« មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧ ៖ បានសរសេរឡើងសម្រាប់ជំនាន់របស់យើង » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧
បានសរសេរឡើងសម្រាប់ជំនាន់របស់យើង
សូមស្រមៃថាបានរស់នៅរាប់រយឆ្នាំមុន ប៉ុន្តែដឹងថាសម័យរបស់យើងរស់នៅមានលក្ខណៈបែបណា ។ មរ៉ូណៃបានមានបទពិសោធន៍នេះ ដោយព្រះអម្ចាស់បានបង្ហាញដល់លោកនូវសម័យកាលរបស់យើង ។ មរ៉ូណៃបានពិពណ៌នាពីអំពើបាប និងអាកប្បកិរិយាដែលនឹងមានជាទូទៅនៅថ្ងៃចុងក្រោយ ។ លោកបានអញ្ជើញយើងឲ្យ « បែរមករកព្រះអម្ចាស់ចុះ » ( មរមន ៩:៦ ) ហើយបានផ្តល់ដំបូន្មានផ្សេងទៀត ដើម្បីជួយយើងឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ថា ព្រះគម្ពីរមរមនបាននិពន្ធឡើងដើម្បីជួយដល់យើងនៅសម័យចុងក្រោយនេះឲ្យបែរមករកព្រះអម្ចាស់វិញ ។
មរ៉ូណៃបានសរសេរមកកាន់យើង
សូមស្រមៃថា អ្នកបានរស់នៅជាយូរលង់ណាស់មកហើយ ហើយត្រូវបានសុំឲ្យសរសេរសារលិខិតមួយ ដើម្បីដាក់ចូលទៅក្នុងកន្សោមពេលវេលា ដែលនឹងត្រូវយកមកបើកនៅសម័យកាលរបស់យើងនេះ ។
-
តើអ្នកនឹងផ្តល់ការព្រមាន ដំបូន្មាន ឬការលើកទឹកចិត្តអ្វីខ្លះដើម្បីជួយនរណាម្នាក់ក្នុងដោះស្រាយបញ្ហាប្រឈមមុខសព្វថ្ងៃនេះ ?
មុនពេលដែលមរមនស្លាប់ លោកបានប្រគល់ផ្ទាំងមាសឲ្យកូនប្រុសលោកគឺ មរ៉ូណៃ ( សូមមើល មរមន ៨:១ ) ។ មរ៉ូណៃបានពិពណ៌នាអំពីរបៀបមួយ ដែលព្រះអម្ចាស់បានជួយលោកឲ្យដឹងអំពីអ្វី ដើម្បីសរសេរទៅកាន់ប្រជាជននៅជំនាន់របស់យើងនេះ ។ សូមអាន មរមន ៨:៣៤–៣៥; ៩:៣០ ដោយរកមើលរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់មរ៉ូណៃ ក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់លោក ។
-
តើព្រះអម្ចាស់បានបង្ហាញអ្វីខ្លះដល់មរ៉ូណៃ ?
-
តើយើងអាចរៀនសូត្រសេចក្ដីពិតអ្វីខ្លះចេញពីរឿងនេះ ?
សេចក្តីពិតមួយដែលយើងរៀន គឺថាព្រះយេស៊ូវគ្រីស្ទបានបំផុសគំនិតដល់ព្យាការី ដែលសរសេរព្រះគម្ពីរមរមនឲ្យសរសេរដោយគិតអំពីជំនាន់របស់យើង ។
-
តើការដឹងថាពួកព្យាការីនៃព្រះគម្ពីរមរមនបានឃើញសម័យរបស់យើងធ្វើឲ្យមានឥទ្ធិពលដល់របៀបដែលយើងអានព្រះគម្ពីរមរមនដោយរបៀបណា ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) អំពីពួកព្យាការីដែលសរសេរព្រះគម្ពីរមរមន ៖
ប្រសិនបើពួកលោកបានមើលឃើញជំនាន់របស់យើង ហើយជ្រើសរើសអ្វីៗទាំងនោះ ដែលមានសារៈសំខាន់បំផុតសម្រាប់ពួកយើង តើនោះមិនមែនជារបៀប ដែលពួកយើងគួរសិក្សាព្រះគម្ពីរមរមនទេឬអី ? យើងគួរសួរខ្លួនយើងជានិច្ចថា « ហេតុអ្វីបានជាព្រះអម្ចាស់បំផុសគំនិតដល់មរមន ( ឬមរ៉ូណៃ ឬអាលម៉ា ) ឲ្យបញ្ចូលការណ៍នោះទៅក្នុងបញ្ជីរបស់លោក ? តើមានមេរៀនអ្វីខ្លះដែលខ្ញុំអាចរៀនមកពីការសិក្សាព្រះគម្ពីរមរមន ដើម្បីជួយខ្ញុំឲ្យរស់នៅក្នុងយុគសម័យកាលនេះ ? » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦ )
ការសួរខ្លួនឯងនូវសំណួរដូចអ្វីដែលប្រធាន ប៊ែនសឹន ផ្ដល់យោបល់គឺជាជំនាញសិក្សាព្រះគម្ពីរដ៏មានប្រសិទ្ធភាព ដែលអាចជួយអ្នកឲ្យស្វែងរកអត្ថន័យ និងភាពទាក់ទងគ្នាបន្ថែមទៀតនៅក្នុងការសិក្សាព្រះគម្ពីរមរមនរបស់អ្នក ។ អ្នកប្រហែលជាចង់សរសេរកត់ចំណាំទៅលើសំណួរទាំងនេះ ដើម្បីយោងនៅពេលដែលអ្នកសិក្សា ។
-
តើអ្នកគិតថាការសួរសំណួរទាំងនេះអាចកែលម្អការសិក្សាព្រះគម្ពីររបស់អ្នកដោយរបៀបណា ?
សូមអាន មរមន ៨:២៧–៣៣ ឬ មរមន ៨:៣៦–៤១ ដោយរកមើលអំពីរបៀបដែល មរ៉ូណៃ បានពិពណ៌នាអំពីស្ថានភាពខាងវិញ្ញាណរបស់មនុស្សនៅក្នុងជំនាន់របស់យើង ។
-
តើអ្នកមើលឃើញលក្ខខណ្ឌមួយណា ដែលបានពិពណ៌នាដោយមរ៉ូណៃនៅក្នុងសង្គមយើង ?
-
តើឥរិយាបទ និងអាកប្បកិរិយាទាំងនេះជះឥទ្ធិពលដល់ជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ដំណោះស្រាយខាងវិញ្ញាណនៅជំនាន់របស់យើង
សូមអាន មរមន ៩:៦, ២៧–៣១ ដោយរកមើលអំពីចំណុចអ្វីខ្លះដែលព្រះអម្ចាស់បានបំផុសគំនិតដល់ មរ៉ូណៃឲ្យសរសេរ ដើម្បីជួយដល់យើងឲ្យយកឈ្នះលើលក្ខខណ្ឌដែលអវិជ្ជមានខាងវិញ្ញាណ ។
ការបង្រៀនអំពីព្រះគម្ពីរមរមន
ព្រះគម្ពីរមរមនត្រូវបានសរសេរ ដើម្បីជួយដល់យើងឲ្យជឿ ហើយបែរមករកព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី ១ ៦:៤; មរមន ៧:៥; មរ៉ូណៃ ១០:៣០, ៣២ ) ។