« ម៉ូសាយ ៧–៨ ៖ ព្យាការីរបស់ព្រះអម្ចាស់ជាអ្នកមើលឆុត » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ៧–៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ៧–៨
ព្យាការីរបស់ព្រះអម្ចាស់ជាអ្នកមើលឆុត
ដូចជាព្រះអង្គសង្គ្រោះមានព្រះបរមងារផ្សេងៗដែលបង្រៀនយើងអំពីទ្រង់ នោះពួកអ្នកបម្រើរបស់ព្រះអម្ចាស់ក៏មានងារដែលជួយយើងឲ្យយល់អំពីតួនាទីរបស់ពួកលោកនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ដែរ ។ នៅពេលស្ដេចលិមហៃ បានសុំជំនួយធ្វើកិច្ចការមួយដែលទ្រង់មិនដឹងថាត្រូវបំពេញដោយរបៀបណា នោះបុរសម្នាក់ដែលមានឈ្មោះអាំម៉ូន បានណែនាំទ្រង់ទៅកាន់ព្យាការី ។ អាំម៉ូនក៏បានទូលពន្យល់ដល់ស្តេចនូវសេចក្តីពិតសំខាន់ៗអំពីតួនាទីរបស់ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈផងដែរ ។ មេរៀននេះអាចជួយអ្នកយល់ពីសារៈសំខាន់នៃព្យាការី ក៏ជាអ្នកមើលឆុតក្នុងផែនការរបស់ព្រះវរបិតាសួគ៌ដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សំណួរអំពីព្យាការី
សូមស្រមៃថា នរណាម្នាក់ដែលអ្នកស្គាល់បានដឹងថា អ្នកជឿលើព្យាការីសម័យទំនើប ។ ពួកគេចូលទៅជិតអ្នក ហើយសួរដូចតទៅ ៖
-
ខ្ញុំបានឮថា សាសនាចក្ររបស់ឯងមានព្យាការី ។ តើព្យាការីធ្វើអ្វីខ្លះ ?
-
ហេតុអ្វីយើងត្រូវការព្យាការីម្នាក់នៅពេលសព្វថ្ងៃនេះ ?
-
ខ្ញុំអាននៅលើអនឡាញឃើញថា យ៉ូសែប ស្ម៊ីធ បានបកប្រែសៀវភៅបុរាណមួយក្បាល ។ តើមានព្យាការីណាខ្លះពីបុរាណ ឬសម័យទំនើបនេះធ្វើដូច្នេះទេ ?
-
តើឯងជឿអ្វីអំពីព្យាការី ?
ព្រះគម្ពីរមរមនមានការបង្រៀនជាច្រើនអំពីព្យាការី រួមទាំងរបៀបដែលព្រះវរបិតាសួគ៌ប្រើពួកលោកដើម្បីជួយយើងផងដែរ ។ នៅពេលអ្នកសិក្សា សូមពិចារណាសំណួរខាងលើ ហើយស្វែងរកការពង្រឹងទីបន្ទាល់របស់អ្នកអំពីព្យាការី ។ សូមរកមើលចម្លើយចំពោះសំណួរបន្ថែមដែលអ្នកប្រហែលជាមានអំពីព្យាការីផងដែរ ។
ការធ្វើដំណើរបី
នៅពេលបិតារបស់ស្តេចបេនយ៉ាមីន ( ម៉ូសាយ ) នៅជាស្តេច មានបុរសម្នាក់ឈ្មោះស៊ីនិព្វបានចាកចេញពីសារ៉ាហិមឡា ជាមួយនឹងមនុស្សមួយក្រុមដើម្បីទាមទារយកដែនដីនីហ្វៃមកវិញ ( សូមមើល ម៉ូសាយ ៩:៣–៤ ) ។ គ្មាននរណាបានឮដំណឹងពីក្រុមរបស់ស៊ីនិព្វជាច្រើនឆ្នាំមកហើយ ដូច្នេះស្តេចបន្ទាប់គឺម៉ូសាយ ( បុត្រារបស់ស្តេចបេនយ៉ាមីន ) បានចាត់ក្រុមមួយដែលដឹកនាំដោយអាំម៉ូន ទៅស្វែងរកពួកគេ ( សូមមើល ម៉ូសាយ ៧:១–៣ ) ។ ពួកគេបានរកឃើញប្រជាជនស៊ីនិព្វដែលត្រូវបានដឹកនាំដោយចៅប្រុសរបស់ ស៊ីនិព្វគឺស្តេចលិមហៃ ។ ប្រជាជនរបស់ស្តេចលិមហៃ ត្រូវបានពួកសាសន៍លេមិន ចាប់ធ្វើជាទាសករ « ពីព្រោះតែអំពើទុច្ចរិត [ របស់ពួកគេ ] » ( ម៉ូសាយ ៧:២០ ) ។
ស្តេចលិមហៃបានប្រាប់អាំម៉ូនថា ទ្រង់បានបញ្ជូនក្រុមស្វែងរកមួយដើម្បីរកមើលទីក្រុងសារ៉ាហិមឡា ប៉ុន្តែពួកគេមិនបានទទួលជោគជ័យឡើយ ។ ពួកគេបាននាំយកនូវកេរដំណែលមកពីដីខាងជើងមកវិញ ដោយរួមបញ្ចូលទាំងបញ្ជីដែលសរសេរនៅលើផ្ទាំងមាសចំនួន ២៤ ( សួមមើល ម៉ូសាយ ៨:៧–៩ ) ។ ស្ដេចលិមហៃសង្ឃឹមថា អាំម៉ូនអាចបកប្រែបញ្ជី ឬស្គាល់នរណាម្នាក់ដែលអាចបកប្រែបាន ( សូមមើល ម៉ូសាយ ៨:៦, ១១–១២ ) ។
សូមអាន ម៉ូសាយ ៨:១៣–១៤ ដោយរកមើលថា នរណាដែលអាំម៉ូនបាននិយាយថា អាចបកប្រែបញ្ជីនេះបាន និងមូលហេតុ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា ទាំងម៉ូសាយ និង យ៉ូសែប ស្ម៊ីធ មានឧបករណ៍ពិសេសដែលហៅថា យូរីម និងធូមីមដែលព្រះបានរៀបចំដើម្បីជួយពួកលោកបកប្រែបញ្ជីបុរាណទាំងឡាយ ។ ( សូមមើល ម៉ូសាយ ២៨:១៣–១៤; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៥ ។ ប្រសិនបើអ្នកចង់ដឹងបន្ថែមទៀត សូមមើល « យូរីម និងធូមីម » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ) ។
តួនាទីរបស់អ្នកមើលឆុត
សូមអាន ម៉ូសាយ ៨:១៥–១៨ ដើម្បីរៀនពីអ្វីដែលជាអ្នកមើលឆុត និងមូលហេតុដែលព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់បានប្រទានពួកអ្នកមើលឆុតដល់យើង ។
-
តើអ្នកបានរៀនអ្វីខ្លះ ?
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយពន្យល់ពីតួនាទីរបស់អ្នកមើលឆុតដូចខាងក្រោមនេះ ៖
ជាអ្នកដែលមានសិទ្ធិអំណាចពីព្រះ ដើម្បីមើលឃើញនូវអ្វីៗដែលព្រះទ្រង់បានលាក់ពីពិភពលោកដោយភ្នែកខាងវិញ្ញាណ ( ម៉ូសេ ៦:៣៥–៣៨ ) ។ អ្នកនោះគឺជាអ្នកទទួលវិវរណៈ ហើយជាព្យាការី ( ម៉ូសាយ ៨:១៣–១៦ ) ។ នៅក្នុងព្រះគម្ពីរមរមន អាំម៉ូនបានបង្រៀនថា មានតែអ្នកមើលឆុតតែមួយគត់ ដែលអាចប្រើវត្ថុបកប្រែដ៏វិសេសនោះបាន ឬក៏យូរីម និងធូមីម ( ម៉ូសាយ ៨:១៣; ២៨:១៦ ) ។ អ្នកមើលឆុតដឹងនូវការណ៍ពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ។ កាលពីបុរាណ គេតែងតែហៅព្យាការីថា អ្នកមើលឆុត ( សាំយូ. ទី១ ៩:៩; សាំយូ. ទី២ ២៤:១១ ) ។
យ៉ូសែប ស៊្មីធ គឺជាអ្នកមើលឆុតដ៏មហិមាម្នាក់នៅថ្ងៃចុងក្រោយ ( គ&ស ២១:១; ១៣៥:៣ ) ។ ថែមទៅទៀត គណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកដប់ពីរនាក់គឺត្រូវបានគាំទ្រឲ្យធ្វើជាពួកព្យាការី ជាពួកអ្នកមើលឆុត និងជាពួកអ្នកទទួលវិវរណៈ ។ ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « អ្នកមើលឆុត » scriptures.ChurchofJesusChrist.org )
-
តើអ្នកបានរៀនអ្វីខ្លះអំពីតួនាទីរបស់ព្យាការីក្នុងនាមជាអ្នកមើលឆុត ?
-
ហេតុអ្វីអ្នកគិតថា ព្រះវរបិតាសួគ៌នឹងប្រទានសមត្ថភាពទាំងនេះដល់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ?
-
តើព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈទាំងឡាយបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នកយ៉ាងដូចម្ដេច ?
តម្លៃនៃអ្នកមើលឆុតនៅសម័យរបស់យើង
-
សូមគិតអំពីស្ថានភាពយ៉ាងហោចណាស់បីដែលការដឹងថា ព្យាការីរបស់ព្រះវរបិតាសួគ៌គឺជាអ្នកមើលឆុតអាចជួយអ្នករក្សាភាពស្មោះត្រង់ចំពោះព្រះអម្ចាស់ ។ សូមកត់ត្រាស្ថានភាពទាំងនេះ ។
-
សូមសិក្សាសុន្ទរកថាពីសន្និសីទទូទៅនាពេលថ្មីៗនេះ ពីសមាជិកក្នុងគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមកត់ត្រាឧទាហរណ៍ដែលបង្ហាញថា ពួកលោកជាអ្នកមើលឆុត ។
-
សូមអញ្ជើញសិស្សឲ្យអាន « សារលិខិតពីគណៈប្រធានទីមួយ » ដែលមាននៅខាងមុខនៃកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( ឆ្នាំ ២០២២ ទំព័រ ២ ) ។ សូមកត់ត្រាពីរបៀបដែលអ្នកគិតថា សារលិខិតនេះ និងបទដ្ឋានដែលមាននៅក្នុងកូននសៀវភៅនេះបង្ហាញថា សមាជិកនៃគណៈប្រធានទីមួយគឺជាអ្នកមើលឆុត ។
-
សូមកត់ត្រាអត្ថប្រយោជន៍ដែលអ្នក ឬគ្រួសាររបស់អ្នកបានដកពិសោធពីការធ្វើតាមអ្នកមើលឆុត ។
វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា ស្តេចម៉ូសាយពិតជាបានបកប្រែបញ្ជីទាំងនេះមែន ( សូមមើល ម៉ូសាយ ២៨:១១–១៩ ) ។ អ្នកអាចអានផ្នែកនៃបញ្ជីទាំងនោះ ពេលអ្នកសិក្សាគម្ពីរអេធើរ ។
សូម្បីតែមុនពេលបញ្ជីនោះត្រូវបានបកប្រែក៏ដោយស្ដេចលិមហៃ ត្រូវបានទទួលឥទ្ធិពលដោយការដឹងថា ស្ដេចម៉ូសាយអាចបកប្រែបាន ។ សូមអាន ម៉ូសាយ ៨:១៩–២០ ដោយរកមើលពីរបៀបដែលស្តេចលិមហៃ មានប្រតិកម្មនៅពេលទ្រង់ជ្រាបដឹងថា ព្រះហៅព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។
-
តើការទទួលបានចំណេះដឹងនេះមានឥទ្ធិពលយ៉ាងណាទៅលើលិមហៃ ?
សូមសញ្ជឹងគិតពីអារម្មណ៍របស់អ្នកចំពោះព្រះវរបិតាសួគ៌ដែលប្រទានព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដើម្បីដឹកនាំយើងនៅថ្ងៃនេះ ។ អ្នកអាចកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។