« មរមន ៨:១–២៦ ៖ បញ្ជីដែលមានតម្លៃដ៏មហិមា » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរមន ៨:១–២៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរមន ៨:១–២៦
បញ្ជីដែលមានតម្លៃដ៏មហិមា
តើអ្នកនឹងធ្វើយ៉ាងណាប្រសិនបើអ្នកត្រូវបានទុកចិត្តឲ្យថែរក្សាវត្ថុដែលមានតម្លៃដូចជាផ្ទាំងមាសនោះ ? នៅពេលដែលមរ៉ូណៃបានទទួលផ្ទាំងទាំងឡាយ លោកបានធ្វើអ្វីៗទាំងអស់ដែលលោកអាចធ្វើបានដើម្បីការពារផ្ទាំងទាំងនោះ ។ នៅទីបំផុត លោកបានកប់វានៅក្នុងដីដោយទុកចិត្តថាវាត្រូវបាន « លាក់ទុកថ្វាយព្រះអម្ចាស់ » ( ទំព័រចំណងជើងនៃព្រះគម្ពីរមរមន ) ដើម្បីនឹងនាំយកមកវិញនៅថ្ងៃមួយ « ដោយព្រះហស្តនៃព្រះអម្ចាស់ » ( មរមន ៨:២៦ ) ។ មេរៀននេះអាចជួយឲ្យអ្នកយល់អំពីសារៈសំខាន់របស់ព្រះគម្ពីរមរមននៅក្នុងជីវិតរបស់អ្នក ។
អំណោយដ៏មានតម្លៃ
សូមស្រមៃថា មាននរណាម្នាក់ឲ្យការបូបមួយដែលមានសុទ្ធតែពេជ្រ និងត្បូងទទឹមជាអំណោយដល់អ្នក ។
-
តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច ? តើអំណោយនេះអាចផ្ដល់ពរដល់ជីវិតរបស់អ្នកដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានថ្វាយព្រះគម្ពីរមរមនទៅស្តេចកុលសម្ព័ន្ធអាហ្វ្រិកមួយអង្គ ហើយបានពន្យល់ថ្វាយទ្រង់អំពីរបៀបដែលព្រះគម្ពីរមរមនជាសក្តីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ ព្រះរាជាបានឆ្លើយតបថា ៖
« លោកអាចជូនពេជ្រ ឬត្បូងទទឹមដល់ខ្ញុំបាន ប៉ុន្តែគ្មានអ្វីដែលមានតម្លៃចំពោះខ្ញុំច្រើនជាងចំណេះដឹងបន្ថែមនេះអំពីព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទឡើយ » ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦១ )
-
តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យស្ដេចអាចមានព្រះហឫទ័យបែបនេះ ?
សូមគិតអំពីរបៀបដែលអ្នកនឹងឆ្លើយតបសំណួរខាងក្រោមនេះ ដែលប្រធាន ណិលសុន បានសួរ ៖
បងប្អូនប្រុសស្រីអើយ តើព្រះគម្ពីរមរមន មាន តម្លៃយ៉ាងណាចំពោះបងប្អូន ? បើគេឲ្យពេជ្រ ឬត្បូងទទឹមដល់បងប្អូន ឬ ព្រះគម្ពីរមរមនដល់បងប្អូន តើបងប្អូននឹងរើសយកមួយណា ? និយាយដោយស្មោះ តើមួយណា មាន តម្លៃច្រើនជាងគេចំពោះបងប្អូន ? ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without it? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ )
នៅពេលអ្នកសិក្សា មរមន ៨ សូមសញ្ជឹងគិតអំពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់បងប្អូនអំពីព្រះគម្ពីរមរមន ។ សូមរកមើលហេតុផលថា ហេតុអ្វីបានជាសាក្សីនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរមរមនមានតម្លៃបំផុត និងរបៀបដែលវាអាចផ្ដល់ពរដល់ជីវិតរបស់អ្នក ។
ការស្វែងយល់អំពីតម្លៃរបស់ព្រះគម្ពីរមរមន
ផ្នែកទី ១ ។ រតនសម្បត្តិដែលបានលាក់ទុក
បន្ទាប់ពីមរមនបានស្លាប់នៅក្នុងសមរភូមិ ( សូមមើល មរមន ៨:៣ ) មរ៉ូណៃ បានរក្សាទុក និងបានកត់ត្រាបន្ថែមទៀតនៅក្នុងបញ្ជីដែលឪពុករបស់លោកបានធ្វើនៅលើផ្ទាំងមាស ។
សូមអាន មរមន ៨:១–៥ និង ទំព័រចំណងជើងនៃព្រះគម្ពីរមរមន ដោយរកមើលមូលហេតុដែលព្រះគម្ពីរមរមនត្រូវបានសរសេរ និងរក្សាទុក ។
-
តើយើងអាចរៀនបានអ្វីខ្លះអំពីគោលបំណងរបស់ព្រះគម្ពីរមរមន ?
សូមសរសេរចម្លើយរបស់អ្នកតាមចំណុចមួយនៅលើផែនទីនេះ ។
សេចក្តីពិតមួយដែលយើងអាចរៀនគឺថា ព្រះគម្ពីរមរមនបានរក្សាទុកសម្រាប់ជំនាន់របស់យើង ដើម្បីបញ្ចុះបញ្ចូលយើងថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ។
-
តើព្រះគម្ពីរមរមនមានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ផ្នែកទី ២ បញ្ជីដ៏មានតម្លៃ
សូមគិតអំពីអ្វីដែលអ្នកដឹងអំពីផ្ទាំងមាស និងអ្វីដែលអ្នកគិតថាវាមានតម្លៃ ។ សូមអានអ្វីដែលយ៉ូសែប ស្ម៊ីធបានឆ្លងកាត់ នៅពេលលោកបានទទួលផ្ទាំងមាសដំបូងមកពីមរ៉ូណៃ ។
បន្ទាប់ពី យ៉ូសែប បានយកផ្ទាំងចំណារមកដល់ផ្ទះ ពួកអ្នកស្វែងរកកំណប់បានព្យាយាមលួចវាពីលោកអស់ជាច្រើនសប្តាហ៍ ។ ដើម្បីទុកផ្ទាំងចំណារឲ្យមានសុវត្ថិភាព លោកត្រូវប្ដូរកន្លែងលាក់ផ្ទាំងចំណារពីកន្លែងមួយទៅកន្លែងមួយ ដោយលាក់ផ្ទាំងចំណារតាំងពីក្រោមចង្ក្រាន ក្រោមឥដ្ឋក្នុងហាងឪពុកលោក និងក្រោមគំនរគ្រាប់ធុញ្ញជាតិជាដើម ។ គាត់មិនដែលបោះបង់ការថែរក្សាវាឡើយ ។ ( ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីជំនឿ ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៤៣ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះក្នុងដំណើររឿងនេះ ?
សូមអាន មរមន ៨:១៤ ដោយរកមើលពីអ្វីដែលមរ៉ូណៃ បាននិយាយអំពីផ្ទាំងទាំងឡាយនេះ ។
-
តើអ្នកគិតថា មរ៉ូណៃ មានន័យដូចម្តេច នៅពេលលោកនិយាយថា ផ្ទាំងទាំងនោះគឺ « ពុំមានតម្លៃអ្វីទេ » ប៉ុន្តែ « បញ្ជីនៅលើនោះ មានតម្លៃមហិមា » ? តើយើងអាចរៀនអ្វីខ្លះអំពីរឿងនេះ ?
សូមសរសេរចម្លើយរបស់អ្នកតាមចំណុចមួយនៅលើផែនទីនេះ ។
សេចក្តីពិតមួយដែលយើងអាចរៀន គឺថា បញ្ជីនៃព្រះគម្ពីរមរមន គឺមានតម្លៃដ៏មហិមា ។
សូមសរសេខគម្ពីរការបង្រៀន ឬរឿងពីរបីចេញពីព្រះគម្ពីរមរមន ដែលអ្នកមានអារម្មណ៍ថាមានតម្លៃដ៏មហិមា ។ សូមពន្យល់អំពីមូលហេតុដែលសាច់រឿងទាំងនេះមានតម្លៃសម្រាប់អ្នក ឬអ្នកដទៃទៀត ។
ផ្នែកទី ៣ អំណោយទានមកពីព្រះ
សូមពិចារណាអំពីអ្វីដែលអ្នកដឹងអំពី យ៉ូសែប ស៊្មីធ កាលនៅវ័យក្មេង ។ តើអ្នកអាចគិតពីមូលហេតុដែលព្រះប្រហែលជាជ្រើសរើសយ៉ូសែប ស្ម៊ីធឲ្យបកប្រែព្រះគម្ពីរមរមនដែរឬទេ ?
សូមអាន មរមន ៨:១៥–១៦, ២៦ ដោយរកមើលអ្វីដែលមរ៉ូណៃបានបង្រៀនអំពី យ៉ូសែប ស្ម៊ីធ និងព្រះគម្ពីរមរមន ។
-
តើមានសេចក្ដីពិតអ្វីខ្លះ ដែលយើងអាចរៀនអំពីរបៀបដែលព្រះគម្ពីរមរមនមានឡើង ?
សូមសរសេរចម្លើយរបស់អ្នកតាមចំណុចមួយនៅលើផែនទីនេះ ។
សេចក្តីពិតមួយដែលយើងអាចរៀនគឺថា ព្រះបានប្រទានអំណាចដល់ យ៉ូសែប ស្ម៊ីធ ដើម្បីនាំមកនូវព្រះគម្ពីរមរមន ។
សូមសរសេររឿងមួយឬពីរ ដែលអ្នកដឹងអំពី យ៉ូសែប ស្ម៊ីធ ធ្វើការបកប្រែព្រះគម្ពីរមរមន ។ ( សូមមើលប្រធានបទប្រវត្តិសាសនាចក្រ « Book of Mormon Translation » នៅលើគេហទំព័រ history.ChurchofJesusChrist.org ឬ Gospel Topics « Book of Mormon Translation » នៅលើគេហទំព័រ history.ChurchofJesusChrist.org ) ។
ផ្នែកទី ៤ អ្វីដែលខ្ញុំផ្តល់តម្លៃអំពីព្រះគម្ពីរមរមន
ផ្អែកលើការសិក្សារបស់អ្នកអំពីព្រះគម្ពីរមរមននៅគេហដ្ឋាន នៅព្រះវិហារ និងនៅក្នុងថ្នាក់សិក្ខាសាលា សូមសរសេរអ្វីដែលអ្នកឲ្យតម្លៃបំផុតអំពីព្រះគម្ពីរមរមន ។ សំណួរខាងក្រោមនេះអាចជួយដល់អ្នកបាន ។
សូមសរសេរចម្លើយចំពោះសំណួរខាងក្រោមយ៉ាងតិចមួយ នៅត្រង់ចំណុច X នៅលើផែនទីរបស់អ្នក ៖
-
ហេតុអ្វីបានជាអ្នកដឹងគុណចំពោះការដែលបានរក្សាទុកព្រះគម្ពីរមរមន ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីពួកព្យាការីដែលព្រះអម្ចាស់បានត្រាស់ហៅឲ្យនាំមកនូវព្រះគម្ពីរមរមនដល់យើង ?
-
តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីបង្ហាញដល់ព្រះអម្ចាស់ថា អ្នកឲ្យតម្លៃព្រះគម្ពីរមរមនខ្លាំងប៉ុណ្ណា ?