« ម៉ូសាយ ២៧:១–២៤ ៖ ‹ លោកបានអធិស្ឋានដោយសេចក្ដីជំនឿដ៏ជោកជាំអំពីអ្នក › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ២៧:១–២៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ២៧:១–២៤
« លោកបានអធិស្ឋានដោយសេចក្ដីជំនឿដ៏ជោកជាំអំពីអ្នក »
តើអ្នកដឹងទេថា ការឃើញមនុស្សជាទីស្រឡាញ់បដិសេធសេចក្តីពិតវាមានសភាពបែបណា ? អាលម៉ា និងស្ដេចម៉ូសាយ បានដឹងពីការឈឺចាប់នៃការមើលឃើញសមាជិកគ្រួសារបះបោរប្រឆាំងនឹងព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់ ។ តាមរយៈសេចក្ដីមេត្តាករុណារបស់ព្រះគ្រីស្ទ ទីបំផុតពួកលោកត្រូវបានប្រទានពរឲ្យមានអារម្មណ៍រីករាយពេលឃើញមនុស្សជាទីស្រឡាញ់ទាំងនេះប្រែចិត្ត ។ មេរៀននេះអាចជួយអ្នកស្វែងរកវិធីដើម្បីជួយអ្នកដែលបដិសេធការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទឲ្យត្រឡប់មករកទ្រង់វិញ ។
មានក្តីសង្ឃឹមតាមរយៈព្រះគ្រីស្ទ
តើមាននរណាម្នាក់ដែលអ្នកព្រួយបារម្ភដោយសារពួកគេកំពុងពុះពារខាងវិញ្ញាណ ឬថែមទាំងតែបះបោរនឹងព្រះដែរឬទេ ? ប្រសិនបើដូច្នេះមែន សូមចាំមនុស្សនេះក្នុងចិត្តពេលអ្នកសិក្សាថ្ងៃនេះ ។ ដូចគ្នានេះដែរ ប្រសិនបើអ្នកកំពុងពុះពារខាងវិញ្ញាណ នោះអ្នកអាចចាំស្ថានភាពរបស់អ្នកនៅក្នុងចិត្តពេញមួយមេរៀននេះ ។
សូមពិចារណាថា តើសេចក្តីថ្លែងការណ៍ខាងក្រោមពិពណ៌នាអំពីអ្នកបានត្រឹមត្រូវប៉ុនណា ៖
-
ខ្ញុំជឿថា វាមិនយឺតពេលទេសម្រាប់អ្នកដែលពុះពារ ឬបះបោរខាងវិញ្ញាណ ដើម្បីបានការព្យាបាលពីព្រះយេស៊ូវគ្រីស្ទ ។
-
ខ្ញុំបានឃើញឧទាហរណ៍ផ្សេងៗនៅក្នុងព្រះគម្ពីរ និងមនុស្សនៅជុំវិញខ្ញុំ ដែលផ្តល់ឲ្យខ្ញុំនូវសេចក្តីសង្ឃឹមសម្រាប់មនុស្សដែលមានការពុះពារ ឬកំពុងបះបោរខាងវិញ្ញាណ ។
-
ខ្ញុំដឹងពីអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីជួយមនុស្សដែលមានការពុះពារ ឬកំពុងបះបោរខាងវិញ្ញាណ ។
នៅពេលអ្នកសិក្សា ម៉ូសាយ ២៧ ថ្ងៃនេះ សូមរកមើលហេតុផលផ្សេងៗដើម្បីមានសង្ឃឹម និងអ្វីដែលអ្នកអាចធ្វើបាន ដើម្បីជួយអ្នកដែលមានការពុះពារ ឬកំពុងបះបោរខាងវិញ្ញាណ ។
ការជួយអ្នកដែលវង្វេងខាងវិញ្ញាណ
សូមអាន ម៉ូសាយ ២៧:១, ៨–១០ ដើម្បីមើលថា តើព្យាការីអាលម៉ា និងស្តេចម៉ូសាយព្រួយបារម្ភអំពីនរណា ។
-
តើអ្នកគិតថា ជម្រើសរបស់យុវជនទាំងនេះអាចជះឥទ្ធិពលដល់ឪពុកម្ដាយ បងប្អូនបង្កើត និងមិត្តភក្ដិរបស់ពួកគេយ៉ាងដូចម្ដេច ?
សូមអាន ម៉ូសាយ ២៧:១១–១៦, ១៩ ដើម្បីមើលពីអ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីជួយអាលម៉ាជាកូន ផ្លាស់ប្តូរជីវិតរបស់លោក និងមូលហេតុ ។ អ្នកអាចចង់មើលវីដេអូ « Alma the Younger Is Converted unto the Lord » ចាប់ពីនាទីទី ៣:០៦ ដល់នាទីទី ៦:៥៩ ។
-
តើឃ្លាអ្វីខ្លះមកពីសាររបស់ទេវតាដែលអ្នកគិតថា មានឥទ្ធិពលបំផុតចំពោះយុវជនទាំងនេះ ?
-
តើបទពិសោធន៍នេះអាចបង្ហាញពីសេចក្តីស្រឡាញ់ និងព្រះរាជបំណងរបស់ព្រះដើម្បីសង្គ្រោះយុវជនទាំងនេះ ( ក៏ដូចជាអ្នកដទៃទៀតដែលវង្វេងខាងវិញ្ញាណ ) យ៉ាងដូចម្ដេច ?
-
យោងតាម ម៉ូសាយ ២៧:១៤ ហេតុអ្វីទេវតាមានបន្ទូលថា ទ្រង់បានមករកអាលម៉ាជាកូន និងពួកបុត្រារបស់ម៉ូសាយ ? ( សូមពិចារណាគូសចំណាំចម្លើយចំពោះសំណួរនេះនៅក្នុងព្រះគម្ពីររបស់អ្នក ) ។
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីគោលការណ៍ដែលអ្នកអាចរៀនពីខគម្ពីរទាំងនេះ ។
គោលការណ៍មួយដែលយើងអាចរៀនបានគឺថា ការអធិស្ឋានដោយសេចក្តីជំនឿដ៏អស្ចារ្យសម្រាប់អ្នកដែលមានការពុះពារ ឬការបះបោរខាងវិញ្ញាណអញ្ជើញព្រះអម្ចាស់ឲ្យជួយពួកគេស្គាល់សេចក្ដីពិត ។
សូមចងចាំថា ព្រះអម្ចាស់នឹងមិនបំពានលើសិទ្ធិជ្រើសរើសខាងសីលធម៌នៃអស់អ្នកដែលយើងអធិស្ឋានសម្រាប់ពួកគេឡើយ ។ ទោះបីជាទេវតាបានយាងមកជួបក៏ដោយ អាលម៉ា និងពួកបុត្រារបស់ម៉ូសាយនៅតែអាចប្រើសិទ្ធិជ្រើសរើសរបស់ពួកលោកមិនប្រែចិត្ត ។ ទោះបីជាព្រះវរបិតាសួគ៌មិនអាចបញ្ជូនទេវតាទៅរកមនុស្សជាទីស្រឡាញ់របស់យើងក៏ដោយ ទ្រង់នឹងឆ្លើយតបនឹងការអធិស្ឋានរបស់យើងតាមរបៀប និងកាលកំណត់របស់ទ្រង់ ។ យើងអាចទុកចិត្តលើទ្រង់ដើម្បីជួយ ។ អ្នកនឹងរៀនបន្ថែមទៀតអំពីតួនាទីរបស់ព្រះអម្ចាស់ក្នុងការផ្លាស់ប្តូររបស់អាលម៉ានៅក្នុងមេរៀនបន្ទាប់ ។
-
តើអ្នកស្រមៃថា ការអធិស្ឋានរបស់អាលម៉ាជាឪពុកអាចមានលក្ខណៈយ៉ាងណា ? តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការអធិស្ឋាន « ដោយមានសេចក្ដីជំនឿដ៏ជោកជាំ » ( ម៉ូសាយ ២៧:១៤ ) ?
-
ហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងអធិស្ឋានសម្រាប់អ្នកដែលពុះពារ ឬកំពុងបះបោរខាងវិញ្ញាណ ?
-
តើពេលណាដែលអ្នកមានអារម្មណ៍ថា ការអធិស្ឋានរបស់អ្នកបានធ្វើឲ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់អ្នកផ្សេងទៀត ? តើអ្នកគិតថា ការអធិស្ឋានរបស់បុគ្គលម្នាក់បានជួយអ្នកនៅពេលណា ?
សូមសញ្ជឹងគិតអំពីរឿងជាក់លាក់ដែលអ្នកអាចអធិស្ឋានសូម នៅពេលទូលសូមព្រះវរបិតាសួគ៌ឲ្យជួយនរណាម្នាក់ដែលកំពុងពុះពារខាងវិញ្ញាណ ។ អ្នកអាចថែមទាំងផ្អាកការសិក្សារបស់អ្នកមួយសន្ទុះដើម្បីអធិស្ឋានសម្រាប់ពួកគេឥឡូវនេះផងដែរ ។
តើខ្ញុំអាចធ្វើអ្វីបានទៀត ?
សូមអានវគ្គបទគម្ពីរខាងក្រោម ដោយរកមើលអ្វីដែលអាលម៉ា និងអ្នកដទៃទៀតបានធ្វើ បន្ថែមពីលើការអធិស្ឋាន ដើម្បីជួយកូនប្រុសរបស់លោកឲ្យត្រឡប់ទៅរកព្រះអម្ចាស់វិញ ។
អាលម៉ា ៣៦:១៧–១៩ ( ការពិពណ៌នាក្រោយមករបស់អាលម៉ា ជាកូនអំពីអ្វីដែលឪពុកលោកបានបង្រៀន និងរបៀបដែលការណ៍នោះបានជួយលោក )
-
តើអាលម៉ាបានធ្វើអ្វី បន្ថែមពីលើការអធិស្ឋាន ដើម្បីជួយកូនប្រុសលោក ?
សូមសិក្សារឿងមួយខាងក្រោមដែលអាលម៉ាបានធ្វើ ហើយកត់ត្រាគំនិតរបស់អ្នក ។ ពេលអ្នកសិក្សា អ្នកអាចចងចាំពីមនុស្សជាទីស្រឡាញ់ដែលកំពុងពុះពារខាងវិញ្ញាណ ឬថែមទាំងតែកំពុងបះបោរ ៖
-
ការតមអាហារ—ស្វែងយល់បន្ថែមអំពីការតមអាហារដោយការស្រាវជ្រាវ ChurchofJesusChrist.orgកម្មវិធីបណ្ណាល័យដំណឹងល្អ សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ឬវគ្គបទគម្ពីរផ្សេងទៀតដូចជា ម៉ាកុស ៩:១៧–១៨, ២៥–២៩ ។ តើការតមអាហារអាចជួយអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកយ៉ាងដូចម្តេច ? តើមានអ្នកផ្សេងទៀតដែលអ្នកអាចអញ្ជើញឲ្យចូលរួមជាមួយអ្នកក្នុងការតមអាហារដែរឬទេ ?
-
ការថ្លែងទីបន្ទាល់—ប្រៀបធៀបបទពិសោធន៍របស់អាលម៉ាដែលបានពិពណ៌នានៅក្នុង អាលម៉ា ៣៦:១៧–១៩ ទៅនឹងបទពិសោធន៍របស់ អេណុស នៅក្នុង អេណុស ១:១–៥ ។ សូមសញ្ជឹងគិតពីសមត្ថភាពរបស់ព្រះវិញ្ញាណបរិសុទ្ធដើម្បីរំឭកមនុស្សអំពីរឿងដែលពួកគេបានឮ នៅពេលពួកគេត្រូវការរឿងនោះ ( សូមមើល យ៉ូហាន ១៤:២៦ ) ។ ការណ៍នេះអាចផ្ដល់ឲ្យយើងនូវភាពក្លាហានក្នុងការចែកចាយទីបន្ទាល់របស់យើងអំពីព្រះគ្រីស្ទ សូម្បីតែជាមួយនឹងអ្នកដែលហាក់ដូចជាមិនទទួលយកក៏ដោយ ។ វាក៏អាចជួយយើងឲ្យចងចាំនូវរឿងដែលយើងដឹង និងជឿអំពីព្រះអង្គសង្គ្រោះ នៅពេលយើងអាចត្រូវការរឿងនោះបំផុតផងដែរ ។ តើអ្នកអាចចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះដោយរបៀបណា ?