« វាយតម្លៃការសិក្សារបស់អ្នកទី ២ ៖ នីហ្វៃទី១ ១៦–នីហ្វៃទី២ ២៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« វាយតម្លៃការសិក្សារបស់អ្នក » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
វាយតម្លៃការសិក្សារបស់អ្នកទី ២
គោលបំណងមេរៀននេះគឺដើម្បីជួយអ្នកឲ្យវាយតម្លៃការរីកចម្រើន ដែលអ្នកបានដកពិសោធអំឡុងការសិក្សាព្រះគម្ពីរមរមនរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការគិតពិចារណាអំពីការរៀនសូត្រដំណឹងល្អ
-
តើការមានកញ្ចក់ឆ្លុះមានអត្ថប្រយោជន៍អ្វីខ្លះ ?
-
តើការឆ្លុះកញ្ចក់មើលខ្លួនយើងស្រដៀងនឹងការគិត និងការវាយតម្លៃការរៀនសូត្រដំណឹងល្អរបស់យើងយ៉ាងដូចម្ដេច ?
ការគិតពិចារណាពីវឌ្ឍនភាពខាងវិញ្ញាណ
សូមសញ្ជឹងគិតលើការបំផុសគំនិត និងអារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នកប្រហែលជាបានទទួលនៅពេលសិក្សាព្រះគម្ពីរមរមន ។ មានវិធីជាច្រើនដែលព្រះវិញ្ញាណបរិសុទ្ធអាចទាក់ទងជាមួយអ្នក ។ ឧទាហរណ៍ ៖ ខគម្ពីរមួយចំនួនអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នក ហើយអ្នកមានអារម្មណ៍ថាចង់គូសចំណាំខគម្ពីរទាំងនោះ ។ អ្នកប្រហែលជាធ្លាប់ទទួលអារម្មណ៍សុខសាន្ត ឬសេចក្ដីស្រឡាញ់ ។ អ្នកប្រហែលជាបានអាន ហើយទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើតាមវិធីជាក់លាក់មួយ ឬបានរកឃើញចម្លើយចំពោះសំណួរដែលអ្នកមាន ។
-
តើដំណើររឿង ឬវគ្គបទគម្ពីរណាខ្លះមកពីព្រះគម្ពីរមរមនបានជួយអ្នកឃើញពីរបៀបដែលព្រះវរបិតាសួគ៌ទាក់ទងបុត្រាបុត្រីរបស់ទ្រង់ ?
-
តើគំនិត ឬអារម្មណ៍អ្វីខ្លះដែលអ្នកបានដកពិសោធនៅក្នុងថ្នាក់សិក្ខាសាលា ឬនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នកនៅឆ្នាំនេះ ?
-
តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីស្វែងរកវិវរណៈពីព្រះវរបិតាសួគ៌ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកវិវរណៈ ហើយត្រៀមខ្លួនដើម្បីទទួលស្គាល់វិវរណៈ នៅពេលវិវរណៈកើតមានឡើង ?
-
តើអ្នកបានប្រព្រឹត្តយ៉ាងណាចំពោះចំណាប់អារម្មណ៍ដែលអ្នកបានទទួល ?
សូមពន្យល់ពីការធ្លាក់របស់អ័ដាម និងអេវ៉ា និងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ
សូមស្រមៃថាអ្នកគឺជាអ្នកផ្សព្វផ្សាយសាសនា ហើយអ្នក និងដៃគូរបស់អ្នកកំពុងរៀបចំដើម្បីបង្រៀននរណាម្នាក់អំពីការធ្លាក់នេះ ។ អ្នកបានសម្រេចចិត្តថា ម្នាក់ក្នុងចំណោមអ្នកទាំងពីរ គួរតែបង្រៀនអំពី ការធ្លាក់ និងឥទ្ធិពលរបស់វាទៅលើមនុស្សជាតិ ហើយម្នាក់ទៀតគួរតែបង្រៀនអំពី របៀបដែលព្រះអង្គសង្គ្រោះជួយយើងយកឈ្នះលើឥទ្ធិពលនៃការធ្លាក់នេះ ។
សូមប្រើខគម្ពីរដើម្បីជួយអ្នកពន្យល់ពីប្រធានបទដែលអ្នកបានជ្រើសរើស ។ វាអាចមានប្រយោជន៍ក្នុងការរំឭកឡើងវិញនូវ នីហ្វៃទី២ ២:១៧–២៧; ៩:៦–១២; ១០:២៣–២៥ កំណត់ចំណាំនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬ « ការធ្លាក់របស់អ័ដាម និងអេវ៉ា » នៅក្នុងប្រធានបទនៃដំណឹងល្អ ( topics.ChurchofJesusChrist.org ) ដើម្បីជួយឲ្យអ្នករៀបចំចែកចាយ ។
អារម្មណ៍របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ
ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកបានរៀន ឬសិក្សាអំពីព្រះអង្គសង្គ្រោះ ។ សូមរំឭកជំពូកដែលអ្នកបានសិក្សា ដូចជា នីហ្វៃទី១ ១៩, នីហ្វៃទី២ ៩ និង នីហ្វៃទី២ ២៥ ។ អ្នកក៏អាចរកមើលវគ្គបទគម្ពីរដែលអ្នកបានគូសចំណាំផងដែរ ។ វាអាចមានប្រយោជន៍ក្នុងការរំឭកអ្វីដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ជាពិសេសកំណត់ត្រាដែលបង្ហាញអារម្មណ៍របស់អ្នកចំពោះទ្រង់ ។
-
សូមតែងកំណាព្យ ឬសរសេរសំបុត្រមួយច្បាប់ទៅព្រះអង្គសង្គ្រោះដែលបង្ហាញពីអារម្មណ៍របស់អ្នកចំពោះទ្រង់ ។ សូមពិចារណាប្រើពាក្យ ឬឃ្លាពីបទគម្ពីរ ឬបទគម្ពីរយោង ។
-
សូមចងក្រងបញ្ជីពាក្យដែលពិពណ៌នាអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។ សូមបញ្ចូលការពិពណ៌នាមួយចំនួនមកពីព្រះគម្ពីរ ។ សូមបង្កើតចង្កោមពាក្យ ឬសរសេរពាក្យនៅលើក្រដាសនីមួយៗ ហើយពិចារណាព្យួរវានៅក្នុងបន្ទប់របស់អ្នក ឬនៅកន្លែងផ្សេងទៀតដែលអ្នកនឹងឃើញវាជាញឹកញាប់ ។
-
សូមគូរអ្វីមួយដែលជួយអ្នកបង្ហាញពីអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។