ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ២១–២៤ ផ្នែក​ទី ១ ៖ ការស្វែងរក​ព្រះ​រាជបំណង​របស់​ព្រះអម្ចាស់​សម្រាប់​ការសាកល្បង និង​សេចក្តីវេទនា​របស់​យើង


« ម៉ូសាយ ២១–២៤ ផ្នែក​ទី ១ ៖ ការស្វែងរក​ព្រះ​រាជបំណង​របស់​ព្រះអម្ចាស់​សម្រាប់​ការសាកល្បង និង​សេចក្តីវេទនា​របស់​យើង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២១–២៤ ផ្នែក​ទី ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ២១–២៤ ផ្នែក​ទី ១

ការស្វែងរក​ព្រះ​រាជបំណង​របស់​ព្រះអម្ចាស់​សម្រាប់​ការសាកល្បង និង​សេចក្តីវេទនា​របស់​យើង

យុវជន​ដែល​មើល​ទៅ​សោកសៅ​កំពុង​សញ្ជឹងគិត

តើ​អ្នក​នឹង​ពន្យល់​ដល់​បុគ្គល​ម្នាក់​ អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ជួប​ប្រទះ​នឹង​ការសាកល្បង និង​សេចក្តីវេទនា​ដោយ​របៀប​ណា ? ម៉ូសាយ ២១–២៤ ពិពណ៌នា​អំពី​បទពិសោធន៍​របស់​ប្រជាជន​លិមហៃ និង​ប្រជាជន​អាលម៉ា ដែល​ប្រជាជន​ទាំង​ពីរ​ក្រុម​នេះ​បាន​ជួប​នឹង​ឧបសគ្គ​លំបាក ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ខ្លាំង នៅពេល​អ្នក​ជួប​នឹង​ការសាកល្បង និង​សេចក្តីវេទនា​នៅក្នុង​ជីវិត​របស់​អ្នក ។

ការរែក​បន្ទុក

មនុស្ស​ម្នាក់​ស្ពាយ​កាបូប​ស្ពាយ​ធ្ងន់

សូម​ស្រមៃ​ថា​ការសាកល្បង បន្ទុក និង​សេចក្តីវេទនា​របស់​អ្នក​ត្រូវបាន​តំណាង​ដោយ​ថ្ម​ដែល​អ្នក​ត្រូវ​យក​តាម​ខ្លួន​ក្នុង​កាបូប ឬ​កាបូប​ស្ពាយ ។

  • តើ​ការសាកល្បង ឬ​បន្ទុក​អ្វី​ខ្លះ​ដែល​យុវវ័យ​អាច​ជួប​ប្រទះ ដែល​អាច​មាន​អារម្មណ៍​ថា​ដូចជា​ដុំ​ថ្ម​ធ្ងន់​នៅក្នុង​កាបូប​ស្ពាយ ?

  • តើ​មនុស្ស​អាច​មាន​សំណួរ​អ្វី​ខ្លះ​អំពី​បន្ទុក​ដែល​ពួកគេ​ស្ពាយ​នោះ ?

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិត​អំពី​ការសាកល្បង និង​បន្ទុក​មួយ​ចំនួន​ដែល​អ្នក​កំពុង​ប្រឈម​មុខ ឬ​បាន​ជួប​ប្រទះ​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​ពិចារណា​ធ្វើ​បញ្ជី​អំពី​ការសាកល្បង និង​បន្ទុក​ទាំងនោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​អ្នក ។ អ្នក​ប្រហែល​ចង់​បញ្ចូល​សំណួរ កង្វល់ ឬ​បំណង​ប្រាថ្នា​ដែល​អ្នក​មាន​ទាក់ទង​នឹង​ការសាកល្បង និង​បន្ទុក​របស់​អ្នក ។

នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់ ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​អាច​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ជួប​ការសាកល្បង​ទាំងនេះ ។

ប្រជាជន​លិមហៃ និង​ប្រជាជន​អាលម៉ា

នៅក្នុង ម៉ូសាយ ២១–២៤ យើង​រៀន​អំពី​មនុស្ស​ពីរ​ក្រុម​ដែល​បាន​ដកពិសោធ​ការសាកល្បង និង​សេចក្តីវេទនា​ដ៏​ធំ។ ក្រុមទី​មួយ​បាន​រស់​នៅ​ដែនដី​នីហ្វៃ ហើយ​ត្រូវបាន​ដឹកនាំ​ដោយ​បុត្រា​របស់​ស្ដេច​ណូអេ ព្រះនាម​លិមហៃ ។ ក្រុមទី​ពីរ​បានរស់​នៅក្នុង​ដែនដី​ហេឡាម ហើយ​ត្រូវបាន​ដឹកនាំ​ដោយ​អាលម៉ា ។

រូបភាព​អំពី​ទីកន្លែង​នៅក្នុង ម៉ូសាយ ២១–២៤

ខាង​ក្រោម​នេះ​គឺជា​ការសង្ខេប​ខ្លីៗ​នៃ​ព្រឹត្តិការណ៍​ជុំវិញ​ការជាប់​ឃុំឃាំង​របស់​ក្រុម​នីមួយៗ ៖

ប្រជាជន​លិមហៃ

បន្ទាប់​ពី​បដិសេធ​ការបង្រៀន និង​ការព្រមាន​របស់​អ័ប៊ីណាដៃ នោះ​ពួកសាសន៍​នីហ្វៃ​ដែល​ឥឡូវ​ត្រូវបាន​ដឹក​នាំ​ដោយ​ស្ដេច​លិមហៃ ត្រូវបាន​ពួក​លេមិន ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅក្នុង​ដែនដី​នីហ្វៃ ហើយ​ត្រូវបាន​តម្រូវ​ឲ្យ​បង់ពន្ធ​យ៉ាង​ច្រើន ( សូម​មើល ម៉ូសាយ ១៩:១៥ ) ។ ដូច​ដែល​បាន​ព្យាករ​ដោយ​ព្យាការី​អ័ប៊ីណាដៃ ( សូម​មើល ម៉ូសាយ ១២:៥ ) ពួក​លេមិន​បាន​បង្ខំ​ប្រជាជន​របស់​លិមហៃ​ឲ្យ​បម្រើ​ពួកគេ ហើយ​ឲ្យ​មាន​បន្ទុកធ្ងន់ៗ ( សូម​មើល ម៉ូសាយ ២១:៣ ) ។

ប្រជាជន​អាលម៉ា

បន្ទាប់​ពី​ការស្លាប់​របស់​អ័ប៊ីណាដៃ អាលម៉ា និង​អ្នក​ដើរ​តាម​លោក​បាន​ភៀសខ្លួន​ទៅកាន់​ទឹក​មរមន ជា​កន្លែង​ដែល​ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ( សូម​មើល ម៉ូសាយ ១៧:១–៤; ១៨:១–១៤ ) ។ ក្រោយ​មក ពួកគេ​បាន​ភៀសខ្លួន​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ ហើយ​បាន​សាងសង់​ទីតាំង​ដ៏​សុចរិត​មួយ​នៅក្នុង​ដែនដី​ហេឡាម ( សូម​មើល ម៉ូសាយ ១៨:៣២–៣៤; ២៣:១–៤, ១៩–២០ ) ។ នៅ​ទីបំផុត ពួក​សាសន៍​លេមិន​បាន​រកឃើញ និង​ចាប់​ប្រជាជន​របស់​អាលម៉ា​យក​ធ្វើ​ជា​ឈ្លើយ ( សូម​មើល ម៉ូសាយ ២៣:២៥–២៩, ៣៦–៣៧ ) ។ អាមូឡុន​ដែល​ធ្លាប់​ជា​សង្ឃ​ទុច្ចរិត​ម្នាក់​របស់​ណូអេ ត្រូវបាន​ផ្តល់​អំណាច​លើ​ពួកគេ ហើយ​ចាប់ផ្ដើម​បៀតបៀន​អាលម៉ា និង​ប្រជាជន​របស់​លោក ( សូម​មើល ម៉ូសាយ ២៤:៨–៩ ) ។

មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​មាន​ការសាកល្បង

សូម​អាន​វគ្គ​បទគម្ពីរ​ខាង​ក្រោម ដោយ​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ជួប​​ការសាកល្បង និង​សេចក្តីវេទនា ។ អ្នក​អាច​ចង់​គូស​ចំណាំ​ពាក្យ និង​ឃ្លា​ដែល​អ្នក​ចាប់​អារម្មណ៍ ។

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​ភាពស្រដៀង​គ្នា និង​ភាពខុស​គ្នា​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​រវាង​ប្រជាជន​ទាំង​ពីរ​ក្រុម និង​អ្វី​ដែល​ពួកគេ​បាន​ជួប​ប្រទះ ?

    • តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ដំណើរ​រឿង​ទាំង​នេះ​អំពី​សេចក្ដីស្រឡាញ់ និង​ការព្រួយ​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​ប្រជាជន ?

    • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​មនុស្ស​រង​ការសាកល្បង និង​សេចក្តីវេទនា ?

ដំណើរ​រឿង​ទាំងនេះ​បើក​សម្តែង​សេចក្តីពិត​ជា​ច្រើន​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​មនុស្ស​ជួប​ការសាកល្បង ។ ក្នុង​ចំណោម​សេចក្តីពិត​ទាំង​នោះ អ្នក​អាច​បាន​កត់​សម្គាល់​ដូច​ខាង​ក្រោម ៖

  • ព្រះអម្ចាស់​ទុក​ឲ្យ​យើង​ជួប​ប្រទះ​នឹង​ការសាកល្បង ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​រាបសា ហើយ​ពឹងផ្អែក​លើ​ទ្រង់​កាន់តែ​ខ្លាំង ( សូម​មើល ម៉ូសាយ ២១:៥–១៤ ) ។

  • ការសាកល្បង និង​សេចក្តី​វេទនា​ខ្លះ​កើត​ឡើង​ដោយសារ​ការមិន​ស្តាប់​បង្គាប់ ( សូម​មើល ម៉ូសាយ ២១:១៥) ។

  • ការសាកល្បង​របស់​យើង​អាច​ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​ស្វែងរក និង​ទទួល​អារម្មណ៍​ដឹង​ពី​ព្រះចេស្តា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង ( សូម​មើល ម៉ូសាយ ២១:១៥–១៦; ២៤:១៤ ) ។

  • ព្រះអម្ចាស់​ប្រដៅ​រាស្ត្រ​របស់​ទ្រង់ ហើយ​សាកល្បង​ការអត់ធ្មត់ និង​សេចក្តីជំនឿ​របស់​ពួកគេ ( សូម​មើល ម៉ូសាយ ២៣:២១ ) ។

មនុស្ស​ជា​ច្រើន​គិត​ថា ការត្រូវ​បាន​គេ​ប្រដៅ ( សូមមើល ម៉ូសាយ ២៣:២១ ) មាន​អត្ថន័យ​ដូច​គ្នា​នឹង​ការដាក់​ទណ្ឌកម្ម ។ អែលឌើរ លីន ជី រ៉ូប៊ីន ក្នុង​ពួកចិតសិបនាក់បាន​ពន្យល់ថា « ពាក្យ ប្រដៅ មក​ពី​ពាក្យ​ឡាតាំង​ថា castus មានន័យ​ថា ‹ បរិសុទ្ធ ឬ​បន្សុទ្ធ › និង chasten មានន័យ​ថា « ដើម្បី​បន្សុទ្ធ » [ សូមមើល វចនានុក្រម Merriam-Webster’s Collegiate ការបោះពុម្ព​ទី ១១ ( ឆ្នាំ ២០០៣ ) « chasten » ] » ( « The Righteous Judge » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៧ ) ។ សូម​សញ្ជឹង​គិត​មួយ​ភ្លែត​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​នឹង​បន្សុទ្ធ​អ្នក​តាមរយៈ​ការសាកល្បង និង​សេចក្តីវេទនា​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ ៖

    • តើ​ការយល់​ដឹង​អំពី​សេចក្តីពិត​ទាំង​នេះ​អាច​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ប្រតិកម្ម​ចំពោះ​ការសាកល្បង​របស់​អ្នក​ដោយ​របៀប​ណា ?

    • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជួប​ប្រទះ​ការសាកល្បង ?

    • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ការសាកល្បង​នានា​ដែល​អ្នក​ជួប​ប្រទះ ?