« នីហ្វៃទី ៣ ២៤ ៖ ក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ៣ ២៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ៣ ២៤
ក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់
តើព្រះអម្ចាស់បានសន្យាអ្វីខ្លះដល់យើង ប្រសិនបើយើងថ្វាយដង្វាយមួយភាគក្នុងដប់ ? ព្រះអង្គសង្រ្គោះបានប្រើប្រាស់ពាក្យពេចន៍របស់ព្យាការីម៉ាឡាគីដើម្បីបង្រៀនពួកសាសន៍នីហ្វៃអំពីក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ និងពរជ័យនៃការរស់នៅតាមបទបញ្ញត្តិនេះ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យមានអារម្មណ៍ចង់ថ្វាយដង្វាយមួយភាគក្នុងដប់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បទពិសោធន៍របស់អ្នក
សូមអានដំណើររឿងខាងក្រោមទាំងនេះ ដោយរកមើលរឿងទាំងឡាយណាដែលមានអារម្មណ៍ថា ទាក់ទងនឹងអ្នក ឬយុវវ័យក្នុងតំបន់របស់អ្នកខ្លាំង ៖
-
ហ្គាឡូសកំពុងសន្សំប្រាក់ទៅទិញទូរសព្ទ ។ ដូច្នេះ គាត់មិនបានគិតអំពីការបង់ដង្វាយមួយភាគក្នុងដប់នោះទេ ។
-
ស៊ីតាតែងតែដាក់ដង្វាយមួយភាគក្នុងដប់តាំងពីនាងនៅក្មេង ប៉ុន្តែពេលនេះនាងមានការងារធ្វើ និងរកប្រាក់បានច្រើនជាងមុន ដូច្នេះហើយវាកាន់តែពិបាកដើម្បីបង់ដង្វាយ ។
-
អូនីហ្គាបានឲ្យប្រាក់ទាំងអស់ ដែលនាងរកបានដើម្បីជួយដល់គ្រួសាររបស់នាង ។ នាងឆ្ងល់ថា តើនាងត្រូវបង់ដង្វាយមួយភាគក្នុងដប់ដូម្តេចទៅ បើគ្រួសាររបស់នាងត្រូវការលុយដែរនោះ ។
-
អាន់ជុមមិនមានចំណូលទេ ដូច្នេះគាត់មានចម្ងល់នៅក្នុងចិត្តថា តើក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់នឹងយកមកអនុវត្តចំពោះគាត់យ៉ាងដូចម្តេច ។
-
តើស្ថានភាពមួយណាដែលអ្នកមានអារម្មណ៍ថា មានភាពពាក់ព័ន្ធខ្លាំងជាងគេ ? ហេតុអ្វី ?
-
តើយុវវ័យអាចមានសំណួរ ឬក្តីកង្វល់អ្វីខ្លះអំពីដង្វាយមួយភាគក្នុងដប់ ?
សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក និងការយល់ដឹងអំពីដង្វាយមួយភាគក្នុងដប់ ។ តើអ្នកថ្វាយដង្វាយមួយភាគក្នុងដប់ ឬអ្នកស្ម័គ្រចិត្តថ្វាយដង្វាយមួយភាគក្នុងដប់ដែរឬទេ ? ហេតុអ្វីថ្វាយដង្វាយមួយភាគក្នុងដប់ ឬតើហេតុអ្វីមិនថ្វាយដង្វាយមួយភាគក្នុងដប់ ? តើអ្នកបានរៀនអ្វីខ្លះពីបទពិសោធន៍ទាំងនោះ ? នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការដឹកនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យគោរពតាមក្រឹត្យវិន័យនេះ ។
ក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់
នៅខណៈដែលកំពុងបង្រៀនពួកសាសន៍នីហ្វៃ ព្រះយេស៊ូវបានបញ្ជាឲ្យពួកគេសរសេរពាក្យ ដែលម៉ាឡាគីដែលបានកត់ត្រាប្រហែល ៤០០ ឆ្នាំមុន ។ ម៉ាឡាគីបានព្យាករអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងការជំនុំជម្រះមនុស្សទុច្ចរិត ( សូមមើល នីហ្វៃទី ៣ ២៤:១–៦ ) ។
សូមអាន នីហ្វៃទី ៣ ២៤:៧ ដោយរកមើលអំពីបញ្ហា ដែលប្រជាជនបានជួបប្រទះនៅក្នុងជំនាន់របស់ម៉ាឡាគី ។
-
តើពួកសាសន៍នីហ្វៃអាចដូចនឹងប្រជាជននៅក្នុងជំនាន់របស់ម៉ាឡាគីយ៉ាងដូចម្ដេច ?
-
តើព្រះអម្ចាស់បានសន្យាអ្វីខ្លះដល់ប្រជាជននេះ ប្រសិនបើពួកគេត្រឡប់មករកទ្រង់វិញ ?
ដើម្បីលើកទឹកចិត្តដល់ប្រជាជនឲ្យត្រឡប់ទៅរកព្រះអម្ចាស់វិញ ហើយរៀបចំខ្លួនសម្រាប់ការយាងមករបស់ទ្រង់ តាមរយៈម៉ាឡាគី ព្រះអម្ចាស់បានបង្រៀនអំពីដង្វាយមួយភាគក្នុងដប់ ។
សូមអាន នីហ្វៃទី ៣ ២៤:៨–១២ ហើយពិចារណាគូសចំណាំអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់នេះ ។ សូមកត់ចំណាំថា « សត្វដែលស៊ីបង្ខូច » ( ខទី ១១ ) អាចនិយាយសំដៅទៅលើទាំងសត្វចង្រៃ គ្រោះរាំងស្ងួត ឬទឹកជំនន់ និងសូម្បីតែសាតាំងផងដែរ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីខគម្ពីរទាំងនេះ ?
-
តើការបដិសេធមិនថ្វាយដង្វាយមួយភាគក្នុងដប់ប្រៀបដូចជាការប្លន់ពីព្រះយ៉ាងដូចម្ដេចដែរ ?
-
តើអ្នកអាចបំពេញប្រយោគខាងក្រោមនេះដោយរបៀបណា ៖ « ប្រសិនបើយើងស្តាប់បង្គាប់តាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ … » ?
នេះជាវិធីមួយ ដែលអ្នកអាចបញ្ចប់ឃ្លានេះបាន ៖ ប្រសិនបើយើងស្តាប់បង្គាប់តាមក្រិត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ នោះទ្រង់នឹងចាក់ព្រះពរមកលើយើង ។
នៅក្នុងជំនាន់របស់ម៉ាឡាគី និងនៅក្នុងជំនាន់ពួកសាសន៍នីហ្វៃ ពួកបរិសុទ្ធទំនងជាបានថ្វាយដង្វាយមួយភាគក្នុងដប់ដោយការផ្តល់ជាអាហារ ឬទំនិញមួយភាគក្នុងដប់របស់ពួកគេ ។ សព្វថ្ងៃនេះ « សមាជិកសាសនាចក្រថ្វាយប្រាក់ចំណូលមួយភាគក្នុងដប់ទៅដល់ព្រះអម្ចាស់តាមរយៈសាសនាចក្ររបស់ទ្រង់ ។ មូលនិធិនេះត្រូវបានប្រើ ដើម្បីកសាងសាសនាចក្រ និងបន្តការងាររបស់ព្រះអម្ចាស់នៅទូទាំងពិភពលោក » ( Gospel Topics « ដង្វាយTithing » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។ ប្រសិនបើនរណាម្នាក់មិនមានប្រាក់ចំណូលទេ ពួកគេមិនតម្រូវឲ្យថ្វាយដង្វាយមួយភាគក្នុងដប់ទេ ប៉ុន្តែពួកគេគួរតែស្ម័គ្រចិត្តធ្វើនៅពេលអនាគត ។
ព្រះអម្ចាស់បានប្រើប្រាស់ឃ្លាដ៏មានឥទ្ធិពល និងរស់រវើកនៅពេលមានព្រះបន្ទូលអំពីដង្វាយមួយភាគក្នុងដប់ ៖ « សូមល្បងល [ ឬសាកល្បង ] យើងឥឡូវនេះ …បើយើងមិនបើកបង្អួចស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នកដែលនឹងគ្មានកន្លែងល្មមទុកបានទេ » ( នីហ្វៃទី ៣ ២៤:១០ ) ។
-
តើអ្នកគិតថាព្រះអម្ចាស់បានគូសបញ្ជាក់អ្វីខ្លះ ដោយប្រើប្រាស់ពាក្យពេចន៍ និងឃ្លាដែលទ្រង់បានមានព្រះបន្ទូល ? តើអ្នករៀនអ្វីខ្លះអំពីទ្រង់ ?
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:២៣ ។
-
សូមអានកថាខណ្ឌនៅក្រោមចំណងជើង « « មេរៀន ទី ១—ពរជ័យសំខាន់ តែតូចៗ » នៅក្នុងសុន្ទរកថារបស់អែលឌើរ ដេវីឌ អេ បែដណា « The Windows of Heaven » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–២០ ) ។
-
សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងការថ្វាយដង្វាយមួយភាគក្នុងដប់ និងបុគ្គលទាំងឡាយដែលអ្នកស្គាល់ ។
-
សូមផ្ញើសារទៅឪពុកម្ដាយ ឬថ្នាក់ដឹកនាំសាសនាចក្រដោយសួរនូវពរជ័យអ្វីខ្លះ ដែលពួកលោកបានទទួលមកពីការថ្វាយដង្វាយមួយភាគក្នុងដប់របស់ពួកលោក ។
-
តើពរជ័យទាំងនេះជះឥទ្ធិពលទៅដល់សេចក្តីប្រាថ្នារបស់អ្នកនៅក្នុងការថ្វាយដង្វាយមួយភាគក្នុងដប់ដោយរបៀបណា ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់បញ្ជារាស្រ្តរបស់ទ្រង់ឲ្យថ្វាយដង្វាយមួយភាគក្នុងដប់ ?
-
តើការស្តាប់បង្គាប់តាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ជួយយើង « វិលមកឯ » ( នីហ្វៃទី ៣ ២៤:៧ ) ឬកាន់តែជិតព្រះអម្ចាស់ដោយរបៀបណា ?
ការអនុវត្តផ្ទាល់ខ្លួន
សូមគិតអំពីអ្វី ដែលអ្នកបានរៀន និងអារម្មណ៍នៅថ្ងៃនេះ ពេលអ្នកអានឃ្លាខាងក្រោមរបស់អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ ៖
ការថ្វាយដង្វាយមួយភាគក្នុងដប់ដ៍ស្មោះត្រង់ គឺមិនគ្រាន់តែជាកាតព្វកិច្ចនោះទេ វាគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរការនៃការញែកចេញជាបរិសុទ្ធផ្ទាល់ខ្លួន ។ ចំពោះអ្នកដែលថ្វាយដង្វាយមួយភាគក្នុងដប់របស់អ្នក ខ្ញុំសូមកោតសរសើរ ។
ចំពោះអ្នកដែលបច្ចុប្បន្នពុំបានគោរពតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ទេ ខ្ញុំសូមអញ្ជើញអ្នកឲ្យពិចារណាឡើងវិញ ហើយប្រែចិត្ត ។ ខ្ញុំសូមធ្វើទីបន្ទាល់ថា តាមរយៈការគោរពប្រតិបត្តិរបស់អ្នកចំពោះក្រិត្យវិន័យរបស់ព្រះអម្ចាស់នោះបង្អួចនៃស្ថានសួគ៌នឹងបើកឲ្យអ្នក ។ ( ដេវីឌ អេ បែដណា « The Windows of Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២០ )