ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ២១–២៤ ផ្នែក​ទី ២ ៖ ការងាក​ទៅរក​ព្រះអម្ចាស់​សម្រាប់​ការរំដោះ​ឲ្យ​រួច​ពី​ការសាកល្បង


« ម៉ូសាយ ២១–២៤ ផ្នែក​ទី ២ ៖ ការងាក​ទៅរក​ព្រះអម្ចាស់​សម្រាប់​ការរំដោះ​ឲ្យ​រួច​ពី​ការសាកល្បង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២១–២៤ ផ្នែក​ទី ២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ២១–២៤ ផ្នែក​ទី ២

ការងាក​ទៅរក​ព្រះអម្ចាស់​សម្រាប់​ការរំដោះ​ឲ្យ​រួច​ពី​ការសាកល្បង

យុវជន​ម្នាក់​ងាក​ទៅរក​បទគម្ពីរ

តើ​អ្នក​ឆ្លើយតប​យ៉ាង​ណា ពេល​អ្នក​ជួប​ប្រទះ​ការសាកល្បង និង​ការលំបាក ? ហេតុអ្វី​អ្នក​គិត​ថា មនុស្ស​មួយ​ចំនួន​ចូល​កាន់តែ​ជិត​ព្រះអម្ចាស់ ខណៈ​អ្នក​ដទៃ​ទៀត​ដក​ថយ​ពី​ទ្រង់ ? នៅក្នុង ម៉ូសាយ ២១–២៤ យើង​រៀន​ថា ប្រជាជន​លិមហៃ និង​ប្រជាជន​អាលម៉ា​បាន​ងាក​ទៅរក​ព្រះអម្ចាស់​ទូល​សូម​កម្លាំង និង​ការរំដោះ​ឲ្យ​រួច​ពី​សេវកភាព ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ពឹង​ផ្អែកលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ជួយ​អ្នក​ឆ្លងកាត់​ការសាកល្បង​របស់​អ្នក ។

ការឆ្លើយ​តប​ទៅ​នឹង​ការសាកល្បង

នៅក្នុង​មេរៀន​មុន អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​គិត​អំពី​ការសាកល្បង​មួយ​ដែល​អ្នក​កំពុង​ជួប​ប្រទះ ឬ​បាន​ជួប​ប្រទះ ។ អ្នក​ប្រហែល​បាន​រៀន​អំពី​សេចក្ដីពិត​មួយ​ចំនួន​ក្នុង​ការសិក្សា​របស់​អ្នក​អំពី ម៉ូសាយ ២១–២៤ ដែល​បាន​ជួយ​អ្នក​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​អ្នក​ជួប​នឹង​ការសាកល្បង​ទាំង​នោះ ។ ថ្ងៃ​នេះ សូម​គិត​អំពី​ការសាកល្បង​របស់​អ្នក​ម្តង​ទៀត ប៉ុន្តែ​លើក​នេះ​សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​បាន​ឆ្លើយ​តប​នឹង​ការសាកល្បង​ទាំង​នោះ ។ អ្នក​អាច​ចង់​កត់ត្រា​ឧបសគ្គ ឬ​ជោគជ័យ​ដែល​អ្នក​បាន​ជួប និង​វិធី​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល ឬ​ពរជ័យ​របស់​ព្រះអម្ចាស់ ។

ព្រះចេស្ដា​នៃ​ការរំដោះ​ឲ្យ​រួច​របស់​ព្រះអម្ចាស់

អ្នក​ប្រហែល​ចងចាំ​ការសិក្សា​អំពី​ប្រជាជន​លិមហៃ ( នៅក្នុង​ដែនដី​នីហ្វៃ ) និង​ប្រជាជន​អាលម៉ា ( នៅក្នុង​ដែនដី​ហេឡាម ) ។ ប្រជាជន​ទាំង​ពីរ​ក្រុម​បាន​ជួប​ប្រទះ​នឹង​ការសាកល្បង​ដ៏​លំបាក ពេល​កំពុង​ជាប់​សេវកភាព​ក្រោម​ការត្រួតត្រា​របស់​ពួកសាសន៍​លេមិន ។ រូបភាព​នេះ​បង្ហាញ​ពី​ការធ្វើដំណើរ​របស់​ពួកគេ​នៅក្នុង ម៉ូសាយ ២១–២៤ ។

រូបភាព​អំពី​ទីកន្លែង​នៅក្នុង ម៉ូសាយ ២១–២៤

ថ្ងៃ​នេះ អ្នក​នឹងរៀន​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​រំដោះ​ប្រជាជន​ទាំង​ពីរ​ក្រុម​នេះ​ឲ្យ​រួច​ពី​ការជាប់​ឃុំឃាំង ហើយ​ចូលទៅ​ក្នុង​ដែនដី​សារ៉ាហិមឡា ។ នៅពេល​អ្នក​សិក្សា សូម​រក្សា​ការសាកល្បង​របស់​អ្នក​នៅក្នុង​ចិត្ត ហើយ​រកមើល​សេចក្តីពិត​ដែល​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​វិធី ដែល​ព្រះអម្ចាស់​អនុវត្ត​ព្រះចេស្តា​របស់​ទ្រង់​នៃ​ការរំដោះ​ឲ្យ​រួច​នៅក្នុង​ជីវិត​របស់​អ្នក ។

iconសូម​បង្កើត​តារាង​ដូច​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖ សូម​ប្រាកដ​ថា ត្រូវទុក​កន្លែង​ទំនេរ​ច្រើន ដើម្បី​កត់ត្រា​ចម្លើយ​ជាច្រើន​នៅក្នុង​ប្រអប់​នីមួយៗ ។

សូម​អាន​បទគម្ពីរ​សម្រាប់​ក្រុម​មនុស្ស​យ៉ាង​ហោច​ណាស់​មួយ​ក្រុម ដោយ​ធ្វើ​ការកត់​ចំណាំ​នៅក្នុង​តារាង អំពី​របៀប​ដែល​ពួកគេ​ត្រូវបាន​រំដោះ​ឲ្យ​រួច​ពី​ការសាកល្បង​របស់​ពួកគេ ។ អ្នក​អាច​ចង់​គូស​ចំណាំ​នៅក្នុង​ខគម្ពីរ​របស់​អ្នក​នូវ​ពាក្យ ឬ​ឃ្លា​ណា​ដែល​អ្នក​ចាប់​អារម្មណ៍ ។

ម៉ូសាយ ២១–២៤ ៖ កម្លាំង និង​ការរំដោះ​ឲ្យ​រួច

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤)—« ម៉ូសាយ ២១–២៤ ភាគ ២ ៖ ការងាក​ទៅរក​ព្រះអម្ចាស់​សម្រាប់​ការរំដោះ​ឲ្យ​រួច​ពី​ការសាកល្បង »

ប្រជាជន​លិមហៃ
ម៉ូសាយ ២១:១៣–១៦, ៣៦ ; ២២:១–១៣; ២៩:១៨–២០

ប្រជាជន​អាលម៉ា
ម៉ូសាយ ២៣:២៥–២៩ ; ២៤:៨–២៥

តើ​ប្រជាជន​បាន​មាន​វិធានការ​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់ ?

តើ​ព្រះអម្ចាស់​បាន​ចូលរួម​ក្នុង​ការរំដោះ​ពួកគេ​ដោយ​របៀប​ណា ?

តើ​ឃ្លា​ពេញ​ចិត្ត​ណា​ខ្លះ​ដែល​ត្រូវ​ចងចាំ​ពី​ខ​គម្ពីរ​ទាំងនេះ ?

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​វិធានការ​អ្វី​ខ្លះ​ដែល​ប្រជាជន​បាន​ធ្វើ​ដើម្បី​ទទួល​ជំនួយ​ពី​ព្រះអម្ចាស់ ?

    • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ និង​ព្រះចេស្ដា​របស់​ទ្រង់ នៅពេល​អ្នក​សិក្សា​ពី​ដំណើរ​រឿង​ទាំង​នេះ ?

    • តើ​ឃ្លា​ពេញចិត្ត​មួយ​ណា​ដែល​អ្នក​បាន​រកឃើញ​ពី​ខគម្ពីរ​មួយ​ដែល​អ្នក​បាន​សិក្សា ?

ការ​ទទួល​ស្គាល់ និង​ការរីករាយ​ក្នុង​ព្រះចេស្ដា​របស់​ព្រះអម្ចាស់

ក្នុង​ចំណោម​សេចក្ដីពិត​ជាច្រើន​ដែល​យើង​អាច​រៀន​ពី​ខ​គម្ពីរ​ទាំង​នេះ អ្នក​អាច​បាន​កត់​សម្គាល់​ពី​ការសិក្សា​របស់​អ្នក​ថា នៅពេល​យើង​ងាក​ទៅរក​ទ្រង់ នោះ​ព្រះវរបិតា​សួគ៌​នឹង​គាំទ្រ​យើង អំឡុងពេល​ការសាកល្បង​របស់​យើង ហើយ​រំដោះ​យើង​ឲ្យ​រួច​តាម​ពេលវេលា​របស់​ទ្រង់ ( សូម​មើល ម៉ូសាយ ២១:១៤–១៦ ) ។ យើង​ក៏​បាន​រៀន​ផងដែរ​ថា នៅពេល​យើង​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់​យើង​ដោយ​រីករាយ និង​អត់ធ្មត់ នោះ​ព្រះអម្ចាស់​អាច​ពង្រឹង​យើង​ដើម្បី​ទទួល​បន្ទុក​របស់​យើង​ដោយ​ងាយស្រួល ( សូម​មើល ម៉ូសាយ ២៤:១៥ ) ។

  • តើ​ការដឹង​រឿង​ទាំង​នេះ​អំពី​ព្រះអម្ចាស់​ជះ​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​របៀប​ដែល​អ្នក​ឆ្លើយ​តប​នឹង​ការសាកល្បង​របស់​អ្នក ?

  • តើ​ព្រះអម្ចាស់​បាន​គាំទ្រ និង​ពង្រឹង​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដើម្បី​ស៊ូទ្រាំ​នឹង​ការសាកល្បង ឬ​រែក​បន្ទុក​មួយ​ដោយ​របៀប​ណា ? តើ​បទពិសោធន៍​នេះ​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់​យ៉ាង​ដូចម្តេច ?

សូមមើល​វីដេអូ « Feeling the Lord’s Love and Goodness in Trials » ( ៤:១៨ ) នៅ ChurchofJesusChrist.org. សូម​រកមើល​ពី​របៀប​ដែល​សេចក្តីពិត ឬ​ឃ្លា​ទាំងឡាយ​ដែល​អ្នក​បាន​រក​ឃើញ​នៅក្នុង​បទគម្ពីរ​អាច​ទាក់ទង​នឹង​បទពិសោធន៍​នៃ​គ្រួសារ​ហ្គុទែរេ ។

4:17

ជំហាន​បន្ទាប់​របស់​អ្នក

សូម​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​អ្នក​ជាមួយ​នឹង​ការសាកល្បង​ដែល​អ្នក​ប្រឈម​មុខ ។

  1. សូម​បំពេញ​សេចក្តីណែនាំ​ខាង​ក្រោម ៖

    សូម​បន្ថែម​ជួរ​ឈរ​ថ្មី​មួយ​លើ​តារាង​ដែល​អ្នក​បាន​បង្កើត​ពី​មុន​ក្នុង​មេរៀន ហើយ​ដាក់​ស្លាក​នៅផ្នែក​ខាង​លើ​នៃ​ជួរ​ឈរ​នេះ​ថា « ខ្ញុំ » ។ បន្ទាប់មក​បំពេញ​ជួរ​ឈរ​ថ្មី​របស់​អ្នក​ដោយ​ឆ្លើយ​សំណួរ​ខាង​ក្រោម ។ ( ប្រសិនបើ​អ្នក​គ្មាន​កន្លែង​ដើម្បី​បង្កើត​ជួរ​ឈរ​ថ្មី​ទេ សូម​ឆ្លើយ​សំណួរ​ក្នុង​ចន្លោះ​ដាច់​ដោយ​ឡែក​មួយ​ក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ) ។

    • តើ​វិធាន​ការ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់​បន្ថែម​ទៀត​ក្នុង​ការសាកល្បង​របស់​អ្នក ?

    • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​អ្នក​យល់​ពី​ប្រភេទ​នៃ​ជំនួយ ឬ​កម្លាំង​ដែល​ទ្រង់​អាច​ប្រទាន​ឲ្យ​អ្នក ?

    • តើ​មាន​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ពី​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា ដែល​អ្នក​គិត​ថា អាច​ទាក់ទង​នឹង​កាលៈទេសៈ​របស់​អ្នក ? ហេតុអ្វី ?