ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៥:៦–១៥ ៖ « ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ »


« ម៉ូសាយ ៥:៦–១៥ ៖ ‹ ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៥:៦–១៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៥:៦–១៥

« ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ »

ព្រះយេស៊ូវ​គ្រីស្ទ

ឈ្មោះ​អាច​មានអត្ថន័យ​ដ៏​អស្ចារ្យ ។ តើ​វា​មាន​ន័យ​យ៉ាងណា​ដែល​ត្រូវ​ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ? ម៉ូសាយ ៥ មាន​នូវ​សេចក្ដី​បញ្ចប់​ពី​ព្រះរាជឱង្ការ​របស់​ស្ដេច​បេនយ៉ាមីន​ចំពោះ​ប្រជាជន​របស់ទ្រង់ នៅពេល​ដែល​ទ្រង់​បាន​ប្រមូល​ប្រជាជន​ឲ្យ​ជួបជុំ​គ្នា ដើម្បី​ប្រទាន​ឈ្មោះ​ឲ្យ​ពួកគេ ( សូមមើល ម៉ូសាយ ១:១១ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​ការទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​មកលើ​ខ្លួន​អ្នក ។

ការ​ធ្វើតាម​គំរូ​របស់ព្រះ​យេស៊ូវគ្រីស្ទ ។ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អឥតខ្ចោះ​នៃ​របៀប​ដែល​យើង​ត្រូវ​រស់នៅ​ដើម្បី​បាន​ដូចជា​ទ្រង់ ។ នៅពេល​អ្នកជួយ​សិស្ស​ឲ្យ​ស្វែងយល់​ពី​ព្រះបន្ទូល សកម្មភាព និង​គុណលក្ខណៈ​របស់ព្រះ​យេស៊ូវគ្រីស្ទ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​របៀប​ដើម្បី​ធ្វើតាម​គំរូ​របស់ទ្រង់​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​សំណួរ « តើ​ការទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​មកលើ​ខ្លួន​របស់​អ្នក​មាន​ន័យ​យ៉ាង​ណា ? »

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ឈ្មោះ​ថ្មី

សកម្មភាព​ខាងក្រោម​នេះ​គឺ​ជា​របៀប​មួយ​ដើម្បី​ជួយ​សិស្ស​រៀបចំ​ខ្លួន​រៀន​អំពី​ការទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ។ ប្រសិនបើ​សិស្ស​ណា​ម្នាក់​អាច​មាន​អារម្មណ៍​ប៉ះពាល់អំពី​គំនិត​ស្តីពី​កុមារកំព្រា ឬ​កូន​ចិញ្ចឹម សូម​ពិចារណា​សកម្មភាព​ជំនួស ។

សូម​ស្រមៃ​ថា កុមារកំព្រា​ដែល​គ្មាន​អ្នក​ណា​ជួយ ឬ​មើល​ថែ​ពួកគេ​ដែល​នៅ​ទីបំផុត​បាន​ជួប​នឹង​គ្រួសារ​ដែល​មាន​សេចក្ដី​ស្រឡាញ់ និង​គ្រួសារ​ដែល​រឹងមាំ​បាន​សុំ​ពួកគេ​ទៅ​ចិញ្ចឹម ។

  • តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​កុមារកំព្រា​អាច​នឹង​ត្រូវបាន​គេ​សុំ​យក​ទៅ​ចិញ្ចឹម និង​ដាក់​ឈ្មោះ​គ្រួសារ​ថ្មី​របស់​ពួកគេ ?

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ម្តាយ និង​ឪពុកថ្មី​របស់ពួកគេ​អាច​ផ្តល់​ឲ្យ​ដែល​កុមារកំព្រា​មិន​អាច​ផ្តល់​ឲ្យ​ដោយ​ខ្លួនឯង​បាន ?

  • តើ​កុមារកំព្រា​អាច​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​គ្រួសារថ្មី​របស់​ពួកគេ ?

នៅក្នុង​ព្រះរាជឱង្ការ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​ប្រជាជន​ទ្រង់ ស្ដេច​បេនយ៉ាមីន​បាន​មាន​បន្ទូលថា « យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ » ( ម៉ូសាយ ៥:៨ ) ហើយ​ត្រូវបាន​ហៅថា « កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ » ( ម៉ូសាយ ៥:៧ ) ។ ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​ខ្លះ​ជា​សាសន៍​នីហ្វៃ ហើយ​អ្នកខ្លះ​ទៀត​ជា​កូនចៅ​របស់​មូលេក ។ ស្តេច​បេនយ៉ាមីន​មាន​ព្រះទ័យ​ចង់​ឲ្យ​ប្រជាជន​ទាំងអស់​រួបរួមគ្នា​ក្រោម​ឈ្មោះ​តែមួយ​ដូច​ក្នុង​គ្រួសារ ។

នៅពេល​អ្នកសិក្សា​ព្រះគម្ពីរ​នៅ​ថ្ងៃនេះ សូម​សញ្ជឹងគិត​ពី​វិធី​ដែលអ្នក​អាច​នឹង​ដូចជា​ក្មេង​កំព្រា​ក្នុង​ស្ថានភាព​ខាងលើ ហើយ​ព្រះអម្ចាស់​ដូចជា​ឪពុកម្ដាយ​ថ្មី ។

សូម​ពិចារណា​គូរ​តារាង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​អាច​ចាត់​សិស្ស​ជាគូៗ ហើយ​ចាត់​សិស្ស​ម្នាក់ៗ​នូវ​ជួរ​ឈរ​មួយ ។

ពរជ័យ​នៃ​ការទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះអង្គសង្រ្គោះ

របៀប​ដែល​ខ្ញុំ​យក​ព្រះនាម​ព្រះអង្គ​សង្គ្រោះ​ដាក់​លើ​ខ្លួន​ខ្ញុំ

សូម​រំឭក​ថា នៅក្នុង ម៉ូសាយ ៥:១–៥ ប្រជាជន​បានថ្លែង​ទីបន្ទាល់​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ធ្វើ « ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ » នៅក្នុង​ពួកគេ ហើយ​ថា​ពួកគេ « យល់​ព្រម​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ … ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ » ( ម៉ូសាយ ៥:២, ៥ ) ។

សុំ​ឲ្យ​សិស្ស​អាន ម៉ូសាយ ៥:៦–១០ ដោយ​ប្រុងប្រយ័ត្ន ហើយ​សរសេរ​អ្វី​ទាំងអស់​ដែល​ពួកគេ​រកឃើញ​ទាក់ទង​នឹង​អ្វីៗ​ក្នុង​ជួរឈរ​របស់​ពួកគេ ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​ជាមួយគ្នា​ទៅវិញ​ទៅមក ហើយ​រួមបញ្ចូល​ការឆ្លើយតប​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការប្រាប់​សិស្ស​ថា ព្រះហស្តស្តាំ​របស់ព្រះ​បង្ហាញ​ការពេញចិត្ត​ជា​និមិត្តរូប ហើយ​ព្រះហស្ត​ឆ្វេង​តំណាង​ឲ្យ​ការមិន​ពេញចិត្ត ។

ប្រសិនបើ​សិស្ស​មិន​ចែកចាយ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​តាម​ធម្មតា​ទេ សូម​ពិចារណា​សួរ​ពួកគេ ៖

  • តើ​អ្នក​ចង់​បានពរជ័យ​អ្វីខ្លះ​ក្នុង​ជីវិត​របស់អ្នក​ដែល​មានតែ​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះដែល​អាច​ប្រទាន​ឲ្យ​បាន ? ( សូម​ពិចារណា​ប្រើ​ឃ្លា​ដែល​អ្នក​បាន​រកឃើញ​ពី​ព្រះរាជឱង្ការ​របស់​ស្តេច​បេនយ៉ាមីន ដើម្បី​ឆ្លើយ​សំណួរ​នេះ ) ។ ហេតុ​អ្វី​អ្នក​ចង់​បាន​ពរជ័យ​ទាំងនេះ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​អាច​ប្រៀប​ប្រដូច​ជា​ឪពុកម្ដាយ​ដែល​ស្រឡាញ់យើង​យ៉ាងដូចម្ដេច ?

    អ្នក​អាច​នឹងចង់​សួរ​សំណួរ​តាមដាន​ដូចជា « តើ​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ឲ្យ​យើង​មាន​សេរីភាព​តាម​របៀបណា ? » « ហេតុ​អ្វី​វា​មាន​ប្រយោជន៍​ក្នុង​ការដឹងថា ‹ គ្មាន​នាម​ឯណា​ផ្សេង​ទៀត … នាំមក​នូវ​សេចក្តី​សង្រ្គោះ ? › »

  • យោងតាម​ស្ដេច​បេនយ៉ាមីន តើ​ប្រជាជន​បាន​ក្លាយ​ជា​កូនចៅ​របស់​ព្រះ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ឬ​បាន​យក​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មក​ដាក់លើ​ខ្លួន​គេ​យ៉ាងដូចម្តេច ?

របៀប​ដែលយើង​ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ស្តេច​បេនយ៉ាមីន​គឺ​ថា នៅពេល​យើង​ចុះ និង​រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ នោះ​យើង​ប្រែក្លាយ​ជា​បុត្រាបុត្រី​របស់​ព្រះ​គ្រីស្ទ និង​ទទួល​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ ដាល្លិន អេក អូក ក្នុង​គណៈប្រធានទីមួយ​ដើម្បី​បញ្ជាក់​ពី​របៀប​ដែល​យើង​ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ។

ដោយ​ធ្វើតាម​គំរូ​ព្រះគម្ពីរ មនុស្ស​ទាំងឡាយ​ណា​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សាក្សី​នៅ​ចំពោះ​មុខ​សាសនាចក្រ « ពួក​គេ​ប្រាកដជា​បាន​ប្រែ​ចិត្ត​ចំពោះ​អំពើ​បាប​របស់​ពួក​គេ​ទាំង​អស់ ហើយ​យល់​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​ប្ដេជ្ញា​ថា​នឹង​បម្រើ​ទ្រង់​ដល់​ចុង​បំផុត » ។ ( គ&ស ២០:៣៧; សូមមើល​ផងដែរ នីហ្វៃទី២ ៣១:១៣; មរ៉ូណៃ ៦:៣ ) ។ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ នោះ​យើង​បន្ត​សេចក្ដី​សញ្ញា​នេះ និង​សេចក្ដី​សញ្ញា​ផ្សេងទៀត​ទាំងអស់​ដែល​យើង​បានធ្វើ​នៅក្នុង​ទឹក​នៃ​ពិធី​បុណ្យជ្រមុជទឹក ។ ( ដាល្លិន អេក អូក « Taking upon Us the Name of Jesus Christ » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៨០ )

  • តើ​ការចុះ និង​ការរក្សា​សេចក្ដីសញ្ញា​បាននាំ​អ្នក​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

ដើម្បី​ជួយ​អ្នក​ឲ្យ​បន្ត​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​ការទទួល​យក​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ សូម​អាន ម៉ូសាយ ៥:១១–១៣ , ១៥ ដោយ​ស្វែងរក​ដំបូន្មាន​បន្ថែម​ពី​ស្តេច​បេនយ៉ាមីន​អំពី​ទទួល​យក​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​មកដាក់​លើខ្លួន​អ្នក ។

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Name of Christ » ( ៣:៥១ ) ដែលមាន​នៅលើ ChurchofJesusChrist.orgដើម្បី​ទទួល​បាន​គំនិត​បន្ថែម​អំពី​អត្ថន័យ​នៃ​ការទទួល​យក​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មក​ដាក់​លើ​ខ្លួន​អ្នក ។

3:51

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការយល់ដឹង​ដែល​ពួកគេ​ទទួល​បានពី​ខគម្ពីរ​ និង​វីដេអូ​នេះ ។ សូម​ពិចារណា​សួរ​សំណួរ​តាមដាន​ដូច​តទៅនេះ ៖ « តើ​អ្នក​គិត​ថា ការ​មាន​ព្រះនាម​របស់​ព្រះ​គ្រីស្ទ​ចារិក​នៅក្នុង​ដួងចិត្ត​របស់​អ្នក​មាន​ន័យ​ដូចម្ដេច ? ( សូមមើល ម៉ូសាយ ៥:១១–១២ ) ។ « តើ​ពរជ័យ​អ្វី​ខ្លះ​កើតឡើង​ចំពោះ​អ្នក​ដែល​មាន​ព្រះនាម​នៃ​ព្រះគ្រីស្ទ​ចារិក​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ? » « តើ​ការ​ទទួល​យក​ព្រះនាម​របស់​ព្រះ​គ្រីស្ទ​ដាក់​លើ​ខ្លួន​អ្នក​ទាំង​គំនិត និង​ទង្វើ​ប្រចាំ​ថ្ងៃ​របស់​អ្នក ជំរុញ​អ្នក​ឲ្យ​ធ្វើ​ជា​សិស្ស​កាន់តែ​ល្អ​របស់​ទ្រង់​ដោយ​របៀប​ណា ? »

សូម​គិត​អំពី​គំរូ​ដែល​អ្នក​បានឃើញ​ក្នុង​ជីវិត​របស់អ្នក​អំពី​មនុស្ស​ដែល​បាន​យក​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មក​ដាក់លើ​ខ្លួន ។

  • តើ​ពួកគេ​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា ពួកគេ​ទទួល​យក​ព្រះនាម​ទ្រង់​មកដាក់​លើខ្លួន​គេ ?

  • តើ​សាក្រាម៉ង់​អាច​ដើរ​តួនាទី​អ្វី​ខ្លះ​ក្នុង​ការជួយយើង​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​កាន់តែ​ប្រសើរ ?

ព្រះនាម​របស់ព្រះ​យេស៊ូវគ្រីស្ទ

ដើម្បី​ជួយ​សិស្ស​វាយ​តម្លៃ​ថា តើ​ពួកគេ​បាន​យក​ព្រះនាម​ព្រះអម្ចាស់​មក​ក្នុង​ដួងចិត្ត​ពួកគេ​បាន​ល្អ​ប៉ុនណា សូម​ពិចារណា​ឲ្យ​ពួកគេ​សញ្ជឹងគិត​ដោយ​ស្ងៀមស្ងាត់​នូវ​ចំណុច​ខាងក្រោម​នេះ ៖

  • តើ​មាន​វិធី​អ្វី​ខ្លះដែល​អ្នក​អាច​បង្ហាញ​ថា អ្នក​បា​នយក​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មក​ដាក់​លើ​ខ្លួនអ្នក ?

  • តើ​ពរជ័យ​អ្វី​ខ្លះបាន​កើតឡើង​ដោយ​ការទទួល​យកព្រះនាម​របស់ព្រះ​គ្រីស្ទ ?

សូម​ពិចារណា​ពី​គំនិត និង​ចំណាប់​អារម្មណ៍​ដែល​អ្នក​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នកបាន​សិក្សា​ថ្ងៃនេះ ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ទទួល​យក​ព្រះនាម​របស់​ព្រះ​គ្រីស្ទ​មក​ដាក់លើ​ខ្លួន​អ្នក​កាន់តែ​ពេញលេញ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​លើ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ត្រូវបាន​បំផុសគំនិតឲ្យ​ធ្វើ ។ សូម​ពិចារណា​ពីការ​ចែកចាយ​ពី​របៀប​ដែល​ការទទួលយក​ព្រះនាម​របស់ព្រះ​គ្រីស្ទ​មក​ដាក់​លើ​ខ្លួន​អ្នក​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់អ្នក ។