« ម៉ូសាយ ១៩–២០ ៖ ‹ ពាក្យសម្ដីរបស់អ័ប៊ីណាដៃត្រូវបានបំពេញ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ១៩–២០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ១៩–២០
« ពាក្យសម្ដីរបស់អ័ប៊ីណាដៃត្រូវបានបំពេញ »
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកសប្បាយរីករាយ និងមានសុវត្ថិភាព ។ វិធីមួយដែលអ្នកអាចទទួលបានអំណរ និងការការពារខាងវិញ្ញាណ គឺតាមរយៈការធ្វើតាមការបង្រៀន និងការព្រមានរបស់ព្យាការីរបស់ទ្រង់ ។ ដោយបដិសេធអ័ប៊ីណាដៃ នោះស្ដេចណូអេ និងរាស្ដ្ររបស់ទ្រង់បានបាត់បង់ពរជ័យនៃការទទួលបានសុវត្ថិភាព ហើយបានទទួលរងទុក្ខវេទនាយ៉ាងខ្លាំង ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ចង់ស្តាប់តាមការព្រមាន និងការបង្រៀនរបស់ព្យាការីនៃព្រះអម្ចាស់កាន់តែខ្លាំងឡើង ។
សុវត្ថិភាពពីគ្រោះថ្នាក់
សូមក្រឡេកមើលរូបភាពខាងក្រោម ហើយរកមើលគ្រោះថ្នាក់ ឬរបួស ដែលវត្ថុក្នុងរូបភាពនោះអាចការពារបាន ។
-
តើវត្ថុទាំងនេះការពារយើងពីគ្រោះថ្នាក់អ្វីខ្លះ ?
-
ហេតុអ្វីអ្នកគិតថា មនុស្សមួយចំនួនជ្រើសរើសមិនអើពើចំពោះឧបករណ៍សុវត្ថិភាព ឬគោលការណ៍ណែនាំ ?
បន្ថែមពីលើហានិភ័យខាងរាងកាយ គ្រោះថ្នាក់ខាងវិញ្ញាណក៏ជាផ្នែកនៃបទពិសោធន៍ជីវិតរបស់យើងផងដែរ ។ ដោយសារទ្រង់ស្រឡាញ់យើង ព្រះអម្ចាស់ត្រាស់ហៅព្យាការីឲ្យផ្ដល់ការណែនាំដល់យើង និងឧបករណ៍ដែលអាចជួយយើងទទួលបានបទពិសោធន៍សុវត្ថិភាពខាងរូបកាយ ខាងវិញ្ញាណ និងផ្លូវអារម្មណ៍ពេញមួយជីវិតរបស់យើង ។
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតអំពីសុវត្ថិភាពដែលព្រះអម្ចាស់ប្រទានដល់អ្នកតាមរយៈព្យាការី និងសាវករបស់ទ្រង់ ។ សំណួរខាងក្រោមនេះអាចមានប្រយោជន៍ ៖
-
តើអ្នកមើលទៅព្យាការី និងសាវករបស់ព្រះអម្ចាស់ថា ជារបៀបមួយដើម្បីទទួលបានការការពារខាងវិញ្ញាណរបស់ទ្រង់ញឹកញាប់ប៉ុនណា ?
-
តើមានគំរូអ្វីខ្លះអំពីរបៀបដែលការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់អាចផ្តល់ពរដល់អ្នក ?
នៅពេលអ្នកសិក្សា សូមរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យមានអារម្មណ៍ថាមានបំណងប្រាថ្នាស្វែងរកសុវត្ថិភាព និងសុភមង្គលដែលកើតពីការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់កាន់តែខ្លាំងឡើង ។
រាស្ដ្ររបស់ស្ដេចណូអេ ដកពិសោធនូវលទ្ធផលនៃអំពើបាបរបស់ពួកគេ
សូមចាំថា អ័ប៊ីណាដៃ ត្រូវបានចាត់ឲ្យទៅព្រមានរាស្ដ្ររបស់ស្ដេចណូអេ អំពីអំពើទុច្ចរិតរបស់ពួកគេ ដើម្បីឲ្យពួកគេអាចចៀសវាងពីការកាត់ទោសរបស់ព្រះអម្ចាស់ដែលនឹងកើតមាន ។ ( វាអាចនឹងមានប្រយោជន៍ក្នុងការរំឭកពីការព្រមានមួយចំនួនរបស់អ័ប៊ីណាដៃ នៅក្នុង ម៉ូសាយ ១១:២០–២៥; ១២:១–៨ ) ។
សូមរំឭកឡើងវិញនូវការឆ្លើយតបរបស់ណូអេ និងប្រជាជនរបស់ទ្រង់ចំពោះការព្រមានរបស់អ័ប៊ីណាដៃ ដោយអាន ម៉ូសាយ ១២:១៣–១៥; ១៧:១១–២០ ។
-
ហេតុអ្វីអ្នកគិតថា ណូអេ និងសង្ឃរបស់ទ្រង់ជ្រើសរើសមិនអើពើនឹងការព្រមានរបស់អ័ប៊ីណាដៃ ?
-
តើមានគំរូអ្វីខ្លះអំពីរបៀបដែលមនុស្សអាចមិនអើពើ ឬបដិសេធការបង្រៀនរបស់ព្យាការីនៅជំនាន់របស់យើង ? ហេតុអ្វីអ្នកគិតថា ពួកគេធ្វើបែបនេះ ?
ដូចដែលអ័ប៊ីណាដៃ បានព្យាករ ( សូមមើល ម៉ូសាយ ១៧:១៥–១៩ ) នោះប្រជាជនរបស់ណូអេ បានដកពិសោធនឹងការសាកល្បងដ៏លំបាក បន្ទាប់ពីបដិសេធព្រះបន្ទូលរបស់ព្រះអម្ចាស់ និងការអញ្ជើញឲ្យប្រែចិត្ត ។ អ្នកអាចចងចាំពីការសិក្សារបស់អ្នកអំពី ម៉ូសាយ ៧ ដែលថា មិនយូរប៉ុន្មានបន្ទាប់ពីការស្លាប់របស់អ័ប៊ីណាដៃ មនុស្សទាំងនេះត្រូវបានរកឃើញដោយក្រុមស្វែងរកពីសារ៉ាហិមឡា ដែលដឹកនាំដោយបុរសម្នាក់ឈ្មោះអាំម៉ូន ( សូមមើលដ្យាក្រាមខាងក្រោម ) ។ នៅគ្រានៃការរកឃើញរបស់ពួកគេ សាសន៍នីហ្វៃនៅក្នុងដែនដីនីហ្វៃគឺជាឈ្លើយរបស់សាសន៍លេមិន ។
អ្នកដឹកនាំរបស់ពួកគេគឺលិមហៃជាបុត្រារបស់ស្ដេចណូអេ ។ សូមអានបន្ទូលរបស់លិមហៃ នៅក្នុង ម៉ូសាយ ៧:២៤–២៩ ដោយរកមើលហេតុផលដែលទ្រង់បានប្រាប់ពីការជាប់ឃុំឃាំងដែលពួកគេបានជួប ។
-
តើអ្នកបានឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាចជួយនរណាម្នាក់ដែលគ្មានអារម្មណ៍ថា វាសំខាន់ក្នុងការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ ?
-
ដោយប្រើអ្វីដែលអ្នកបានអាន តើមានវិធីណាខ្លះដែលអ្នកអាចបញ្ចប់ប្រយោគខាងក្រោម ដែលអាចអនុវត្តបានចំពោះមនុស្សនៅជំនាន់របស់យើង ?
ការមិនអើពើ ឬបដិសេធព្រះបន្ទូលរបស់ព្រះអម្ចាស់ តាមរយៈព្យាការីរបស់ទ្រង់ នាំឲ្យ …
សូមអាន ម៉ូសាយ ១៩:៣–២១; ២០:៣, ២១ ដោយរកមើលព័ត៌មានលម្អិតដែលបង្ហាញពីសេចក្តីពិតដែលថា ការមិនអើពើ ឬបដិសេធព្រះបន្ទូលរបស់ព្រះអម្ចាស់ តាមរយៈព្យាការីរបស់ទ្រង់ នាំទៅរកការរងទុក្ខ និងទុក្ខព្រួយ ។
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយពរជ័យមួយចំនួនដែលយើងអាចទទួលបាន នៅពេលយើងស្តាប់តាមដំបូន្មានរបស់ព្រះអម្ចាស់តាមរយៈព្យាការីរបស់ទ្រង់ ៖
« ប្រវត្តិសាស្ត្របានបង្ហាញថា មានសុវត្ថិភាព សេចក្តីសុខសាន្ត ភាពចម្រុងចម្រើន និងសុភមង្គលក្នុងការឆ្លើយតបនឹងការទូន្មានរបស់ព្យាការី ។ ( អិម រ័សុល បាឡឺដ « His Word Ye Shall Receive » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦៥ )
-
តើមានគំរូអ្វីខ្លះពីជីវិតរបស់អ្នក ឬបទគម្ពីរដែលគាំទ្រដល់សេចក្តីថ្លែងការណ៍របស់ប្រធានបាឡឺដ ?
ព្រះឱវាទរបស់ព្រះអម្ចាស់សម្រាប់អ្នក
ស្រដៀងគ្នានឹងព្យាការីនៅសម័យបុរាណ ព្យាការីសព្វថ្ងៃនេះផ្តល់ឲ្យយើងនូវដំបូន្មាន ការព្រមាន និងពរជ័យដែលបានសន្យារបស់ព្រះអម្ចាស់ ។ កន្លែងមួយដែលយើងអាចរកឃើញដំបូន្មានមួយចំនួននេះគឺនៅក្នុង ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅឆ្នាំ ២០២២ ) ។
សូមចំណាយពេលបន្តិចដើម្បីសិក្សាប្រធានបទយ៉ាងហោចណាស់មួយពីកូនសៀវភៅនេះ ។ នៅពេលអ្នកសិក្សា សូមរកមើលដូចខាងក្រោម ៖
-
បទដ្ឋានដែលព្រះអម្ចាស់អញ្ជើញអ្នកឲ្យរស់នៅតាម
-
គ្រោះថ្នាក់ខាងវិញ្ញាណដែលអាចកើតមានមកពីការមិនអើពើនឹងព្រះឱវាទរបស់ព្រះអម្ចាស់
-
ពរជ័យដែលបានសន្យាសម្រាប់ការស្តាប់តាមសេចក្តីណែនាំ និងការព្រមានរបស់ព្រះអម្ចាស់
សូមគិតអំពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីសារៈសំខាន់នៃការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ ។ សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតអំពីរបៀបដែលអ្នកអាចធ្វើតាមព្យាការីបានប្រសើរឡើង និងមូលហេតុដែលវាសំខាន់សម្រាប់អ្នកដើម្បីធ្វើដូច្នេះ ។ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។