« វាយតម្លៃការរៀនសូត្ររបស់អ្នក ទី៤ ៖ អេណុស–ម៉ូសាយ ១៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« វាយតម្លៃការរៀនសូត្ររបស់អ្នក ទី៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី៤
គោលបំណងនៃមេរៀននេះគឺជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធ អំឡុងការសិក្សាព្រះគម្ពីរមរមនរបស់អ្នក ។
« វាយតម្លៃ … ហើយបន្តព្យាយាម »
ម្តងម្កាល វាជារឿងសំខាន់ក្នុងការចំណាយពេលដើម្បីពិចារណា និងវាយតម្លៃពីរបៀបដែលយើងកំពុងធ្វើ ។ អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
ការអញ្ជើញរបស់ខ្ញុំចំពោះយើងទាំងអស់គ្នាគឺដើម្បីវាយតម្លៃជីវិតរបស់យើង ប្រែចិត្ត ហើយបន្តព្យាយាម ។ … នៅពេលយើងផ្លាស់ប្តូរ យើងនឹងយល់ឃើញថា ព្រះពិតជាយកព្រះទ័យទុកដាក់ច្រើនអំពីយើង និងអំពីអ្វីដែលយើងកំពុងប្រែក្លាយ ជាងយើងកាលពីមុន ។ ( ឌែល ជី រិនឡាន់ « Latter-day Saints Keep on Trying » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥៨ )
ក្នុងអំឡុងមេរៀននេះ អ្នកអាចចង់ពិចារណាសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកមានអារម្មណ៍ថា អ្នកកំពុងរីកចម្រើន ឬផ្លាស់ប្តូរដោយរបៀបណាខ្លះ ដោយសារអ្វីដែលអ្នកកំពុងរៀនពីព្រះគម្ពីរមរមន ?
-
តើអ្នករីកចម្រើនប៉ុនណាលើគោលដៅដែលអ្នកបានដាក់ ?
-
តើអ្នកចង់បន្តធ្វើអ្វីទៀត ឬតើវាមានប្រយោជន៍ដែរឬទេក្នុងការជ្រើសរើសផ្នែកផ្សេងៗដើម្បីផ្តោតលើនោះ ?
សកម្មភាពខាងក្រោមអាចជួយអ្នកវាស់វែងការយល់ដឹង ចំណេះដឹងរបស់អ្នក និងការរីកចម្រើនដែលអ្នកកំពុងព្យាយាមធ្វើ ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកទទួលស្គាល់ការខិតខំរបស់អ្នក ហើយទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។
ការពន្យល់អំពីតួនាទីរបស់ព្យាការី
ពេលអ្នកបានសិក្សាអំពីព្យាការី អ័ប៊ីណាដៃ នៅក្នុង ម៉ូសាយ ១១–១៧ នោះអ្នកអាចបានដឹងថា អាលម៉ា បានជឿថា លោកជាព្យាការី ហើយបានធ្វើតាមការបង្រៀនរបស់លោក ខណៈដែលស្តេចណូអេ និងពួកសង្ឃដទៃទៀតបានបដិសេធលោកដោយបើកចំហ ។ អ្នកអាចសង្កេតឃើញនៅជំនាន់យើងថា មនុស្សមួយចំនួនទទួលយកព្យាការី រីឯអ្នកខ្លះទៀតបដិសេធពួកលោក ។
សូមប្រើធនធានខាងក្រោម ឬធនធានផ្សេងទៀតដែលអ្នករកឃើញ ដើម្បីរៀបចំការឆ្លើយតបខ្លីមួយ ដើម្បីជួយនរណាម្នាក់ឲ្យយល់ពីព្យាការី និងមូលហេតុដែលត្រូវការព្យាការីសព្វថ្ងៃនេះ ។ សូមបញ្ចូលខគម្ពីរមួយ ឬច្រើន ដើម្បីគាំទ្រការឆ្លើយតបរបស់អ្នក ។
ជាជាងការសរសេរការឆ្លើយតបរបស់អ្នកយ៉ាងសាមញ្ញ អ្នកអាចបង្កើតការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម វីដេអូខ្លីៗ ឬគិតអំពីវិធីផ្សេងទៀតដើម្បីចែកចាយអ្វីដែលអ្នកដឹង ។
ធនធានបទគម្ពីរដែលអាចមានប្រយោជន៍ ៖
-
សូមស្វែងរកប្រធានបទដំណឹងល្អសម្រាប់ « ព្យាការី » នៅ topics.ChurchofJesusChrist.org.
សំណួរដែលអ្នកអាចពិចារណាក្នុងការបង្កើតការឆ្លើយតបរបស់អ្នក ៖
-
តើព្យាការីមានន័យយ៉ាងណា ហើយតើព្យាការីទាំងនោះធ្វើអ្វី ?
-
តើមនុស្សអាចមានសំណួរ ឬយល់ខុសអ្វីខ្លះអំពីព្យាការី ?
-
តើអ្នកអាចចែកចាយអ្វីទៀតដើម្បីជួយអ្នកដទៃឲ្យយល់ពីមូលហេតុដែលព្រះហៅព្យាការីនាសព្វថ្ងៃនេះ ?
ការជួយប្រមូលសាសន៍អ៊ីស្រាអែល និងការបម្រើអ្នកដទៃ
សេចក្តីពិតមួយដែលព្រះបានបើកសម្ដែងតាមរយៈព្យាការីរបស់ទ្រង់គឺថា កិច្ចការ និងសិរីល្អរបស់ទ្រង់ គឺដើម្បីជួយកូនចៅទ្រង់ឲ្យសម្រេចបានជីវិតដ៏អស់កល្បជានិច្ច ( សូមមើល ម៉ូសេ ១:៣៩) ។ នៅក្នុងព្រះគម្ពីរមរមនស្ដេចបេនយ៉ាមីន បានចង្អុលបង្ហាញថា វិធីមួយដែលយើងអាចជួយសម្រេចកិច្ចការរបស់ព្រះបានគឺ ដោយការបម្រើអ្នកដទៃ ( សូមមើល ម៉ូសាយ ២:១៧ ) ។ ថ្មីៗនេះ ប្រធាន បូនី អេច ខូដុន ប្រធានយុវនារីទូទៅ បានបង្រៀន ៖
គោលបំណងដ៏អស់កល្បរបស់យើងគឺមករកព្រះគ្រីស្ទ ហើយចូលរួមជាមួយទ្រង់យ៉ាងសកម្មក្នុងកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ។ វាសាមញ្ញដូចនឹងការធ្វើអ្វីដែលប្រធាន [ រ័សុល អិម ] ណិលសុន បានបង្រៀន ៖ « រាល់ពេលដែលយើងធ្វើអ្វីមួយដើម្បីជួយនរណាម្នាក់ … ដើម្បីចុះ និងរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ នោះយើងកំពុងជួយប្រមូលពួកសាសន៍អ៊ីស្រាអែលហើយ » ។ ហើយពេលយើងធ្វើកិច្ចការរបស់ទ្រង់ជាមួយនឹងទ្រង់ យើងស្គាល់ និងស្រឡាញ់ទ្រង់កាន់តែខ្លាំង ។ ( បូនី អេច ខ័រឌុន « Come unto Christ and Don’t Come Alone » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១១ )
សូមគិតអំពីគោលដៅ ឬផែនការដែលអ្នកបានធ្វើនៅក្នុងមេរៀនមុនៗ ដែលកំពុងជួយអ្នកឲ្យចូលរួមក្នុងកិច្ចការរបស់ព្រះតាមរយៈ ៖
-
ការជួយព្រះអម្ចាស់ក្នុងកិច្ចការរបស់ទ្រង់ដើម្បីប្រមូលសាសន៍អ៊ីស្រាអែល ( សូមមើល យ៉ាកុប ៥:៧១–៧២, ៧៥ )
-
ការបម្រើអ្នកដទៃតាមរបៀបដូចព្រះគ្រីស្ទ ( សូមមើល ម៉ូសាយ ២:១៧ )
-
ការធ្វើការលើគោលដៅផ្សេងទៀតទាក់ទងនឹងដំណឹងល្អដែលអ្នកមាន ឬចង់ចាប់ផ្ដើមគោលដៅនោះ
ការមានអារម្មណ៍រីករាយ និងអំណរតាមរយៈព្រះយេស៊ូវគ្រីស្ទ
នៅក្នុងការសិក្សាព្រះគម្ពីរមរមនរបស់អ្នក អ្នកបានអានដំណើររឿងនៃមនុស្សជាច្រើនដែលបានរកឃើញសេចក្តីអំណរ និងសុភមង្គលតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ សូមចំណាយពេលខ្លះដើម្បីរំឭកឧទាហរណ៍ទាំងនេះ ។ ឧទាហរណ៍ទាំងនោះរួមមានដូចតទៅ ៖
-
លីហៃ និងអ្នកដែលបានមករកដើមជីវិត ( សូមមើល នីហ្វៃទី១ ៨:១០–១២, ៣០ )
-
អេណុស ( សូមមើល អេណុស ១:១–៨ )
-
រាស្ដ្ររបស់ស្ដេចបេនយ៉ាមីន ដែលបានត្រេកអរដោយសារអ្វីដែលពួកគេបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ( សូមមើល ម៉ូសាយ ២:៤១; ៤:៣; ៥:១–៥ )
សូមគិតអំពីរបៀបដែលអ្នកអាចពិពណ៌នា ឬបង្ហាញពីសុភមង្គលដែលអ្នកមានតាមរយៈដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
នៅចំកណ្តាលនៃទំព័រក្រដាសទទេក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬក្រដាសផ្សេងមួយសន្លឹក សូមសរសេរពាក្យ សេចក្តីអំណរ និងសុភមង្គលតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ សូមគូសរង្វង់ជុំវិញពាក្យទាំងនោះ ។ ឥឡូវនេះសូមចាប់ផ្ដើមបន្ថែមគំនិតដែលអ្នកភ្ជាប់ទៅនឹងពាក្យទាំងនេះ ។ ដើម្បីចាប់ផ្ដើម អ្នកអាចពិចារណាពីរបៀបដែលអ្នកនឹងឆ្លើយសំណួរខាងក្រោម ។
-
តើអ្នកមានអារម្មណ៍ថា ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទកំពុងរួមចំណែកដល់សេចក្តីអំណរក្នុងជីវិតរបស់អ្នកដែរឬទេ ? ហេតុអ្វីអាច ឬហេតុអ្វីមិនអាច ?
-
តើអ្នកបានរៀនអ្វីខ្លះនៅក្នុងព្រះគម្ពីរមរមន ដែលបានជួយអ្នកឲ្យមានអារម្មណ៍រីករាយជាងមុន ?
-
តើអ្នកមានអារម្មណ៍ថាទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានល្អប្រសើរជាង ដោយសារការសិក្សាព្រះគម្ពីររបស់អ្នកដែរឬទេ ? ហេតុអ្វីអាច ឬហេតុអ្វីមិនអាច ?
នៅពេលអ្នកគិតដល់គំនិតផ្សេងៗ សូមសរសេរគំនិតទាំងនោះនៅលើក្រដាសរបស់អ្នក ហើយគូសរង្វង់លើវា ។ សូមភ្ជាប់គំនិតនោះទៅវិញទៅមក ឬភ្ជាប់ត្រឡប់ទៅឃ្លានៅកណ្តាល ។ នៅពេលអ្នកបន្ថែមគំនិត និងយោបល់កាន់តែច្រើន ផែនទីគំនិតរបស់អ្នក អាចចាប់ផ្ដើមមើលទៅដូចនេះ ៖
បន្ទាប់ពីបញ្ចប់ផែនទីគំនិតរបស់អ្នក សូមពិចារណាដាក់វានៅកន្លែងមួយដែលអ្នកនឹងឃើញវានៅសប្តាហ៍ក្រោយ ។ អ្នកអាចនឹងចង់អធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ទូលសូមជំនួយដើម្បីស្វែងរក និងទទួលស្គាល់សេចក្តីអំណរ និងសុភមង្គលកាន់តែខ្លាំងនៅក្នុងព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។