« ម៉ូសាយ ១៨ ៖ សេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ១៨ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ១៨
សេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក
ការសម្រេចចិត្តមួយចំនួនមានសារៈសំខាន់ខ្លាំងណាស់ រហូតដល់វាអាចជះឥទ្ធិពលលើអ្វីគ្រប់យ៉ាងផ្សេងទៀតក្នុងជីវិតរបស់យើង ។ ការចុះសេចក្ដីសញ្ញាជាមួយព្រះតាមរយៈពិធីបុណ្យជ្រមុជទឹក គឺជាការសម្រេចចិត្តមួយក្នុងចំណោមការសម្រេចចិត្តទាំងនោះ ។ អាលម៉ាបានបង្រៀនប្រជាជនរបស់លោកនៅក្បែរទឹកមរមនអំពីសេចក្ដីសញ្ញាដែលយើងចុះជាមួយនឹងព្រះ នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក ។ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក និងរបៀបដែលវាអាចជះឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះ និងអ្នកដទៃ ។
ពិធីបុណ្យជ្រមុជទឹករបស់អ្នក
ដើម្បីចាប់ផ្ដើមការសិក្សារបស់អ្នកនៅថ្ងៃនេះ សូមគិតអំពីពិធីបុណ្យជ្រមុជទឹករបស់អ្នក ហើយព្យាយាមចងចាំព័ត៌មានលម្អិតមកពីថ្ងៃនោះ ។ ប្រសិនបើអ្នកមិនទាន់បានទទួលពិធីបុណ្យជ្រមុជទឹកទេ សូមសញ្ចឹងគិតអំពីអ្វីដែលអ្នកដឹងអំពីពិធីបុណ្យជ្រមុជទឹក ឬអ្វីដែលអ្នកចងចាំពីការចូលរួមក្នុងពិធីបុណ្យជ្រមុជទឹក ។
-
តើអនុស្សាវរីយ៍អ្វីខ្លះដែលអ្នកចូលចិត្តបំផុតមកពីថ្ងៃនោះ ? តើអ្នកមានអារម្មណ៍ដូចម្ដេច ?
-
តើការសម្រេចចិត្តរបស់អ្នកក្នុងការទទួលពិធីបុណ្យជ្រមុជទឹកជះឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះ និងមនុស្សដទៃទៀតយ៉ាងណា ?
អាលម៉ាបង្រៀនសម្តីរបស់ អ័ប៊ីណាដៃ
ម៉ូសាយ ១៨ មានដំណើររឿងរបស់អាលម៉ា ដែលធ្លាប់ជាសង្ឃម្នាក់របស់ស្តេចណូអេ ដោយបង្រៀនសម្តីរបស់អ័ប៊ីណាដៃដល់អ្នកដទៃ ។ អាលម៉ាត្រូវបានបង្ខំឲ្យបង្រៀនដោយសម្ងាត់ ដោយសារស្តេចណូអេចង់សម្លាប់លោក ដោយសារការជឿទីបន្ទាល់របស់អ័ប៊ីណាដៃ អំពីព្រះយេស៊ូវគ្រីស្ទ ។
សូមអាន ម៉ូសាយ ១៨:១–៧ ដោយរកមើលអ្វីដែល អាលម៉ា បានបង្រៀនប្រជាជន ។
-
តើអាលម៉ាបានបង្រៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ បន្ទាប់ពីបានឮទីបន្ទាល់របស់ អ័ប៊ីណាដៃមក ?
-
ហេតុអ្វីអ្នកគិតថា អាលម៉ាសម្រេចចិត្តបង្រៀនអ្វីដែលលោកបានធ្វើនៅក្នុងខគម្ពីរទាំងនេះ ?
សេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក
បន្ទាប់ពីបង្រៀនប្រជាជនអំពីការប្រោសលោះតាមរយៈព្រះយេស៊ូវគ្រីស្ទមក អាលម៉ាបានបង្រៀនអំពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹក ។ ចេញពីការបង្រៀនរបស់លោក យើងអាចដឹងថា ពេលយើងទទួលបុណ្យជ្រមុជទឹក នោះយើងចុះសេចក្តីសញ្ញាជាមួយនឹងព្រះ ។ នៅពេលអ្នកបន្តសិក្សាការបង្រៀនរបស់អាលម៉ា សូមសញ្ជឹងគិតពីអ្វីដែលអ្នកដឹងអំពីសេចក្ដីសញ្ញាដែលយើងចុះនៅក្នុងពិធីបុណ្យជ្រមុជទឹក ហើយរំឭករាល់ពេលដែលយើងទទួលទានសាក្រាម៉ង់ ព្រមទាំងសំណួរទាំងឡាយដែលអ្នកអាចមាន ។ សូមស្វែងរកដោយការអធិស្ឋានដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលសេចក្តីសញ្ញានេះអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះ និងអ្នកដទៃ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីអ្វីដែលជាសេចក្តីសញ្ញា ៖
សេចក្ដីសញ្ញាគឺជាកិច្ចព្រមព្រៀងរវាងព្រះ និងមនុស្ស ជាកិច្ចព្រមព្រៀងដែលលក្ខខណ្ឌត្រូវបានកំណត់ដោយព្រះ ( សូមមើល Bible Dictionary « Covenant » ទំព័រ ៦៥១ ) ។ នៅក្នុងកិច្ចព្រមព្រៀងដ៏ទេវភាពទាំងនេះ ព្រះចងអង្គទ្រង់ដើម្បីទ្រទ្រង់ ញែកជាបរិសុទ្ធ និងលើកតម្កើងយើងជាថ្នូរនឹងការតាំងចិត្តរបស់យើងក្នុងការបម្រើទ្រង់ និងរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Power of Covenants » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ២០ )
នៅក្នុង ម៉ូសាយ ១៨:៨–១០ អាលម៉ាបានពិពណ៌នាអំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ សូមអាន ម៉ូសាយ ១៨:៨–១០ ហើយពិចារណាគូសចំណាំនូវអ្វីដែលយើងតាំងចិត្តនឹងធ្វើ នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក ហើយដោយប្រើពណ៌ ឬម៉ូដផ្សេងៗ ដោយគូសចំណាំពរជ័យដែលព្រះវរបិតាសួគ៌ប្រទានដល់យើង ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការ « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ » និង « កម្សាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការការកម្សាន្តទុក្ខ ? » ( ខទី ៩ ) ។
-
តើមានវិធីណាខ្លះដែលយើងអាច « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង ? » ( ខទី ៩ ) ។ តើអ្នកស្គាល់នរណាដែលជាគំរូល្អអំពីការណ៍ទាំងនេះ ?
-
តើអ្នកបានឃើញព្រះប្រទានពរដល់អ្នក ឬអ្នកដទៃពីការសន្យាដែលទ្រង់ធ្វើជាមួយយើងតាមរយៈពិធីបុណ្យជ្រមុជទឹកដោយរបៀបណា ?
ការរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នក
ដើម្បីជួយអ្នកឲ្យឃើញពីរបៀបរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នកឲ្យកាន់តែប្រសើរឡើង អ្នកអាចចង់មើលវីដេអូខាងក្រោម ដោយរកមើលឧទាហរណ៍នៃការរក្សាការសន្យាដែលអាលម៉ាបានពិពណ៌នានៅក្នុង ម៉ូសាយ ១៨:៨–១០ ។ ( វីដេអូមាននៅ ChurchofJesusChrist.org ។,
-
« No Cussing Club » ( ៤:៥៦ )
-
« Eyes to See » ( ចាប់ពីនាទីទី ៤:៥៥ ដល់នាទីទី ៦:៥៣ )
-
« Dayton’s Legs » ( ៣:០២ )
-
តើពាក្យ និងឃ្លាណាចេញមកពី ខទី ៨–១០ ដែលអ្នកបានឃើញថាបានបង្ហាញ ?
សូមជ្រើសរើសយ៉ាងហោចណាស់ការសន្យាមួយ ដែលយើងធ្វើនៅពិធីបុណ្យជ្រមុជទឹក ដែលអាលម៉ាបានចែកចាយនៅក្នុង ម៉ូសាយ ១៨:៨–១០ ។ ឧទាហរណ៍ ៖ អ្នកអាចនឹងជ្រើសរើសយក « ទទួលបន្ទុកគ្នាទៅវិញទៅមក » ( ខទី ៨ ) ឬ « កាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ( ខទី ១០ ) ។
សូមចំណាយពេលខ្លះដើម្បីកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ពីរបៀបដែលអ្នកមានអារម្មណ៍ថា អ្នកកំពុងធ្វើក្នុងការរក្សាការសន្យានៃពិធីបុណ្យជ្រមុជទឹក ដែលអាលម៉ាបានចែកចាយនៅក្នុង ម៉ូសាយ ១៨:៨–១០ ។ តើអ្នកបានរក្សាការសន្យាមួយចំនួនបានជោគជ័យដោយរបៀបណា ? តើក្នុងស្ថានភាពណាខ្លះដែលអ្នកអាចរក្សាការសន្យាមួយក្នុងចំណោមការសន្យាទាំងនោះដោយចេតនា ? តើអ្នកគិតថា វានឹងជះឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះអម្ចាស់ និងជាមួយមនុស្សផ្សេងទៀតយ៉ាងដូចម្ដេច ប្រសិនបើអ្នកធ្វើដូច្នេះ ?