« ថ្ងៃទី ២៣ ខែ មេសា ។ តើខ្ញុំអាចបង្ហាញសេចក្តីស្រឡាញ់កាន់តែខ្លាំងចំពោះអ្នកដែលនៅជុំវិញខ្ញុំដោយរបៀបណា ? ម៉ាថាយ ១៨; លូកា ១០ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ២០២២ )
« ថ្ងៃទី ២៣ ខែ មេសា ។ តើខ្ញុំអាចបង្ហាញសេចក្តីស្រឡាញ់កាន់តែខ្លាំងចំពោះអ្នកដែលនៅជុំវិញខ្ញុំដោយរបៀបណា ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ២៣ ខែ មេសា
តើខ្ញុំអាចបង្ហាញសេចក្តីស្រឡាញ់កាន់តែខ្លាំងចំពោះអ្នកដែលនៅជុំវិញខ្ញុំដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើបទពិសោធន៍ថ្មីៗអ្វីខ្លះដែលបាននាំយើងឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើថ្មីៗនេះមានមនុស្សម្នាក់ដែលទើបប្ដូរចូលមកក្នុងវួដរបស់យើង ឬទើបចូលក្នុងសាសនាចក្រដែរឬទេ ? តើយើងអាចជួយពួកគេឲ្យមានអារម្មណ៍ស្វាគមន៍ដោយរបៀបណា ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើមានសកម្មភាពអ្វីខ្លះដែលនឹងកើតមានឡើង ដែលយើងអាចអញ្ជើញមិត្តរបស់យើងឲ្យចូលរួមបាន ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចប្រឹងប្រែងធ្វើអ្វីខ្លះ ដើម្បីកត់ត្រាប្រវត្តិផ្ទាល់ខ្លួនរបស់យើង ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
បន្ទាប់ពីព្រះយេស៊ូវបានបង្រៀន « អ្នកប្រាជ្ញច្បាប់ម្នាក់ » ពីសារៈសំខាន់នៃបទបញ្ញត្តិធំពីរ—ការស្រឡាញ់ព្រះ និងការស្រឡាញ់អ្នកជិតខាងរបស់យើង—អ្នកប្រាជ្ញបានសួរថា « តើអ្នកណាជាអ្នកជិតខាងខ្ញុំ ? » ( សូមមើល លូកា ១០:២៥–២៩; ម៉ាថាយ ២២:៣៥–៤០ ) ។ ព្រះអង្គសង្រ្គោះបានឆ្លើយតប ដោយបានចែកចាយរឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារី ដែលបានប្រថុយជីវិតរបស់គាត់ ថែទាំបុរសសាសន៍យូដាដែលមានរបួស បានយកបុរសនោះទៅផ្ទះសំណាក់ដើម្បីមើលថែ ហើយបានបង់លុយលើថ្លៃព្យាបាលដល់គាត់ផង ។ សាសន៍សាម៉ារីពុំបានខ្វល់ខ្វាយទៅលើភាពខុសគ្នារវាងគាត់ និងបុរសនោះដែលប្រជាជនគាត់បានចាត់ទុកថាជាសត្រូវ ឬថ្កោលទោសគាត់ ឬរកហេតុផលដើម្បីមិនជួយគាត់នោះទេ ។ គាត់បានបម្រើបុរសដែលខ្វះខាតនោះ ទោះបីជាមានការលំបាក និងការលះបង់ផ្ទាល់ខ្លួនក៏ដោយ ដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុរសនោះ និងចំពោះព្រះ ។ ពេលបងប្អូនពិចារណាការបង្រៀនរបស់ព្រះអង្គសង្រ្គោះនៅក្នុង លូកា ១០:២៥–៣៧ សូមគិតអំពីអត្ថន័យពិតប្រាកដដែលត្រូវ « ស្រឡាញ់ … អ្នកជិតខាងដូចខ្លួនឯងដែរ » ( ខទី ២៧ ) ។
តើបងប្អូននឹងជួយអ្នកដែលបងប្អូនបង្រៀនឲ្យយល់យ៉ាងណាដែលថា ពេលពួកគេបម្រើមនុស្សនៅជុំវិញខ្លួនពួកគេ នោះពួកគេកំពុងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ ? តើអ្វីដែលអាចបំផុសគំនិតពួកគេឲ្យស្រឡាញ់ និងបម្រើអ្នកដទៃ ? ពេលបងប្អូនរៀបចំខ្លួន បងប្អូនអាចរំឭកសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន ឡើងវិញ « The Second Great Commandment » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៦–១០០ ) ។
រៀនជាមួយគ្នា
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីការបង្ហាញសេចក្តីស្រឡាញ់ដ៏ធំចំពោះមនុស្សដែលនៅជុំវិញខ្លួនយើង នោះបងប្អូនអាចស្នើសុំឲ្យសមាជិកថ្នាក់ ឬកូរ៉ុមចែកចាយនូវអ្វីមួយ ដែលពួកគេបានរៀនអំពីការស្រឡាញ់អ្នកដទៃ មកពីរឿងប្រៀបប្រដូចនៃសាសន៍សាម៉ារីចិត្តល្អ ដែលមាននៅក្នុង លូកា ១០:២៥–៣៧ ។ តើយើងរៀនអ្វីខ្លះអំពីទំនាក់ទំនងរវាងបទបញ្ញត្តិធំទីមួយ និងទីពីរចេញពី លូកា ១០:២៧ និងសេចក្តីថ្លែងការណ៍របស់ប្រធាន ដាល្លិន អេក អូក នៅក្នុង « ធនធានគាំទ្រ » ? គំនិតខាងក្រោមនេះ អាចជួយបងប្អូនបន្តការពិភាក្សាអំពីការបង្ហាញសេចក្តីស្រឡាញ់ដ៏ធំចំពោះមនុស្សដែលនៅជុំវិញខ្លួនយើង ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏អស្ចារ្យរបស់យើងពី ការបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះ តាមរយៈការបម្រើអ្នកដទៃ ហើយសមាជិកថ្នាក់ ឬកូរ៉ុមនឹងទទួលបានការបំផុសគំនិតដោយការសិក្សាគំរូរបស់ទ្រង់ ។ សូមអញ្ជើញបុគ្គលម្នាក់សញ្ជឹងគិតអំពីព្រះជន្មរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ ហើយជ្រើសរើសបទពិសោធន៍មួយចេញពីព្រះជន្មរបស់ទ្រង់ដែលបង្ហាញសេចក្តីស្រឡាញ់ដ៏ធំចំពោះអ្នកដទៃ ។ សូមឲ្យបុគ្គលម្នាក់ៗចែកចាយបទពិសោធន៍ដែលពួកគេបានជ្រើសរើស ព្រមទាំងប្រាប់ពីមូលហេតុដែលវាមានអត្ថន័យចំពោះពួកគេ ។ សូមអញ្ជើញអ្នកដែលបងប្អូនបង្រៀនឲ្យគិតពីរបៀបមួយដែលពួកគេអាចធ្វើតាមគំរូនៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះ ។ ពួកគេក៏អាចចែកចាយគំនិតរបស់ពួកគេអំពី នរណាម្នាក់ដែលពួកគេស្គាល់ដែលធ្វើតាមគំរូនេះ ។
-
សូមចែកចាយ និងពិភាក្សាជាមួយសមាជិកថ្នាក់ ឬកូរ៉ុមនូវសេចក្តីថ្លែងការណ៍ដោយប្រធាន រ័សុល អិម ណិលសុន ដែលមាននៅក្នុង « ធនធានគាំទ្រ » ។ បងប្អូនអាចអញ្ជើញសមាជិកថ្នាក់ ឬកូរ៉ុមឲ្យរំឭកឡើងវិញនូវសារលិខិតពីសន្និសីទទូទៅមួយ ឬច្រើន ដែលមាននៅក្នុងគម្រោងមេរៀននេះ ដោយរកមើលការបង្រៀនទាំងឡាយដែលអាចដឹកនាំ យើងនៅក្នុងការខិតខំប្រឹងប្រែងរបស់យើងដើម្បីស្រឡាញ់អ្នកដទៃ ។ ពួកគេអាចផ្តោតចិត្តទុកដាក់លើចំណុចដូចតទៅនេះ ៖ ឧទាហរណ៍ពីរបៀបដែលយើងអាចបម្រើអ្នកដទៃ « បទបញ្ញត្តិធំទីពីរ » ដោយប្រធាន ណិលសុន; ផ្នែក I II និង VI នៅក្នុងសារលិខិតរបស់ប្រធាន អូក « ការស្រឡាញ់អ្នកដទៃ និងការរស់នៅជាមួយមនុស្សដែលមានភាពខុសគ្នា » និងដំណើររឿងអំពីសត្វទន្សាយ និងដំបូន្មានទៅកាន់យុវវ័យមកពី « ចិត្តចងក្រងរួមគ្នា » ដោយអែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ។ បងប្អូនក៏អាចអានជាមួយគ្នា ម៉ូសាយ ២:១៧ និង មរ៉ូណៃ ៧:៤៥–៤៨ ។ វាអាចមានប្រយោជន៍ ដើម្បីសរសេរពីការបង្រៀនដែលបានពិភាក្សាដោយយុវវ័យនៅលើក្ដារខៀន ។ បន្ទាប់មកថ្នាក់ ឬកូរ៉ុមអាចប្រឹក្សាជាមួយគ្នាអំពីរបៀបជាក់លាក់ ដែលពួកគេអាចអនុវត្តតាមការបង្រៀនទាំងនេះបានកាន់តែប្រសើរ ចំពោះទំនាក់ទំនងរបស់ពួកគេជាមួយសមាជិកគ្រួសារ ជាមួយមិត្តភក្តិ និងក្នុងសហគមន៍របស់ពួកគេ សូម្បីតែនៅពេលមនុស្សហាក់ដូចជាពិបាកនឹងស្រឡាញ់ក៏ដោយ ។
-
ការខិតខំរបស់សមាជិកថ្នាក់ ឬកូរ៉ុមនៅក្នុងកិច្ចការនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើងនឹងកាន់តែមានអត្ថន័យ និងរីករាយជាង នៅពេលពួកគេត្រូវបានបំផុសគំនិតដោយសេចក្តីស្រឡាញ់ ។ ដើម្បីជួយពួកគេមើលឃើញពីរបៀបដែលទិដ្ឋភាពនីមួយៗ នៃកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង( សូមមើល ក្បួនខ្នាត ១.២ ) ត្រូវបានជំរុញដោយក្តីស្រឡាញ់ សូមសរសេរទិដ្ឋភាពទាំងបួននៅលើក្ដារខៀន ។ បន្ទាប់មកសូមឲ្យយុវវ័យពិភាក្សាពីរបៀបដែលមានចិត្តពេញដោយក្តីស្រឡាញ់ចំពោះអ្នកដទៃ អាចផ្លាស់ប្តូររបៀបដែលពួកគេចូលរួមនៅក្នុងទិដ្ឋភាពនីមួយៗ ។ ពួកគេអាចមានបទពិសោធន៍ពីជីវិតរបស់ពួកគេផ្ទាល់ ឬពីជីវិតរបស់អ្នកដទៃដែលពួកគេអាចចែកចាយ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ដាល្លិន អេក អូក « Loving Others and Living with Differences » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៥–២៨
-
ហ្កែរី អ៊ី ស្ទីវ៉ែនសុន « Hearts Knit Together » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១៩–២៣
-
« A Good Samaritan » « The Greatest Commandment » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org
-
ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « ភាពខ្នះខ្នែងរបស់យើងក្នុងការរក្សាបទបញ្ញត្តិទីពីរ [ នេះ ] មិនត្រូវធ្វើឲ្យយើងភ្លេចបញ្ញត្តិទីមួយឡើយ គឺត្រូវឲ្យស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតរបស់យើង ។… យើងត្រូវតែព្យាយាមគោរពបទបញ្ញត្តិធំទាំងពីរ ។ ដើម្បីធ្វើដូច្នោះបាន យើងត្រូវតែស្វែងរកតុល្យភាពរវាងក្រឹត្យវិន័យ និងសេចក្ដីស្រឡាញ់—ជាការគោរពបទបញ្ញត្តិ និងការដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ខណៈដែលស្រឡាញ់អ្នកជិតខាងរបស់យើងផងដែរ ។ ដំណើរនេះតម្រូវឲ្យយើងស្វែងរកការបំផុសគំនិតពីព្រះនូវអ្វីដើម្បីគាំទ្រ និងអ្វីដែលត្រូវបដិសេធ ព្រមទាំងរបៀបស្រឡាញ់ ហើយស្ដាប់ដោយការគោរព ហើយបង្រៀននៅក្នុងដំណើរការនោះ ។ ដំណើររបស់យើងតម្រូវកុំឲ្យយើងបង្ខូចដល់បទបញ្ញត្តិ ប៉ុន្តែបង្ហាញនូវរង្វាស់ដ៏ពេញលេញមួយអំពីការយល់ដឹង និងសេចក្ដីស្រឡាញ់ » ( « Two Great Commandments » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៥ ) ។
-
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « ពួកគេ … ពិតជាព្យាយាមរស់នៅតាមបទបញ្ញត្តិធំទីមួយ និងទីពីរ ។ នៅពេលយើងស្រឡាញ់ព្រះដោយអស់ពីដួងចិត្តរបស់យើង នោះទ្រង់បង្វែរដួងចិត្តរបស់យើងទៅរកសុខមាភាពរបស់អ្នកដទៃនៅក្នុងវដ្ដដ៏ស្រស់ស្អាត និងប្រកបដោយគុណធម៌ ។ … ការផ្ដល់ជំនួយដល់មនុស្សដទៃ— ការខិតខំប្រកបដោយមនសិកាដើម្បីមើលថែអ្នកដទៃឲ្យបានច្រើន ឬ ច្រើនជាង ដែលយើងអាចមើលថែខ្លួនឯង— គឺជាអំណររបស់យើង ។ ជាពិសេសខ្ញុំអាចបន្ថែមថា នៅពេលវាពុំងាយស្រួល ហើយនៅពេលយើងចេញពីភាពងាយស្រួលរបស់យើង ។ ការរស់នៅតាមបទបញ្ញត្តិធំទីពីរនោះគឺជា គន្លឹះដើម្បីប្រែក្លាយជាសិស្សពិតប្រាកដរបស់ព្រះយេស៊ូវគ្រីស្ទ » ( « The Second Great Commandment » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៧, ១០០ ) ។