ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការសិក្សា​របស់​អ្នក ទី៧ ៖ អាលម៉ា ៥៣–នីហ្វៃ​ទី​៣ ៧


« វាយតម្លៃ​ការសិក្សា​របស់​អ្នក ទី៧ ៖​អាលម៉ា ៥៣–នីហ្វៃ​ទី​៣ ៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« វាយតម្លៃ​ការសិក្សា​របស់អ្នក ទី៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

វាយតម្លៃ​ការសិក្សា​របស់​អ្នក ទី៧

អាល់ម៉ា ៥៣នីហ្វៃ​ទី​៣ ៧

យុវជន​កំពុង​សញ្ជឹងគិត​នៅពេល​ដែល​កំពុង​សិក្សា​ព្រះគម្ពីរ

ការសញ្ជឹងគិត និង​វាយតម្លៃ​ទៅលើ​ការរៀនសូត្រ​រខាង​វិញ្ញាណ​របស់អ្នក អាចជួយ​អ្នក​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នកឲ្យ​ចងចាំ និង​វាយតម្លៃ​អំពី​បទពិសោធន៍​របស់​អ្នក​ជាមួយ អាលម៉ា ៥៣នីហ្វៃ​ទី​៣ ៧ ដែល​បាន​ជួយ​អ្នក​ឲ្យ​រីកចម្រើន​ខាងវិញ្ញាណ ។

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​បន្ត​វាយតម្លៃ​ការរៀនសូត្រ​របស់​ពួកគេ​ជាប្រចាំ ។តាមរយៈ​ការសញ្ជឹង​គិត​ជា​ប្រចាំ​ទៅលើ​ការរៀនសូត្រ និង​ការរីកចម្រើន​របស់​ពួកគេ សិស្ស​អាច​វាយតម្លៃ​កាន់តែ​ប្រសើរ​អំពី​របៀប ដែល​ពួកគេ​កំពុង​អនុវត្ត​គោលការណ៍​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​បង្កើត​ឱកាស​សម្រាប់​សិស្ស​ដើម្បី​យល់ និង​ទទួល​អារម្មណ៍​អំពី​សារៈសំខាន់​នៃ​ការផ្លាស់ប្ដូរ​ដែល​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​បាន​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឮក​ឡើងវិញ​នូវអ្វី​ដែល​ពួកគេ​បានរៀន​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ ហើយ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​អំពី​របៀប​មួយ​ដែល​ពួកគេ​អាចនឹង​បញ្ចប់​សេចក្ដីថ្លែងការណ៍​ខាងក្រោម ៖ « មេរៀន​មួយ​មកពី អាលម៉ា ៥នីហ្វៃ​ទី​៣ ៧ ដែល​ខ្ញុំគិតថា​មាន​សារៈសំខាន់​សម្រាប់​ខ្ញុំ​នៅក្នុង​ការចងចាំ គឺ …​ពីព្រោះ… »

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

នៅក្នុង​មេរៀននេះ សិស្ស​នឹង​មាន​ឱកាស​ដើម្បី​ពន្យល់​អំពី​តួនាទី​របស់​ព្យាការី វាយតម្លៃ​អាកប្បកិរិយា​និង​បំណង​ប្រាថ្នា​របស់​ពួកគេ ហើយ​សញ្ជឹងគិត​អំពី​ផែនការ​ដែល​ពួកគេ​បានធ្វើ ដើម្បី​អនុវត្ត​ការបង្រៀន​ដំណឹងល្អ ។ ការសិក្សា​របស់​ថ្នាក់រៀន​របស់​អ្នក​អំពី អាលម៉ា ៥៣​–នីហ្វៃ​ទី​៣ ៧ ប្រហែល​ជាបាន​សង្កត់ធ្ងន់​ទៅលើ​ការពិត​ក្រៅពី​សកម្មភាព​ខាងក្រោម ។ ប្រសិនបើ​ដូច្នេះមែន អ្នក​អាច​យក​សកម្មភាព​ទាំងនេះ​កែសម្រួល​ដើម្បី​ដាក់បញ្ចូល​សេចក្ដីពិត​ទាំងនោះ ។

សារៈ​សំខាន់​នៃ​ការចងចាំ

ផ្នែក​នៃ​មេរៀន​នេះ មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​ចងចាំ​មេរៀន​ដ៏​មាន​តម្លៃ ដែល​ពួកគេ​បានរៀន​នៅ​ខណៈពេល​ដែល​កំពុងសិក្សា អាលម៉ា ៥៣នីហ្វៃ​ទី​៣ ៧ ។ នេះ​អាចជា​កន្លែង​ដ៏ល្អ​មួយ ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ ​ចេញពី​សកម្មភាព​រៀបចំ​ខ្លួន​ទុកជា​មុននេះ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀនថា ពាក្យ​ដ៏​សំខាន់​បំផុត​នៅក្នុង​វចនានុក្រម​អាចជា​ពាក្យ ចងចាំ ។ ( សូមមើល « Circles of Exaltation » [address to Church Educational System religious educators ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៩៦៨ ] ទំព័រ ៥ ) ។

  • តើ​មូលហេតុ​អ្វី​បានជា​អ្នក​គិតថា ប្រធាន ឃឹមបឹល បាន​និយាយ​អ្វី​ដែល​លោក​បានធ្វើ​អំពី​ពាក្យ ចងចាំ ?

  • តើ​មេរៀន​អ្វីខ្លះ​ដែល​អ្នកបាន​រៀន​មកពី អាលម៉ា ៥៣នីហ្វៃ​ទី​៣ ៧ ដែល​នឹង​មាន​សារៈ​សំខាន់​សម្រាប់​អ្នក​នៅក្នុង​ការចងចាំ ? ហេតុអ្វី ?

អ្នក​អាច​នឹង​ចងចាំ​ថា ហេលេមិន បាន​លើកទឹកចិត្ត​ឲ្យ​កូនប្រុស​របស់​លោក នីហ្វៃ និង លីហៃ ឲ្យ​ចងចាំ​មេរៀន​សំខាន់ៗ​និង​មនុស្ស​មួយចំនួន ( សូមមើល ហេលេមិន ៥:៤–១៤ ) ។ ដូចគ្នា​នេះដែរ មេរៀន​នេះ​មាន​គោលបំណង​ដើម្បី​ជួយ​ដល់​អ្នក​ឲ្យ​ចងចាំ​អំពី​សេចក្តីពិត ដែល​អ្នក​បានរៀន​និង​ការប្តេជ្ញាចិត្ត ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ។

ពន្យល់​អំពី​តួនាទី​របស់​ពួកព្យាការី

នៅក្នុង​ផ្នែក​នៃ​មេរៀន​នេះ អ្នក​នឹង​ឲ្យ​សិស្ស​ពន្យល់​អំពី​តួនាទី​របស់​ព្យាការី ដោយ​ប្រើ​ដំណើរ​រឿង​របស់​នីហ្វៃ ( ហេលេមិន​ ៧–១១ ) ឬ​សាំយូអែល​ជា​សាសន៍​លេមិន ( ហេលេមិន ១៣–១៦ ) ។ អ្នក​អាច​ពិចារណា​រៀបចំ​ដាក់​សិស្ស​ជា​ដៃគូ ហើយ​អនុញ្ញាត​ឲ្យ​ដៃគូ​នីមួយៗ​ជ្រើសរើស​ព្យាការី​ផ្សេងគ្នា ដើម្បី​សម្តែង​តាម​សាច់រឿង​ខាងក្រោម ឬ​សាច់រឿង​ផ្សេងទៀត​ដែល​អ្នក​ជ្រើសរើស ។

សូម​ស្រមៃថា អ្នក​មាន​អារម្មណ៍​បំផុស​គំនិត ដើម្បី​អញ្ជើញ​មិត្តម្នាក់​ឲ្យមើល​សន្និសីទ​ទូទៅ​ជាមួយ​អ្នក ។ នៅពេល​អ្នក​រៀបចំ​ខ្លួន​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត​នេះ អ្នក​សម្រេចចិត្ត​ពន្យល់​ដល់​មិត្ត​របស់អ្នក​ថាតើ​អ្វី​ទៅ​ជា​ព្យាការី និង​មូលហេតុ​ដែល​អ្នក​រំភើប​ក្នុង​ការស្តាប់​លោក ។ អ្នក​ចងចាំ​ថា​អ្នក​បាន​រៀនសូត្រ​អំពី​ព្យាការី​ដ៏អស្ចារ្យ​មួយចំនួន ​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​អាច​ជួយ​ដល់​អ្នក នៅក្នុង​ការ​ពន្យល់​អំពី​តួនាទី​របស់​ព្យាការី​ទៅដល់​មិត្ត​របស់​អ្នក​បាន ។

នីហ្វៃ​កំពុង​អធិស្ឋាន​នៅលើ​ប៉ម​មួយ​​ក្នុង​សួនច្បារ​របស់​លោក
សាំយូអែល ដែលជា​សាសន៍​លេ​មិន​កំពុង​បង្រៀន​នៅលើ​កំផែង

សិស្ស​អាច​យោង​ទៅលើ​អ្វី​ដែលសរសេរ​នៅក្នុង​ទិនានុប្បវត្តិ​នៅពីក្រោម​« សេចក្ដីពិត​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ » ចេញពី​មេរៀន « ហេលេមិន​ ៧-១០ » ។

សូម​ជ្រើសរើស​ដំណើររឿង​របស់​នីហ្វៃ ( ហេលេមិន ៧–១១ ) ឬ​សាំយូអែល​ជា​សាសន៍​លេមិន( ហេលេមិន ១៣–១៥ ) ។ ពិនិត្យ​មើល​ដំណើររឿង​របស់​ពួកគេ​នៅក្នុង​ជំពូក ដែល​ទាក់ទង​ដោយមើល​ខគម្ពីរ​ទាំងនោះ​ត្រួសៗ ហើយ​មើល​ចំណងជើង​ជំពូក​ឬ​កំណត់ចំណាំ ដែល​អ្នក​ប្រហែល​ជាបាន​ធ្វើនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  • តើ​អ្នក​អាច​ប្រើ​ដំណើររឿង​នេះ ដើម្បី​ពន្យល់​អំពី​តួនាទី​របស់​ព្យាការី​ទៅដល់​មិត្ត​របស់អ្នក​ដោយ​របៀបណា ?

  • តើ​ខគម្ពីរ​មកពី​ព្រះគម្ពីរ​អ្វី​ខ្លះដែល​អ្នកអាច​បញ្ចូល​ធ្វើជា​ផ្នែក​នៃ​ការពន្យល់​របស់​អ្នក​បាន ?

    ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ក្នុងការ​កំណត់​អត្តសញ្ញាណ​បទគម្ពីរ អ្នក​អាច​ណែនាំ​ពួកគេ​ទៅកាន់​វគ្គ​ដូចជា ហេលេមិន ៧:២៩; ៨:២២–២៣; ១០:៤–៧; ១១:២៣; ១៣:៥; និង ១៤:១១–១២ ។

  • តើ​សេចក្ដីពិត ឬ​បទពិសោធន៍​ផ្ទាល់ខ្លួន​បន្ថែម​អ្វីខ្លះ​ដែល​អ្នក​អាច​ចែកចាយ ដើម្បី​ជួយ​មិត្ត​របស់អ្នក​ឲ្យ​យល់អំពី​សារៈសំខាន់​នៃ​ពួកព្យាការី ?

នៅពេល​សិស្ស​បាន​បញ្ចប់​ការពិនិត្យ​ឡើងវិញ​របស់​ពួកគេ​អំពី​ព្យាការី សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ដើរតួ​នៅក្នុង​សាច់រឿង​ខាងលើ​ដោយ​ប្រើ​អ្វី​ដែល​ពួកគេ​បានរៀន ។

វាយ​តម្លៃ​អាកប្បកិរិយា និង​បំណងប្រាថ្នា​របស់អ្នក

សកម្មភាព​នេះ​អាច​ជួយ​ដល់​សិស្ស​វាយតម្លៃ​អំពី​អាកប្បកិរិយា និង​បំណងប្រាថ្នា​របស់​ពួកគេ ដើម្បី​រស់នៅ​តាមដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ការបន្ទាបខ្លួន ។ សូម​ពិចារណា​អំពី​ការសុំ​ឲ្យមាន​អ្នកស្ម័គ្រចិត្ត​ដើម្បី​គូរ​វដ្ត​នៃ​ការឆ្មើងឆ្មៃ​ដាក់​នៅលើ​ក្ដារខៀន​ចេញពី​ការចងចាំ ។ អ្នក​អាច​លើកទឹកចិត្ត​មិត្ត​រួមថ្នាក់​ឲ្យជួយ​ប្រសិនបើ​ចាំបាច់ ។

ដ្យាក្រាម​នៃ​វដ្ត​នៃ​ការឆ្មើងឆ្មៃ

នៅពេល​អ្នក​ក្រឡេក​មើល​ដ្យាក្រាម​នេះ អ្នក​អាច​នឹក​ចងចាំ​នូវ​ភស្តុតាង​អំពី​វដ្ត​នៃ​ការឆ្មើងឆ្មៃ​នៅ​ទូទាំង ហេលេមិន ១–១៦ និង នីហ្វៃ​ទី​៣ ១–៧ ។ អ្នក​ក៏​អាច​ស្គាល់​ឧទាហរណ៍ ដែល​អ្នក​បានឃើញ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់អ្នក ឬ​នៅក្នុង​ពិភពលោក​ជុំវិញ​អ្នក​ផងដែរ ។

ប្រើ​ការ​សម្រប​ខ្លួន​ណាមួយ ដែល​អ្នក​ធ្វើ​ចំពោះ​ផ្នែក​វាយតម្លៃ​ខ្លួនឯង​នៃ​« ហេលេមិន ១១–១២ » ដើម្បី​បញ្ចប់​សកម្មភាព​ដូច​ខាងក្រោម ។

នៅពេល​ដែល​អ្នក​បានសិក្សា ហេលេមិន ១១–១២ អ្នក​ប្រហែល​ជា​បាន​វាយតម្លៃ​ការខិតខំ​របស់អ្នក​ក្នុង​ការ​បន្ទាប​ខ្លួន ។ អ្នក​ក៏​ប្រហែល​ជា​បាន​កត់ត្រា​ការ​ប្តេជ្ញាចិត្ត នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ដើម្បី​បង្កើន​ការបន្ទាប​ខ្លួន​និង​យក​ឈ្នះ​លើ​ភាពអំនួត ។ ពិនិត្យ​ឡើងវិញ​នូវ​អ្វី​ដែល​អ្នក​បាន​សរសេរ ហើយ​សញ្ជឹងគិត​អំពី​របៀប​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​នឹង​ការប្តេជ្ញាចិត្ត​នោះ ។ សូម​សញ្ជឹងគិត​អំពី​សំណួរ​ខាងក្រោម ហើយ​កត់ត្រា​ចម្លើយ​របស់អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់អ្នក ។

ដោយសារ​លក្ខណៈ​ផ្ទាល់ខ្លួន​នៃ​សកម្មភាព​នេះ សិស្ស​គួរតែ​ដឹង​ថា​ពួកគេ​នឹង​មិន​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ទេ ។

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដើម្បី​ចងចាំ​ដល់​ព្រះអម្ចាស់ និង​អ្វី​ទាំងអស់​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ក្នុង​ការចងចាំ​ ថា​ព្រះអម្ចាស់​បានជួយ​ដល់អ្នក​ឲ្យ​រក្សា​ការបន្ទាបខ្លួន ?

  • តើ​មាន​ការផ្លាស់ប្ដូរ​ណា​មួយ​ដែល​អ្នក​ចង់​ធ្វើ ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ចងចាំ​ព្រះអម្ចាស់​ជា​រៀងរាល់​ថ្ងៃ ហើយ​បង្កើន​ការបន្ទាប​ខ្លួន​ដែរ​ឬ​ទេ ?

សូម​សញ្ជឹងគិត​អំពី​ផែនការ​ដើម្បី​ស្ថាបនា​មូលដ្ឋានគ្រឹះ​របស់អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ

នៅ​ផ្នែក​នៃ​មេរៀន​នេះ អាច​ជួយដល់​សិស្ស​ឲ្យ​សញ្ជឹងគិត​នៅលើ​ផែនការ ដែល​ពួកគេ​បានធ្វើ ដើម្បី​ស្ថាបនា​មូលដ្ឋានគ្រឹះ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ទប់ទល់​ទៅនឹង​ការល្បួង​ទាំងឡាយ​របស់​អារក្ស ។

នៅក្នុង​មេរៀន​ថ្មីៗ​នេះ អ្នក​បាន​សិក្សា​ដំណើររឿង​ជាច្រើន​អំពី​បុគ្គល ដែលបាន​យក​ឈ្នះ​នៅលើ​ការវាយប្រហារ​មកលើ​ជីវិត សាសនា និង​ទីបន្ទាល់​របស់ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅខណៈពេល​ដែល​កំពុង​សិក្សា អ្នក​ប្រហែល​ជា​បាន​ធ្វើ​ការប្តេជ្ញា​ចិត្តខ្លះៗ ដើម្បី​ជួយ​អ្នក​ស្ថាបនា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ទប់ទល់​ទៅនឹង​ការវាយប្រហារ​របស់​សាតាំង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត និង​ចែកចាយ​ដំណើររឿង​ដែល​ពួកគេ​បាន​សិក្សា ដែល​បាន​ជួយ​ពង្រឹង​មូលដ្ឋានគ្រឹះ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​យក​ឈ្នះ​លើ​ការវាយប្រហារ​របស់​សាតាំង ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ​នៅក្នុង​ការកំណត់​ឧទាហរណ៍​សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម​ជាមួយនឹង​ឯកសារ​យោង ដែល​ភ្ជាប់​មក​ជាមួយ​នោះ ។ អ្នក​អាច​បែងចែក​ថ្នាក់​ទៅជា​បីក្រុម​ហើយ​ឲ្យ​ក្រុម​នីមួយៗ​រំឭក​ដំណើរ​រឿង​ផ្សេងៗគ្នា ហើយ​ចែកចាយ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

លីហុនតៃ និង អាម៉ាលិកាយ

លីហុនតៃ និង អាម៉ាលិកាយ ( អាលម៉ា ៤៧:១០–១៨ )

ទីក្រុង​ដែលមាន​កំពែង

មេទ័ព​មរ៉ូណៃ​សង់​បន្ទាយ ( អាលម៉ា ៥០:១–៦ )

ផ្ទះ​នៅលើ​គ្រឹះ

ការប្រឹក្សា​របស់​ហេលេមិន ចំពោះ​កូនប្រុស​របស់គាត់ ( ហេលេមិន ៥:១២ )

  • តើ​មាន​មេរៀន​អ្វីខ្លះ​ដែល​យើង​អាចរៀន​មកពី​ដំណើររឿង​ទាំងនេះ ដែល​អាច​ជួយ​យើង​ទប់ទល់​ទៅនឹង​ការល្បួង​បាន ?

សូម​ពន្យល់​ដល់​សិស្សថា ពួកគេ​នឹងត្រូវ​បាន​អញ្ជើញ​ឲ្យ​វាយតម្លៃ​និង​ប៉ាន់តម្លៃ​គោលដៅ​ ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​ស្ថាបនា​គ្រឹះ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់មក ពួកគេ​នឹង​ពិភាក្សា​អំពី​បទពិសោធន៍ និង​ការសង្កេត​មួយចំនួន​របស់ពួកគេ​ជា​ថ្នាក់​ទាំងមូល ។

អ្នក​អាច​នាំ​យក​ដុំ​ប្លុក​សម្រាប់​សង់ ពែង​ប្លាស្ទិក ឬ​របស់​របរ​ផ្សេងទៀត​ទៅ​ថ្នាក់រៀន ដែល​សិស្ស​អាចប្រើ​សម្រាប់​ស្ថាបនា​គ្រឹះ ។ សូម​ផ្តល់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​វត្ថុ​សម្រាប់​សាងសង់​មួយ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម​ហើយ​ប៉ាន់តម្លៃ​របស់​ពួកគេ​របស់​ពួកគេ ។ បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​ចែកចាយ​ចម្លើយ​ណាមួយ ដែល​ពួកគេ​មាន​អារម្មណ៍​ចង់​ចែកចាយ ។ នៅពេល​ដែល​ពួកគេ​ចែកចាយ ពួកគេ​អាច​បន្ថែម​នូវ​វត្ថុ​របស់​ពួកគេ​ទៅក្នុង​រចនាសម្ព័ន្ធ​ថ្នាក់ ដោយ​នៅទី​បំផុត​កសាង​គ្រឹះ​ដ៏​រឹងមាំ​មួយ ។ ប្រសិនបើ​វត្ថុ​ដែល​អាច​សាងសង់​បាន​មិន​មានទេ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​គូរ​ឥដ្ឋ​នៅលើ​ក្តារខៀន​នៅពេល​ពួកគេ​ចែកចាយ ដោយ​បន្ថែម​ទៅនឹង​គំនូរ​គំនរ​ឥដ្ឋ​របស់​សិស្ស​ផ្សេងទៀត ដើម្បី​ស្ថាបនា​គ្រឹះ​ដ៏រឹងមាំ​មួយ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់ថា ពួកគេ​អាច​គាំទ្រ​គ្នា​ទៅវិញ​ទៅមក នៅពេល​ពួកគេ​ខិតខំ​ដើម្បី​ស្ថាបនា​គ្រឹះ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​សញ្ជឹងគិត​អំពី​គោលដៅ​ដែល​អ្នក​បានធ្វើ​ថ្មីៗ​នេះ​ ដើម្បី​ស្ថាបនា​គ្រឹះ​របស់អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ជោគជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួលបាន​នៅក្នុង​ការខិតខំ​របស់អ្នក ដើម្បី​ស្ថាបនា​គ្រឹះ​របស់អ្នក​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​បាន​ឃើញ​ឧបសគ្គ​អ្វីខ្លះ​នៅក្នុង​ការ​ស្ថាបនា​គ្រឹះ​ដ៏រឹងមាំ ? តើ​អ្នក​បាន​ព្យាយាម​យក​ឈ្នះ​ឧបសគ្គ​ទាំងនោះ​ដោយ​របៀបណា ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​សម្រាប់​ការខិតខំ​ព្យាយាម​ស្ថាបនា​គ្រឹះ​របស់អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? តើ​វា​បានធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​អ្វីខ្លះ​សម្រាប់​អ្នក ?

សូម​អាន ហេលេមិន ៥: ១២ ម្តង​ទៀត ហើយ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ថា​តើ​មាន​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ចាប់ផ្តើម បញ្ឈប់ ឬ​បន្តធ្វើ​ដើម្បី​ស្ថាបនា​គ្រឹះ​ដ៏​រឹងមាំ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍ថា​អ្នក​ត្រូវការ​កែតម្រូវ​គោលដៅ​ណាមួយ​ដែល​អ្នក​បាន​ធ្វើ នោះ​អ្នក​អាច​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ឬ​កន្លែង​ផ្សេង​ទៀត ដែល​អ្នក​អាច​សញ្ជឹងគិត​ជា​ទៀង​ទាត់​អំពី​វា​បាន ។