ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣១:១–១១ ៖ « គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ »


« អាលម៉ា ៣១:១–១១ ៖ ‹ គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣១:១–១១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣១:១–១១

« គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ »

ពួកអ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​ចេញពី​ព្រះគម្ពីរ

តើ​រឿង​ប្រភេទ​ណា​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឃ្លាត​ឆ្ងាយ​ពី​ព្រះអង្គ​សង្គ្រោះ ? តើ​មាន​អ្វីខ្លះ​ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ទ្រង់ ? បន្ទាប់ពី​ឮ​ថា ពួក​សាសន៍​សូរាំ​បាន « ធ្លាក់​ទៅ​ក្នុង​កំហុស​យ៉ាង​ធំ » ( អាលម៉ា ៣១:៩ ) អាលម៉ា បាន​ដាក់ផែនការ​ដើម្បី​ប្រើប្រាស់​ព្រះបន្ទូល​ដ៏​មាន​អានុភាព​របស់​ព្រះ​ដើម្បី​អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់​មក​រក​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពឹងផ្អែក​លើ​ព្រះចេស្តា​នៃ​ព្រះបន្ទូល​នៃ​ព្រះ​ដើម្បី​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

វង្វេង

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៃ​កុរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ការរកឃើញ​ការស្រាវជ្រាវ​ថា តើ​វា​លំបាក​យ៉ាង​ណា​ក្នុងការ​ដើរ​ឲ្យ​ត្រង់ នៅពេល​យើង​មើល​មិនឃើញ​សញ្ញា​សម្គាល់ ។ ខណៈពេល​ដែល​បុគ្គល​ជាច្រើន​នៅក្នុង​ការប្រឡង​ស្រាវជ្រាវ​បានគិត​ថា ពួកគេ​បាន​ទទួល​ជោគជ័យ លទ្ធផល​បាន​បង្ហាញ​ថា « បើ​គ្មាន​សញ្ញា​សម្គាល់​ផ្លូវ​ដែល​អាច​មើលឃើញ និង​អាច​ទុកចិត្ត​បាន​ទេ នោះយើង​នឹង​វង្វេង​ហើយ » ( ឌៀថើរ អេហ្វ អុជដូហ្វ « Daily Restoration » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៧៧ ) ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Daily Restoration » ចាប់ពី​នាទី​ទី ១:៤០ ដល់​នាទី​ទី ៣:២៥ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដោយ​គិត​ថា តើ​ការណ៍​នេះ​អាច​ទាក់ទង​ទៅនឹង​ជីវិត​របស់​យើង​ដោយ​របៀប​ណា ។

13:43
  • តើ​ការណ៍​នេះ​ទាក់ទង​ទៅនឹង​យើង​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ?

នៅក្នុង អាលម៉ា ៣១–៣៥ អ្នក​នឹង​រៀន​អំពី​ពួកសាសន៍​សូរាំ ដែល​ធ្លាប់​បានជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ប៉ុន្តែ​បាន​វង្វេង​ចេញពី​សេចក្តី​ជំនឿ​របស់​ខ្លួន ។ នៅមុន​ពេល​អ្នក​ចាប់ផ្ដើម​ការសិក្សា​របស់អ្នក​នៅក្នុង អាលម៉ា ៣១ សូម​គិត​ពិចារណា​ពី​របៀប​ដែល​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​អ្នក​បាន​រីកចម្រើន​រហូត​មក ។

  • បើ​អ្នក​ត្រូវ​បន្ត​នៅលើ​ផ្លូវ​បច្ចុប្បន្ន​របស់​អ្នក តើ​អ្នក​ឆ្ពោះ​ទៅរក​ព្រះគ្រីស្ទ ឬ​នៅ​ឆ្ងាយ​ពី​ទ្រង់ ?

គោលដៅ​របស់​អាលម៉ា

នៅក្នុង អាលម៉ា ៣១:១–១១ យើង​រៀន​អំពី​ការខិតខំ​របស់​ពួកសាសន៍​សូរាំ និង​កិច្ចខិតខំ​របស់​អាលម៉ា ដើម្បី​អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ព្រះអម្ចាស់​វិញ ។ រូប​ខាង​ក្រោម​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​អាលម៉ា បាន​ព្យាយាម​ដណ្តើម​យក​ពួកសាសន៍​សូរាំ​មក​វិញ ។

រូបតំណាង​កំណត់ត្រាសូម​ចម្លង​ខ្លឹមសារ​ខាងក្រោម​ដាក់​ចូល​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

សូម​អាន អាលម៉ា ៣១:១–៤, ៨–១១ ដោយ​ការរកមើល​របៀប ⁠និង​មូលហេតុ​ដែល​ពួកសាសន៍​សូរាំ​បាន​ចាប់ផ្ដើម​​វង្វេង ។ សូម​កត់ត្រា​អ្វី​ដែល​អ្នក​បានរកឃើញ​នៅក្នុង​ផ្នែក « បញ្ហា » ។

រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​ពួកសាសន៍​សូរាំ​បានវង្វេង​តាមរបៀប​ណា ? តើ​មាន​បញ្ហា​អ្វីខ្លះ​ដែល​បាន​បណ្ដាល​ឲ្យ​មាន​រឿង​នេះ ?

    • តើ​សកម្មភាព​ស្រដៀង​គ្នា​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​នៅ​សម័យ​នេះ ?

    សូម​អាន អាលម៉ា ⁠៣១:៣៤ ⁠ដោយ​ការរក​មើល​គោលដៅ ⁠និង​ក្ដី​សង្ឃឹម​របស់​អាលម៉ា ចំពោះ​ពួកសាសន៍​សូរាំ ។⁠ សូម​ពិចារណា​សរសេរ​វា​ចូល​ក្នុង​ផ្នែក « គោលដៅ » ។

    • ដោយ​ការគិត​អំពី​គោលដៅ​របស់​អាលម៉ា និង​អារម្មណ៍​របស់លោក​ដែល​អ្នក​បាន​អាន​នៅក្នុង អាលម៉ា ៣១:១–២⁠ តើ​អ្នក​គិត​ថា​អ្វី​ទៅ​ដែល​បាន​ជំរុញ​ចិត្ត​អាលម៉ា ? ហេតុអ្វី​បាន​ជា​ចំណុច​នេះ​អាច​មាន​សារៈសំខាន់ ?

សូម​អាន អាលម៉ា ៣១:៥–៧, ១១ ⁠ដោយ​ការគូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី​ផែនការ​របស់​អាលម៉ា ដើម្បី​សម្រេច​គោលដៅ​របស់​លោក ។ អ្នក​អាច​នឹង​ចង់​កត់ត្រា​ត្រឹម​ខ​ទី ៥ ថា ពាក្យ គុណធម៌⁠ មកពី​ពាក្យ​ឡាតាំង​ថា virtus ⁠ដែល​មាន​ន័យ​ថា កម្លាំង ⁠ឬ​អំណាច ( សូមមើល Gospel Topics « Virtue » ) ហើយ​ពាក្យ ពិសោធ នៅក្នុង​បរិបទ​នេះ​មានន័យ​ថា សាកល្បង ឬ​ពិសោធន៍ ។

រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​បី​នៃ​សំណួរ​ទាំង​ប្រាំ ៖

    • តើ​អ្នក​គិត​ថា ឃ្លា​ដែល​ថា « ពិសោធ​គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ » មាន​អត្ថន័យ​យ៉ាងណា ? តើ​អ្នក​អាច​ស្វែងរក​ព្រះ​បន្ទូល​នៃ​ព្រះ​នៅ​ឯណា ? ( សូម​ពិចារណា​អាន និង​យោង​ឆ្លង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:២–៤, ៣៤–៣៦; ៦៨:៤ ) ។

    • តើ​អ្វីជា​សេចក្តីពិត​ដែល​យើង​អាច​រៀន​ពី​គោលដៅ​របស់ អាលម៉ា និង​ផែនការ​ដើម្បី​សម្រេច​គោលដៅ​នេះ​បាន ?

    សេចក្ដីពិត​មួយ​ដែល​អ្នក​ប្រហែលជា​អាច​បានរកឃើញ​នោះគឺ ព្រះបន្ទូល​នៃ​ព្រះ​មាន​ព្រះចេស្តា​ដើម្បី​ដឹកនាំ​មនុស្ស​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

    • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះ​ដែល​ធ្វើ​ឲ្យ​ព្រះបន្ទូល​ទ្រង់​មាន​អានុភាព​ចំពោះ​អ្នក ? ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​មាន​អានុភាព​ខ្លាំង « ជាង​ផ្លែ​ដាវ ឬ​អ្វី​ផ្សេងៗ​ទៀត » ? ( អាលម៉ា ៣១:៥ ) ។

    • តើ​ព្រះបន្ទូល​នៃ​ព្រះ​អាច​ជួយ​យើង​ឲ្យ​ចែកចាយ​ដំណឹងល្អ កែ​គំនិត​ខុសឆ្គង ឬ​នាំ​អ្នកដទៃ​មករក​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដោយ​របៀប​ណា ?

    • តើ​ព្រះ​⁠បន្ទូល​នៃ​ព្រះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅលើ​ជីវិត​របស់​អ្នក ?

    ដោយ​ការប្រើ​អ្វី​ដែល​អ្នក​បាន​ស្វែងយល់​ពី​អាលម៉ា និង​ការយល់ដឹង​របស់​អ្នក​ពី​សំណួរ​មុនៗ សូម​បំពេញ​ផ្នែក « របៀប​សម្រេច​បាន​គោលដៅ » ។

ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ជីវិត​ខ្ញុំ

សូម​គិត​អំពី​របៀប​នៃ​អ្វី​ដែល​អ្នក​កំពុង​ស្វែងយល់​ពី​អាលម៉ា និង​ពួកសាសន៍​សូរាំ​ទាក់ទង​នឹង​ជីវិត​អ្នក ។

  • តើ​មាន​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ពួកយុវវ័យ​វង្វេង​ចេញពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ការពឹងផ្អែក​លើ​ព្រះបន្ទូល​នៃ​ព្រះ​អាច​រារាំង​ការវង្វេង​របស់យើង​ចេញពី​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ជួយ​យើង​ឲ្យ​ត្រឡប់​មករក​ទ្រង់វិញ​ដោយ​របៀបណា ?

សូម​គិត​អំពី​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​មាន​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​អ្នក​វង្វេង​ចេញពី​ទ្រង់​ដែរ​ឬទេ ? តើ​អ្នក​ចង់បាន​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​ទ្រង់​ដែរ​ឬ​ទេ ? សូម​ដាក់​គោលដៅ​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​ជួយ​អ្នក​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់ ។ គោលដៅ​នេះ​អាច​ទាក់ទង​នឹង ឬ​អាច​បន្ថែម​ទៅក្នុង​គោលដៅ​របស់​កុមារ និងយុវវ័យ​របស់អ្នក​បាន ។

រូបតំណាង​កំណត់ត្រាសូម​ចម្លង​ដ្យាក្រាម​គោលដៅ​មួយ​ផ្សេង​ទៀត​ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​សរសេរ​គោលដៅ​របស់អ្នក​នៅក្នុង​ផ្នែក « គោលដៅ​ផ្ទាល់​ខ្លួន » ។

អ្នក​ក៏​អាច​សរសេរ​ឧបសគ្គ​ណាមួយ​ចំពោះ​គោលដៅ​អ្នក​នៅក្នុង​ផ្នែក « ឧបសគ្គ » បានដែរ ។

នៅក្នុង​ផ្នែក « របៀប​សម្រេច​បាន​គោលដៅ » សូម​សរសេរ​របៀប​ដែល​អ្នក​អាច​ពឹងផ្អែក​លើ​គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ​បាន ។ សូម​បូកបញ្ចូល​របៀប​ដែល​ចំណុច​នេះ​នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក​បាន ។

សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​បាន ៖

  • ហេតុអ្វី​គោលដៅ​នេះ​ជា​អ្វីមួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវការ​ក្នុង​ជីវិត​របស់​អ្នក ? តើ​ការសម្រេច​វា​បាន​⁠នឹង​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​សកម្មភាព​ជាក់លាក់​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើបាន⁠​ដើម្បី​ជួយ​អ្នក​ឲ្យ​ពឹងផ្អែក​លើ​ព្រះចេស្តា​នៃ​ព្រះបន្ទូល​នៃ​ព្រះ ? តើ​ការណ៍នេះ​អាច​ជួយ​អ្នក​សម្រេច​គោលដៅ​របស់អ្នក​បាន​ដោយ​របៀបណា ?

  • តើ​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​អ្វីខ្លះ​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ⁠​ដែល​អាច​ជំរុញ​អ្នក​ឲ្យ​ធ្វើការ​លើ​គោលដៅ​នេះ​បាន ?

  1. នៅពេល​អ្នក​បញ្ចប់​ការសិក្សា​ហើយ សូម​សរសេរ « ខ្ញុំ​បាន​ដាក់​គោលដៅ​ផ្ទាល់ខ្លួន »⁠ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ពិចារណា​កត់ត្រា​ការយល់ដឹង​ណាមួយ ឬ​សេចក្តីលម្អិត​អំពី​បទពិសោធន៍​អ្នក​ចេញពី​ការសិក្សា អាលម៉ា ៣១:១–១១ របស់អ្នក​ដែល​មិន​ផ្ទាល់ខ្លួន​ពេក​ទេ ។