« បេះដូងនៃបុណ្យអ៊ីស្ទើរ ៖ ព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់ » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២១ ទំព័រ 2–5 ។
បេះដូងនៃបុណ្យអ៊ីស្ទើរ ៖ ព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់
ក្នុងការប្រារព្ធធ្វើបុណ្យអ៊ីស្ទើរ យើងអររីករាយដែលព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់នៅពេលនេះ និងសម្រាប់ពួកយើងទាំងអស់គ្នា ។
នៅរដូវបុណ្យអ៊ីស្ទើរនេះ យើងអបអរសាទរព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់ ។ ដោយក្ដីស្រឡាញ់ដ៏ឥតខ្ចោះ ព្រះអង្គសង្គ្រោះរបស់យើងអះអាងប្រាប់យើង ៖ « ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្ត ។ ដោយសារខ្ញុំនៅលោកិយនេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ » ( យ៉ូហាន ១៦:៣៣
នៅក្នុងការប្រារព្ធធ្វើបុណ្យអ៊ីស្ទើរ យើងអររីករាយដែលព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់—មិនមែនតែពីមុនទេ ប៉ុន្ដែឥឡូវនេះផងដែរ មិនមែនសម្រាប់មនុស្សមួយចំនួនទេ ប៉ុន្ដែសម្រាប់មនុស្សទាំងអស់គ្នា ។ ទ្រង់បានយាងមក ហើយនឹងយាងមកដើម្បីព្យាបាលអ្នកខូចចិត្ត ដោះលែងអ្នកជាប់សេវកភាព ព្យាបាលមនុស្សខ្វាក់ ហើយដាក់ឲ្យអ្នករងទុក្ខមានសេរីភាព ( សូមមើល លូកា ៤:១៨ ) ។ នោះគឺយើងម្នាក់ៗ ។ ការសន្យាប្រោសលោះរបស់ទ្រង់អនុវត្តបាន មិនថាអតីតកាលយើង បច្ចុប្បន្នកាលយើង ឬកង្វល់នានាក្នុងអនាគតកាលរបស់យើងឡើយ ។
ហូសាណា និង ហាលេលូយ៉ា
នៅថ្ងៃអាទិត្យធាងចាក ព្រះយេស៊ូវបានយាងចូលក្រុងយេរូសាឡិម ដោយជិះកូនលា ហើយ « « បណ្តាមនុស្ស … យកធាងចាកចេញទៅទទួលទ្រង់ » ( យ៉ូហាន ១២:១២–១៣; សូមមើលផងដែរ ម៉ាថាយ ២១:៨–៩; ម៉ាកុស ១១:៨–១០ ) ។ តាមប្រពៃណី ធាងចាកគឺជានិមិត្តរូបដ៏ពិសិដ្ឋដើម្បីបង្ហាញពីសេចក្តីអំណរនៅក្នុងព្រះអម្ចាស់របស់យើង ។ ពួកអ្នកស្មោះត្រង់បានស្គាល់ថាជាការបំពេញការព្យាករមួយ ហើយបានស្រែកឡើងថា « ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត » ( ម៉ាថាយ ២១:៩ ) ។ ហូសាណា មានន័យថា « សូមជួយសង្គ្រោះឥឡូវ » ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ហូសាណា » ) ។
មួយសប្ដាហ៍បន្ទាប់ពីថ្ងៃអាទិត្យធាងចាក គឺជាថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ។ ប្រធាន រ័សុល អិម ណិលសុនបង្រៀនថា ព្រះយេស៊ូវគ្រីស្ទ « បានយាងមកបង់ថ្លៃបំណុលដែលទ្រង់ពុំបានជំពាក់ ពីព្រោះយើងបានខ្ចីបំណុលដែលយើងពុំអាចសងបាន » ។១ ពិតណាស់ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ នោះបុត្រាបុត្រីរបស់ព្រះទាំងអស់ « អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រឹត្យវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ » ( មាត្រានៃសេចក្ដីជំនឿ ១:៣ ) ។ នៅបុណ្យអ៊ីស្ទើរ យើងច្រៀងហាលេលូយ៉ា ។ ហាលេលូយ៉ាមានន័យថា « ចូរអ្នកសរសើរដល់ព្រះអម្ចាស់ព្រះយេហូវ៉ា » ( សូមមើល Bible Dictionary « Hallelujah » ) ។
ព្រឹត្តិការណ៍ដ៏ពិសិដ្ឋរវាងថ្ងៃអាទិត្យធាងចាក និងថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរគឺជាដំណើររឿងនៃហូសាណា និងហាលេលូយ៉ា ។ ហូសាណាគឺជាការអង្វររបស់យើងឲ្យព្រះជួយសង្គ្រោះ ។ ហាលេលូយ៉ាបង្ហាញពីការសរសើរដល់ព្រះអម្ចាស់សម្រាប់ក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះ និងការតម្កើងឡើង ។ នៅក្នុងហូសាណា និងហាលេលូយ៉ា យើងទទួលស្គាល់ថា ព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់គឺជាបេះដូងនៃបុណ្យអ៊ីស្ទើរ ។
ការស្ដារឡើងវិញ និងការរស់ឡើងវិញ
នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ នៅដើមឆ្នាំដំបូងៗនៃការស្ដារឡើងវិញ ព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់បានបង្ហាញព្រះកាយ បន្ទាប់ពីព្រះវិហារបរិសុទ្ធខឺតឡង់ត្រូវបានឧទ្ទិសឆ្លង ។ អស់អ្នកដែលបានឃើញទ្រង់នៅទីនោះបានថ្លែងទីបន្ទាល់អំពីទ្រង់ជាការប្រៀបធៀបទៅនឹងភ្លើង និងទឹក ៖ « ព្រះនេត្ររបស់ទ្រង់ដូចជាអណ្ដាតភ្លើងព្រះកេសារបស់ទ្រង់ស ដូចជាហិមៈសុទ្ធព្រះភក្ត្ររបស់ទ្រង់ភ្លឺជាងពន្លឺថ្ងៃហើយសំឡេងរបស់ទ្រង់ ដូចជាសូរនៃទឹកច្រើនគឺជាសំឡេងនៃព្រះយេហូវ៉ា » (គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:៣; បានបន្ថែមការគូសបញ្ជាក់ ) ។
នៅក្នុងឱកាសនោះ ព្រះអង្គសង្គ្រោះរបស់យើងបានប្រកាសថា « យើងជាដើមហើយជាចុង យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ យើងជាព្រះគាំទ្រ របស់អ្នកជាមួយព្រះវរបិតា » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:៤ ) ។ ជាថ្មីម្ដងទៀតមានការប្រើការប្រៀបធៀប—ដើមនិងចុង រស់និងស្លាប់ ។ ទ្រង់ជាអាលផា និងអូមេកា គឺជាមុនគេ ហើយក្រោយគេ ( សូមមើល វិវរណៈ ១:៨; នីហ្វៃទី៣ ៩:១៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១; ៣៨:១; ៤៥:៧ ) ជាអង្គនិពន្ធ និងអ្នកបញ្ចប់នៃសេចក្ដីជំនឿរបស់យើង ( សូមមើល ហេព្រើរ ១២:១; មរ៉ូណៃ ៦:៤ ) ។
បន្ទាប់ពីការបង្ហាញព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទ នោះម៉ូសេ អេលីយ៉ាស និងអេលីយ៉ាក៏បានមកដែរ ។ តាមរយៈការដឹកនាំដ៏ទេវភាព ព្យាការីដ៏អស្ចារ្យពីបុរាណទាំងនេះបានស្ដារកូនសោបព្វជិតភាព និងសិទ្ធិអំណាចឡើងវិញ ។ ហេតុដូច្នេះ « កូនសោទាំងឡាយនៃគ្រាកាន់កាប់ត្រួតត្រានេះត្រូវបានប្រគល់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១៦ ) ទៅក្នុងដៃនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ដើម្បីផ្ដល់ពរជ័យដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ ។
អ្វីដែលសំខាន់នោះគឺ ព្រះគម្ពីរមរមនពិពណ៌នាពី « ព្រះចេស្ដា និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ » ( អាលម៉ា ៤១:២ ) —ជាធាតុសំខាន់នៃបុណ្យអ៊ីស្ទើរ—ដែលទាក់ទងនឹងការស្ដារឡើងវិញពីរ ។
ទីមួយ ការរស់ឡើងវិញរួមមានការស្ដារខាងរូបកាយឡើងវិញនៃ « រូបរាងដ៏ត្រឹមត្រូវ និងល្អឥតខ្ចោះ » « អវយវៈទាំងអស់ និងគ្រប់សន្លាក់ឆ្អឹង » « ទាំងសក់មួយសរសៃនៅលើក្បាលក៏ពុំបាត់ដែរ » ( អាលម៉ា ៤០:២៣ ) ។ ការសន្យានេះផ្ដល់សេចក្ដីសង្ឃឹមដល់អ្នកដែលបានបាត់បង់អវយវៈ ដែលលែងមើលឃើញ លែងស្ដាប់ឮ ឬលែងដើរបាន ឬដែលរងទុក្ខនឹងជំងឺរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត ឬសមត្ថភាពថយចុះផ្សេងទៀត ។ ទ្រង់នឹងរកយើងឃើញ ។ ទ្រង់នឹងធ្វើឲ្យយើងពេញលេញ ។
ការសន្យាទីពីរនៃបុណ្យអ៊ីស្ទើរ និងដង្វាយធួនរបស់ព្រះអម្ចាស់យើងគឺថា « វត្ថុសព្វសារពើត្រូវបានសាងឡើងវិញឲ្យត្រឹមត្រូវតាមរបៀប » ( អាលម៉ា ៤១:៤ ) ។ ការស្ដារឡើងវិញខាងវិញ្ញាណនេះឆ្លុះបញ្ចាំងពីកិច្ចការ និងបំណងប្រាថ្នារបស់យើង ។ វាស្ដារឡើងវិញ « ទៅជាល្អ » « សុចរិត » « ត្រឹមត្រូវ » និង « មេត្តាករុណា » ( អាលម៉ា ៤១:១៣ ) ។ យើងមិនឆ្ងល់ឡើយពេលព្យាការីអាលម៉ាប្រើពាក្យសាងឡើងវិញចំនួន ២២ ដង២ កាលលោកទទូចឲ្យយើង « រាប់រកគ្នាដោយយុត្តិធម៌ វិនិច្ឆ័យដោយសុចរិត ហើយធ្វើល្អជានិច្ច » ( អាលម៉ា ៤១:១៤ ) ។
ដោយសារ « ព្រះអង្គទ្រង់ផ្ទាល់បានធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក » ( អាលម៉ា ៤២:១៥ ) នោះដង្វាយធួនរបស់ព្រះអម្ចាស់មិនត្រឹមតែអាចស្ដារអ្វីដែលធ្លាប់ជានោះ ប៉ុន្ដែថែមទាំងអាចស្ដារអ្វីដែលអាចនឹងផងដែរ ។ ដោយសារទ្រង់ជ្រាបពីការឈឺចាប់ ទុក្ខវេទនា ជំងឺ និង« ការល្បួងរបស់យើងគ្រប់ប្រភេទ » ( អាលម៉ា ៧:១១ ) នោះទ្រង់អាចព្យាបាលយើងបានស្របតាមជំងឺរបស់យើងដោយក្ដីមេត្តា ( អាលម៉ា ៧:១២ ) ។ ដោយសារព្រះគឺជា « ព្រះដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង » នោះផែនការនៃសេចក្ដីមេត្តាករុណាអាច « ធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ » ( អាលម៉ា ៤២:១៥ ) ។ យើងប្រែចិត្ត ហើយធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបាន ។ ទ្រង់ក្រសោបយើង « ដោយព្រះពាហុនៃសេចក្តីស្រឡាញ់របស់ទ្រង់ » ដ៏អស់កល្បជានិច្ច ( នីហ្វៃទី២ ១:១៥ ) ។
ការច្រៀងចម្រៀងអំពីអំណរដ៏អស់កល្បអស់កាលជានិច្ច
ជាមួយបងប្អូននៅបុណ្យអ៊ីស្ទើរនេះ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះ ជាព្រះវរបិតាដ៏អស់កល្បរបស់យើង និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ជាព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់ ។ មនុស្សរមែងស្លាប់ត្រូវបានគេឆ្កាងយ៉ាងព្រៃផ្សៃ ហើយក្រោយមកបានរស់ឡើងវិញ ។ ប៉ុន្ដែមានតែព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់ឡើងវិញនៅក្នុងទម្រង់រស់ឡើងវិញដ៏ឥតខ្ចោះរបស់ទ្រង់ប៉ុណ្ណោះ ដែលនៅតែមានស្នាមរបួសនៅលើព្រះហស្ដ ព្រះបាត និងព្រះកាយរបស់ទ្រង់ ។ មានតែទ្រង់ប៉ុណ្ណោះដែលអាចមានបន្ទូលថា « អញបានចារិកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ » ( អេសាយ ៤៩:១៦; នីហ្វៃទី១ ២១:១៦ ) ។ មានតែទ្រង់ប៉ុណ្ណោះដែលអាចមានបន្ទូល ៖ « យើងជាអ្នកដែលត្រូវបានលើកឡើង ។ យើងជាព្រះយេស៊ូវដែលត្រូវគេឆ្កាង ។ យើងជាព្រះរាជបុត្រានៃព្រះ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៥២ ) ។
ក្នុងពេលទាំងនេះ យើងអាចរៀនច្រើនអំពីសេចក្ដីល្អសប្បុរសរបស់ព្រះ និងសក្ដានុពលដ៏ទេវភាពរបស់យើងដើម្បីឲ្យក្ដីស្រឡាញ់របស់ព្រះរីកធំឡើងក្នុងខ្លួនយើង កាលយើងស្វែងរកទ្រង់ ហើយឈោងជួយគ្នាទៅវិញទៅមក ។ « ហើយហេតុការណ៍នឹងកើតឡើងថា ពួកសុចរិតនឹងត្រូវបានប្រមូលគ្នាមកពីចំណោមសាសន៍ទាំងអស់ ហើយនឹងមកឯក្រុងស៊ីយ៉ូន ដោយច្រៀងនូវចម្រៀងទាំងឡាយអំពីសេចក្ដីអំណរដ៏នៅអស់កល្បអស់កាលជានិច្ច » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៧១ ) ។ នៅរដូវកាលនៃហូសាណា និងហាលេលូយ៉ានេះ សូមច្រៀងហាលេលូយ៉ា—ព្រោះទ្រង់នឹងសោយរាជ្យជារៀងរហូតតទៅ ! សូមស្រែក ហូសាណាដល់ព្រះ និងកូនចៀម !