« ម៉ូសាយ ១១–១៧ ៖ ‹ ប្រែចិត្ត ហើយត្រឡប់មករកព្រះអម្ចាស់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ១១–១៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ១១–១៧
« ប្រែចិត្ត ហើយត្រឡប់មករកព្រះអម្ចាស់ »
ជាធម្មតា យើងព្យាយាមព្រមានមនុស្សដែលយើងស្រឡាញ់អំពីការសម្រេចចិត្ត ដែលអាចនាំមកនូវការឈឺចាប់ និងការរងទុក្ខ ។ ព្រះអម្ចាស់បានចាត់ អ័ប៊ីណាដៃ យកសារទៅថ្វាយស្តេចណូអេ និងប្រជាជនរបស់ទ្រង់ឲ្យប្រែចិត្ត ហើយចៀសវាងការរងទុក្ខដែលអាចកើតមានដោយសារឥរិយាបថពោរពេញដោយអំពើបាបរបស់ពួកគេ ។ មេរៀននេះអាចជួយបង្កើនបំណងប្រាថ្នារបស់អ្នក ក្នុងការទទួលយកព្យាការីរបស់ព្រះអម្ចាស់ ហើយធ្វើសកម្មភាពតាមការអញ្ជើញដែលពួកលោកផ្តល់ឲ្យមកពីព្រះអម្ចាស់ ។
ព្រះអម្ចាស់ព្រមានអំពីគ្រោះថ្នាក់
ឧបមាថា អ្នកទើបតែទទួលបានព័ត៌មានអំពីអ្វីមួយដែលមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់អ្នកស្ថិតក្នុងគ្រោះថ្នាក់ ។
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចប្រាប់ពីសារព្រមានទៅកាន់ពួកគេ ?
ព្រះអម្ចាស់មានវិធីជាច្រើនដើម្បីព្រមានយើង ។ សូមពិចារណាវិធីដូចខាងក្រោម ៖
-
ដំបូន្មានពីឪពុកម្តាយ
-
ការណែនាំពីព្យាការី និងអ្នកដឹកនាំដទៃទៀតក្នុងសាសនាចក្រ
-
ការបង្រៀននៅក្នុងព្រះគម្ពីរ នៅសាសនាចក្រ ឬថ្នាក់សិក្ខាសាលា
-
គំនិត ឬអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ
-
ផ្សេងៗ ៖
សូមគិតថាតើអ្នកធ្វើបានល្អប៉ុនណាក្នុងការចៀសវាងពីអំពើបាប និងគ្រោះថ្នាក់ ដោយសាររបៀបដែលអ្នកជ្រើសរើសឆ្លើយតបទៅនឹងការព្រមានរបស់ព្រះអម្ចាស់ ។
-
តើវិធីណាខ្លះដែលមានអារម្មណ៍ថា ពិបាកទទួលយកជាងគេ ? ហេតុអ្វី ?
-
តើវានិយាយអ្វីខ្លះអំពីព្រះអម្ចាស់ដែលទ្រង់ឈោងទៅរកយើងតាមវិធីផ្សេងៗ ?
ថ្ងៃនេះ ការសិក្សារបស់អ្នកនឹងផ្ដោតលើសេចក្តីពិតដូចខាងក្រោម ៖ ព្រះអម្ចាស់មានព្រះបន្ទូលមកយើងតាមរយៈព្យាការីរបស់ទ្រង់ ដើម្បីអញ្ជើញយើងឲ្យប្រែចិត្ត ហើយត្រឡប់មករកទ្រង់ ។
ព្រះអម្ចាស់បានហៅណូអេ និងប្រជាជនរបស់ទ្រង់ឲ្យប្រែចិត្ត
សូមចាំថា ស៊ីនិព្វបានដឹកនាំមនុស្សមួយក្រុមពីសារ៉ាហិមឡាទៅកាន់ដែនដីនីហ្វៃ ។ មុនស៊ីនិព្វសុគត ទ្រង់បានប្រគល់នគរឲ្យបុត្រារបស់ទ្រង់គឺណូអេ ( សូមមើល ម៉ូសាយ ៩–១០ ) ។ ណូអេ និងពួកសង្ឃដែលទ្រង់បានជ្រើសរើសបានរស់ក្នុងជីវិតទុច្ចរិត ។ ពួកគេបានបញ្ចុះបញ្ចូលប្រជាជនដោយពាក្យកុហក និងពាក្យបញ្ចើចបញ្ចើឲ្យប្រព្រឹត្តអំពើបាប ( សូមមើល ម៉ូសាយ ១១:៧, ១១ ) ។
សូមអាន ម៉ូសាយ ១១:២, ១៤–១៥, ១៩ ដោយរកមើលអំពើបាបដែលណូអេ និងប្រជាជនរបស់ទ្រង់បានប្រព្រឹត្ត ។ ( ខទី ១៩ ពិពណ៌នាអំពីប្រតិកម្មរបស់ពួកគេ បន្ទាប់ពីការការពារខ្លួនពីការវាយប្រហាររបស់ពួកលេមិន ) ។ អ្នកក៏អាចមើលវីដេអូ « Alma Recounts the Wickedness of King Noah | Mosiah 11–12, 17 » ( ២:២៦ ) មាននៅ ChurchofJesusChrist.org ។,
-
តើជម្រើសរបស់ណូអេ និងរាស្ដ្ររបស់ទ្រង់បានធ្វើមានអ្វីខ្លះ ប្រសិនបើប្រៀបធៀបទៅនឹងជម្រើសរបស់មនុស្សសព្វថ្ងៃនេះ ?
-
តើមានផលវិបាកអ្វីខ្លះពីការរស់នៅដូចពួកគេ ?
ព្រះអម្ចាស់បានហៅព្យាការីម្នាក់ឈ្មោះអ័ប៊ីណាដៃ ដើម្បីទូលថ្លែងសារមួយដល់ស្តេចណូអេ និងប្រជាជនរបស់ទ្រង់ ដើម្បីជួយពួកគេឲ្យឃើញពីលទ្ធផលនៃសកម្មភាពរបស់ពួកគេ ។
សូមអានសាររបស់អ័ប៊ីណាដៃនៅក្នុង ម៉ូសាយ ១១:២០–២៥ ដោយរកមើលផលវិបាកដែលព្រះអម្ចាស់បានព្រមាន ។ ពាក្យ « វេទនា » នៅក្នុង ខទី ២០ បង្ហាញពីទុក្ខព្រួយ ឬការឈឺចាប់ ។
-
តើមានផលវិបាកអ្វីខ្លះដែលអ្នកបានរកឃើញដែលព្រះអម្ចាស់បានព្រមានប្រជាជន ?
សូមកត់ចំណាំឃ្លាដដែលៗ « លើកលែងតែពួកគេប្រែចិត្ត » និង « លើកលែងតែប្រជាជននេះប្រែចិត្ត » ។ អ្នកអាចចង់គូសចំណាំពាក្យទាំងនេះ ហើយគិតអំពីអ្វីដែលអ្នកអាចរៀនអំពីព្រះអម្ចាស់ពីឃ្លាទាំងនេះ ។
សូមអាន ម៉ូសាយ ១១:២៦–២៩ ដោយរកមើលពីរបៀបដែលស្តេចណូអេ និងអ្នកដទៃទៀតមានប្រតិកម្មចំពោះអ័ប៊ីណាដៃ ។
ការមើលឃើញការប្រែចិត្តជាអំណោយទាននៃសេចក្តីស្រឡាញ់ពីព្រះអម្ចាស់
សូមគិតអំពីការអញ្ជើញផ្សេងៗដែលព្រះអម្ចាស់បានប្រទាននៅក្នុងជំនាន់របស់យើង សម្រាប់យើងដើម្បីប្រែចិត្ត និងផ្លាស់ប្តូរ ។ អ្នកអាចពិនិត្យមើលសុន្ទរកថាថ្មីៗពីព្យាការីរបស់ព្រះអម្ចាស់ ហើយរកមើលការព្រមានដែលលោកបានផ្តល់ឲ្យ ។
-
តើភាពស្រដៀងគ្នា ឬភាពខុសគ្នាអ្វីខ្លះរវាងប្រតិកម្មរបស់ប្រជាជននៅជំនាន់របស់ អ័ប៊ីណាដៃ និងប្រតិកម្មរបស់មនុស្សនៅជំនាន់យើងចំពោះព្យាការី ? ហេតុអ្វីពួកគេអាចមានប្រតិកម្មបែបនេះ ?
សូមសញ្ជឹងគិតពីការតាំងចិត្តផ្ទាល់ខ្លួនរបស់អ្នកក្នុងការស្តាប់ព្រះ ជាពិសេសនៅពេលទ្រង់ព្រមានអ្នកតាមរយៈព្យាការីរបស់ទ្រង់អំពីអំពើបាប និងផលវិបាករបស់អំពើបាប ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដែលយើងអាចបង្ហាញពីការអញ្ជើញឲ្យប្រែចិត្តពីពួកព្យាការី ។
ជាយូរណាស់មកហើយ ខ្ញុំមានការស្ងើចសរសើរ និងទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ព្យាការីនៃព្រះ ក្នុងការព្រមានទាំងឡាយរបស់ពួកលោកប្រឆាំងនឹងអំពើបាប ។ ពួកលោកពុំត្រូវបានជំរុញដោយសារតែបំណងចង់ផ្ដន្ទាទោសនោះទេ ។ បំណងដ៏ពិតរបស់ពួកលោកឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់នៃព្រះ តាមពិតទៅវា គឺជា សេចក្ដីស្រឡាញ់នៃព្រះ ។ ពួកលោកស្រឡាញ់អស់អ្នកដែលពួកលោកត្រូវបានចាត់មក មិនថាពួកគេជានរណា និងបែបណានោះទេ ។ ដូចគ្នានឹងព្រះអម្ចាស់ដែរ អ្នកបម្រើរបស់ទ្រង់មិនចង់ឲ្យនរណាម្នាក់រងការឈឺចាប់នៃអំពើបាប និងការជ្រើសរើសមិនល្អនោះទេ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Love of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១៧ )
-
តើការយល់ដឹងរឿងនេះអំពីព្យាការីអាចមានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នក ដើម្បីធ្វើតាមការអញ្ជើញរបស់ពួកលោកយ៉ាងដូចម្តេច ?
ដោយសេចក្តីមេត្តា ព្រះអម្ចាស់បានទុកពេលឲ្យប្រជាជន ដើម្បីត្រឡប់មករកទ្រង់ ហើយប្រែចិត្តពីអំពើបាបរបស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល អ័ប៊ីណាដៃ បានត្រឡប់មកវិញពីរឆ្នាំក្រោយមក ពួកគេបានខឹងម្ដងទៀត ហើយបានព្យាយាមចោទប្រកាន់លោក ( សូមមើល ម៉ូសាយ ១២:១, ៩, ១៩ ) ។
អ័ប៊ីណាដៃ បានថ្លែងទីបន្ទាល់យ៉ាងក្លាហានថា ពួកសង្ឃមិនបានបង្រៀនប្រជាជនឲ្យគោរពតាមបទបញ្ញត្តិរបស់ព្រះទេ ( សូមមើល ម៉ូសាយ ១២:៣៣–៣៧; ១៣:១២–២៥ ) ។ លោកក៏បានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមកដើម្បីប្រោសលោះមនុស្សទាំងអស់ ហើយថា សេចក្តីសង្គ្រោះគឺអាចធ្វើទៅបានតែតាមរយៈព្រះប្រោសលោះប៉ុណ្ណោះ ( សូមមើល ម៉ូសាយ ១៥:១, ១៩ ) ។ ពេល អ័ប៊ីណាដៃ បានបញ្ចប់ការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ នោះជីវិតរបស់លោកស្ថិតក្នុងគ្រោះថ្នាក់ម្ដងទៀត ។ ប៉ុន្តែលើកនេះ វាដូចនឹងជីវិតរបស់សង្ឃម្នាក់គឺអាលម៉ា ។
សូមអាន ម៉ូសាយ ១៧:១–៤ ដើម្បីស្វែងរកការឆ្លើយតបរបស់ណូអេ និងអាលម៉ា ចំពោះទីបន្ទាល់របស់ អ័ប៊ីណាដៃ អំពីព្រះគ្រីស្ទ ។
ក្រោយពីជាប់គុកបីថ្ងៃ អ័ប៊ីណាដៃក៏ត្រូវបាននាំយកមកនៅចំពោះព្រះភក្តស្ដេច ណូអេ ម្ដងទៀត ។ ណូអេបានមានបន្ទូលថា ទ្រង់នឹងសម្លាប់ អ័ប៊ីណាដៃ លុះត្រាតែលោកសុខចិត្តបដិសេធសេចក្តីពិតដែលលោកបានបង្រៀន ( សូមមើល ម៉ូសាយ ១៧:៥–៨ ) ។
សូមអាន ម៉ូសាយ ១៧:៩–១០, ១៣ ដោយរកមើលការឆ្លើយតបរបស់ អ័ប៊ីណាដៃ ចំពោះសំណើរបស់ស្តេចឲ្យបដិសេធទីបន្ទាល់របស់លោក ។ ឬអ្នកអាចមើលវីដេអូ « Abinadi Suffers Death for His Faith | Mosiah 16–17 » ( ៤:២៨ ) មាននៅ ChurchofJesusChrist.org។,