ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ២៩ ៖ ទទួល​ព្រះបន្ទូល​របស់​ព្រះ​បន្ថែម​ទៀត


« នីហ្វៃទី២ ២៩ ៖ ទទួល​ព្រះបន្ទូល​របស់​ព្រះ​បន្ថែម​ទៀត » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ២៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ២៩

ទទួល​ព្រះបន្ទូល​របស់​ព្រះ​បន្ថែមទៀត

យុវវ័យ​អាន​ព្រះគម្ពីរ

មនុស្ស​ជាច្រើន​ជឿ​ថា ព្រះគម្ពីរ​ប៊ីបជា​ព្រះបន្ទូល​របស់​ព្រះ ។ ទោះ​យ៉ាងណា​ក៏ដោយ មិនមែន​ពួកគេ​ទាំងអស់គ្នា​សុខចិត្ត​ទទួល​ព្រះបន្ទូល​របស់​ព្រះបន្ថែម​ទៀត ទៅលើ​ព្រះបន្ទូល​ដែល​ពួកគេ​មាន​រួចហើយ​នោះ​ទេ ។ នីហ្វៃ​បានព្យាករណ៍​ថា នៅថ្ងៃ​ចុងក្រោយ មនុស្ស​ជាច្រើន​នឹង​បដិសេធ​ព្រះគម្ពីរមរមន ដោយសារ​ពួកគេ​មាន​ព្រះគម្ពីរ​ប៊ីប​រួចហើយ ។ ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​យើង​ដឹង​ថា ដំណឹងល្អ​របស់ទ្រង់​គឺ​សម្រាប់​មនុស្ស​ទាំងអស់ ហើយ​ថា​ព្រះបន្ទូល​របស់ទ្រង់​មិនមាន​កំណត់​ត្រឹមតែក្នុង​ព្រះគម្ពីរប៊ីប​ឡើយ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បីជួយ​អ្នក​ឲ្យកាន់តែ​មាន​ឆន្ទៈ​ក្នុង​ការទទួល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់អ្នក ។

ការរៀន​ទាំង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ។ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរមរមន​គឺជា​ដៃគូ​ព្រះគម្ពីរ ហើយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការបង្រៀន​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ លើសពីនេះទៀត ព្រះគម្ពីរមរមន​ស្ដារឡើងវិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ដែល​បានបាត់បង់​ពី​ព្រះគម្ពីរ​ប៊ីប ។ សូមជួយ​សិស្ស​យល់​ថា នៅពេល​យើង​សិក្សា​ព្រះគម្ពីរមរមន នោះ​វា​អាច​បញ្ជាក់​ពី​ការយល់ដឹង​របស់យើង​អំពី​គោលលទ្ធិ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។

ការរៀបចំ​សិស្ស  សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​កំពុងធ្វើ ដើម្បី​ទទួលបាន​ការប្រាស្រ័យទាក់ទង​ពី​ព្រះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សូម​មាន​ឆន្ទៈ​ក្នុង​ការទទួលបាន​ការយល់ដឹង​កាន់តែច្រើន

សូម​ស្រមៃ​ថា អូលីវើរ នៅ​អាយុ ១៥ ឆ្នាំ បាន​សម្រេច​ចិត្ត​ថា ព័ត៌មាន និង​បច្ចេកវិទ្យា​ទាំងអស់​ដែល​មាន​សម្រាប់​លោក​នៅពេលនោះ​ជា​អ្វី​ដែល​លោក​ត្រូវការ​ជា​រៀងរហូត ។

ប្រសិនបើ​ចាំបាច់ សូមពិចារណា​កែសម្រួល​ឆ្នាំ​នៅក្នុង​សំណួរ​ខាងក្រោម ដើម្បី​ឲ្យ​វា​កាន់តែ​ទាក់ទង​ជាមួយ​សិស្ស​របស់អ្នក ។

  • តើ អូលីវើរ នឹង​បាត់បង់​អ្វី ប្រសិនបើ​លោក​សម្រេចចិត្ត​បែប​នេះ​ក្នុង​ឆ្នាំ ១៩៥០ ? តើ​ព័ត៌មាន ឬ​បច្ចេកវិទ្យា​អ្វី​ខ្លះ​ដែល​មាន​តាំងពី​ពេលនោះ ?

  • តើ​ស្ថានភាព​នេះ​ទាក់ទងនឹង​ការរៀន​សេចក្ដីពិត​ខាងវិញ្ញាណ​យ៉ាងដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពរជ័យ​អ្វីខ្លះ​មក​ពី​ការមានឆន្ទៈ ឬ​ចង់​រៀន​ពី​ព្រះ ។

នៅពេល​អ្នក​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ពី​ប្រធាន រ័សុល អិម ណិលសុន សូមគិត​អំពី​អ្វី​ដែល​សេចក្តី​ថ្លែងការណ៍​នេះ​អាច​មាន​ន័យ​សម្រាប់​អ្នក ។

ឱ មាន​រឿង​ជាច្រើនទៀត​ដែល​ព្រះវរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​អ្នក​ដឹង ។ ដូច​ដែល​អែលឌើរ នែល អេ ម៉ាក់ស្វែល បានបង្រៀន​ថា « ចំពោះ​អ្នក​ដែល​មាន​ភ្នែក​មើលឃើញ និង​ត្រចៀក​អាច​ស្តាប់​បាន នោះ​ច្បាស់ណាស់​ថា ព្រះវរបិតា និង​ព្រះរាជបុត្រា​កំពុងលះបង់​អាថ៌កំបាំង​នៃ​សាកលលោក​នេះ ! » [ « Meek and Lowly » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ២១ ខែ​តុលា ឆ្នាំ ១៩៨៦ ) ទំព័រ៩ speeches.byu.edu]. ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ )

រូបតំណាង សំណៅ​ចែក ដើម្បី​ជួយ​សិស្ស​ឲ្យ​វាយតម្លៃ​ការទទួលយក​របស់​ពួកគេ​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង​ជីវិត​របស់ពួកគេ សូម​ពិចារណា​លើ​ការចែកចាយ​សំណៅ​ចែក​ខាងក្រោម ហើយ​ឲ្យ​សិស្ស​បំពេញ​វា​រៀងៗ​ខ្លួន ។

បំណងប្រាថ្នា​របស់ខ្ញុំ​ដើម្បី​រៀន​សេចក្តីពិត​ខាងវិញ្ញាណ​មកពី​ព្រះ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន—នីហ្វៃទី២ ២៩ ៖ ទទួល​ព្រះបន្ទូល​របស់​ព្រះ​បន្ថែមទៀត

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹងគិត​អំពី​ឥរិយាបថ​របស់អ្នក​អំពី​ការទទួល​សេចក្តីពិត​ខាងវិញ្ញាណ​មកពី​ព្រះ ។ សូម​ព្យាយាម​មើល​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​បានល្អ និង​អ្វី​ដែល​ជា​សក្តានុពល​ដែល​អ្នក​អាច​កែលម្អ​បាន ។

  • កម្រ ៖ ១

  • ពេលខ្លះ ៖ ២

  • ជារឿយៗ ៖ ៣

  • ជានិច្ច ៖ ៤

ខ្ញុំ​ឲ្យតម្លៃ ហើយ​សិក្សា​ទាំង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរមរមន ។

ខ្ញុំ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់ខ្ញុំ​ដោយ​ការសិក្សា​ព្រះគម្ពីរ​ទាំងឡាយ ។

ខ្ញុំ​ខិតខំព្យាយាម​រៀន​ពី​ព្រះ និង​អំពី​ទ្រង់​តាមរយៈ​ព្រះគម្ពីរ​ទាំងឡាយ ។

ខ្ញុំ​ស្វែងរក ហើយ​ធ្វើតាម​វិវរណៈ​ផ្ទាល់ខ្លួន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​សិក្សា​ប្រសាសន៍​ដែល​បាន​ថ្លែង​នៅ​សន្និសីទ​ទូទៅ ដើម្បី​រៀន​ពី​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យឲ្យ​ខ្ញុំ​ដឹង ។

នៅពេល​អ្នក​សិក្សា​នា​ថ្ងៃនេះ សូម​រកមើល​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​បន្ត​រៀន​អ្វី​ទាំងអស់​ដែល​ព្រះ​សព្វ​ព្រះទ័យ​បង្រៀន​អ្នក ។

ឥរិយាបថ​ផ្សេងគ្នា​ចំពោះ​ការទទួល​ព្រះបន្ទូល​របស់​ព្រះ

នៅក្នុង នីហ្វៃទី២ ២៨–២៩ នីហ្វៃ​បានព្យាករណ៍​អំពី​ឥរិយាបថ​ដែល​មនុស្ស​មួយចំនួន​នៅ​ថ្ងៃ​ចុងក្រោយ​នឹង​មាន​អំពី​ការទទួលបាន​ព្រះបន្ទូល​របស់​ព្រះ​បន្ថែមទៀត ។ សូមអាន នីហ្វៃទី២ ២៨:២៩ និង នីហ្វៃទី២ ២៩:៣ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ និង​ព្រះអម្ចាស់​បានបង្រៀន​អំពី​របៀប​ដែល​មនុស្ស​មួយចំនួន​នឹង​មាន​ប្រតិកម្ម​ចំពោះ​ការទទួល​ព្រះគម្ពីរ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ចុងក្រោយ ។

  • តើ​អ្នក​បានរកឃើញ​អ្វី​ខ្លះ ?

  • តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​មនុស្ស​អាច​មាន​ចំពោះ​ទស្សនៈ​នេះ ?

សូម​ពិចារណា​បង្ហាញសកម្មភាព​ខាងក្រោម​​នេះជា​មេរៀន​មាន​ប្រើ​វត្ថុ ។ សូមពិភាក្សា​ពី​អ្វី​ដែល​ពែង​ដាក់​ផ្កាប់​ចុះក្រោម​មិន​អាច​ធ្វើ​បាន ហើយ​ជួយ​សិស្ស​ប្រៀបធៀប​វា​ជាមួយនឹង​អ្នក​ដែល​បដិសេធ​ព្រះគម្ពីរមរមន ។

យក​ពែង​ទទេ​មួយ ហើយ​គិត​អំពី​អ្វី​ដែល​វា​អាច​ប្រើ​បាន ។ ឥឡូវនេះ​ផ្កាប់​មុខ​វា​ចុះ ។ តើ​វា​នៅតែ​អាច​ប្រើ​បាន​តាម​របៀប​ដែល​គេ​ចង់​ប្រើ​ដែរ​ឬ​ទេ ? សូម​ប្រៀបធៀប​វា​ជាមួយនឹង​ព្រះគម្ពីរមរមន និង​ឥទ្ធិពល​របស់​ព្រះគម្ពីរ​មរមន​នៅក្នុង​ជីវិត​របស់​នរណាម្នាក់ ។

  • តើ​ចំណេះដឹង និង​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​គិត​ថា​ព្រះ​ចង់ឲ្យ​យើង​ទទួល​តាមរយៈ​ព្រះគម្ពីរមរមន ?

ក្នុង​អំឡុងពេល​មេរៀន​ដែល​​មាន​ប្រើ​វត្ថុ​ខាងលើ សូម​ផ្ងារ​ពែង ដើម្បី​ជា​និមិត្តរូប​នៃ​ការត្រៀមខ្លួន​ទទួល ។ អ្នក​អាច​ចែក​ក្រដាស​តូចៗ​ឲ្យ​សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ម្នាក់ៗ​សរសេរ​យ៉ាងហោចណាស់​អ្វី​មួយ​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ដឹង ឬ​ទទួល​តាមរយៈ​ព្រះគម្ពីរមរមន ។ សិស្ស​អាច​បំពេញ​ពែង​ជាមួយនឹង​ចម្លើយ​របស់ពួកគេ ។  សូមពិចារណា​អាន​ចម្លើយ​ទាំងនេះ​ឲ្យឮៗ ដើម្បី​ជួយ​សិស្ស​ស្គាល់​នូវ​ពរជ័យ​ដ៏អស្ចារ្យ​អ្វី​ខ្លះ​ដែល​មាន​ចំពោះ​អ្នក​ដែល​មាន​ឆន្ទៈ​ទទួល​យក ។

សូមអាន នីហ្វៃទី២ ២៩:៧–១១ ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​មនុស្ស​ដែល​បដិសេធ​ព្រះគម្ពីរមរមន​ដឹង ។

សិស្ស​ខ្លះ​អាច​រកឃើញ​កាន់តែច្រើន ប្រសិនបើ​ពួកគេ​អាន​ជាមួយ​អ្នកដទៃ​ក្នុង​ក្រុម​តូច​មួយ ។ សូម​ពិចារណា​បំបែក​សិស្ស​ជាក្រុម​ដើម្បី​អាន ខទី ៧–១១ ប្រសិនបើ​វា​បំពេញ​តម្រូវការ​របស់​ពួកគេ​បាន​ប្រសើរ​ជាង ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​បានរៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ពី​ខគម្ពីរ​ទាំងនេះ ?

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្សចែកចាយ​សេចក្តីពិត​ផ្សេងៗ ហើយ​ឲ្យ​សិស្ស​ពន្យល់​ពី​ឥទ្ធិពល​នៃ​សេចក្តីពិត​ទាំងនេះ​ដែល​អាច​មាន ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​បាន​គឺ ព្រះទ្រង់​ចងចាំ​មនុស្ស​ទាំងអស់ ហើយ​មានព្រះបន្ទូល​ទៅកាន់​មនុស្ស​គ្រប់​ជាតិសាសន៍ ។

  • តើ​ព្រះ​មានបន្ទូល​ទៅកាន់​បុត្រាបុត្រី​របស់ទ្រង់​នៅ​គ្រប់​ជាតិសាសន៍​តាម​វិធី​ផ្សេងៗ​អ្វី​ខ្លះ ?

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បានជួយ​អ្នក​ឲ្យដឹង​ថា​ព្រះចងចាំ​អ្នក ហើយ​មាន​បន្ទូល​មកកាន់​អ្នក ?

សូម​មើល « A Book of Mormon Story » ( ៥:១៥ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgដើម្បី​មើល​ពី​របៀប​ដែល​បុរស​ម្នាក់​ត្រូវបាន​ប្រទានពរ​ដោយ​ការទទួលយក​ព្រះបន្ទូល​របស់ព្រះ ។

5:15

សូម​ពិចារណា​បញ្ចប់​មេរៀន​ដោយ​ឲ្យ​សិស្ស​សញ្ជឹងគិត​អំពី​របៀប​ដែល​ពួកគេ​អាច​ទទួលយក​ព្រះបន្ទូល​របស់​ព្រះ​បាន​កាន់តែ​ច្រើន ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​គឺ​ត្រូវ​ឲ្យ​សិស្ស​បំពេញ​ជំហាន​ខាងក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ ។ បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បំពេញ​ជំហាន​នេះ សូមថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បានពិភាក្សា ។

  1. សូម​ធ្វើ​បញ្ជី​នៃ​វិធី​ទាំងអស់​ដែល​ព្រះ​បានធ្វើឲ្យ​ព្រះបន្ទូល​របស់ទ្រង់​មាន​សម្រាប់​អ្នក ។

  2. សូម​សញ្ជឹងគិត​អំពី​របៀប​ដែល​អ្នក​មាន​ឆន្ទៈ​ក្នុង​ការទទួល​ព្រះបន្ទូល​របស់​ព្រះ​តាមរយៈ​វិធី​នីមួយៗ​នេះ ។ ( អ្នក​អាច​គូរ​រូប​ពែង​ធម្មតា​មួយ​នៅជិត​នឹង​វិធី​នីមួយៗ​ដែល​អ្នក​មានអារម្មណ៍​ទទួលយកបំផុត​ក្នុង​ការស្តាប់​ព្រះអម្ចាស់ ) ។

  3. សូម​សរសេរ​ការផ្លាស់ប្តូរ​មួយ ឬ​ច្រើន​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការទទួល​យក​ព្រះបន្ទូល​របស់​ព្រះ​តាម​វិធី​ជាច្រើនទៀត ។