ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ២៧ ៖ « ការ​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក »


« នីហ្វៃទី២ ២៧ ៖ ‹ ការ​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ២៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ២៧

« ការ​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក »

ច្បាប់​ចម្លង​នៃ​ព្រះគម្ពីរ​មរមន​ជា​ភាសា​ផ្សេងៗ

សូម​គិត​អំពី​ព្រឹត្តិការណ៍​ដែល​អ្នក​នឹង​ចាត់​ទុក​ថា​អស្ចារ្យ និង​របៀប​ដែល​ព្រឹត្តិការណ៍​ទាំង​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​អ្នក និង​អ្នក​ដែល​នៅ​ជុំ​វិញ​អ្នក ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យា​ថា​នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ រួម​ទាំង​ព្រះគម្ពីរ​មរមន មក​ផែនដី​នៅថ្ងៃ​ចុង​ក្រោយ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ដឹង​គុណ​កាន់តែ​ខ្លាំង​ចំពោះ​ព្រះអម្ចាស់​សម្រាប់​ការស្ដារ​ព្រះគម្ពីរ​មរមន​មក​លើ​ផែនដី​វិញ ។

ការបង្រៀន​ដោយ​ព្រះវិញ្ញាណ ។ មិន​ថា​មាន​ជំនាញ ឬ​បទពិសោធន៍​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ គ្មាន​គ្រូ​បង្រៀន​ក្នុង​ជីវិត​រមែង​ស្លាប់​ណា​អាច​មក​ជំនួស​ព្រះវិញ្ញាណ​បាន​ឡើយ ។ ប៉ុន្តែ​យើង​អាច​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ ដើម្បី​ជួយ​ដល់​កូនចៅ​របស់​ទ្រង់​រៀន​តាមរយៈ​ព្រះវិញ្ញាណ ។ ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀន​ថា « សិស្ស​របស់​យើង​មិន​អាច​ស្គាល់​ព្រះ​បាន​ទេ ហើយ​ស្រឡាញ់​ដូចជា​ពួកគេ​ត្រូវតែ​ស្រឡាញ់ ដរាប​ណា​ពួកគេ​ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « The Importance of the Holy Ghost » ឯកសារ​គ្រូបង្រៀន​ក្នុង​គម្ពីរសញ្ញា​ចាស់ [ ឆ្នាំ ២០១៨ ] ChurchofJesusChrist.org ) ។,

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​ដោយ​រៀប​ចំ​ខ្លួន​ដើម្បី​ចែកចាយ​អំពី​បុគ្គល​ម្នាក់​ដែល​បាន​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​សម្រាប់​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ។ ឧទាហរណ៍ ៖ ប្រហែល​ជា​មាន​នរណា​ម្នាក់​បាន​សង្គ្រោះ​ពួកគេ​ពី​ស្ថានភាព​ដ៏​គ្រោះថ្នាក់ ឬ​ផ្តល់​ឲ្យ​ពួកគេ​នូវ​អំណោយ​ដ៏​សប្បុរស​មួយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

អ្វី​មួយ​ដែល​អស្ចារ្យ

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ចែកចាយ​ដូច​ខាង​ក្រោម សូម​ពិចារណា​ចែកចាយ​អំពី​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​អ្វី​មួយ​សម្រាប់​អ្នក ដែល​អ្នក​ចាត់ទុក​ថា​អស្ចារ្យ ឬ​សំខាន់ ។

សូម​គិត​អំពី​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​អ្វី​អស្ចារ្យ​សម្រាប់​អ្នក ឬ​សម្រាប់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ។

  • តើ​បុគ្គល​នេះ​បាន​ធ្វើ​អ្វី ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បុគ្គល​ដែល​បាន​ធ្វើ​បែប​នេះ ? ហេតុអ្វី ?

នៅក្នុង នីហ្វៃទី២ ២៧ ព្រះអម្ចាស់​បាន​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​មួយ​ដ៏​អស្ចារ្យ ដែល​ទ្រង់​នឹង​ធ្វើ​ដើម្បី​ជួយ​យើង​ឆ្លង​កាត់​អំពើ​ទុច្ចរិត និង​ការក្បត់​សាសនា​នៅ​ថ្ងៃ​ចុង​ក្រោយ ។ ពេល​អ្នក​សិក្សា សូម​សញ្ជឹង​គិត​ពី​របៀប​អំពី​អ្វី​ដែល​អ្នក​រៀន​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអម្ចាស់ ។

សូម​អាន នីហ្វៃទី២ ២៧:២៥–២៦ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​គិត​ថា « ការ​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក » សំដៅ​ទៅ​លើ​អ្វី ។ ប្រសិនបើ​ចាំបាច់ សូម​ចែកចាយ​ការពន្យល់​ខាង​ក្រោម​ពី​ប្រធាន រ័សុល អិម ណិលសុន ។

ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា « កិច្ចការ​ដ៏​អស្ចារ្យ​នេះ​នឹង​រួម​បញ្ចូល​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន និង​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ » ( « Scriptural Witnesses » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤៦ ) ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ការព្យាករណ៍​នេះ​គឺ​ថា ព្រះអម្ចាស់​បាន​ធ្វើ​ការ​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក​តាមរយៈ​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន និង​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះគម្ពីរ​មរមន និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ចាត់ទុក​វា​ថា « អស្ចារ្យ » ?

ព្រះគម្ពីរ​មរមន ៖ ការ​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក

ភាគច្រើន​នៃ នីហ្វៃទី២ ២៧ ផ្តោតលើ​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។ មុន​នឹង​សិក្សា​បន្ថែម​ពី​ជំពូក​នេះ សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹង​គិត​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន ។ តើ​វា​អស្ចារ្យ​សម្រាប់​អ្នក​ផ្ទាល់​ដែរ​ឬ​ទេ ? ហេតុអ្វី​អស្ចារ្យ ឬ​ហេតុអ្វី​មិន​អស្ចារ្យ ? តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះ ? នៅពេល​អ្នក​សិក្សា សូម​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ព្រះគម្ពីរ​មរមន​ថា​ជា « ការ​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក » ។

វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការអាន​ខគម្ពីរ​ដែល​បាន​រៀបរាប់​ក្នុង​សេចក្ដីសង្ខេប​ខាង​ក្រោម​ជាមួយ​គ្នា​ក្នុង​ថ្នាក់​ទាំង​មូល ។

នីហ្វៃ​បាន​ព្យាករណ៍​ថា ព្រះគម្ពីរ​មរមន​នឹង​ចេញ​មក​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ថ្ងៃ​ចុង​ក្រោយ ( សូមមើល នីហ្វៃទី២ ២៧:៦ ) ។ លោក​ក៏​បាន​សរសេរ​ដែរ​ថា ព្រះ​នឹង​អនុញ្ញាត​ឲ្យ​សាក្សី​ពីរ​បី​នាក់​មើល​ផ្ទាំង​ចំណារ​ដែល​ព្រះគម្ពីរ​មរមន​ត្រូវបាន​បកប្រែ និង​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ភាពពិត​នៃ​គម្ពីរ​នេះ​ទៅកាន់​ពិភព​លោក ( សូមមើល នីហ្វៃទី២ ២៧:១២–១៤ ) ។ បន្ទាប់មក នីហ្វៃ​បាន​ចែកចាយ​ការព្យាករណ៍​មួយ​អំពី​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ទាក់ទងនឹង​ការបកប្រែ​ព្រះគម្ពីរ​មរមន ។

សូម​ពិចារណា​ផ្តល់​ឲ្យ​សិស្ស ឬ​បង្ហាញ​តារាង​ខាង​ក្រោម ។ សិស្ស​អាច​សិក្សា​ខគម្ពីរ​ទាំង​នោះ ហើយ​បំពេញ​តារាង​ជាគូ ឬ​ក្រុម​តូចៗ ។

ការព្យាករណ៍​អំពី​អ្វី​ដែល​បុរស​ម្នាក់​នឹង​ធ្វើ ( នីហ្វៃទី២ ២៧:១៥–១៩ )

ឈ្មោះ​របស់​បុរស​ដែល​បាន​បំពេញ​ការព្យាករណ៍ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៣–៦៥ )

បុរស​ទី​មួយ ( « គ្មាន​ចំណេះ » )

បុរស​ទី​ពីរ ( « មនុស្ស​ម្នាក់​ទៀត » )

បុរស​ទី​បី ( « មាន​ចំណេះ » )

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការសិក្សា សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ពិចារណា​សួរ​សំណួរ​ខាង​ក្រោម​ជា​ផ្នែក​នៃ​ការពិភាក្សា​នេះ ។

  • ហេតុអ្វី​អ្នក​គិត​ថា​ព្រះអម្ចាស់​បាន​ប្រើ យ៉ូសែប ស៊្មីធ ដែល​ជា​មនុស្ស​គ្មាន​ចំណេះ ដើម្បី​បញ្ចេញ​មក​នូវ​ព្រះគម្ពីរ​មរមន ?

សូម​អាន នីហ្វៃទី២ ២៧:២០–២៣ ដោយ​រកមើល​ហេតុផល​ដែល​ព្រះ​បាន​ជ្រើសរើស​នរណា​ម្នាក់​ដែល​​គ្មាន​ចំណេះ​ឲ្យ​បកប្រែ​ព្រះគម្ពីរ​មរមន ។

  • តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​មក​ពី​ខគម្ពីរ​ទាំង​នេះ ? តើ​ការដឹង​រឿង​ទាំងនេះ​អំពី​ទ្រង់​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​ជា​ភស្ដុតាង​នៃ​សេចក្ដីថ្លែង​ការណ៍​របស់​ព្រះអម្ចាស់ « យើង​អាច​ធ្វើ​កិច្ចការ​របស់​យើង​បាន » យ៉ាង​ដូចម្ដេច ? ( ខ​ទី ២១ ) ។

បន្ថែម​ពីលើ​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម សូម​ពិចារណា​ចែកចាយ​សេចក្ដី​ថ្លែង​ការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន នៅក្នុង​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » ។

អិមម៉ា ស្ម៊ីធ ( ឆ្នាំ ១៨០៤–១៨៧៩ ) ភរិយា​របស់​ព្យាការី បាន​ថ្លែង​ទីបន្ទាល់​អំពី​ជំនួយ​ដ៏​ទេវភាព​ដែល​យ៉ូសែប​បាន​ទទួល​នៅក្នុង​ការបក​ប្រែ​ព្រះគម្ពីរ​មរមន​របស់​លោក ៖

យ៉ូសែប ស្ម៊ីធ មិន​អាច​សរសេរ ឬ​សរសេរ​តាម​សំបុត្រ​ដែល​មាន​ពាក្យ​ពេចន៍​ល្អៗ និង​ពាក់ព័ន្ធ​គ្នា ហើយ​ទុក​ឲ្យ​សរសេរ​តាម​តែ​ម្នាក់​ឯង​នូវ​សៀវភៅ​ដូចជា​ព្រះគម្ពីរ​មរមន​នោះ​ទេ ។ ហើយ​ទោះបី​ជា​ខ្ញុំ​ជា​អ្នក​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ឈុត​ឆាក​ដែល​បាន​កើត​ឡើង​ក៏​ដោយ … វា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ « អស្ចារ្យ ហើយ​ចម្លែក » ។ …

ជំនឿ​ខ្ញុំ​គឺ​ថា ព្រះគម្ពីរ​មរមន​មាន​ប្រភព​ពិត​ប្រាកដ​មក​ពី​ព្រះ—ខ្ញុំ​គ្មាន​ការសង្ស័យ​សូម្បី​តែ​បន្ដិច​សោះ​ឡើយ ។ … សូម្បីតែ​បុគ្គល​ដែល​បាន​រៀន​សូត្រ​ចេះ​ដឹង ក៏​សឹង​មិន​គួរឲ្យ​ជឿ​ឡើយ​ថា អាច​ធ្វើ​ការណ៍​នេះ​បាន វា​រឹតតែ​មិន​អាច​ទៅរួច​ដែល​បុគ្គល​មិន​បាន​រៀនសូត្រ​ដូចជា​លោក​អាច​ធ្វើ​ការណ៍​នេះ​បាន​នោះ ។ ( អិមម៉ា ស្ម៊ីធ នៅក្នុង « Last Testimony of Sister Emma » The Saints’ Herald ថ្ងៃ​ទី ១ ខែ តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៩០ )

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃ​នេះ តើ​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​ជា « ការ​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក » យ៉ាង​ដូចម្ដេច ?

  • តើ​ការដឹង​ថា​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​យើង​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក ឬ​អ្នក​ដទៃ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​តើ​ព្រះគម្ពីរ​មរមន​អស្ចារ្យ​ប៉ុន​ណា ?

សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន ឬ​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ខាង​ក្រោម​ដែល​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក​អំពី​សំណួរ​ពី​មុន ។

ដើម្បី​មើល​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​អស្ចារ្យ នោះ​អ្នក​អាច​មើល « Solving Life’s Problems with the Book of Mormon » ( ១:០០ ) ឬ « The Book of Mormon: What Would Your Life Be Like without It? » ចាប់​ពីនាទី​ទី ៥:៣៨ ដល់​នាទី​ទី ១១:២៦ ។ វីដេអូ​ទាំង​ពីរ​អាច​រកបាន​នៅលើ ChurchofJesusChrist.org ។,

1:0
2:3

នៅ​ដើម​មេរៀន អ្នក​ត្រូវបាន​សូម​ឲ្យ​គិត​អំពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន ។ សូម​ពិចារណា​ថា​តើ​សេចក្តីពិត​ណា​មួយ​ដែល​អ្នក​បាន​សិក្សា​ថ្ងៃ​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ​នេះ​ដែរ​ឬ​ទេ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​កត់ត្រា​គំនិត ឬ​ចំណាប់​អារម្មណ៍​ទាំងឡាយ​ណា​ដែល​អ្នក​បាន​ទទួល ក៏​ដូចជា​សកម្មភាព​នា​ពេល​អនាគត​ដែល​អ្នក​ត្រូវបាន​ជំរុញ​ឲ្យ​ធ្វើ ។

សូម​ពិចារណា​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​គំនិត ឬ​ការយល់​ដឹង​ដ៏​មាន​អត្ថន័យ ដែល​ពួកគេ​មាន​អំឡុង​ពេល​សិក្សា​មេរៀន ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​ពិភាក្សា​នៅ​ថ្ងៃ​នេះ ។