« ម៉ូសាយ ២៦ ៖ ‹ បើសិនជាគេទទួលសារភាពនូវអំពើបាបទាំងឡាយរបស់ខ្លួន … ហើយប្រែចិត្ត › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ២៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ២៦
« បើសិនជាគេទទួលសារភាពនូវអំពើបាបទាំងឡាយរបស់ខ្លួន … ហើយប្រែចិត្ត »
តើការប្រែចិត្តអាចជួយយើងក្នុងជីវិតប្រចាំថ្ងៃរបស់យើងយ៉ាងដូចម្ដេច ? ហេតុអ្វីយើងត្រូវសារភាពអំពើបាបរបស់យើង ជាផ្នែកមួយនៃការប្រែចិត្តរបស់យើង ? ក្នុងនាមជាសង្ឃជាន់ខ្ពស់ក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ អាលម៉ាចង់ជួយអស់អ្នកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ។ ព្រះអម្ចាស់បានប្រទានការណែនាំច្បាស់លាស់ដល់លោកអំពីអ្វីដែលលោកគួរធ្វើ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យយល់ពីធម្មជាតិនៃការពេញដោយក្តីស្រឡាញ់ និងការអភ័យទោសរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងមូលហេតុដែលយើងគួរប្រែចិត្តពីអំពើបាបរបស់យើង ។
តើអ្នកនឹងធ្វើអ្វី ?
សូមស្រមៃថា អ្នកបានឮនរណាម្នាក់និយាយអំពីសំណួរ និងកង្វល់ខាងក្រោមអំពីការប្រែចិត្ត ៖
-
ខ្ញុំមិនប្រាកដថា វាមានតម្លៃក្នុងការប្រែចិត្តនោះទេ ។
-
ហេតុអ្វីខ្ញុំត្រូវសារភាពអំពើបាបរបស់ខ្ញុំ ? ហេតុអ្វីអំពើបាបខ្លះចាំបាច់ត្រូវសារភាពចំពោះថ្នាក់ដឹកនាំបព្វជិតភាព ?
-
ខ្ញុំបានប្រព្រឹត្តអំពើបាបច្រើនណាស់រហូតដល់ព្រះអម្ចាស់មិនអាចអត់ទោសឲ្យខ្ញុំបាន ។
សូមគិតមួយសន្ទុះ ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលអាចទាក់ទងនឹងកង្វល់ទាំងនេះ ។
-
តើមានសំណួរ ឬកង្វល់អ្វីទៀតដែលនរណាម្នាក់អាចមានអំពីការប្រែចិត្ត ?
សូមសញ្ជឹងគិតថា តើសំណួរ ឬកង្វល់មួយ ឬពីរណាដែលមានន័យបំផុតសម្រាប់អ្នក ដើម្បីផ្តោតលើនៅពេលអ្នកសិក្សាមេរៀននេះ ។ សូមស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ ដើម្បីជួយអ្នកស្វែងរកចម្លើយ និងបង្កើនការយល់ដឹងរបស់អ្នកអំពីការប្រែចិត្ត ។
បញ្ហានៅក្នុងសាសនាចក្រ
បន្ទាប់ពីព្រះអម្ចាស់បានរំដោះអាលម៉ា និងប្រជាជនរបស់លោកឲ្យរួចពីភាពជាទាសករ នោះពួកគេបានចូលរួមជាមួយនឹងពួកសាសន៍នីហ្វៃ និងប្រជាជនលិមហៃនៅសារ៉ាហិមឡា ។ នៅទីនោះ ស្តេចម៉ូសាយបានតែងតាំងអាលម៉ាធ្វើជាអ្នកដឹកនាំសាសនាចក្រ ។ មនុស្សមួយចំនួននៅក្រោមការដឹកនាំរបស់អាលម៉ា បានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ហើយមិនប្រែចិត្ត ( សូមមើល ម៉ូសាយ ២៦:១–៦ ) ។ ពួកគេត្រូវបាននាំមកដាក់នៅចំពោះមុខអាលម៉ា ប៉ុន្តែអាលម៉ាមានការលំបាកដើម្បីដឹងពីរបៀបដោះស្រាយ ។
សូមអាន ម៉ូសាយ ២៦:១៣–១៥, ១៩–២៤, ២៨–៣១ ហើយរកមើលការណែនាំដែលព្រះអម្ចាស់បានប្រទានដល់អាលម៉ា ។
-
តើព្រះអម្ចាស់មានព្រះបន្ទូលថា ប្រជាជនត្រូវធ្វើអ្វីខ្លះដើម្បីទទួល និងបានការអភ័យទោសពីទ្រង់ ?
-
យោងតាម ខទី ២៣ ហេតុអ្វីព្រះអង្គសង្គ្រោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកំណត់ថា នរណាអាចត្រូវបានអភ័យទោស និងទទួលបានជីវិតអស់កល្បជានិច្ច ?
-
តើអ្នកបានរៀនអ្វីទៀតអំពីព្រះអម្ចាស់ពីខគម្ពីរទាំងនេះ ?
ប្រសិនបើយើងប្រែចិត្ត
អ្នកប្រហែលបានរកឃើញគោលការណ៍ដូចខាងក្រោម ៖ ប្រសិនបើយើងសារភាពអំពើបាបរបស់យើង ហើយប្រែចិត្តដោយស្មោះអស់ពីចិត្ត នោះព្រះអម្ចាស់នឹងអត់ទោសឲ្យយើង ។ជាញឹកញាប់នៅពេលដែលយើងប្រែចិត្ត ព្រះអម្ចាស់នឹងអត់ទោសឲ្យយើង ។
-
តើការសារភាពអំពើបាបរបស់យើងមានន័យយ៉ាងណា ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការ « [ ប្រែចិត្ត ] ដោយស្មោះអស់ពីចិត្ត [ របស់អ្នក ] » ( ម៉ូសាយ ២៦:២៩ ) ?
-
តើការដឹងពីលក្ខណៈនៃការអភ័យទោសរបស់ព្រះអម្ចាស់ជះឥទ្ធិពលលើឥរិយាបថរបស់អ្នកចំពោះការប្រែចិត្តយ៉ាងដូចម្ដេច ?
គោលការណ៍ទាំងនេះអាចជួយដល់សំណួរ និងកង្វល់អំពីការប្រែចិត្តនៅខាងដើមមេរៀន ។
កង្វល់ ក ៖ ខ្ញុំមិនប្រាកដថា វាមានតម្លៃក្នុងការប្រែចិត្តនោះទេ ។
-
តើបទគម្ពីរ និងគោលការណ៍អ្វីខ្លះមកពី ម៉ូសាយ ២៦ ឬបទគម្ពីរផ្សេងទៀត ដែលអ្នកអាចចែកចាយ ដែលអាចជួយដល់កង្វល់នេះ ?
សូមចាំថា អាលម៉ាខ្លួនឯងបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរពីមុនក្នុងជីវិតរបស់លោក ហើយបានប្រែចិត្ត ហើយបានទទួលការអភ័យទោសតាមរយៈព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ ១១:៥–៧; ១៨:១–៣; ២៦:១៥, ២០ ) ។
-
តើអ្នកគិតថា អាលម៉ាអាចចែកចាយអ្វីជាមួយបុគ្គលម្នាក់ដែលមានកង្វល់នេះ ?
សូមសញ្ជឹងគិតពីអ្វីដែលអ្នក ឬបុគ្គលដែលអ្នកស្គាល់បានជួបប្រទះ ពេលអ្នកបានងាកមករកព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ តាមរយៈការប្រែចិត្ត ។
កង្វល់ ខ ៖ ហេតុអ្វីខ្ញុំត្រូវសារភាពអំពើបាបរបស់ខ្ញុំ ? ហេតុអ្វីអំពើបាបខ្លះចាំបាច់ត្រូវសារភាពចំពោះថ្នាក់ដឹកនាំបព្វជិតភាព ?
ព្រះអម្ចាស់បានមានបន្ទូលប្រាប់អាលម៉ាថា អស់អ្នកដែលបានធ្វើបាបត្រូវ « ទទួលសារភាពនូវអំពើបាបទាំងឡាយរបស់ខ្លួនចំពោះអ្នក [ អាលម៉ាអ្នកដឹកនាំបព្វជិតភាពរបស់ពួកគេ ] និងចំពោះយើងគឺ [ ព្រះអម្ចាស់ ] » ( ម៉ូសាយ ២៦:២៩ ) ។
-
ដោយសារព្រះអម្ចាស់ជ្រាបពីអំពើបាបរបស់យើងរួចហើយ ហេតុអ្វីវាសំខាន់ដែលយើងត្រូវសារភាពចំពោះទ្រង់ ? តើវានឹងផ្តល់ពរជ័យដល់ជីវិតយើងយ៉ាងណា ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន និង អែលឌើរ ស៊ី. ស្កត ហ្គ្រូ អ្នកមានសិទ្ធិអំណាចទូទៅនៃពួកចិតសិបនាក់ ហើយរកមើលការយល់ដឹងអំពីពេលវេលា និងមូលហេតុដែលយើងគួរសារភាពចំពោះប៊ីស្សព ឬប្រធានសាខា ។
ប៊ីស្សពមានសិទ្ធិទទួលវិវរណៈពីព្រះវិញ្ញាណបរិសុទ្ធ ស្ដីពីសមាជិកក្នុងវួដរបស់លោក រួមទាំងអ្នកផងដែរ ។… [ លោក ] អាចជួយអ្នកឲ្យឆ្លងកាត់ដំណើរការប្រែចិត្តតាមរបៀបដែលឪពុកម្តាយរបស់អ្នក ឬអ្នកដឹកនាំផ្សេងទៀតមិនអាចផ្ដល់ឲ្យបាន ។ …
[ ប្រសិនបើយើងមិនសារភាពទេ នោះយើង ] រែកបន្ទុកនៃអំពើបាបតែម្នាក់ឯង ជាជាងអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះដកបន្ទុកនោះចេញ ។ ( ស៊ី. ស្កត ហ្គ្រូ « Why and What Do I Need to Confess to My Bishop? » New Era ខែ តុលា ឆ្នាំ ២០១៣ ទំព័រ ២៨–២៩ )
-
តើសេចក្តីថ្លែងការណ៍នេះអាចជួយនរណាម្នាក់ដែលមានកង្វល់អំពីការសារភាពចំពោះថ្នាក់ដឹកនាំបព្វជិតភាពរបស់ពួកគេយ៉ាងដូចម្ដេច ?
កង្វល់ គ ៖ ខ្ញុំបានប្រព្រឹត្តអំពើបាបច្រើនណាស់រហូតដល់ព្រះអម្ចាស់មិនអាចអត់ទោសឲ្យខ្ញុំបាន ។
-
តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង ម៉ូសាយ ២៦:២៩–៣០ អាចជួយដល់កង្វល់នេះបានយ៉ាងដូចម្តេច ? ( អ្នកក៏អាចពិចារណាសិក្សា ធីម៉ូថេ ទី១ ១:១៥; យ៉ូហាន ទី១ ១:៩; ឬ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១២; ៥៨:៤២–៤៣ ផងដែរ ) ។
-
តើដំណើររឿងអ្វីខ្លះក្នុងព្រះគម្ពីរអំពីព្រះអង្គសង្គ្រោះ បង្ហាញពីព្រះទ័យរបស់ទ្រង់ដល់អស់អ្នកដែលព្យាយាមប្រែចិត្ត និងព្រះឆន្ទៈរបស់ទ្រង់ក្នុងការអត់ទោស ?
កង្វល់ ឃ ៖ ជម្រើសរបស់អ្នក ។
សូមគិតអំពីកង្វល់ជាក់ស្តែងមួយទៀត ឬសំណួរដែលនរណាម្នាក់អាចមានអំពីការប្រែចិត្ត ។ សូមសិក្សា « ការប្រែចិត្ត » ឬ « ការសារភាព » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ដោយស្វែងរកសេចក្តីពិតទាំងឡាយដែលអាចជួយបាន ។ អ្នកក៏អាចរំឭកបទគម្ពីរដែលទាក់ទងនឹង « ការប្រែចិត្ត » ឬ « ការសារភាព » នៅក្នុងTopical Guide ( ChurchofJesusChrist.org ) ។, វាក៏អាចមានប្រយោជន៍ផងដែរក្នុងការសិក្សា « ការប្រែចិត្ត » នៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ហើយសញ្ជឹងគិតអំពីអ្វីដែលអ្នកដឹងអំពីព្រះអម្ចាស់ ដែលអាចនឹងជួយ ។
តើមានអ្វីកើតឡើង ?
សូមអាន ម៉ូសាយ ២៦:៣៤–៣៧ ដោយរកមើលអ្វីដែលបានកើតឡើង នៅពេលអាលម៉ាធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ។
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នកអាចចង់ចងចាំ ឬធ្វើ ដោយសារមេរៀននេះ ។ ការឆ្លុះបញ្ចាំងនេះអាចរួមបញ្ចូលពីរបៀបដែលអ្នកចង់ចងចាំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ក្នុងការអត់ទោស ឬរបៀបដែលអ្នកអាចចង់ព្យាយាមសារភាព និងប្រែចិត្តពីអំពើបាបរបស់អ្នកផ្ទាល់ ។