« ម៉ូសាយ ២៧:២៤–៣៧ ៖ ‹ កើតមកពីព្រះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ២៧:២៤–៣៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ២៧:២៤–៣៧
« កើតមកពីព្រះ »
ការប្រែចិត្តរបស់អាលម៉ាជាកូន និងពួកបុត្រារបស់ម៉ូសាយអាចផ្ដល់សេចក្តីសង្ឃឹមដល់អ្នក ដែលងឿងឆ្ងល់ថា តើវាអាចផ្លាស់ប្តូរបានដែរឬទេ ។ ព្រះអង្គសង្គ្រោះបានជួយយុវជនទាំងនេះ ដែលត្រូវបានពិពណ៌នាថា ជា « មនុស្សអាក្រក់បំផុតក្នុងចំណោមមនុស្សដែលមានបាបទាំងឡាយ » ( ម៉ូសាយ ២៨:៤ ) ដើម្បីត្រូវផ្លាស់ប្តូរ « ទៅកាន់ស្ថានភាពនៃសេចក្ដីសុចរិត » ( ម៉ូសាយ ២៧:២៥ ) ។ មេរៀននេះអាចជួយអ្នកប្រែចិត្ត ហើយបង្ហាញសេចក្តីជំនឿថា ព្រះអង្គសង្គ្រោះអាចផ្លាស់ប្តូរចិត្តរបស់អ្នកបាន ។
ផ្លាស់ប្តូរ
សូមព្យាយាមគិតពីអ្វីៗក្នុងធម្មជាតិដែលប្រែប្រួលយ៉ាងខ្លាំងដែលវាស្ទើរតែមិនអាចទៅរួចដែលវាជារឿងដដែលៗ ។ ឧទាហរណ៍មួយត្រូវបានបង្ហាញក្នុងរូបភាពខាងក្រោម ។
-
តើការវិវត្តខាងវិញ្ញាណរបស់យើងអាចប្រៀបធៀបទៅនឹងដង្កូវនាងក្លាយជាមេអំបៅយ៉ាងដូចម្ដេច ?
-
តើព្រះបានធ្វើឲ្យយើងអាចផ្លាស់ប្តូរ ហើយក្លាយដូចទ្រង់យ៉ាងដូចម្ដេច ?
សូមគិតមួយភ្លែតអំពីភាពរីកចម្រើនរបស់អ្នកក្នុងការក្លាយដូចជាព្រះ ។ តើមានអ្វីអំពីខ្លួនអ្នកដែលអ្នកចង់ផ្លាស់ប្តូរ ឬកែលម្អទេ ? តើអ្នកអាចប្រឈមនឹងឧបសគ្គអ្វីខ្លះក្នុងការផ្លាស់ប្តូរដែលចង់បានទាំងនេះ ?
ថ្ងៃនេះ អ្នកនឹងសិក្សាពីការផ្លាស់ប្តូរប្រកបដោយអព្ភូតហេតុមួយដែលព្រះអង្គសង្គ្រោះបានធ្វើនៅក្នុងជីវិតរបស់យុវជនមួយចំនួន ។ នៅពេលអ្នកសិក្សា សូមស្តាប់ការបំផុសគំនិតនៃព្រះវិញ្ញាណអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយអ្នកផ្លាស់ប្តូរផងដែរ ។
អាលម៉ាជាកូន និងពួកបុត្រារបស់ម៉ូសាយ
សូមចាំថា ផ្នែកដំបូងនៃ ម៉ូសាយ ២៧ មានដំណើររឿងមួយអំពីព្រះដែលឆ្លើយតបនឹងការអធិស្ឋានរបស់អាលម៉ា ។ ព្រះបានចាត់ទេវតាមួយអង្គមកបញ្ចុះបញ្ចូលអាលម៉ាជាកូន និងពួកបុត្រារបស់ស្តេចម៉ូសាយអំពីកំហុសនៃការប្រព្រឹត្តិរបស់ពួកគេ ។ អាលម៉ាជាកូនមិនអាចនិយាយ ឬកម្រើកបានប៉ុន្មានថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍នេះ ( សូមមើល ម៉ូសាយ ២៧:១៩, ២៣ ) ។ ក្នុងអំឡុងពេលនោះ លោកបានដកពិសោធនឹងការឈឺចាប់ដែលមិនអាចពិពណ៌នាបានចំពោះអំពើបាបរបស់លោក ។ នៅពេលលោកអាចនិយាយឡើងវិញ លោកបានពិពណ៌នាអំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់លោក ។
សូមសរសេរ « ការផ្លាស់ប្ដូរគឺអាចធ្វើទៅបានតាមរយៈព្រះយេស៊ូវគ្រីស្ទ » នៅផ្នែកខាងលើនៃក្រដាសមួយសន្លឹក ។ បន្ទាប់មកសូមគូរបន្ទាត់បញ្ឈរពីរដើម្បីបែងចែកក្រដាសជាបីជួរស្មើគ្នា ។ សូមដាក់ស្លាកជួរឈរខាងឆ្វេង « ពីមុន » ជួរកណ្តាល « តួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ » និងជួរឈរខាងស្តាំ « ក្រោយមក » ។
សូមអាន ម៉ូសាយ ២៧:៨–១០; ២៨:៤ ដើម្បីរំឭកអំពីសភាពរបស់អាលម៉ាជាកូន និងពួកបុត្រារបស់ម៉ូសាយធ្លាប់មានកាលពីដើមក្នុងជីវិតរបស់ពួកលោក ។ សូមសរសេរការពិពណ៌នាអំពីសភាពទាំងនោះនៅក្នុងជួរឈរ « ពីមុន » នៅលើក្រដាសរបស់អ្នក ។
ឥឡូវនេះសូមអាន ម៉ូសាយ ២៧:៣២–៣៧ ហើយសរសេរការពិពណ៌នាអំពីបុគ្គលដែលពួកលោកបានប្រែក្លាយនៅក្នុងជួរឈរ « ក្រោយមក » ។
សូមផ្អាកមួយនាទីដើម្បីសញ្ជឹងគិតពីការផ្លាស់ប្តូរដែលអ្នកបានឃើញនៅក្នុងនរណាម្នាក់ដែលបានប្រែចិត្តដោយសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ ។ ( អ្នកប្រហែលគិតពីខ្លួនឯង ) ។ សូមបន្ថែមការពិពណ៌នាទៅជួរឈររបស់អ្នកអំពីសភាពដែលពួកគេ ( ឬអ្នក ) មានពីមុន និងក្រោយការផ្លាស់ប្តូរនេះ ។
សូមអាន ម៉ូសាយ ២៧:២៣–២៦ ដោយរកមើលឃ្លាដែលពិពណ៌នាអំពីការផ្លាស់ប្តូរដែលចាំបាច់សម្រាប់យើងដើម្បីក្លាយដូចព្រះអង្គសង្គ្រោះ ។ វាអាចមានប្រយោជន៍ក្នុងការដឹងថា ពាក្យ ខាងរូបកាយ ( ខទី ២៥ ) អាចមានន័យថា ខាងលោកិយ ឬត្រេកត្រអាល ហើយឃ្លា « ក្លាយទៅជាបុត្រាបុត្រី [ របស់ព្រះ ] » ( ខទី ២៥ ) អាចសំដៅទៅលើអ្នកដែល « គ្រងនគរព្រះទុកជាមរតក » ( ខទី ២៦ ) ។
នៅក្នុងជួរឈរ « តួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ » លើក្រដាសរបស់អ្នក សូមសរសេរឃ្លាដែលអ្នកចាប់អារម្មណ៍ ។ សូមចំណាយពេលបន្តិចដើម្បីពិចារណាពីអត្ថន័យនៃឃ្លាទាំងនោះ ។ ប្រសិនបើចាំបាច់ សូមរកមើលពាក្យណាមួយដែលអ្នកចង់យល់កាន់តែច្បាស់នៅក្នុង Topical Guide ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
សេចក្តីពិតមួយដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះគឺ មនុស្សលោកទាំងអស់ត្រូវតែផ្លាស់ប្តូរតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ការផ្លាស់ប្តូរគឺជាដំណើរការ មិនមែនជាព្រឹត្តិការណ៍មួយទេ ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ខណៈដែលដំណើរការនៃការប្រែចិត្តខ្លះអាចកើតឡើងយ៉ាងខ្លាំង ដូចដែលវាកើតឡើងចំពោះអាលម៉ា នេះជាករណីលើកលែងច្រើនជាងច្បាប់ ។ ពួកយើងភាគច្រើនផ្លាស់ប្តូរមួយជំហានម្តងៗ មួយអ៊ីញម្តងៗ ឆ្ពោះទៅរកភាពល្អកាន់តែច្រើន កាន់តែពិតប្រាកដនៅក្នុងសេចក្តីសញ្ញារបស់យើង ការបម្រើ និងការតាំងចិត្ត ។ ( នែល អិល អាន់ឌើរសិន The Divine Gift of Forgiveness [ ឆ្នាំ ២០១៩ ] ទំព័រ ១១ )
-
ហេតុអ្វីសេចក្ដីថ្លែងការណ៍របស់អែលឌើរ អាន់ឌើរសិន សំខាន់ក្នុងការចងចាំ ?
សូមចំណាយពេលខ្លះដើម្បីធ្វើបញ្ជីសកម្មភាពមួយចំនួនដែលយើងអាចធ្វើដើម្បីប្រែចិត្ត ហើយត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗដោយព្រះអម្ចាស់ ។ ( សម្រាប់គំនិតផ្សេងៗ សូមអានសេចក្ដីថ្លែងការណ៍របស់អែលឌើរ អាន់ឌើរសិន ខាងលើឡើងវិញ ហើយពិចារណាអានខគម្ពីរមួយចំនួនខាងក្រោមនេះ ៖ ម៉ូសាយ ២៦:២៩; ២៧:៣៥; អាលម៉ា ៣៦:១៨; នីហ្វៃទី៣ ៩:២២; គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៩; ៥៨:៤២–៤៣ ) ។
សូមមើលវីដេអូ « The Hope of God’s Light » ( ៦:៤៦ ) ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានជួយនរណាម្នាក់ផ្លាស់ប្តូរ « មួយជំហានម្តងៗ មួយអ៊ីញម្តងៗ ឆ្ពោះទៅរកភាពល្អកាន់តែច្រើន » ។
សូមចំណាយពេលបន្តិចដើម្បីពិចារណាអំពីរបៀបដែលមេរៀននេះអនុវត្តចំពោះអ្នក ។ សូមកត់ត្រាគំនិតរបស់អ្នកអំពីសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើការផ្លាស់ប្ដូរបន្តិចម្ដងៗអ្វីខ្លះដែលព្រះអង្គសង្គ្រោះបានជួយអ្នករួចហើយ ? តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការខិតខំរបស់អ្នក និងជំនួយរបស់ព្រះអម្ចាស់ ?
-
តើអ្វីជាជំហានបន្ទាប់ដែលអ្នកទទួលអារម្មណ៍ថា ព្រះអម្ចាស់នឹងឲ្យអ្នកធ្វើដើម្បីប្រែចិត្ត ហើយបន្តផ្លាស់ប្ដូរតាមរយៈទ្រង់ ?
-
តើឧបសគ្គអ្វីខ្លះដែលអ្នកអាចប្រឈមមុខក្នុងដំណើរការនេះ ហើយតើអ្នកអាចងាកទៅរកព្រះអម្ចាស់ដើម្បីជួយអ្នកយកឈ្នះលើឧបសគ្គទាំងនោះដោយរបៀបណា ?