ថ្នាក់​សិក្ខាសាលា
នីហ្វៃទី​៣ ១ ៖ « ការព្យាករណ៍​របស់​ពួក​ព្យាការី​បាន​ចាប់ផ្ដើម​បំពេញ​ដោយ​ពេញលេញ »


« នីហ្វៃទី​៣ ១ ៖ ‹ ការព្យាករណ៍​របស់​ពួក​ព្យាការី​បាន​ចាប់ផ្ដើម​បំពេញ​ដោយ​ពេញលេញ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃ​ទី៣ ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី៣ ១

« ការព្យាករណ៍​របស់​ពួក​ព្យាការី​បាន​ចាប់ផ្ដើម​បំពេញ​ដោយ​ពេញលេញ »

ពួក​សាសន៍​នីហ្វៃ​មើលឃើញ​ផ្កាយ​ថ្មី

តើ​វា​អាច​មាន​អារម្មណ៍​បែប​ណា​នៅក្នុង​ការរង់ចាំ​មើល​ផ្កាយ ដែល​បាន​ប្រកាស​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ? ពួក​អ្នកជឿ​សាសន៍​នីហ្វៃ​បាន​រង់ចាំមើល​ទីសម្គាល់​ដែល​សាំយូអែល​ជាសាសន៍​ហេលេ​មិន បាន​ព្យាករណ៍​ថានឹង​មកដល់ ( សូមមើល ហេលេមិន ១៤ ) ប៉ុន្តែពួកអ្នក​មិនជឿ​បាន​គំរាម​សម្លាប់​ពួកគេ ប្រសិនបើ​ទីសម្គាល់​មិនបាន​កើតឡើងទេ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ ថាព្រះអម្ចាស់​នឹង​បំពេញ​គ្រប់ទាំង​ព្រះបន្ទូល​ទាំងអស់ ​ដែលទ្រង់​មាន​ព្រះ​បន្ទូល​តាមរយៈ​ពួកព្យាការី​របស់ទ្រង់ ។

ការថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។សិស្ស​អាច​មាន​ភាពរឹងមាំ​នៅពេល​អ្នក​ចែកចាយ​សាក្សី​របស់អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​រកមើល​ឱកាស​ដើម្បី​ចែកចាយ​ជាមួយសិស្ស​នូវអារម្មណ៍​របស់អ្នក​អំពី​ព្រះអង្គសង្គ្រោះ និង​មូលហេតុ​ដែល​អ្នក​ប្រឹងប្រែង​ធ្វើតាម​ទ្រង់ ។

ការរៀបចំ​សិស្ស°៖ សិស្ស​អាច​រៀបចំ​ដើម្បី​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​របៀប ឬ​មូលហេតុ​ក្នុង​ការមាន​សេចក្តីជំនឿ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ ដែល​អាច​ពង្រឹង​ទៅដល់​នរណាម្នាក់​នៅក្នុង​គ្រា​ដែល​មិនមាន​ភាពច្បាស់លាស់ ឬ​គ្រា​ដែល​កំពុង​មាន​បញ្ហា ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

បាន​ពង្រឹង​ដោយសារ​សេចក្ដីជំនឿ

សំណួរ​ខាងក្រោម​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​វាយ​តម្លៃខ្លួន​ពួកគេ ។ សិស្ស​មិន​គួរ​រំពឹង​ថា នឹង​ត្រូវ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​នោះទេ ។

  • តាម​រង្វាស់​ពី​មួយ​ទៅ​ប្រាំ ដោយ​លេខ​ប្រាំ​ខ្លាំង​ជាង​គេ តើ​អ្នក​នឹង​វាយតម្លៃ​កម្រិត​នៃ​សេចក្តីជំនឿឬ​ទំនុកចិត្ត​របស់អ្នក​ ថាព្រះ​បំពេញ​តាម​ព្រះបន្ទូល​របស់​ពួកព្យាការី​របស់ទ្រង់​ដោយ​របៀប​ណា ? ហេតុអ្វី ?

នៅពេល​សាំយូអែល​ដែល​ជា​សាសន៍​លេមិន​បាន​មក​ក្នុង​ចំណោម​សាសន៍​នីហ្វៃ លោក​បាន​ព្យាករណ៍​ថា « ប្រាំ​ឆ្នាំ​ទៀត ហើយ​មើល​ចុះ ពេល​នោះ​ព្រះ​រាជ​បុត្រា​នៃ​ព្រះនឹង​យាង​មក » ( ហេលេមិន ១៤:២ ) ។ ព្យាការី​បាន​ព្យាករណ៍​អំពី​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ ហើយនិង​ពេលវេលា​ដែល​រំពឹងទុក​សម្រាប់​ការប្រសូត​របស់ទ្រង់​ក៏​បាន​មក​ដល់ ។ គម្ពីរ​នីហ្វៃទី៣ ចាប់ផ្តើម​នៅ​ចុង​បញ្ចប់​នៃ​ប្រាំ​ឆ្នាំ​នោះឯង ។

  • ប្រសិនបើ​អ្នក​ជា​មនុស្ស​ម្នាក់​នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ជឿ​លើ​សាំយូអែល តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា​នៅពេល​នេះ ?

នៅពេល​អ្នក​សិក្សា សូម​រកមើល​ភាព​ស្រដៀងគ្នា​រវាង​កាលៈទេសៈ​ដែល​នៅក្នុង នីហ្វៃទី១ និង​កាលៈទេសៈ​នៅក្នុង​ជំនាន់​របស់យើង​នេះ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យនិង​ឃ្លា ដែល​មាន​អត្ថន័យ​ពង្រឹង​ការទុកចិត្ត​របស់អ្នក​ចំពោះ​ព្រះ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​របស់ទ្រង់​ផងដែរ ។

ពួក​អ្នក​ជឿ​សាសន៍​នីហ្វៃ

នៅដើម​ដំបូង​នៃ​គម្ពីរ នីហ្វៃទី៣ ១ យើង​បាន​រៀន​ថា នីហ្វៃជា​កូន​របស់​ហេលេមិនបាន​ចាកចេញ​ពី​ដែនដី​នេះ ហើយថានីហ្វៃកូនប្រុស​របស់លោក ឥឡូវនេះគឺជា​ព្យាការី​ក្នុង​ចំណោម​ពួក​សាសន៍នីហ្វៃ ។

សូមអាន នីហ្វៃទី៣ ១:៤–៩ ដោយ​រកមើល​បញ្ហា​ដែល​ពួក​អ្នក​ជឿ​សាសន៍​នីហ្វៃ​បាន​ជួបប្រទះ​នៅពេល​នេះ ។

  • តើ​អ្នក​គិត​ថាអ្វី​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ខ្លះ « រង់​ចាំ​មើល​យ៉ាង​ខ្ជាប់ខ្ជួន » ( ខទី ៨ ) ទោះជា​មាន​ការគំរាមកំហែង​ដល់​ស្លាប់​ក៏ដោយ​នោះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាននិង​ពិភាក្សា​សំណួរ​ខាងក្រោម​ជា​ក្រុមតូចៗ ។ បន្ទាប់មក សិស្ស​ម្នាក់​មកពី​ក្រុម​នីមួយៗ​អាច​សរសេរ​ចម្លើយ​របស់​ក្រុម​ពួកគេ​ចំពោះ​សំណួរ​ចុងក្រោយ​នៅលើ​ក្ដារខៀន ។

សូមអាន នីហ្វៃ​ទី៣ ១:១០–១៤ ដើម្បី​រៀន​អំពីអ្វីដែល​បាន​កើតឡើង​បន្ទាប់ ។

  • តើ​អ្នក​ស្រមៃ​ថានីហ្វៃ​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ដែល​លោក​បានឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ?

  • តើ​អ្នក​គិត​ថាព្រះអម្ចាស់​ចង់​ឲ្យ​នីហ្វៃនិង​ប្រជាជន​យល់​យ៉ាងណា​ដែរ ?

  • តើ​សេចក្តីពិត​អ្វីខ្លះដែល​អាច​ស្វែងយល់​ចេញពី​ខគម្ពីរ​ទាំងនេះ ?

ប្រសាសន៍​របស់​ពួក​ព្យាការី​នឹង​ត្រូវបាន​បំពេញ

នៅក្នុង​ចំណោម​សេចក្តីពិត​ជាច្រើនដែល​មាន​នៅក្នុង​ខគម្ពីរ​ទាំងនេះ យើង​រៀន​ថា ព្រះអម្ចាស់​នឹង​បំពេញ​គ្រប់​ព្រះបន្ទូល ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​តាមរយៈ​ពួក​ព្យាការី​របស់ទ្រង់ ។ អ្នក​ប្រហែល​ជា​ចង់​គូសចំណាំ​សេចក្ដីពិត​នេះ​នៅក្នុង ខទី ១៣ ។

សេចក្តីពិត​បន្ថែមដែល​សិស្ស​អាច​រកឃើញ​ចេញពី​ខគម្ពីរ​ទាំងនេះរួមមាន ព្រះអម្ចាស់​នឹង​ស្តាប់​ការអធិស្ឋាន​របស់យើងសម្រាប់​អ្នក​ដទៃព្រះយេស៊ូវ​គ្រីស្ទ​បាន​យាងមក​ក្នុង​ពិភពលោក​ ដើម្បី​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា ។

សូម​ពិចារណា​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ខាងក្រោម​ជាគូៗ ។

សូមអាន នីហ្វៃ​ទី​៣ ១:១៥–២២ ដោយ​រកមើល​អំពី​របៀបដែល​ប្រជាជន​បាន​ឆ្លើយតប នៅពេល​ដែល​ការព្យាករ​ត្រូវបាន​បំពេញ ។

អ្នក​អាច​ពិភាក្សា​សំណួរ​ខាងក្រោម ( ឬ​សំណួរ​ផ្សេង​ទៀតដែល​អ្នក​នឹកឃើញ ) ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​ភ្ជាប់​បទគម្ពីរ​ទៅនឹង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

  • តើ​ហេតុអ្វី​អ្នក​គិត​ថាមនុស្ស​ឆ្លើយតប​ខុសៗគ្នា ?

  • តើ​ពួក​អ្នកជឿ​ត្រូវ​បាន​ពង្រឹង​ដោយ​របៀបណា​ក្នុង​អំឡុងពេល​ដកពិសោធន៍​នេះ ?

  • តើ​បទពិសោធន៍​នេះ​អាច​បង្កើន​ទំនុកចិត្ត​របស់អ្នក​ នៅលើ​ផែនការ​របស់​ព្រះអម្ចាស់​សម្រាប់​ជីវិត​របស់​អ្នក​តាម​របៀប​អ្វីខ្លះ ?

បទពិសោធន៍​របស់អ្នក

ដូចជា​ពួកសាសន៍​នីហ្វៃ​នៅក្នុង នីហ្វៃ​ទី​៣ ១ យើង​រស់នៅ​ក្នុង​គ្រា ដែល​ហាក់​ដូចជា ពោរពេញ​ទៅ​ដោយ​ភាពមិន​ច្បាស់លាស់​អំពី​អនាគត ។ តើ​យើង​អាច​មាន​ទំនុកចិត្ត​នៅលើ​ព្រះអម្ចាស់និង​ព្រះបន្ទូល​របស់ទ្រង់ ដែល​បាន​ប្រទាន​មក​តាមរយៈ​ពួកព្យាការី​របស់ទ្រង់​ដោយ​របៀប​ណា ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

សេចក្ដី​ស្មោះត្រង់​មិនមែន​ជា​ភាពល្ងីល្ងើ ឬ​ការជ្រុល​និយម​ឡើយ ។ ប៉ុន្ដែ​វា​ជា​ការទុកចិត្តនិង​ការដាក់​ទំនុក​ចិត្ត​របស់​យើង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង នៅលើ​ព្រះនាម​របស់​ទ្រង់និង​ការសន្យា​របស់​ទ្រង់ ។ នៅពេល​យើង « ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះនិង​មនុស្ស​គ្រប់រូប » [ នីហ្វៃ​ទី​២ ៣១:២០ ] នោះ​យើង​មាន​ពរ​ជាមួយ​នឹង​ទស្សនវិស័យ និង​ចក្ខុវិស័យ​ដ៏​អស់កល្ប​ជានិច្ច ដែល​មាន​ហួស​ពី​សមត្ថភាព​កំណត់​ខាង​សាច់ឈាម​របស់​យើង​ទៅ​ទៀត ។ យើង​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ « ប្រមូល​គ្នា ហើយ​ឈរ​នៅ​ទី​បរិសុទ្ធ​នានា » [ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២២ ] ហើយ « ចូរ​កុំ​រើ​ឡើយ រហូត​ដល់​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​មក​ដល់ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:៨ ] ។ ( ដេវីឌ អេ បែដណា « We Will Prove Them Herewith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១ )

សូម​ផ្តល់​ពេល​វេលា​គ្រប់គ្រាន់​ឲ្យ​សិស្ស​ដើម្បី​សញ្ជឹងគិត​ពី​ចំណុច​ខាងក្រោម​នេះ ។ ស្រប​តាម​តម្រូវការ សូម​ចែកចាយ​ស្ថានភាព​មួយចំនួនដែល​បាន​រាយបញ្ជី ។ វា​អាច​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ក្នុង​ការកត់ត្រា​គំនិត​របស់​ពួកគេ​ នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​ពួកគេ ។ សូម​ប្រុងប្រយ័ត្ននិង​ដឹង​ថា សិស្ស​មួយចំនួន​អាច​មាន​អារម្មណ៍​រំជួលចិត្ត នៅពេល​ពួកគេ​ពិចារណា​អំពី​បញ្ហា​ប្រឈមមុខ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សូម​ធ្វើ​តាម​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណ នៅពេល​អ្នក​ខិតខំ​ដើម្បី​ចង្អុល​បង្ហាញ​ពួកគេ​ទៅ​រក​ព្រះអង្គ​សង្រ្គោះ ។

សូម​គិត​អំពី​មូលហេតុដែល​អ្នក​អាច​ពុះពារ​រវាង ​ការ​មាន​សេចក្តីជំនឿ​នៅលើ​ព្រះនិង​មាន​អារម្មណ៍​មិន​ច្បាស់លាស់ ឬ​ភ័យខ្លាច​អំពី​ជីវិត​របស់អ្នក ។ ហេតុផល​ទាំងនេះ មាន​លក្ខណៈ​ផ្ទាល់ខ្លួន​សម្រាប់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​អាច​រួមមាន​ដូចខាង​ក្រោម ៖

  • ទទួល​ការចំអក ឬ​វាយប្រហារ​ចំពោះ​សេចក្តីជំនឿ​របស់អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ

  • មាន​បញ្ហា​ទំនាក់ទំនង​គ្រួសារ រួមមាន​ឪពុកម្តាយ ដែល​បែកបាក់គ្នា​ដោយ​ការលែងលះ

  • កំពុង​មាន​បញ្ហា​ការថប់បារម្ភ ឬ​ធ្លាក់ទឹកចិត្ត

  • មាន​ការព្រួយបារម្ភ​អំពី​មនុស្ស​ជា​ទីស្រឡាញ់ ដែល​ប្រតិព័ទ្ធ​ភេទដូចគ្នា

  • កំពុង​រងទុក្ខ​ជាមួយ​នឹង​ការញៀន ឬ​កំពុង​ពុះពារ​ដើម្បី​យក​ឈ្នះ​នៅលើ​ទម្លាប់​ដែល​បំផ្លិចបំផ្លាញ

  • ភ័យខ្លាច​ថា​ពរជ័យ​នៃ​ដំណឹងល្អ​គឺ​មិន​អាច​ទទួលបាន

  • មាន​អារម្មណ៍​ថាមិន​ស័ក្តិសម ឬ​មិន​អាច​អត់ទោស​ឲ្យ​បាន

នៅក្នុង យ៉ូហាន ១៦:៣៣ ព្រះយេស៊ូវ​គ្រីស្ទ​បានមាន​ព្រះបន្ទូល​ថា « នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ។

  • តើ​ព្យាការី​បាន​បើក​បង្ហាញ​អ្វីខ្លះអំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​បំផុសគំនិត​ដល់​អ្នក​ឲ្យ​រក្សា​សេចក្តីជំនឿ​នៅលើ​ទ្រង់ ? ( អ្នក​ប្រហែលជា​អាច​នឹង​ចង់​អាន អាលម៉ា ៧:១១–១៣; អេធើរ ១២:២៧; អេសាយ ២៥:៨–៩ ) ។ តើ​អ្នក​គិត​ថា ទ្រង់​អាច​ជួយ​អ្នក​នៅក្នុង​ស្ថានភាព​របស់អ្នក​ដោយ​របៀប​ណា ?

  • តើ​នៅពេល​ណា​ដែល​ការទុកចិត្ត​នៅលើ​ព្រះអម្ចាស់ ឬ​ប្រសាសន៍​របស់​ពួក​ព្យាការី​របស់ទ្រង់​បាន​ពង្រឹង​អ្នក ឬ​នរណា​ម្នាក់ ដែល​អ្នក​ស្គាល់​នៅក្នុង​គ្រា​នៃ​ភាពមិន​ច្បាស់លាស់ឬ​ភ័យខ្លាច ? តើ​ការចងចាំ​បទពិសោធន៍​នេះ​អាច​ជួយ​ដល់​អ្នក​ឲ្យ​ស្គាល់​អំពី​ជំនួយ​របស់ទ្រង់​នៅក្នុង​ជីវិត​របស់អ្នក​ដោយ​របៀប​ណា ?

តាម​ការបំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ អ្នក​ប្រហែល​ជា​ចង់​សុំ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី ដែល​ពួកគេ​ចាប់​អារម្មណ៍​នៅ​ថ្ងៃនេះ ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ទំនុកចិត្ត​របស់អ្នក​ចំពោះ​ប្រសាសន៍​របស់​ព្យាការីនិង​ការព្យាករណ៍​អំពី​ទ្រង់ ។

អ្នក​ប្រហែល​ជា​ចង់​កត់ត្រា​ពី​អារម្មណ៍​របស់​អ្នក អំពី​អ្វី ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ°។ អ្នក​អាច​ដាក់​បញ្ចូល​សកម្មភាព​នានា ដែល​អ្នក​មាន​អារម្មណ៍​ថាទទួល​បាន​ការបំផុស​គំនិត​ឲ្យ​ធ្វើ ឬ​របៀប​ដែល​អ្នក​ត្រូវ​បាន​ពង្រឹង​តាមរយៈ​ការយល់ដឹង ថា​ព្រះ​បំពេញ​ព្រះបន្ទូល​ដែល​ទ្រង់​មាន​ព្រះបន្ទូល​តាមរយៈ​ពួកព្យាការី​របស់ទ្រង់ ។