« ថ្ងៃទី ៨ ខែ ឧសភា ។ តើខ្ញុំដឹងថាព្រះបានអត់ទោសឲ្យខ្ញុំយ៉ាងដូចម្តេច ? និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៨ ខែ ឧសភា ។ តើខ្ញុំដឹងថាព្រះបានអត់ទោសឲ្យខ្ញុំយ៉ាងដូចម្តេច ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ៨ ខែ ឧសភា
តើខ្ញុំដឹងថាព្រះបានអត់ទោសឲ្យខ្ញុំយ៉ាងដូចម្តេច ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើការងាកទៅរកព្រះអម្ចាស់អាចជួយយើងប្រឈមនឹងឧបសគ្គ និងការសាកល្បងរបស់យើងតាមរបៀបណា ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើយើងស្គាល់នរណាខ្លះដែលត្រូវការការអធិស្ឋាន និងមិត្តភាពរបស់យើង ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើផែនការចែកចាយដំណឹងល្អអ្វីខ្លះត្រូវបានលើកមកពិភាក្សានៅក្នុងការប្រជុំក្រុមប្រឹក្សាយុវវ័យវួដ ? តើថ្នាក់ ឬកូរ៉ុមរបស់យើងអាចចូលរួមដោយរបៀបណា ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើការធ្វើកិច្ចការពង្សប្រវត្តិអាចពង្រឹងទំនាក់ទំនងយើងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរប់ៀបណា ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ពេលខ្លះមនុស្សទូទៅងឿងឆ្ងល់ថាតើពួកគេ « បានធ្វើគ្រប់គ្រាន់ » ដើម្បីទទួលបានការអភ័យទោសពីអំពើបាបដែរឬទេ ។ ទោះជាការប្រែចិត្តតម្រូវឲ្យមានការខិតខំក្ដី ក៏នៅទីបំផុតយើងមិនត្រូវបានអភ័យទោសឲ្យដោយសារតែយើងបំពេញបញ្ជីការងារមួយ ឬធ្វើកិច្ចការជាក់លាក់នោះឡើយ ។ យើងត្រូវបានអភ័យទោសឲ្យ នៅពេលយើងទទួលសេចក្ដីមេត្តាករុណាដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ។ មានតែតាមវិធីនេះទេ ទើបនិស្ស័យធម្មជាតិរបស់យើងត្រូវបានផ្លាស់ប្ដូរ ។
នៅសម័យបុរាណ ពិធីសាសនា និងការបូជាយញ្ញតាមក្រឹត្យវិន័យរបស់ម៉ូសេបានចង្អុលបង្ហាញពួកសាសន៍អ៊ីស្រាអែលឲ្យទៅរកដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ដូចដែលព្រះអម្ចាស់បានមានបន្ទូលនៅក្នុង លេវីវិន័យ ១៦:៣០ ថា « ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងឯងរាល់គ្នា ដើម្បីនឹងញែកចេញជាស្អាត នោះឯងរាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាននៅចំពោះព្រះយេហូវ៉ា » ។ ពិតណាស់ ពិធីសាសនាតែម្យ៉ាងមិនអាចផ្ដល់ការអភ័យទោសពីអំពើបាបដល់យើងនោះទេ ។ ការអភ័យទោសកើតចេញមកពីព្រះយេស៊ូវគ្រីស្ទ ។ នៅជំនាន់យើង ពិធីបរិសុទ្ធដូចជា ពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់ចង្អុលបង្ហាញពីគំនិត និងដួងចិត្តយើងទៅរកព្រះអង្គសង្គ្រោះ ។ ពិធីទាំងនេះជួយយើងឲ្យយល់ថា ទ្រង់នឹងអភ័យទោសដល់យើងជានិច្ច នៅពេលយើងប្រែចិត្ត ។
តើព្រះវរបិតាសួគ៌ បានជួយបងប្អូនឲ្យដឹងថាបងប្អូនបានទទួលការអភ័យទោសដោយរបៀបណា ? បងប្អូនអាចសិក្សា ម៉ូសាយ ៤:១–៣ និងសារលិខិតរបស់ប្រធាន ថាត អរ ខាលីស្ទើរ « The Atonement of Jesus Christ » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥–៨៧ ) ។ សារលិខិតនេះអាចជួយមនុស្សដែលបងប្អូនបង្រៀនឲ្យយល់ថាព្រះវរបិតាសួគ៌អភ័យទោសដល់យើង នៅពេលយើងប្រែចិត្ត ។
រៀនជាមួយគ្នា
បងប្អូនអាចចាប់ផ្ដើមដោយដាក់បង្ហាញរូបភាពអំពីព្រះអង្គសង្គ្រោះនៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ ៥៦–៥៧ ) ។ សូមអញ្ជើញយុវវ័យឲ្យស្រាវជ្រាវនៅក្នុង លេវីវិន័យ ១:១–៩; ១៦:១៥–១៦, ៣០ ។ សុំឲ្យពួកគេចែកចាយឃ្លាដែលរំឭកពួកគេអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ តើពលិកម្មដែលបានរៀបរាប់នៅក្នុងខគម្ពីរទាំងនេះជួយពួកសាសន៍អ៊ីស្រាអែលឲ្យទន្ទឹងរង់ចាំដង្វាយធួនរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ? តើអ្វីទៅដែលជួយយើងឲ្យចងចាំដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ? តើអ្វីទៅដែលជួយយើងឲ្យទទួលបានអារម្មណ៍នូវសេចក្ដីស្រឡាញ់ និងការភ័យទោសរបស់ព្រះអង្គសង្គ្រោះ ? សកម្មភាពខាងក្រោមនេះអាចជួយយុវវ័យឲ្យយល់កាន់តែប្រសើរថាព្រះនឹងអភ័យទោសដល់យើង ។
-
មនុស្សមួយចំនួននៅក្នុងបទគម្ពីរបានរៀបរាប់ពីអារម្មណ៍ដែលពួកគេមាន នៅពេលព្រះវរបិតាសួគ៌បានអភ័យទោសដល់ពួកគេ ។ សមាជិកនៅក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូនអាចអានគំរូមួយចំនួន( សូមមើល« ធនធានគាំទ្រ » ) ។ សូមអញ្ជើញពួកគេឲ្យធ្វើបញ្ជីមួយដោយដកស្រង់ឃ្លាពីខគម្ពីរដែលរៀបរាប់ពីអារម្មណ៍ពេលទទួលបានការអភ័យទោស ។ បងប្អូនអាចសូមឲ្យពួកគេបង្ហាញពីអារម្មណ៍របស់ពួកគេពេលទទួលបានការអភ័យទោសក្នុងពាក្យសម្ដីរបស់ពួកគេផ្ទាល់ ។ តើយើងរៀនអ្វីខ្លះអំពីព្រះមកពី អារម្មណ៍ទាំងនេះ ? ប្រហែលជាបងប្អូនអាចចែកចាយអារម្មណ៍របស់បងប្អូនផ្ទាល់អំពីការអភ័យទោស ។
-
ពេលខ្លះ មនុស្សទូទៅមិនប្រាកដថាពួកគេបានទទួលការអភ័យទោសឡើយដោយសារតែពួកគេមិនប្រាកដថាពួកគេពិតជាបានប្រែចិត្ត ។ សារលិខិតរបស់អែលឌើរ ឌែល ជី រិនឡាន់ « Repentance: A Joyful Choice » ពន្យល់ពីរបៀបប្រែចិត្តពិតប្រាកដ ហើយទទួលបានការអភ័យទោសរបស់ព្រះ ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១២១–២៤ ) ។ បងប្អូនអាចសរសេរនៅលើក្ដារខៀននូវចំណងជើងថា ការប្រែចិត្តពិត និង រឿងដែលរារាំងដល់ការប្រែចិត្ត ។ សូមឲ្យមនុស្សដែលបងប្អូនបង្រៀនស្វែងរកការបង្រៀននៅក្នុងសារលិខិតនោះដែលស្ថិតនៅក្រោមចំណងជើងនីមួយៗ ។ តើយើងរៀនអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះ និងការអភ័យទោសរបស់ទ្រង់មកពីកថាខណ្ឌបីចុងក្រោយនៅក្នុងសារលិខិតនេះ ?
-
មនុស្សមួយចំនួនអាចបានប្រែចិត្ត ប៉ុន្តែមិនបានទទួលអារម្មណ៍ពីការអភ័យទោស ។ ការណ៍នេះប្រហែលជាដោយសារពួកគេមិនអាចអភ័យទោសឲ្យខ្លួនឯងបាន ។ ការប្រឹក្សានៅក្នុងសារលិខិតរបស់ប្រធានថាត អរ ខាលីស្ទើរ « The Atonement of Jesus Christ » អាចជួយពួកគេបាន ។ ថ្នាក់ ឬកូរ៉ុមរបស់បងប្អូនអាចអានវគ្គដោយចាប់ផ្ដើមដោយ « ២. អំពើបាប » ។ សូមឲ្យពួកគេស្វែងរកការប្រឹក្សាដែលពួកគេអាចចែកចាយជាមួយនឹងមិត្តភក្ដិ ឬសមាជិកគ្រួសារ ដែលនៅតែមានអារម្មណ៍ថាខុសឆ្គងទោះជាបានប្រែចិត្តហើយក្ដី ។ សូមទុកពេលឲ្យយុវវ័យចែកចាយអារម្មណ៍របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ដែលអាចធ្វើឲ្យយើងប្រែចិត្ត ហើយទទួលបានការអភ័យទោស ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
អេណុស ១:១–៨; ម៉ូសាយ ៤:១–៣; អាលម៉ា ២៤:៧–១០; ៣៦:១៧–២១ ( អារម្មណ៍របស់មនុស្សពេលពួកគេទទួលបានការអភ័យទោស )
-
អេសាយ ១:១៨; ម៉ូសាយ ២៦:៣០; មរ៉ូណៃ ៦:៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២–៤៣; ៦៤:១០ ( ព្រះអម្ចាស់សន្យានឹងអភ័យទោសដល់យើង )
-
រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧–៦៩ ។
-
ក្រេហ្គ អេ ខារដុន « The Savior Wants to Forgive » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១៥–១៨