« ថ្ងៃទី ២៨ ខែ សីហា ។ តើព្រះអង្គសង្រ្គោះជួយខ្ញុំនៅក្នុងការសាកល្បងរបស់ខ្ញុំយ៉ាងដូចម្តេច ? ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩;១៤៦–១៥០ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៨ ខែ សីហា ។ តើព្រះអង្គសង្រ្គោះជួយខ្ញុំនៅក្នុងការសាកល្បងរបស់ខ្ញុំយ៉ាងដូចម្តេច ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ២៨ ខែ សីហា
តើព្រះអង្គសង្រ្គោះជួយខ្ញុំនៅក្នុងការសាកល្បងរបស់ខ្ញុំយ៉ាងដូចម្តេច ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើបទពិសោធន៍ថ្មីៗអ្វីខ្លះដែលបាននាំយើងឲ្យខិតកាន់តែជីវិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើថ្មីៗនេះមានមនុស្សម្នាក់ដែលទើបប្ដូរចូលមកក្នុងវួដរបស់យើង ឬទើបចូលក្នុងសាសនាចក្រដែរឬទេ ? តើយើងអាចជួយពួកគេឲ្យមានអារម្មណ៍ស្វាគមន៍ដោយរបៀបណា ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើមានសកម្មភាពអ្វីខ្លះដែលនឹងកើតមានឡើង ដែលយើងអាចអញ្ជើញមិត្តរបស់យើងឲ្យចូលរួមបាន ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចប្រឹងប្រែងធ្វើអ្វីខ្លះ ដើម្បីកត់ត្រាប្រវត្តិផ្ទាល់ខ្លួនរបស់យើង ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ឧបសគ្គដែលយើងប្រឈមអាចធ្វើឲ្យយើងមានអារម្មណ៍ថា អស់កម្លាំង ខកចិត្ត បរាជ័យ និងឯកោ ។ ពួកអ្នកនិពន្ធគម្ពីរទំនុកដំកើងបានយល់ពីអារម្មណ៍ទាំងនោះ ហើយបានបង្ហាញពីអារម្មណ៍នោះប្រកបដោយអានុភាពថា « ចិត្តទូលបង្គំត្រូវកាត់ចុះដូចជាស្មៅ … ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ »( ទំនុកដំកើង ១០២:៤, ៧ ) ។ ប៉ុន្តែពួកគេក៏បានថ្លែងទីបន្ទាល់ដ៏មានអានុភាពផងដែរថា ការងាកទៅរកព្រះអង្គសង្គ្រោះនឹងនាំមកនូវភាពធូរស្រាល ៖ « ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯង ទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា ក៏ជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា បំពាក់ជាមកុដឲ្យឯងវិញ »( ទំនុកដំកើង ១០៣:២–៤ ) ។
សូមគិតពីពរជ័យដែលនឹងកើតមានចំពោះសមាជិកក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូន នៅពេលពួកគេយល់ដឹងកាន់តែពេញលេញពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយពួកគេនៅក្នុងការសាកល្បងរបស់ពួកគេ ។ តើព្រះអង្គសង្គ្រោះបានជួយបងប្អូនយ៉ាងដូចម្ដេច ? នៅពេលបងប្អូនរៀបចំខ្លួនបង្រៀន បងប្អូនអាចរំឭកសារលិខិតរបស់ប្រធាន ហិនរី ប៊ី អាវរិង « Tested, Proved, and Polished » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៦–៩៩ ) និង« មារសត្រូវ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រtopics.ChurchofJesusChrist.org ) ។
រៀនជាមួយគ្នា
បងប្អូនអាចចាប់ផ្ដើមដោយសុំឲ្យសមាជិកថ្នាក់ ឬកូរ៉ុមរំឭក ទំនុកដំកើង ១០២, ១០៣, និង ១១៦ ដោយរកមើលរបៀបដែលព្រះអង្គសង្គ្រោះជួយយើងនៅក្នុងការខិតខំរបស់យើងដើម្បីយកឈ្នះលើការសាកល្បងទាំងឡាយ ។ ពួកគេអាចធ្វើការតែឯង ឬជាក្រុមដើម្បីសរសេរប្រយោគពីរបីអំពីអ្វីដែលពួកគេបានរកឃើញ ហើយបន្ទាប់មកចែកចាយអ្វីដែលពួកគេបានសរសេរ ។ សូមជ្រើសយកសកម្មភាពមួយ ឬច្រើនដូចខាងក្រោមនេះដើម្បីជួយពួកគេឲ្យយល់ពីប្រធានបទនេះកាន់តែស៊ីជម្រៅ ។
-
ទំនុកតម្កើងអាចអញ្ជើញព្រះវិញ្ញាណ ហើយបង្រៀនគោលលទ្ធិតាមវិធីដ៏មានអានុភាពមួយ ។ សូមពិចារណារំឭកទំនុកតម្កើងអំពីព្រះអង្គសង្គ្រោះដែលជួយយើងនៅក្នុងការសាកល្បងរបស់យើង ដូចជា « គ្រឹះដ៏មាំមួន » ( ទំនុកតម្កើង ល.រ. ៣៧ ) ។ តើទំនុកតម្កើងនេះបង្រៀនអ្វីខ្លះអំពីជំនួយដែលព្រះអង្គសង្គ្រោះអាចប្រទានដល់យើង ? បន្ទាប់មក យុវវ័យអាចរំឭកវគ្គបទគម្ពីរនៅក្នុង « ធនធានគាំទ្រ » ។ ពួកគេអាចទទួលបានប្រយោជន៍មកការកត់ត្រាឃ្លាមួយមកពីទំនុកតម្កើង ឬបទគម្ពីរមួយដែលរំឭកពួកគេឲ្យស្វែងរកព្រះអង្គសង្គ្រោះនៅក្នុងសេចក្ដីវេទនារបស់ពួកគេ ។
-
សារលិខិតរបស់ប្រធាន ហិនរី ប៊ី អាវរិង « Tested, Proved, and Polished » អាចជួយមនុស្សដែលបងប្អូនបង្រៀនឲ្យយល់កាន់តែប្រសើរពីសំណួរដូចតទៅនេះ ៖ តើគោលបំណងមួយចំនួននៃការសាកល្បងនៃជីវិតរមែងស្លាប់របស់យើងមានអ្វីខ្លះ ? តើព្រះអង្គសង្គ្រោះនឹងជួយយើងជាមួយនឹងឧបសគ្គរបស់យើងដោយរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានជំនួយ និងព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ? សូមពិចារណាសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ។ សមាជិកថ្នាក់ ឬកូរ៉ុមអាចរកមើលចម្លើយនៅក្នុងសារលិខិតរបស់ប្រធានអាវរិង ។ ឧទាហរណ៍ តើយើងរៀនអ្វីខ្លះមកពីដំណើររឿងអំពីម្ដាយរបស់ប្រធានអាវរិងនៅដើម និងចុងបញ្ចប់នៃសារលិខិតនោះ ? បងប្អូនអាចសូមឲ្យម្នាក់ៗពិចារណាពីរបៀបដែលពួកគេអាចអនុវត្តអ្វីដែលពួកគេបានរៀនទៅនឹងការសាកល្បងរបស់ពួកគេផ្ទាល់ ។ យុវវ័យមួយចំនួនប្រហែលជាយល់ព្រមចែកចាយគំនិតរបស់ពួកគេ ។
-
ស៊ីស្ទើរ លីហ្សា អិល ហាកណេស បានលើកឡើងនូវដំណើររឿងអំពីព្រះអង្គសង្គ្រោះបានបង្គាប់ឲ្យព្យុះភ្លៀងស្ងប់ដើម្បីបង្រៀនថា ទ្រង់អាចបង្គាប់ឲ្យព្យុះភ្លៀងក្នុងជីវិតយើងស្ងប់បាន ( សូមមើល ម៉ាកុស ៤:៣៥–៤១; « Peace, Be Still » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨០–៨២ ) ។ បងប្អូនអាចអញ្ជើញសមាជិកថ្នាក់ ឬកូរ៉ុមឲ្យមកថ្នាក់រៀនដោយរៀបចំខ្លួនចែកចាយពីអ្វីដែលគាត់បានរៀនអំពីព្រះអង្គសង្គ្រោះដកស្រង់មកពីដំណើររឿងបទគម្ពីរ ។ បុគ្គលម្នាក់នេះក៏អាចបង្ហាញរូបភាពមួយបានផងដែរ ( សូមមើល សៀវភៅរូបភាពដំំណឹងល្អ ល.រ. ៤០ ) ។ បន្ទាប់មក យុវវ័យអាចរំឭកពីអ្វីដែលស៊ីស្ទើរ ហាកណេស បានបង្រៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះ « គង់នៅលើទូករបស់យើង » ពេលយើងប្រឈមនឹងឧបសគ្គ ។ បងប្អូនអាចអញ្ជើញបុគ្គលម្នាក់ៗឲ្យចែកចាយពីរបៀបដែលព្រះអង្គសង្គ្រោះបានជួយពួកគេនៅក្នុងការសាកល្បងរបស់ពួកគេ រួមទាំងរបៀបដែលទ្រង់បានជួយពួកគេតាមរយៈមនុស្សដទៃទៀតផងដែរ ។ សូមលើកទឹកចិត្តយុវវ័យឲ្យចែកចាយបទពិសោធន៍របស់ពួកគេជាមួយនឹងមនុស្សម្នាក់ដែលពួកគេស្គាល់ ដែលត្រូវការសេចក្ដីសុខសាន្តរបស់ព្រះអង្គសង្គ្រោះ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
អេសាយ ៥៣:៣–៥; ហេព្រើរ ២:១៧–១៨; អាលម៉ា ៧:១១–១៣; ៣៦:៣; អេធើរ ១២:២៧ ( ព្រះអង្គសង្គ្រោះនឹងជួយយើងនៅក្នុងការសាកល្បងរបស់យើង )
-
ឌៀថើរ អេហ្វ អុជដូហ្វ « God Will Do Something Unimaginable » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥១–៥៤
-
គ្រីស្ទីណា ប៊ី ហ្វ្រានកូ « The Healing Power of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៦០–៦២
-
« Mountains to Climb » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org