ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣២ ៖ « ពង្រឹង​សេចក្ដីជំនឿ​របស់អ្នក »


« អាលម៉ា ៣២ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អាលម៉ា ៣២

« ពង្រឹង​សេចក្ដីជំនឿ​របស់អ្នក »

ដៃ​កាន់​គ្រាប់ពូជ

វត្ថុ​ផ្សេងៗ​ជាច្រើន​អាច​ត្រូវបាន​ប្រើ​ដើម្បីជួយឲ្យ​យើងយល់​អំពីដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។⁠ នៅពេល​អាលម៉ា បាន​បង្រៀន​ពួកសាសន៍​សូរាំ លោក​បាន​ប្រៀបធៀប​ព្រះបន្ទូល​នៃ​ព្រះ​ទៅនឹង​គ្រាប់​ពូជ​មួយ​ប្រភេទ​ដែល​យើង​អាច​ដាំ​ក្នុង​ចិត្ត​យើង​បាន ដែល​នៅ​ទីបំផុត​អាច​ក្លាយ​ទៅ​ជា « ដើម​មួយ ពន្លក​ឡើង​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣២:៤១ ) ។⁠ មេរៀននេះ​មាន​គោលបំណង​ជួយឲ្យ​អ្នកដាំ​ព្រះ​បន្ទូល​នៃ​ព្រះនៅក្នុង​ចិត្តអ្នក ⁠និង​បីបាច់​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះបន្ទូល​នៃ​ព្រះ ។

ការប្រៀបធៀប

ការធ្វើ​ការប្រៀបធៀប​អាចជា​វិធី​ដ៏​មានប្រសិទ្ធភាព​មួយ​ដើម្បីបង្រៀន និង​ស្វែងយល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។⁠ សូម​បំពេញ​ចន្លោះ​ដូចខាងក្រោម ។⁠ សូម​មាន​ភាពច្នៃប្រឌិត ហើយ​ចាំ​មើល​ថា​តើ​មានវិធី​ច្រើនជាង​មួយ​ដែលអ្នក​អាចនឹង​បំពេញ​ប្រយោគ​នេះ​បាន​ដែរ​ឬទេ ។

  • ជីវិត​គឺ​ដូចជា ដោយសារតែ  ។

  • ទូរសព្ទ​ឆ្លាតវៃ​គឺដូចជា ដោយសារតែ  ។

  • ការទទួលបាន​ទីបន្ទាល់​គឺដូចជា ដោយសារតែ  ។

នៅពេល​ដែល​អាលម៉ា និងអាមូលេក កំពុងបម្រើ​នៅក្នុងចំណោម​ពួកសាសន៍សូរាំ មនុស្ស​មួយក្រុម​បានសម្តែង​ការព្រួយបារម្ភ​ថា ពួកគេ​មិនអាច​នឹង​ថ្វាយបង្គំ​ព្រះបានទេ ដោយសារ​ពួកគេ​ត្រូវ​គេ​បណ្ដេញ​ចេញពី​កន្លែង​ថ្វាយបង្គំ​ព្រះ​ដោយសារតែ​ភាពក្រីក្ររបស់​ពួកគេ ( សូមមើល អាលម៉ា ៣២:៥ ) ។ ខណៈ​ដែល​យើង​ដឹង​ថា⁠ ព្រះអម្ចាស់​បានបង្រៀន​យ៉ាងច្បាស់​អំពី​សារៈសំខាន់​នៃ​ការទៅ​ព្រះវិហារ​របស់ទ្រង់​នៅថ្ងៃ​ឈប់​សម្រាក អាលម៉ា​បានឆ្លើយតប​តាមរយៈ​ការបង្រៀន​អស់​អ្នក​ដែល​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ព្រះវិហារ អំពី​សេចក្ដីពិត​ដ៏​សំខាន់​អំពី​ការថ្វាយបង្គំ ដែលអាច​ធ្វើ​ឡើង​ក្នុងចិត្តយើង​បាន ដោយ​មិនគិត​ពី​ទីកន្លែង​ជាក់ស្ដែង​របស់យើង​ឡើយ ។

សូម​អានប្រយោគ​ដំបូង​របស់ អាលម៉ា ៣២:២៨⁠ បន្ទាប់មក​អាន ខទី ៤១ ហើយ​រកមើល​ការប្រៀបធៀប​ដែល អាលម៉ា​បានប្រើ​ដែលអាចអនុវត្ត​ចំពោះអ្នក​ផងដែរ ។⁠

  • តើ​អ្នកពិនិត្យឃើញ​មាន​ភាពស្រដៀងគ្នា​អ្វីខ្លះ​រវាងការដាំដើម​ឈើហូបផ្លែ​ពី​គ្រាប់ពូជ​មួយ និង​ការរីកលូតលាស់​ទីបន្ទាល់របស់អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់ ?

ការប្រៀបធៀប​របស់​អាលម៉ា​ អំពី​ព្រះបន្ទូល​នៃ​ព្រះ​ទៅនឹង​គ្រាប់ពូជ​អាច​អនុវត្ត​​បាន ចំពោះ​ការទទួល​បាន​ទីបន្ទាល់អំពី​ផ្នែក​ណា​មួយ​នៃដំណឹងល្អ ។⁠ ប៉ុន្តែ​ក្រោយមក អាលម៉ា​បានពន្យល់​ថា វាគឺជា​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែលលោក​បានសង្ឃឹមថា​ ពួកសាសន៍​សូរាំទាំងនោះ​នឹងដាំ​នៅក្នុង​ចិត្តពួកគេ ( សូមមើល អាលម៉ា ៣៣:២២–២៣ ) ។

  • តើ​ហេតុអ្វីបាន​ជា​ជំនឿលើ​ព្រះអង្គសង្គ្រោះ​ចាត់ទុក​ថា​ជា « គ្រាប់ពូជ » ដ៏សំខាន់​ដែល​ត្រូវដាំ​ក្នុងចិត្តអ្នក ?

សូម​ចំណាយពេល​បន្តិច ដើម្បី​គិតអំពី​ភាពខ្លាំង​នៃទីបន្ទាល់​ជារួម​ដែលអ្នក​កំពុងមាន​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់ ។⁠ លើសពីនេះ សូម​ពិចារណា​ផងដែរ​ថា​តើ​មាន​ផ្នែក​ណាមួយ​ជាក់លាក់​នៃ​ទីបន្ទាល់​របស់​អ្នក​ដែល​អ្នកចង់ពង្រឹង​ដែរ​ឬទេ ដូចជា​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​អ្នក ឬ​ភាពពិត​នៃ​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ ។⁠ នៅពេល​អ្នក​បន្តសិក្សា​នៅ​ថ្ងៃនេះ សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយឲ្យ​អ្នក​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ទទួលបាន ឬ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក ។

ការដាំ និង​ថែរក្សា​ព្រះ​បន្ទូល​នៃ​ព្រះ​នៅក្នុង​ចិត្តយើង

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤)—« អាលម៉ា ៣២ ៖ ‹ ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក › »

ការដាំគ្រាប់​ពូជ

សូមអាន អាលម៉ា ៣២:២១–២៣, ២៦–៣០ ហើយ​សម្គាល់​ពាក្យ និង​ឃ្លា​ដែល​ជួយឲ្យ​អ្នកយល់​ពីរបៀប​ចាប់ផ្តើម​បណ្ដុះ​ទីបន្ទាល់ ។

  • តើ​មាន​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យមនុស្ស​ពិបាក​ធ្វើបែប​នេះ ?

  • យោងតាម ខទី ២៨–៣០ តើ​មានអ្វី​អាចកើត​ឡើង នៅពេល​យើង​ដាក់ចិត្ត​យើង​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់ ?

រូបតំណាង​កំណត់ត្រា
  1. សូម​ធ្វើ​កិច្ចការ​ដូច​ខាង​ក្រោម ៖

    សូម​សរសេរ​សង្ខេប​ជា​ប្រយោគ​មួយ​អំពីអ្វី​ដែលអ្នក​បានរៀន​មកពី​ខគម្ពីរ​ទាំងនេះ អំពី​ការជួយ​ដល់ទីបន្ទាល់​របស់​អ្នក​នៅក្នុង​ជំហាន​ដំបូងៗ​របស់វា ។

ការថែទាំ​គ្រាប់ពូជ

អាលម៉ា​បានបង្រៀន​ថា ការដាំ​គ្រាប់ពូជ ហើយ​ការរកឃើញថា​វាល្អ​នោះ គឺ​គ្រាន់តែ​ជាផ្នែក​ដំបូង​នៃ​ការបណ្តុះ​ទីបន្ទាល់​មួយ​ប៉ុណ្ណោះ ។⁠ សូម​អាន អាលម៉ា ៣២:៣៧–៤៣⁠ ដោយរកមើល​ការបង្រៀន​ដែល​ជួយ​អ្នក​ឲ្យ​យល់អំពី​របៀប​ជួយ​ឲ្យ​ទីបន្ទាល់​មួយ​បន្តរីកលូតលាស់ ។⁠

  • តើ​មាន​ឧទាហរណ៍​អ្វីខ្លះ​អំពី​របៀប​ដែលនរណា​ម្នាក់​អាច​បដិសេធ​ទីបន្ទាល់​របស់គាត់ ឬ​នាង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់ ?

  • តើ​មាន​វិធីអ្វីខ្លះ​ដែលអ្នក​អាច​បីបាច់​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ដែល​នឹងជួយ​ធ្វើ​ឲ្យ​ទីបន្ទាល់​កាន់តែ​រឹងមាំ ?

  1. សូម​ធ្វើ​កិច្ចការ​ដូច​ខាង​ក្រោម ៖

    សូម​សរសេរ​សង្ខេប​ជា​ប្រយោគ​មួយ​អំពី​អ្វី​ដែល​អ្នក​បានរៀន​មក​ពី​ខគម្ពីរទាំងនេះ អំពី​ការពង្រឹង​ទីបន្ទាល់មួយ​ដែលកំពុងតែ​រីកចម្រើន​នៅក្នុង​ខ្លួនអ្នក​រួចហើយ​នោះ ។

ទីបន្ទាល់​របស់​អ្នក

ដើម្បី​ជួយអ្នក​ឲ្យ​មើលឃើញ​របៀប​ដែល​ការប្រៀបធៀប​របស់​អាលម៉ា​ទាក់ទង​នឹង​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ សូម​គូរ​ដ្យាក្រាម​មួយ​ដូចខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។⁠ សូម​ពង្រីក​រូបភាព​របស់​អ្នក​ឲ្យ​ពេញ​លើទំព័រ​ទាំងមូល⁠ ដើម្បី​ឲ្យ​មានកន្លែង​សរសេរបាន​នៅក្នុង​ដំណាក់​កាលលូតលាស់​នីមួយៗ ។

ដំណាក់កាល​លូតលាស់​នៃ​ដើមឈើ​ហូបផ្លែ​មួយដើម

សូម​ចំណាយពេល⁠​បន្តិច​ដើម្បីប្រៀបធៀប​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​របស់ទ្រង់​ទៅនឹង​ការលូតលាស់​នៃ​ដើមឈើ​ហូបផ្លែ​មួយដើម ។⁠ សូម​ជ្រើសយក​ទិដ្ឋភាព​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ឲ្យបាន​ច្រើន ហើយ​សរសេរ​វាមួយៗ​នៅក្រោម​ដំណាក់កាល​រីកលូតលាស់ ដែលអ្នក​មានអារម្មណ៍​ថា​តំណាង​ឲ្យ​ទីបន្ទាល់​បច្ចុប្បន្ន​របស់អ្នក​នៅក្នុងផ្នែក​ទាំងនោះ​ល្អ​បំផុត ។

ឧទាហរណ៍ មនុស្ស​ម្នាក់​អាចសរសេរ​ថា « ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្មរស់ » នៅក្រោម​ដើមឈើ​ហូបផ្លែ និង « អំណាច​បព្វជិតភាព » នៅក្រោម​គ្រាប់ពូជ​នេះ ។⁠ បន្ទាប់មក បុគ្គល​នោះអាច​សរសេរ​ផ្នែក​ផ្សេងៗ​ទៀតនៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ដែលមាន​ដូចជា « ព្យាការី​ដែល​រស់នៅ » « កិច្ចការ​ព្រះវិហារបរិសុទ្ធ » « ព្រះគម្ពីរ​មរមន » និង « ការអធិស្ឋាន » នៅក្រោម​ដំណាក់កាល​រីកចម្រើន​ដែលតំណាងឲ្យទីបន្ទាល់របស់គាត់ ឬ​នាង​នៅក្នុង​ផ្នែកនីមួយៗ​ក្នុងចំណោម​ផ្នែកទាំងនោះ ។

សូម​ដាក់​ផែនការ​មួយ​អំពីរបៀប​ដែលអ្នក​នឹង​ព្យាយាម​អនុវត្ត​តាម​ការបង្រៀន​របស់អាលម៉ា​ទៅក្នុង​ជីវិតរបស់​អ្នក ។⁠ អ្នក​អាច​គិត​ដល់អ្វីដែល​អ្នកអាចនឹង​ធ្វើបាន​ដើម្បី « ទុក​កន្លែង​មួយ » នៅក្នុង​ដួងចិត្ត និង​ជីវិតអ្នក​ដើម្បី​ឲ្យ​ផ្នែក​មួយ​នៃ​ទីបន្ទាល់អ្នក​ឲ្យ​ដុះពន្លក​ឡើង ។⁠ អ្នក​អាច​ពិចារណា​អំពី​របៀប​ដែលអ្នកអាច « បីបាច់ » ផ្នែកនានា​នៃ​ទីបន្ទាល់​របស់​អ្នក​ដែលបានចាប់ផ្តើម​លូតលាស់​រួចមកហើយ ។⁠ សូម​កត់ត្រាគំនិត ចំណាប់អារម្មណ៍⁠ និង​គោលដៅ​របស់អ្នក​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សាអ្នក ។