« ម៉ូសាយ ១២–១៣ ៖ ការសរសេរទុកព្រះបញ្ញត្តិនៅក្នុងបេះដូងរបស់អ្នក » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ១២–១៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ១២–១៣
ការសរសេរទុកព្រះបញ្ញត្តិនៅក្នុងបេះដូងរបស់អ្នក
ណូអេ និងពួកសង្ឃរបស់ទ្រង់ត្រូវធ្វើជាអ្នកដឹកនាំខាងវិញ្ញាណ ។ ទោះយ៉ាងណាក៏ដោយ ពួកគេបានរស់នៅក្នុងអំពើបាប ហើយបានបង្រៀនប្រជាជនរបស់ពួកគេឲ្យធ្វើដូចគ្នា ។ អ័ប៊ីណាដៃ បានបង្រៀនពួកគេអំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការសង្គ្រោះពួកគេ និងសារៈសំខាន់នៃការមានបទបញ្ញត្តិរបស់ព្រះសរសេរទុកនៅក្នុងបេះដូងរបស់ពួកគេ ។ នៅក្នុងមេរៀននេះទាំងមូល អ្នកនឹងរៀនធ្វើតាមព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរ នៅពេលអ្នកសរសេរព្រះបញ្ញត្តិទុកនៅក្នុងបេះដូងរបស់អ្នក ។
តើអ្នកនឹងចាត់ចំណាត់ថ្នាក់ការគោរពប្រតិបត្តិរបស់អ្នកយ៉ាងណា ?
សូមដាក់ចំណាត់ថ្នាក់ខ្លួនអ្នកនៅលើសេចក្តីថ្លែងការណ៍ពីរខាងក្រោមនៅលើរង្វាស់ពី ១-១០ ( ១០ មានន័យថាវាពិពណ៌នាអំពីអ្នកបានយ៉ាងល្អ ) ៖
-
ខ្ញុំទទួលអារម្មណ៍ពីសារៈសំខាន់នៃបទបញ្ញត្តិរបស់ព្រះ
-
ខ្ញុំគោរពតាមបញ្ញត្តិរបស់ព្រះ
-
តើអ្វីអាចជាការព្រួយបារម្ភ ប្រសិនបើនរណាម្នាក់យល់ពីសារៈសំខាន់នៃបទបញ្ញត្តិរបស់ព្រះ ប៉ុន្តែមិនគោរពតាម ?
-
តើអ្វីអាចជាការព្រួយបារម្ភ ប្រសិនបើនរណាម្នាក់គោរពតាមបទបញ្ញត្តិរបស់ព្រះ ប៉ុន្តែមិនយល់ពីសារៈសំខាន់នៃព្រះបញ្ជត្តិទាំងនោះ ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីអារម្មណ៍ និងការគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះ ។
ការគោរពប្រតិបត្តិចេញពីចិត្ត
បន្ទាប់ពីជាប់គុកដោយសារការធ្វើទីបន្ទាល់អំពីអំពើទុច្ចរិតរបស់ស្ដេចណូអេ ( សូមមើល ម៉ូសាយ ១២:៩–១៧ ) អ័ប៊ីណាដៃត្រូវបាននាំមកនៅចំពោះមុខ ណូអេ និងពួកសង្ឃ ។ អ័ប៊ីណាដៃ បានស្តីបន្ទោសពួកគេចំពោះការធ្វើពុតជាយល់ និងបង្រៀនព្រះបន្ទូលរបស់ព្រះ នៅពេលដែលពួកគេមិនបានតាំងចិត្តរៀនឲ្យយល់ ។ ពួកសង្ឃរបស់ ណូអេ បានអះអាងថា នឹងបង្រៀនក្រឹត្យវិន័យរបស់ម៉ូសេ ប៉ុន្តែពួកគេមិនបានកាន់តាមក្រឹត្យវិន័យរបស់ម៉ូសេ ឬគោរពតាមក្រឹត្យវិន័យដប់ប្រការឡើយ ។ អ័ប៊ីណាដៃ បានបង្រៀនណូអេ និងពួកសង្ឃរបស់ទ្រង់អំពីសារៈសំខាន់នៃការរក្សាបទបញ្ញត្តិ ( សូមមើល ម៉ូសាយ ១២:២៥–៣៧ ) ។
ដើម្បីមើលតំណាងមួយនៃព្រឹត្តិការណ៍មួយចំនួននេះ អ្នកប្រហែលចង់មើលវីដេអូ « Abinadi Testifies before King Noah and His Priests » ( ៤:៣៥ ) មាននៅ ChurchofJesusChrist.org ។,
សូមអាន ម៉ូសាយ ១២:៣៤–៣៦; ១៣:១៥–២៤ ហើយរកមើលបញ្ញត្តិនីមួយៗនៃក្រឹត្យវិន័យដប់ប្រការ ។ សូមពិចារណាដាក់លេខរៀងវានៅក្នុងព្រះគម្ពីររបស់អ្នក ។
សូមអាន ម៉ូសាយ ១៣:១១ ហើយរកមើលមូលហេតុមួយដែលអ័ប៊ីណាដៃ បានបង្រៀនក្រឹត្យវិន័យដប់ប្រការដល់ ណូអេ និងពួកសង្ឃរបស់ទ្រង់ ។
សេចក្ដីពិតមួយដែលយើងអាចរៀនពីខគម្ពីរនេះគឺថា បទបញ្ញត្តិរបស់ព្រះត្រូវសរសេរនៅក្នុងបេះដូងរបស់យើង ។
ប្រធាន បូននី អិល អូស្កាសុន អតីតប្រធានយុវនារីទូទៅ បានបង្រៀនសេចក្ដីពិតសំខាន់ៗ ដែលអាចជួយយើងឲ្យយល់ពីអត្ថន័យនៃការមានបញ្ញត្តិសរសេរនៅក្នុងបេះដូងរបស់យើង ៖
យើងចាំបាច់ត្រូវដកយកដំណឹងល្អចេញពីគំនិតរបស់យើងមកដាក់នៅក្នុងដួងចិត្តរបស់យើង ! វាស្រួលទេ បើគ្រាន់តែរស់នៅតាមដំណឹងល្អដោយគ្មានអារម្មណ៍នោះ ដោយសារវាត្រូវបានរំពឹងទុកដូច្នោះ ឬដោយសារវាជាវប្បធម៌ដែលយើងធំឡើងជាមួយ ឬដោយសារតែវាជាទម្លាប់មួយ ។…
យើងទាំងអស់គ្នាចាំបាច់ត្រូវព្យាយាមដើម្បីធ្វើឲ្យដួងចិត្ត និងធម្មជាតិរបស់យើងបានផ្លាស់ប្ដូរ ដើម្បីយើងឈប់មានបំណងធ្វើតាមផ្លូវរបស់លោកិយ ប៉ុន្ដែដើម្បីធ្វើឲ្យព្រះសព្វព្រះទ័យវិញ ។ ( បូននី អិល អូស្ការសុន « Do I Believe ? » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៨៨ )
-
តើអ្នកគិតថាមនុស្សអាចទទួលយកដំណឹងល្អចេញពីគំនិតរបស់ពួកគេមកដាក់នៅក្នុងដួងចិត្តដោយរបៀបណា ?
ការចងចាំព្រះយេស៊ូវគ្រីស្ទ
ក្រៅពីគ្មានក្រឹត្យវិន័យដប់ប្រការសរសេរនៅក្នុងបេះដូងរបស់ពួកគេ ណូអេ និងពួកសង្ឃរបស់ទ្រង់មិនបានយល់ពីគោលបំណងនៃក្រឹត្យវិន័យរបស់ម៉ូសេទេ ។
សូមអាន ម៉ូសាយ ១៣:២៨–៣២ ដោយរកមើលគោលបំណងនៃក្រឹត្យវិន័យរបស់ម៉ូសេ ។
-
តើអ័ប៊ីណាដៃចង់ឲ្យពួកសង្ឃរបស់ ណូអេ យល់យ៉ាងណាអំពីក្រឹត្យវិន័យរបស់ម៉ូសេ ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀនអំពីតម្រូវការសម្រាប់ព្រះយេស៊ូវគ្រីស្ទ ៖
បុរស និងស្ត្រី … អាចនាំមកនូវរឿងដ៏អស្ចារ្យ ។ ប៉ុន្តែបន្ទាប់ពីការគោរពប្រតិបត្តិ និងអំពើល្អរបស់យើងទាំងអស់ នោះ យើងមិនអាចត្រូវបានសង្រ្គោះពីសេចក្តីស្លាប់ ឬឥទ្ធិពលនៃអំពើបាបរបស់យើងម្នាក់ៗដោយគ្មានព្រះគុណដែលបានមកពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទឡើយ ។ ព្រះគម្ពីរមរមនបញ្ជាក់អំពីរឿងនេះយ៉ាងច្បាស់ ។ វាបង្រៀនថា « សេចក្ដីសង្គ្រោះពុំមែនបានមកដោយសារក្រឹត្យវិន័យតែប៉ុណ្ណោះទេ » ( ម៉ូសាយ ១៣:២៨ ) ។ ម្យ៉ាងវិញទៀត សេចក្ដីសង្គ្រោះមិនមែនកើតឡើយយ៉ាងសាមញ្ញដោយការរក្សាបទបញ្ញត្តិនោះទេ ។ « តាមក្រឹត្យវិន័យ នោះគ្មានសាច់ឈាមណាបានរាប់ជាសុចរិតឡើយ » ( នីហ្វៃទី២ ២:៥ ) … មនុស្សមិនអាចរកបានសេចក្តីសង្រ្គោះដោយខ្លួនឯងបានទេ ។ ( ដាល្លិន អេក អូក « Another Testament of Jesus Christ » Ensign ខែ មីនា ឆ្នាំ ១៩៩៤ ទំព័រ ៦៧ )
សូមគិតអំពីបទបញ្ញត្តិមួយដែលអ្នកពិបាកគោរព ឬថា អ្នកទទួលអារម្មណ៍ថា មិនត្រូវបានសរសេរនៅក្នុងបេះដូងរបស់អ្នកទេ ។ ពេលអ្នកសញ្ជឹងគិតលើបទបញ្ញត្តិនេះ អ្នកអាចមើល ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅឆ្នាំ ២០២២ ) ។ សូមស្វែងរកការបំផុសគំនិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ៖
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទបានកាន់តែប្រសើរ ហើយមានបទបញ្ញត្តិនេះសរសេរកាន់តែពេញលេញនៅក្នុងបេះដូងរបស់អ្នក ?