្លួនយើងសម្រាប់ពិធីបរិសុទ្ធនេះដោយមានគោលបំណង ជួយធ្វើឲ្យយើងទទួលបានព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់យើង ។
អត្តពលករពុំអាចស្ទាត់ជំនាញបានដោយគ្រាន់តែការពាក់ឯកសណ្ឋាន ឬដើរទៅទីវាលប្រយុទ្ធ ឬទីធ្លាប្រកួតនោះទេ ។ ពួកគេត្រូវតែហ្វឹកហាត់រាងកាយរបស់ពួកគេ រៀនពីតិចនិច និងហាត់ដើម្បីមានភាពស្ទាត់ជំនាញក្នុងកីឡារបស់ពួកគេ ។ ដូចគ្នាដែរ យើងត្រូវតែរៀនពីរបៀបរៀបចំខ្លួនដើម្បីទទួលទានសាក្រាម៉ង់ដោយគារវភាព និងភាពស័ក្ដិសម ដើម្បីយើងអាចទទួលបានព្រះចេស្ដាដែលទ្រង់អាចប្រទានដល់យើងនោះ ។
របៀបមួយដើម្បីរៀបចំដួងចិត្ត និងវិញ្ញាណរបស់ប្អូនៗដើម្បីទទួលទានសាក្រាម៉ង់គឺ ការធ្វើការសម្ភាសតូចមួយជាមួយខ្លួនប្អូនរាល់សប្ដាហ៍ ។ ខ្ញុំចូលចិត្តប្រើ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ដើម្បីសម្ភាសខ្លួនឯង ។ ខគម្ពីរនេះរួមមានតម្រូវការសម្រាប់ពិធីបុណ្យជ្រមុជទឹក ដែលព្រះបានបើកសម្ដែងដល់ព្យាការីយ៉ូសែប ។ វាមាននូវគុណសម្បត្តិ ដែលមនុស្សទាំងអស់ដែលចង់ទទួលបុណ្យជ្រមុជទឹកត្រូវតែមាន ។ ខ្ញុំឃើញថា វាជួយខ្ញុំឲ្យរៀបចំខ្លួនដើម្បីទទួលបានការសន្យារំឭកថ្មីនោះដែលមានតាមរយៈសាក្រាម៉ង់ ។
ដោយប្រើខគម្ពីរនោះជាការណែនាំដល់ខ្ញុំ នេះជាសំណួរមួយចំនួនដែលខ្ញុំសួរខ្លួនឯង ដើម្បីឃើញថាតើខ្ញុំបានត្រៀមខ្លួនទទួលទានសាក្រាម៉ង់ដែរឬអត់ ។
តើខ្ញុំបានបន្ទាបខ្លួនចំពោះព្រះដែរឬទេ ?
តម្រូវការទីមួយដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ គឺការបន្ទាបខ្លួនចំពោះព្រះភ័ក្រ្ដព្រះ ។ យើងធ្វើការណ៍នេះ តាមរយៈការទទួលយក និងការស្ម័គ្រចិត្តធ្វើតាមព្រះទ័យរបស់ទ្រង់ ដូចដែលវាបានចែងនៅក្នុងព្រះគម្ពីរ បង្រៀនដោយអ្នកបម្រើរបស់ទ្រង់ ឬដូចដែលយើងទទួលបានក្នុងការបំផុសគំនិតនានា ។
ខ្ញុំសួរខ្លួនឯងថា តើខ្ញុំកំពុងប្រឆាំងនឹងព្រះចំពោះអ្វីៗនៅក្នុងជីវិតខ្ញុំពេលឥឡូវនេះឬអត់ ។ តើខ្ញុំកំពុងប្រឆាំងនឹងការដឹកនាំរបស់ទ្រង់ឬទេ ? តើខ្ញុំយកចិត្តទុកដាក់នឹងការបង្រៀនរបស់អ្នកបម្រើទ្រង់ដែរឬទេ ? ប្រសិនបើខ្ញុំមិនយកចិត្តទុកដាក់ទេ ខ្ញុំដាក់ផែនការដើម្បីកែលម្អ និងតាំងចិត្តដើម្បីធ្វើឲ្យបានប្រសើរ ពេលខ្ញុំរៀបចំទទួលទានសាក្រាម៉ង់ ។ ព្រះទ្រង់ជ្រាបពីអ្វីៗទាំងអស់—នៅពេលខ្ញុំដឹងថា ទ្រង់អាចទតឃើញរូបភាពធំសម្រាប់ជីវិតខ្ញុំ នោះវាងាយស្រួលដើម្បីបន្ទាបខ្លួនខ្ញុំនៅចំពោះទ្រង់ ហើយទុកចិត្តថា ទ្រង់នឹងដឹកនាំខ្ញុំទៅរកអ្វីដែលល្អបំផុត ។
តើខ្ញុំមានចិត្តសង្រេង និងវិញ្ញាណទន់ទាបដែរឬទេ ?
ការមានចិត្តសង្រេង និងវិញ្ញាណទន់ទាបទាក់ទងនឹងការបន្ទាបខ្លួន ។ វាមានន័យថា ការស្ម័គ្រចិត្តចុះចូលតាមព្រះទ័យរបស់ព្រះ ។ ការបន្ទាបខ្លួនមានន័យថា យើងនិយាយសុំទោស ហើយអភ័យទោស ទោះជាពេលវាពិបាកក្ដី ឬពេលយើងអាចមានអារម្មណ៍ថា អ្នកដទៃជាអ្នកខុសក្ដី ។ តើប្អូនអាចនិយាយថា « ដួងចិត្តខ្ញុំមិនគុំគួននឹងអ្នកណាម្នាក់ » បានទេ ? តើប្អូនបានធ្វើឲ្យនរណាម្នាក់ជុំវិញប្អូនឈឺចាប់ដែរឬទេ ឬតើប្អូនមានអារម្មណ៍មិនល្អអំពីនរណាម្នាក់ដែរឬទេ ? តើប្អូនត្រូវសូមការអភ័យទោសដែរឬទេ ?
នៅពេលខ្ញុំមានចិត្តសង្រេង និងវិញ្ញាណទន់ទាប នោះខ្ញុំស្ម័គ្រចិត្តធ្វើការខិតខំដើម្បីធ្វើឲ្យអ្វីៗត្រូវតាមព្រះ និងអស់អ្នកនៅជុំវិញខ្លួនខ្ញុំ ។ ខ្ញុំព្យាយាមគេចពីគំនិត និងអារម្មណ៍អវិជ្ជមានចំពោះមនុស្សដទៃ ។ ព្រះវិញ្ញាណមិនគង់នៅជាមួយយើងទេ នៅពេលយើងមានអារម្មណ៍ទាស់ទែង ដូច្នេះការគេចពីអារម្មណ៍នោះគឺជាជំហានដ៏សំខាន់មួយដើម្បីរៀបចំខ្លួនយើងឲ្យទទួលបានការសន្យានៃសាក្រាម៉ង់ ។
តើខ្ញុំមានបំណងចង់បានស្អាតជាថ្មីដែរឬទេ ហើយតើខ្ញុំអាចធ្វើទីបន្ទាល់ថា ខ្ញុំបានប្រែចិត្តពីអំពើបាបរបស់ខ្ញុំទាំងអស់ដែរទេ ?
តម្រូវការមួយទៀតនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ គឺការ « ប្រាកដជាបានប្រែចិត្តចំពោះអំពើបាបរបស់យើងទាំងអស់ » ។ នៅពេលយើងជ្រមុជទឹក យើងត្រូវបានលាងសម្អាតពីអំពើបាបរបស់យើង ។ យើងបានធ្វើការសន្យាមួយដើម្បីព្យាយាមកាន់តាមបទបញ្ញត្តិរបស់ព្រះ ហើយប្រែចិត្តនៅពេលយើងធ្វើខុស ។
ខ្ញុំសួរខ្លួនឯងថា « តើខ្ញុំគ្រាន់តែទទួលសាក្រាម៉ង់ ដោយសារខ្ញុំគិតថា ខ្ញុំគួរតែទទួល ឬតើខ្ញុំពិតជាចង់បានស្អាតម្ដងទៀតមែន ? » ខ្ញុំមើលទៅអំពើបាប និងកំហុសរបស់ខ្ញុំនៅសប្ដាហ៍នោះ ហើយសួរខ្លួនខ្ញុំថា តើខ្ញុំពិតជាចង់ផ្លាស់ប្ដូរ និងឈប់ធ្វើវាទៀតឬ ។ នៅពេលប្អូនៗមានបំណងចង់បានស្អាត នោះតាមរយៈព្រះវិញ្ញាណប្អូនៗនឹងឃើញពីអ្វីៗដែលប្អូនៗត្រូវកែលម្អ ហើយទ្រង់នឹងបន្ដបំផុសគំនិតឲ្យប្អូនៗប្រែចិត្ត ហើយធ្វើការជ្រើសរើសកាន់តែប្រសើរ ។
ការសារភាពចំពោះព្រះអម្ចាស់ ( និងទៅកាន់មនុស្សដទៃដែលយើងបានបង្ករឿងឡើង ឬប្រមាថ បើចាំបាច់ ) គឺជាផ្នែកមួយនៃការរៀបចំខ្លួនរបស់យើង ។
សូមសួរខ្លួនប្អូនៗថា « តើមានអ្វីមួយដែលខ្ញុំត្រូវផ្លាស់ប្ដូរ ដែលខ្ញុំមិនទាន់បានធ្វើដែរឬទេ ? តើមានអ្វីមួយដែលខ្ញុំនៅតែត្រូវប្រែចិត្តដែរឬទេ ? » ការដោះស្រាយបញ្ហាតាមរយៈការប្រែចិត្តដោយស្មោះស អាចធ្វើឲ្យយើងមានភាពស័ក្ដិសមដើម្បីទទួលទានសាក្រាម៉ង់ ។
តើខ្ញុំស្ម័គ្រចិត្តដើម្បីលើកដាក់មកលើខ្លួនខ្ញុំនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
សេចក្ដីសញ្ញានីមួយៗដែលយើងចុះ គឺជាការតាំងចិត្តដើម្បីលើកដាក់ព្រះនាមរបស់ព្រះគ្រីស្ទមកលើខ្លួនយើងឲ្យកាន់តែពេញលេញ ។ នៅពេលយើងជ្រមុជទឹក នោះយើងបង្ហាញការស្ម័គ្រចិត្តរបស់យើងដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ និងកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ។ ពេលយើងធ្វើសេចក្ដីសញ្ញាបន្ថែមទៀតនៅក្នុងព្រះវិហារបរិសុទ្ធ ឬទទួលការហៅ នោះយើងបន្ដលើកដាក់បុព្វហេតុរបស់ព្រះគ្រីស្ទ និងការបង្រៀនរបស់ទ្រង់មកលើខ្លួនយើងទៀត ។ ការបង្ហាញការស្ម័គ្រចិត្តរបស់យើងដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ទ្រង់ ជាផ្នែកនៃសាក្រាម៉ង់រាល់សប្ដាហ៍ មានន័យថា យើងតាំងចិត្តជាថ្មីចំពោះរាល់សេចក្ដីសញ្ញា និងការតាំងចិត្តដែលយើងបានធ្វើជាមួយទ្រង់ពីមុនមក ។
ដើម្បីវាយតម្លៃការរៀបចំខ្លួនរបស់ខ្ញុំក្នុងការទទួលទានសាក្រាម៉ង់ ខ្ញុំសួរខ្លួនឯងនូវសំណួរដូចជា ៖ « តើខ្ញុំធ្វើអស់ពីសមត្ថភាពដែលខ្ញុំអាច ដើម្បីធ្វើជាគំរូនៃព្រះគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ដែរឬទេ ? តើខ្ញុំរក្សាសេចក្ដីសន្យាទាំងអស់ ដែលខ្ញុំបានធ្វើទាក់ទងនឹងសេចក្ដីសញ្ញារបស់ខ្ញុំដែរឬទេ ? តើខ្ញុំមានការតាំងចិត្តចំពោះព្រះគ្រីស្ទ និងសេចក្ដីសញ្ញារបស់ខ្ញុំជាមួយនឹងទ្រង់នៅថ្ងៃនេះ ដូចកាលខ្ញុំធ្វើវាលើកដំបូងដែរឬទេ ? »
តើខ្ញុំមានឆន្ទៈបម្រើទ្រង់ដល់ទីបញ្ចប់ដែរឬទេ ?
យើងបានសន្យានឹងព្រះអម្ចាស់ ពេលយើងចុះសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់យើងថា យើងនឹងខិតខំរក្សាបទបញ្ញតិ្តរបស់ទ្រង់ ។ បទបញ្ញត្តិធំបំផុតពីរ គឺឲ្យស្រឡាញ់ព្រះអម្ចាស់ និងស្រឡាញ់អ្នកជិតខាងរបស់ប្អូនៗ ( សូមមើល ម៉ាថាយ ២២:៣៦–៤០ ) ។ យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះផង និងចំពោះមនុស្សជាតិរបស់យើងផងតាមរយៈការបម្រើពួកគេ ។
ខ្ញុំសួរខ្លួនឯងថា « តើខ្ញុំចែកពេលវេលាដើម្បីបម្រើដែរឬទេ ? តើខ្ញុំស្ទាក់ស្ទើរនឹងបម្រើ ឬតើខ្ញុំរីករាយនឹងបម្រើ ? » « តើខ្ញុំព្យាយាមលើកតម្កើងការហៅរបស់ខ្ញុំដែរឬទេ ? » ការបម្រើដល់មនុស្សដទៃគឺជារបៀបដ៏អស្ចារ្យមួយដើម្បីរៀបចំខ្លួនទទួលទានសាក្រាម៉ង់ ។ តាមពិតទៅ វាញឹកញាប់បំផុតនៅក្នុងការបម្រើដល់មនុស្សដទៃ ដែលយើងត្រូវការការដឹកនាំរបស់ព្រះវិញ្ញាណ ។
ទុកចិត្តលើការសន្យារបស់ព្រះអម្ចាស់
នៅពេលយើងរៀបចំខ្លួនដោយមានបំណងរាល់សប្ដាហ៍ដើម្បីទទួលទានសាក្រាម៉ង់ដោយភាពស័ក្ដិសម នោះយើងនឹងមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីឲ្យព្រះវិញ្ញាណមានឥទ្ធិពល និងដឹកនាំជីវិតរបស់យើងជានិច្ច ។ នោះគឺជាការសន្យាមួយមកពីព្រះអម្ចាស់ ។