« ម៉ូសាយ ១៤–១៦ ៖ បានប្រោសលោះដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ១៤–១៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ១៤–១៦
បានប្រោសលោះដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ
ទោះជាស្ដេចណូអេបានត្រៀមព្រះកាយសម្លាប់លោកក៏ដោយ អ័ប៊ីណាដៃបានដឹងថា ព្រះនឹងអនុញ្ញាតឲ្យលោកបញ្ចប់សារដែលលោកត្រូវបានបញ្ជូនទៅឲ្យចែកចាយ ។ ណូអេ និងពួកសង្ឃរបស់ទ្រង់ត្រូវការឮសារដែលព្រះហៅព្យាការីទាំងអស់ឲ្យបង្រៀនថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះរបស់យើង ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីសារៈសំខាន់នៃការស្គាល់ព្រះយេស៊ូវគ្រីស្ទជាអង្គតែមួយគត់ដែលអាចប្រោសលោះយើងពីអំពើបាប និងសេចក្តីស្លាប់ ។
តួនាទី និងព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ
តួនាទី និងព្រះបរមងារនីមួយៗរបស់ព្រះយេស៊ូវគ្រីស្ទអាចមានអត្ថន័យពិសេសចំពោះយើងនៅចំណុចជាក់លាក់ក្នុងជីវិតរបស់យើង ។ ឧទាហរណ៍ ៖ យើងប្រហែលមានទំនាក់ទំនងល្អជាមួយនឹងព្រះយេស៊ូវគ្រីស្ទក្នុងនាមជា « ព្រះអម្ចាស់ជាព្រះដ៏មានមហិទ្ធិឫទ្ធិ » ( ម៉ូសាយ ១១:២៣ ) នៅពេលដែលយើងត្រូវការជំនួយ គឺមានតែទ្រង់ទេដែលអាចប្រទានឲ្យបាន ។
សូមចំណាយពេលមួយនាទីដើម្បីធ្វើបញ្ជីអំពីព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទពីបទគម្ពីរដែលបង្រៀនយើងអំពីទ្រង់ ។
-
ក្នុងចំណោមព្រះបរមងារជាច្រើនរបស់ព្រះយេស៊ូវ តើអ្នកគិតថា ព្រះបរមងារមួយណាអាចមានប្រយោជន៍ដើម្បីដឹងបន្ថែមទៀត ? ហេតុអ្វី ?
ព្រះយេស៊ូវគ្រីស្ទ ជាព្រះប្រោសលោះរបស់យើង
សាររបស់ អ័ប៊ីណាដៃ ទៅកាន់ស្តេចណូអេ និងពួកសង្ឃផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។ លោកបានបង្រៀនសេចក្តីពិតថា យើងអាចត្រូវបានសង្គ្រោះតាមរយៈការប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ ( សូមមើល ម៉ូសាយ ១៣:៣៣; ១៦:១៥ ) ។ នៅពេលអ្នកសិក្សាពាក្យរបស់ អ័ប៊ីណាដៃ សូមរកមើលអ្វីដែលអ្នកអាចរៀនអំពីព្រះយេស៊ូវគ្រីស្ទពីតួនាទីរបស់ទ្រង់ក្នុងនាមជាព្រះប្រោសលោះរបស់យើង ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ក្នុងចំណោមព្រះបរមងារដ៏សំខាន់បំផុតរបស់ព្រះយេស៊ូវគ្រីស្ទ គឺព្រះដ៏ប្រោសលោះ ។… ពាក្យប្រោសលោះមានន័យថា ការបង់សងលើកាតព្វកិច្ច ឬបំណុលមួយ ។ ពាក្យប្រោសលោះក៏អាចមានន័យផងដែរថា សង្គ្រោះ ឬធ្វើឲ្យមានសេរីភាពដោយការបង់តម្លៃលោះ ។ ប្រសិនបើជនម្នាក់ធ្វើខុស រួចហើយផ្លាស់ប្ដូរ ឬកែប្រែ នោះយើងនិយាយថា គាត់ប្រោសលោះខ្លួនឯង ។ អត្ថន័យនីមួយៗបង្ហាញពីទិដ្ឋភាពផ្សេងគ្នានៃការប្រោសលោះដ៏អស្ចារ្យដែលបានសម្រេចដោយព្រះយេស៊ូវគ្រីស្ទ តាមរយៈដង្វាយធួនរបស់ទ្រង់ ដែលរួមបញ្ចូលនៅក្នុងពាក្យនៃវចនានុក្រម « ដើម្បីរំដោះពីអំពើបាប និងការដាក់ទោសរបស់អំពើបាប ដូចជាការលះបង់សម្រាប់មនុស្សមានបាប » ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Redemption » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០៩ )
-
តើអ្នកអាចរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទមកពីព្រះបរមងាររបស់ទ្រង់ជា ព្រះប្រោសលោះ ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ការយល់ដឹងនេះមានប្រយោជន៍បំផុតក្នុងជីវិតរបស់អ្នក ? ហេតុអ្វី ?
សូមគិតអំពីនរណាម្នាក់ក្នុងជីវិតរបស់អ្នក ដែលអ្នកទទួលអារម្មណ៍ថា នឹងទទួលបានអត្ថប្រយោជន៍ពីការយល់ថា ព្រះយេស៊ូវគ្រីស្ទជាព្រះប្រោសលោះរបស់ពួកគេ ។
សូមជ្រើសរើសយ៉ាងហោចណាស់សំណួរពីរ ដើម្បីរៀនបន្ថែមទៀតអំពីសារលិខិតរបស់អ័ប៊ីណាដៃ អំពីព្រះយេស៊ូវគ្រីស្ទ និងដើម្បីជួយអ្នករៀបចំសរសេរសារទៅកាន់មនុស្សដែលអ្នកបានគិតដល់ ។
សំណួរសិក្សាទី ១ ៖ តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីដើម្បីប្រោសលោះខ្ញុំ ?
អ័ប៊ីណាដៃ បាននិយាយអំពី អេសាយ ជាគំរូមួយនៃព្យាការីម្នាក់ក្នុងចំណោមព្យាការីជាច្រើនដែលបានថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ។ លោកបានអានការបង្រៀនរបស់ អេសាយ ដើម្បីបង្ហាញថា ព្រះអង្គទ្រង់ផ្ទាល់នឹងយាងមកផែនដីដើម្បីទទួល « ការសង្កត់សង្កិន និងការធ្វើទុក្ខ » ( ម៉ូសាយ ១៣:៣៥ ) ដើម្បីប្រោសលោះយើងពីការធ្លាក់ និងវង្វេង ។
សូមអាន ម៉ូសាយ ១៤ ដោយរកមើលពាក្យ និងឃ្លាដែលជួយអ្នកឲ្យយល់អំពីតម្លៃដែលព្រះយេស៊ូវគ្រីស្ទបានស្ម័គ្រព្រះទ័យបង់ថ្លៃ ដើម្បីរំដោះអ្នកពីអំពើបាប និងសេចក្តីស្លាប់ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះពីខទាំងនេះ ដែលអ្នកនឹងចែកចាយជាមួយនឹងមនុស្សដែលអ្នកបានគិតដល់ ?
សំណួរសិក្សាទី ២ ៖ តើខ្ញុំអាចទទួលបានពរជ័យតាមរយៈការប្រោសលោះនៃព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
តើអ្នកអាចស្រមៃមើលថាតើជីវិតនឹងទៅជាយ៉ាងណា ប្រសិនបើព្រះយេស៊ូវគ្រីស្ទមិនបានបំពេញតួនាទីរបស់ទ្រង់ក្នុងនាមជាព្រះប្រោសលោះរបស់យើងទេនោះ ? សូមចំណាយពេលបន្តិចដើម្បីគិតថា តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាប្រសិនបើគ្មានព្រះយេស៊ូវគ្រីស្ទ ។
សូមអាន ម៉ូសាយ ១៥:១៩; ១៦:៤–៧ ដោយរកមើលការពិពណ៌នារបស់ អ័ប៊ីណាដៃ អំពីជីវិតដែលគ្មានការប្រោសលោះរបស់ព្រះគ្រីស្ទ ។
សូមអាន ម៉ូសាយ ១៥:២០–២៥; ១៦:៨–១០ ដើម្បីមើលពីពរជ័យដែលយើងអាចរីករាយដោយសារព្រះប្រោសលោះរបស់យើង ។
-
តើអ្នកចង់ឲ្យមនុស្សដែលអ្នកបានគិតដល់ ចង់ដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទមកពីខគម្ពីរទាំងនេះ ?
សំណួរសិក្សាទី ៣ ៖ ហេតុអ្វីជួនកាលព្រះយេស៊ូវគ្រីស្ទត្រូវបានគេហៅថា ជាព្រះវរបិតានៅក្នុងព្រះគម្ពីរ ?
អ័ប៊ីណាដៃ បានបង្រៀនអំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ និងជាព្រះវរបិតា ។ ឪពុកគឺជាអ្នកដែលផ្តល់ជីវិត ។ ព្រះយេស៊ូវគ្រីស្ទគឺដូចជាឪពុកចំពោះយើង ដោយសារទ្រង់អាចផ្ដល់ឲ្យយើងនូវភាពអមតៈ និងជីវិតដ៏នៅអស់កល្បជានិច្ច ។ វាមិនមានន័យថាទ្រង់ និងព្រះវរបិតាសួគ៌ជាមនុស្សតែមួយនោះទេ ។ សូមអាន ម៉ូសាយ ១៥:១–៩ ដោយរកមើលមូលហេតុដែលព្រះយេស៊ូវគ្រីស្ទអាចត្រូវបានគេហៅថា ជាព្រះវរបិតាដ៏អស់កល្បជានិច្ចរបស់យើង ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ដូចដែល អ័ប៊ីណាដៃ បានបង្រៀន ព្រះគ្រីស្ទត្រូវបាន « ចាប់កំណើតដោយព្រះចេស្ដានៃព្រះ » ( ម៉ូសាយ ១៥:៣ ) ហេតុនេះហើយបានជាមានអំណាចរបស់ព្រះវរបិតានៅក្នុងទ្រង់ ។ បន្ថែមពីលើទំនាក់ទំនងតាមខ្សែដ៏ទេវភាពនោះ ព្រះគ្រីស្ទក៏ដើរតួជាព្រះវរបិតាផងដែរ ដែលក្នុងតួនាទីនោះទ្រង់ជាអង្គបង្កបង្កើតស្ថានសួគ៌ និងផែនដី ( សូមមើល ម៉ូសាយ ១៥:៤ ) គឺជាបិតានៃការកើតឡើងវិញខាងវិញ្ញាណ និងសេចក្ដីសង្គ្រោះរបស់យើង ហើយមានភាពស្មោះត្រង់ក្នុងការគោរព—ដូច្នោះហើយបានអះអាងពីអំណាចនៃ—ព្រះឆន្ទៈរបស់ព្រះវរបិតាទ្រង់លើសពីព្រះឆន្ទៈផ្ទាល់របស់ទ្រង់ ។ ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ១៨៣–១៨៤ )
-
តើព្រះយេស៊ូវគ្រីស្ទគឺជាព្រះវរបិតាផង និងព្រះរាជបុត្រាផងតាមរបៀបណាខ្លះ ?
-
ហេតុអ្វីវាអាចមានប្រយោជន៍សម្រាប់មនុស្សដែលអ្នកបានគិតដល់ ដឹងរឿងនេះអំពីព្រះយេស៊ូវគ្រីស្ទ ?