ថ្នាក់​សិក្ខាសាលា
មរមន ៩:៧–២៧ ៖ « ព្រះ​នៃ​អព្ភូតហេតុ »


« មរមន ៩:៧–២៧ ៖ ‹ ព្រះ​នៃ​អព្ភូតហេតុ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« មរមន ៩:៧–២៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

មរមន ៩:៧–២៧

« ព្រះ​នៃ​អព្ភូតហេតុ »

ព្រះគ្រីស្ទ​កំពុង​ព្យាបាល​បុរស​ខ្វាក់ភ្នែក​ម្នាក់

ពេលខ្លះ នៅពេល​អាន​អំពី​អព្ភូតហេតុ​នៅក្នុង​ព្រះគម្ពីរ យើង​ប្រហែល​ជា​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​វា​មិន​កើត​មាន​អព្ភូតហេតុ​ស្រដៀងគ្នា​នេះ​នៅក្នុង​ជំនាន់​របស់យើង ។ មរ៉ូណៃ​បានដឹងថា មនុស្ស​មួយចំនួន​នឹង​មាន​សំណួរ​បែបនេះ​នៅ​សម័យ​ចុងក្រោយ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​របៀប ការ​មាន​ជំនឿ​លើ​ព្រះ​អាច​ឲ្យ​ទ្រង់​ធ្វើ​អព្ភូតហេតុ​អស្ចារ្យ​នៅ​ក្នុង​ជីវិត​របស់អ្នក​បាន ។

ព្រះ​នៃ​អព្ភូតហេតុ

យើង​អាច​ចាត់​ទុក​ព្រឹត្តិការណ៍​ជាច្រើន​ក្នុងជីវិត​របស់យើង​ថា ជា​អព្ភូតហេតុ ។ ប៉ុន្តែ​អ្នកខ្លះ​អាច​ចាត់ទុកវា គ្រាន់តែជា​ការចៃដន្យ​ប៉ុណ្ណោះ ។ សូមគិត​ពី​ឧទាហរណ៍​មួយចំនួន​អំពី​អព្ភូតហេតុ​ដែល​អ្នក​ខ្លះ​អាច​ច្រឡំ​ថា​ជា​ការចៃដន្យ ។

  • តើ​អ្នក​គិតថា​មាន​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យ​មនុស្ស​យល់ច្រឡំ​អំពី​អព្ភូតហេតុ​ថា​ជា​ការណ៍​កើតឡើង​ដោយចៃដន្យ ?

  • ហេតុអ្វី​បាន​ជាវា​មាន​សារៈសំខាន់​សម្រាប់​នរណា​ម្នាក់ ដែល​មាន​សេចក្ដីជំនឿ​ថា ព្រះកំពុង​ធ្វើ​អព្ភូតហេតុ​ក្នុង​ជីវិត​របស់យើង​នាពេល​សព្វថ្ងៃនេះ ?

សូម​ពិចារណា​អំពី​សេចក្តីជំនឿ​របស់​អ្នកថា ព្រះ​អាច​ធ្វើ​អព្ភូតហេតុ​បាន ។ តើ​អ្នក​ជឿជាក់​ទៅ​លើ​អព្ភូតហេតុ​នៅក្នុង​ព្រះគម្ពីរ ក្នុង​ជីវិត​របស់​អ្នកដទៃ និង​ក្នុង​ជីវិត​របស់អ្នក​ខ្លាំង​កម្រិត​ប៉ុនណា ?

មរ៉ូណៃ​ថ្លែងទីបន្ទាល់​អំពី​អព្ភូតហេតុ​របស់ព្រះ

មរ៉ូណៃ​ដែលបាន​មើលឃើញ​សម័យ​របស់យើង បានសរសេរ​សារលិខិត​ទៅកាន់​អ្នកដែល​មិនជឿថា អព្ភូតហេតុ​នៅតែ​អាចកើត​ឡើងបាន ។

សូមអាន មរមន ៩:៧–១១ ដោយ​រកមើល​ពីអ្វី​ដែល មរ៉ូណៃ​បានបង្រៀន​អំពីព្រះ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​ខគម្ពីរ​ទាំង​នេះ ?

  • តើ​អ្នក​អាច​រកឃើញ​សេចក្តីពិត​អ្វី​ខ្លះ ?

មានសេចក្តីពិត​ពីរដែល​មរ៉ូណៃ​បានបង្រៀន គឺថា ព្រះនៅ​តែ​ដដែល ទោះពីថ្ងៃម្សិល ថ្ងៃនេះ និង​រហូត​ត​ទៅ ហើយថា ព្រះ គឺជា​ព្រះ​នៃ​អព្ភូតហេតុ ។

  • តើចំណេះដឹង​អំពី​សេចក្ដីពិត​ទាំងនេះ​អាចមាន​ឥទ្ធិល​លើ​សេចក្ដីជំនឿរបស់​យើងលើព្រះ​យ៉ាងដូចម្ដេច ?

សូម​ស្រមៃគិត​អំពី​វិធី​ដែល​អាច​ជួយ​ដល់​មរ៉ូណៃ ក្នុង​ការចែកចាយ​សារលិខិត​របស់គាត់ ដោយ​រៀបចំ​បទបង្ហាញ​ដែល​ពន្យល់​អំពី​សេចក្តីពិត​ទាំងនេះ ។

អ្នក​អាច​ប្រើប្រាស់​គ្រោង​ខាងក្រោម ដើម្បី​ធ្វើ​កូន​សៀវភៅ ។ អ្នក​ក៏​អាចយក​លំនាំ​តាម​វា ដើម្បី​ធ្វើ​បទបង្ហាញ​ឌីជីថល ឬ​ប្រភេទ​អ្វី​ផ្សេងទៀត ដែល​អ្នក​ជ្រើសរើស​បាន​ផងដែរ ។

បង្កើត​កូន​សៀវភៅ​ដោយ​បត់ក្រដាស​ជាពីរ ដែល​អាច​ឲ្យ​អ្នក​មាន​ក្រប​ទំព័រ​មួយ មាន​ពីរផ្នែក​នៅ​ខាង​ក្នុង​និង​ក្របផ្នែក​ខាងក្រោយ ។ ដើម្បី​ជួយ​រៀបចំ​កូនសៀវភៅ​របស់អ្នក សូម​ពិចារណា​ដាក់ឈ្មោះ ឬចំណងជើង​នៅផ្នែក​នីមួយៗ​ដោយ​មាន​ដាក់​រូបភាព ឬ​គូរូបភាព​នៅ​លើ​ក្រប​នេះ ។

  • ផ្នែកទី មួយ ( ក្រប ) ៖ « ព្រះ​គឺជា​ព្រះ​នៃ​អព្ភូតហេតុ » ។

  • ផ្នែកទី ពីរ ៖ « ឧទាហរណ៍​ពី​អព្ភូតហេតុ » ។

  • ផ្នែកទី បី ៖ « អព្ភូតហេតុ​កើត​ឡើង​នៅថ្ងៃនេះ » ។

  • ផ្នែកទី បួន ៖ « របៀប​យាងអញ្ជើញ​ព្រះ​ឲ្យ​បង្កើត​អព្ភូតហេតុ » ។

សូម​បន្ថែម​គំនិត អារម្មណ៍ ចំណាប់អារម្មណ៍ និង​ចំណេះដឹង​ដែល​អ្នកមាន​នៅពេល​អ្នកសិក្សា​នៅពេញ​មេរៀន​ទាំងមូល ។

ឧទាហរណ៍​ពី​អព្ភូតហេតុ

សូមអាន មរមន ៩:១១–១៨ ដោយ​រកមើល​អព្ភូតហេតុ​នានា ដែល​មរ៉ូណៃ​ចង់​ឲ្យ​យើង​ស្គាល់ ។ នៅលើ​ទំព័រ​ទីពីរ​នៃ​កូន​សៀវភៅ​របស់​អ្នក សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​បាន​រកឃើញ ។

បន្ទាប់ពី​អ្នកបាន​រកឃើញ​ពី​អព្ភូតហេតុ​មួយចំនួន ដែល​មរ៉ូណៃ​បានយោង​រួច​ទៅ​ហើយ សូមរាយ​បញ្ជី​អព្ភូតហេតុ​ផ្សេងទៀត​មកពី​បទគម្ពីរ​ដែល​អ្នក​អាច​នឹកឃើញ ។

  • តើ​អព្ភូតហេតុ​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់​ពីអ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

អព្ភូតហេតុ​កើត​ឡើង​នៅថ្ងៃនេះ

សូមអាន មរមន ៩:១៩ ដោយ​រកមើល​ពី​អ្វី​ដែល​មរ៉ូណៃ​បង្រៀន​អំពី​អព្ភូតហេតុ​នៅថ្ងៃនេះ ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន​អំពី​របៀប​ដែល​យើង​អាច​ទទួល​ស្គាល់​អព្ភូតហេតុ​នៅ​ក្នុង​ជំនាន់​របស់យើង ។

អព្ភូតហេតុ ទីសម្គាល់ និង​ការណ៍​អស្ចារ្យ​ទាំងឡាយ​កើត​មាន​នៅ​ក្នុង​ចំណោម​អ្នកដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ថ្ងៃនៅ​ក្នុង​ជីវិត​របស់​បងប្អូន និង​ជីវិត​ខ្ញុំ ។ អព្ភូតហេតុ​គឺ​ជា​សកម្មភាព​ដ៏​ទេវភាព ការបើក​សម្តែង និង​ជា​ការបង្ហាញ​ឲ្យ​ឃើញ​នៃ​ព្រះចេស្តា​ដ៏​គ្មាន​ដែន​កំណត់​របស់​ព្រះ និង​ជា​ការបញ្ជាក់​មួយ​ថា ទ្រង់​គឺ « នៅ​តែ​ដដែល ទោះពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​តទៅ » ។…

បងប្អូន​ជាច្រើន​នាក់​បាន​ធ្វើ​ជា​សាក្សី​នៃ​អព្ភូតហេតុ ច្រើន​ជាង​អ្វី​ដែល​បងប្អូន​ដឹង​ទៅ​ទៀត ។ អព្ភូតហេតុ​ទាំង​នោះ​អាច​មើល​ទៅ​តូចតាច បើ​សិន​ជា​ប្រៀបធៀប​ទៅ​ព្រះយេស៊ូវ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ ។ ប៉ុន្តែ​ភាពអស្ចារ្យ​មិន​មែន​ជា​ធាតុ​ផ្សំ​នៃ​អព្ភូតហេតុ​នោះ​ទេ លើកលែង​តែ​វា​មក​ពី​ព្រះ​ប៉ុណ្ណោះ ។ ( អែលឌើរ រ៉ូណល អេ រ៉ាសបាន « មើលចុះ !  យើងជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំងឡាយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៩–១១០ )

  • តើ​សេចក្ដីថ្លែងការណ៍​នេះ​អាច​ជួយ​ឲ្យ​ពួកយើង​យល់​អ្វីខ្លះ​អំពី​អព្ភូតហេតុ ?

  • តើ​មាន​អព្ភូតហេតុ​ធំ និង​តូច​អ្វីខ្លះ ដែល​កើតចេញ​មកពី​ព្រះនៅ​ពេល​សព្វថ្ងៃ​នេះ ?

នៅលើ​ទំព័រ​ទីបី​នៃ​កូនសៀវភៅ​របស់អ្នក ដែល​មាន​ចំណងជើង​ថា « អព្ភូតហេតុ​កើត​ឡើង​នៅថ្ងៃនេះ » សូម​សរសេរ​អព្ភូតហេតុ ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់បាន​មើលឃើញ ។

អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​តាមរយៈ​ការ​សុំ​ឪពុកម្តាយ ឬ​មិត្តភក្តិ​ឲ្យ​ចែកចាយ​អំពី​បទពិសោធន៍​អព្ភូតហេតុ ដែល​ពួកគាត់​មាន ហើយ​បញ្ចូល​វា​ចូល​ទៅក្នុង​បញ្ជីរ​បស់អ្នក ។

ដើម្បី​មើល​វីដេអូ​ដែល​ជា​ឧទាហរណ៍​នៃ​អព្ភូតហេតុ​មួយ សូមមើល​វីដេអូ « តាមរយៈ​ការចាត់តាំង​ដ៏ទេវភាព » ចាប់ពីនាទី ទី ៧:១៦ ដល់ ៨:១៩ ។

2:3

របៀប​យាងអញ្ជើញ​ព្រះ​ឲ្យបង្កើត​អព្ភូតហេតុ

សូម​គិត​អំពី​អព្ភូតហេតុ​មួយចំនួន ដែល​អ្នក​មាន​គិត​ក្នុង​ចិត្ត​ថា សំខាន់បំផុត ឬ​សម្រាប់ពេល​បច្ចុប្បន្ននេះ ។

សូមអាន មរមន ៩:២០–២៨ ដោយ​រកមើល​អ្វី​ដែល​ព្រះ​សុំ​ឲ្យ​យើង​ធ្វើ ដើម្បី​ទ្រង់​អាច​ប្រទានពរ​ដល់យើង​ជា​អព្ភូតហេតុ ។

  • តើ​យើង​អាច​អញ្ជើញ​ព្រះ​ឲ្យ​បង្កើត​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់យើង​បាន​ដោយ​របៀបណា ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ឬមើល​វីដេអូ « អំណាច​នៃ​សន្ទុះ​ខាងវិញ្ញាណ » ចាប់ពីនាទី ទី ១៣:៣០ ដល់ ១៤:០៥ ដែលមាននៅ​លើគេហទំព័រ ChurchofJesusChrist.org ។

17:18

ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់ បងប្អូន នូវ​អព្ភូតហេតុ បើ បងប្អូន​ជឿ​លើទ្រង់ « ដោយ​ឥត​សង្ស័យ​អ្វី » ។ សូម​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដើម្បី​ស្វែងរក​អព្ភូតហេតុ ។ សូម​អធិស្ឋាន​ទូលសូម​ព្រះ​ឲ្យ​ជួយ​បងប្អូន​អនុវត្ត​សេចក្ដី​ជំនឿ​បែប​នោះ ។ ខ្ញុំ​សូម​សន្យា​ថា បងប្អូន​អាច​ដក​ពិសោធន៍​ដោយ​ផ្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ « ទ្រង់​រមែង​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ » ។ ( រ័សុល អិម ណិលសុន « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែឧសភា ២០២២ ទំព័រ ១០០ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​មកពី​ប្រសាសន៍​របស់​ប្រធាន ណិលសុន ?

  • តើ​កិច្ចការខាង​វិញ្ញាណ​អ្វីខ្លះ ដែល​យើង​អាច​នឹង​ត្រូវ​ធ្វើ ដើម្បី​ស្វែងរក​អព្ភូតហេតុ ?

នៅ​ក្នុង​កូនសៀវភៅ​របស់​អ្នក​នៅ​ទំព័រ​ខាងក្រោយ សូម​សរសេរ​អំពី​អ្វី ដែល​អ្នក​អាចធ្វើ​បាន ដើម្បី​យាងអញ្ជើញ​អព្ភូតហេតុ​របស់​ព្រះ​មកចូល​នៅក្នុង​ជីវិត​របស់អ្នក ។

សូម​រកមើល​កូន​សៀវភៅ​របស់អ្នក ហើយ​សញ្ជឹងគិត​អំពី​អ្វីៗ​ទាំងអស់ ដែលអ្នក​បានរៀនសូត្រ​អំពី​ព្រះ និង​សមត្ថភាព​របស់​ទ្រង់​ក្នុងការបង្កើត​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់អ្នក ។

  1.  សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើអ្នក​បានរៀន និង​ទទួលបាន​អារម្មណ៍​បែបម៉េច​ខ្លះ​អំពីព្រះ នៅពេល​ដែល​អ្នកសិក្សា មរមន ៩ ?

    • តើ​អ្នក​នឹង​ធ្វើអ្វីខ្លះ ដើម្បី​យាងអញ្ជើញ​អព្ភូតហេតុ​របស់ទ្រង់​ចូល​មក​ក្នុង​ជីវិត​របស់អ្នក ?