« នីហ្វៃទី២ ២៨:២៧–៣២ ៖ ‹ ដ្បិតចំពោះអ្នកណាដែលបានទទួល [ ព្រះ ] នឹងឲ្យថែមទៀត › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ២៨:២៧–៣២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ២៨:២៧–៣២
« ដ្បិតចំពោះអ្នកណាដែលបានទទួល [ ព្រះ ] នឹងឲ្យថែមទៀត »
តើអ្នកមានសំណួរខាងវិញ្ញាណដែលគ្មានចម្លើយ ឬជួនកាលតើអ្នកចង់ឲ្យទីបន្ទាល់របស់អ្នករីកចម្រើនលឿនជាងនេះដែរឬទេ ? នីហ្វៃបានពន្យល់ថា ចំណេះដឹងមកពីព្រះវរបិតាសួគ៌កើតមានបន្តិចម្តងៗ នៅពេលយើងមានឆន្ទៈបន្តទទួលនូវអ្វីដែលទ្រង់បង្រៀនយើង ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែស៊ីជម្រៅអំពីរបៀបដែលព្រះវរបិតាសួគ៌បើកសម្តែងសេចក្តីពិតដល់យើង ។
ការបង្រៀនសិស្សឲ្យប្រដូចបទគម្ពីរ ។ការប្រដូចបទគម្ពីរគឺជាការប្រៀបធៀបវាទៅនឹងជីវិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ។ សូមលើកទឹកចិត្តសិស្សឲ្យសួរសំណួរដូចជា « តើកាលៈទេសៈ និងស្ថានភាពអ្វីខ្លះក្នុងជីវិតរបស់ខ្ញុំដូចគ្នានឹងកាលៈទេសៈ និងស្ថានភាពនៅក្នុងវគ្គបទគម្ពីរនេះ ? » ឬ « តើខ្ញុំដូចនឹងតួអង្គដែលយើងកំពុងសិក្សានៅក្នុងវគ្គបទគម្ពីរនេះយ៉ាងដូចម្តេច ? »
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី២ ២៨:៣០ ហើយមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយគំរូមួយអំពីរបៀបដែលព្រះបង្រៀនយើងបន្តិចម្តងៗនូវដំណឹងល្អរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះបង្រៀនយើងបន្តិចម្តងៗ
ជំនួសឲ្យការប្រើការប្រៀបធៀបខាងក្រោមអំពីជណ្តើរ អ្នកអាចចាប់ផ្តើមបង្រៀន ដោយឲ្យអាហារដ៏ឆ្ងាញ់ដល់សិស្សដែលអាហារនោះមានទំហំធំជាងមាត់អាចទំពាបាន ។ នៅពេលសិស្សខាំមួយម៉ាត់ សូមសួរពួកគេថា ហេតុអ្វីពួកគេចាប់ផ្តើមខាំតែមួយម៉ាត់ជាជាងទទួលទានវាមួយម៉ាត់ឲ្យអស់តែម្តង ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី២ ២៨:២៦–៣០ ដោយរកមើលពីរបៀបដែលមេរៀនដែលប្រើវត្ថុនេះ អាចជួយយើងឲ្យយល់កាន់តែច្បាស់អំពីដំណើរការនៃការបង្កើនចំណេះដឹងខាងវិញ្ញាណរបស់យើង ។
សូមស្រមៃមើលជណ្តើរដ៏វែងមួយដែលតំណាងឲ្យចំណេះដឹង និងការយល់ដឹងខាងវិញ្ញាណរបស់អ្នក ។
-
ប្រសិនបើកំពូលជណ្តើរតំណាងឲ្យចំណេះដឹងរបស់ព្រះ តើអ្នកគិតថា កម្រិតនៃចំណេះដឹងបច្ចុប្បន្នរបស់អ្នកនៅត្រង់ណា ?
-
តើវិធីណាខ្លះដែលព្រះជួយយើងបង្កើនចំណេះដឹង និងការយល់ដឹងខាងវិញ្ញាណរបស់យើងបន្តិចម្តងៗ ?
-
តើនឹងមានអ្វីកើតឡើងចំពោះអ្នកដែលមិនបានបោះជំហានបន្ទាប់ ពីព្រោះពួកគេមានអារម្មណ៍ពេញចិត្តនឹងចំណេះដឹងដែលពួកគេមានរួចហើយ ?
នៅក្នុង នីហ្វៃទី២ ២៨ នីហ្វៃបានបន្តការព្យាករណ៍របស់លោកអំពីថ្ងៃចុងក្រោយ ។ លោកបានពិពណ៌នាអំពីឥរិយាបថមួយចំនួនដែលនឹងមានជាទូទៅក្នុងជំនាន់របស់យើង ហើយបានចែកចាយគំរូមួយដែលព្រះអម្ចាស់ប្រើដើម្បីជួយយើងឲ្យទទួល និងយល់ពីសេចក្ដីពិត ។
សូមអាន នីហ្វៃទី២ ២៨:២៦–៣០ ហើយសញ្ជឹងគិតពីរបៀបដែលការប្រៀបធៀបជណ្តើរជួយអ្នកឲ្យយល់ពីសេចក្តីពិតដែលនីហ្វៃបានបង្រៀនអំពីព្រះអម្ចាស់ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា សិក្ខាបទគឺជាបទបញ្ញត្តិ ឬគោលការណ៍ដែលបង្រៀនយើងពីរបៀបដើម្បីធ្វើសកម្មភាព ។
នីហ្វៃទី២ ២៨:៣០ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំវគ្គចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីអ្នកអាចងាយរកវាឃើញ ។ អ្នកនឹងមានឱកាសនៅក្នុងមេរៀនបន្ទាប់ដើម្បីអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះចំពោះសំណួរ ឬស្ថានភាពមួយ ។
-
តើវគ្គបទគម្ពីរនេះជួយអ្នកឲ្យយល់អ្វីខ្លះអំពីព្រះអម្ចាស់ ? តើការយល់ដឹងនេះអាចផ្តល់ពរដល់ជីវិតអ្នកដោយរបៀបណា ?
-
ហេតុអ្វីអ្នកគិតថា មនុស្សមួយចំនួនបដិសេធឱកាសដើម្បីរៀនព្រះបន្ទូលរបស់ព្រះបន្ថែមទៀត ទៅលើព្រះបន្ទូលដែលពួកគេមានរួចទៅហើយ ?
សូមអាន ខទី ៣០ ឡើងវិញ ហើយគិតអំពីរបៀបដែលអ្នកនឹងសង្ខេបទៅជាពាក្យផ្ទាល់ខ្លួនរបស់អ្នកនូវអ្វីដែលខគម្ពីរនេះបង្រៀន ។ អ្នកអាចនឹងចង់កត់ត្រាសេចក្តីសង្ខេបរបស់អ្នកនៅក្នុងព្រះគម្ពីររបស់អ្នកនៅជាប់នឹងខគម្ពីរនេះ ។
សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីសង្ខេបរបស់ពួកគេ ។
គំរូសម្រាប់ការរីកចម្រើនខាងវិញ្ញាណរបស់យើង ។
សេចក្តីពិតមួយក្នុងចំណោមសេចក្តីពិតដែលបានរកឃើញនៅក្នុងវគ្គបទគម្ពីរនេះគឺថា ព្រះបើកសម្ដែងសេចក្ដីពិតមួយបន្ទាប់ម្តងៗ ដល់អស់អ្នកដែលនឹងទទួលយកសេចក្តីពិតនេះ ។
-
តើវាជាពរជ័យដោយរបៀបណាដែលព្រះបង្រៀនយើងបន្តិចម្តងៗ ជាជាងបង្រៀនទាំងអស់ក្នុងពេលតែមួយ ?
-
តើដំណើរការនៃការរៀនសូត្របន្តិចម្ដងៗអាចជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? តើដំណើរការនេះអាចជួយយើងអភិវឌ្ឍលក្ខណៈដូចព្រះគ្រីស្ទអ្វីខ្លះ ?
លំនាំនៃពន្លឺ
អ្នកប្រហែលជាចង់មើលវីដេអូ « Patterns of Light: Spirit of Revelation » ( ៣:០៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org. សូមរកមើលគំរូដែលព្រះប្រើដើម្បីបង្ហាញព្រះទ័យរបស់ទ្រង់ដល់បុត្រាបុត្រីរបស់ទ្រង់ ។
-
តើអ្នកបានរៀនអ្វីខ្លះពីអែលឌើរ បែដណា ដែលអាចផ្តល់ប្រយោជន៍ដល់ជីវិតអ្នក ?
-
តើគំរូមួយណាដែលអែលឌើរ បែដណាបានពិពណ៌នា ដែលអ្នកគិតថាវាត្រូវបំផុតទៅនឹងអ្វីដែលនីហ្វៃបានបង្រៀននៅក្នុង ខទី ៣០ ?
ជំនួសឲ្យការប្រើយោលបល់ការសិក្សាខាងក្រោម សូមពិចារណាប្រើសកម្មភាពសិក្សាព្រះគម្ពីរដែលមាននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ។
សូមអានយ៉ាងហោចណាស់ពីរវគ្គបទគម្ពីរខាងក្រោម ដោយរកមើលអ្វីដែលវគ្គបទគម្ពីរទាំងនេះបន្ថែមទៅលើការយល់ដឹងរបស់អ្នកចំពោះ នីហ្វៃទី២ ២៨:៣០ ។ សូមពិចារណាភ្ជាប់ ឬយោងខគម្ពីរទាំងនេះទៅ នីហ្វៃទី២ ២៨:៣០ នៅក្នុងបទគម្ពីររបស់អ្នក ។
-
តើអ្នកបានរៀនអ្វីខ្លះពីវគ្គបទគម្ពីរទាំងនេះ ដែលជួយអ្នកឲ្យយល់កាន់តែច្បាស់ពី នីហ្វៃទី២ ២៨:៣០ ?
-
តើមានឧទាហរណ៍អ្វីខ្លះអំពីរបៀបដែលសេចក្ដីពិតបានបង្រៀននៅក្នុង នីហ្វៃទី២ ២៨:៣០ អាចជួយនរណាម្នាក់បាន ?
-
តើពេលណាដែលអ្នកបានឃើញព្រះបង្រៀនបន្តិចម្តងៗក្នុងជីវិតអ្នក ឬជីវិតរបស់អ្នកនៅជុំវិញអ្នក ?
សូមសញ្ជឹងគិតពីរបៀបដែលការយល់ដឹង និងទីបន្ទាល់របស់អ្នកអំពីដំណឹងល្អបានរីកចម្រើនបន្តិចម្តងៗ ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នកទទួលអារម្មណ៍ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកចងចាំ ហើយធ្វើដោយសារអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ។
សូមពិចារណាអញ្ជើញអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយផ្នែកនៃអ្វីដែលពួកគេបានសរសេរ ។