ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៩ ខែ មេសា ។ តើ​ខ្ញុំ​អាច​ពង្រឹង​ទីបន្ទាល់​របស់ខ្ញុំ​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? បុណ្យ​អ៊ីស្ទើរ


« ថ្ងៃទី ៩ ខែ មេសា ។ តើ​ខ្ញុំ​អាច​ពង្រឹង​ទីបន្ទាល់​របស់ខ្ញុំ​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? បុណ្យ​អ៊ីស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៩ ខែ មេសា ។ តើ​ខ្ញុំ​អាច​ពង្រឹង​ទីបន្ទាល់​របស់ខ្ញុំ​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? » ចូរមកតាមខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣

ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​ម៉ារា​អ្នក​ស្រុក​ម៉ាដាឡា

ថ្ងៃទី ៩ ខែ មេសា

តើ​ខ្ញុំ​អាច​ពង្រឹង​ទីបន្ទាល់​របស់ខ្ញុំ​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?

បុណ្យ​អ៊ីស្ទើរ

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ថ្នាក់​ម្នាក់ ឬ​គណៈប្រធាន​កូរ៉ុម មាន​រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ រួច​ហើយ បន្ថែម​លើ​ការប្រឹក្សា​អំពី​កិច្ចការ​ក្នុង​ថ្នាក់ ឬ​កូរ៉ុម​ជាក់លាក់​នានា បងប្អូន​អាច​ពិភាក្សា​ពី​ចំណាប់​អារម្មណ៍ និង​បាវចនា​មកពី សន្និសីទ​ទូទៅ ។ សំណួរ​ខាងក្រោម​នេះ​អាច​នឹង​ជួយ​បាន ។

  • តើ​យើង​ចាប់​អារម្មណ៍​លើ​បាវចនា ឬ​សារលិខិត​អ្វីខ្លះ ? តើ​អ្វីទៅ​ដែល​បាន​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្វីទៅ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង​លើ​ពួក​ព្យាការី​នៅរស់ ? តើ​យើង​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​អ្វី​ដែល​យើង​បាន​រៀន ឬ​ទទួល​អារម្មណ៍​នេះ ?

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ក្នុង​នាម​ជា​ថ្នាក់ ឬ​កូរ៉ុម​មួយ ដើម្បី​ចងចាំ ហើយ​ធ្វើតាម​ការទូន្មាន​ដែល​យើង​ស្ដាប់​ឮ​នៅក្នុង​សន្និសីទ​ទូទៅ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

សាវក​ទាំង​ពី​បុរាណ និង​សម័យ​ទំនើប​ថ្លែង​ទីបន្ទាល់​ថា​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ! ទ្រង់​បាន​រងទុក្ខ ហើយ​សុគត​នៅលើ​ឈើឆ្កាង ទ្រង់​ត្រូវ​បញ្ចុះ​នៅក្នុង​ផ្នូរ ហើយ​នៅ​ថ្ងៃ​ទីបី​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ។ ដោយសារ​ទ្រង់​ឈ្នះលើ​សេចក្ដីស្លាប់ នោះ​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់ឡើងវិញ ។ ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ​បាន​នាំ​មក​នូវ​ការសន្យា​នៃ​អមតភាព និង​ក្តីសង្ឃឹម​នៃ​ជីវិត​អស់​កល្បជានិច្ច ។ ការសន្យា​នេះ​គឺជា​មូលហេតុ​នៃ​ការប្រារព្ធ​ធ្វើ​បុណ្យអ៊ីស្ទើរ ។

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​មាន​ហេតុផល​ពិសេស​ដើម្បី​ជឿ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។ បន្ថែមពី​លើ​សាក្សី​ពី​មនុស្ស​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញាថ្មី យើង​មាន​ទីបន្ទាល់​របស់​មនុស្ស​ដែល​រស់នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​មរមន ព្យាការី យ៉ូសែប ស្ម៊ីធ និង​ព្យាការី និង​សាវក​ដែល​នៅរស់​របស់យើង ។ យើង​ក៏​អាច​ទទួល​បាន​សាក្សី​ផ្ទាល់​ខ្លួន​អំពី​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​បងប្អូន​អាច​ជួយ​យុវវ័យ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ដោយ​របៀបណា ? ពេល​បងប្អូន​រៀបចំខ្លួន សូម​ពិចារណា​សិក្សា​សារលិខិត​របស់​ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ « The Grave Has No Victory » ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៥–៨៦ ) និង​សារលិខិត​របស់​អែលឌើរ អេស ម៉ាក ផលម័រ « Our Sorrow Shall Be Turned into Joy » ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៨–៨៩ ) ។

រៀន​ជាមួយគ្នា

បងប្អូន​អាច​ចាប់ផ្តើម​ការពិភាក្សា​អំពី​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការអញ្ជើញ​យុវវ័យ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានធ្វើ​នៅ​សប្តាហ៍​នេះ ដើម្បី​ប្រារព្ធ​បុណ្យ​អ៊ីស្ទើរ ។ បងប្អូន​អាច​ស្នើសុំ​ឲ្យ​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​បាន​សិក្សា ឬ​បាន​ធ្វើ​ជា​លក្ខណៈ​បុគ្គល ឬ​ជាមួយ​គ្រួសារ​របស់​ពួកគេ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ខាងក្រោម​នេះ​ជា​សកម្មភាព​ដើម្បី​ជួយ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​របស់បងប្អូន​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ។

  • សូម​ពិភាក្សា​ជាមួយគ្នា​ថា​ហេតុអ្វី​បាន​ជា​សាក្សី​មាន​សារៈសំខាន់​ក្នុង​ជីវិត​ប្រចាំថ្ងៃ ។ បន្ទាប់មក សូម​ធ្វើ​បញ្ជី​ពី​សាក្សី​នៃ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះ​យេស៊ូវ​ឲ្យ​បាន​ច្រើន​តាម​ដែល​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​អាច​គិត​ដល់ ។ បន្ទាប់មក​បុគ្គល​ម្នាក់ៗ​អាច​ជ្រើសរើស​បទគម្ពីរ​ចេញពី​បញ្ជី​ទាំងនោះ​ដែល​មាន​នៅក្នុង « ធនធាន​គាំទ្រ » ដើម្បី​រៀន​អំពី​សាក្សី​ទាំងនេះ ។ សូម​អញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ផងដែរ​ពី​របៀប​ដែល​សាក្សី​ទាំងនេះ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ក្នុង​ស្ថានភាព​ណាខ្លះ ជាពេល​យើង​អាច​ចែកចាយ​ទីបន្ទាល់​របស់​យើង​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ? ប្រសិនបើ​នរណា​ម្នាក់​នៅក្នុង​ថ្នាក់ ឬ​កូរ៉ុម​មាន​បទពិសោធន៍​និយាយ​ជាមួយ​នរណា​ម្នាក់​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ សូម​ពិចារណា​អញ្ជើញ​គាត់ឲ្យ​ចែកចាយ​បទពិសោធន៍​ទាំងនោះ ។ សូម​លើកទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ជួយ​នរណា​ម្នាក់ ឲ្យ​យល់​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​បាន​ទីបន្ទាល់​ថា ដោយសារ​ទ្រង់ នោះ​យើង​ទាំងអស់គ្នា​អាច​រស់ឡើងវិញ​ដែរ ។ តើ​មាន​សេចក្ដីពិត​សំខាន់ៗ​អ្វីខ្លះ​អំពី​ការរស់ឡើងវិញ​របស់​មនុស្ស​ទាំងអស់​ដែល​នឹង​មាន​សារៈសំខាន់​ក្នុង​ការបង្រៀន​អ្នក​ដទៃ ? សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អាច​រក​ចម្លើយ​នៅក្នុង​ព្រះគម្ពីរ​ក្នុង « ធនធាន​គាំទ្រ » ។

  • នៅពេល​សាវក​ទាំងឡាយ​បាន​ប្រាប់​ថូម៉ាស​ថា ពួកគេ​បាន​ឃើញ​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ថូម៉ាស​បាន​និយាយ​ថា លោក​នឹង​មិន​ជឿ​ទេ លុះត្រាតែ​លោក​បានឃើញ​ដោយ​ខ្លួន​លោក​ផ្ទាល់ ។ ក្រោយមក​ព្រះ​យេស៊ូវ​បានប្រាប់ ថូម៉ាស​ថា « មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ » ។ សូម​រំឭក​ឡើងវិញ​ជាមួយគ្នា​ពី​បទពិសោធន៍​របស់​ថូម៉ាស​ដែល​មាន​នៅក្នុង យ៉ូហាន ២០:២៤–២៩ ។ តើ​យើង​បាន​ទទួល​ពរជ័យ​ដោយ​ការជឿ​លើ​ព្រះអង្គ​សង្គ្រោះ​ដោយ​មិន​បាន​ឃើញ​ទ្រង់​ដោយ​របៀបណា ? តើ​យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ? សូម​អញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​ស្វែងរក​សារលិខិត​មួយ ឬ​ច្រើន​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅក្នុង « ធនធាន​គាំទ្រ » ហើយ​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ការមាន​ព្រះមាន​ជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ​សង្រ្គោះ ។ តើ​ចំណេះដឹង​របស់​យើង​ដែល​ថា យើង​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់ឡើងវិញ​មាន​ឥទ្ធិពល​យ៉ាង​ណា ទៅ​លើ​របៀប​ដែល​យើង​គិត​អំពី​រូបកាយ​របស់​យើង និង​ការ​សម្រេច​ចិត្ត​ដែល​យើង​ធ្វើ ?

ដើម្បី​ឲ្យ​ឯង​បាន​ដឹង ដោយ ហ្គែរី អិល ខាប

ដើម្បី​ឲ្យ​ឯង​បាន​ដឹង ដោយ ហ្គែរី អិល ខាប

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

មនុស្ស​ម្នាក់​ដែល​ស្គាល់​របៀប​ដើម្បី​ទាញ​អត្ថន័យ​ពីបទគម្ពីរ ហើយ​បែរ​ទៅរក​បទគម្ពីរ​ជា​ប្រចាំ​ថ្ងៃ នឹង​អាច​មាន​នូវការ​ណែនាំ​ដ៏​ទេវភាព​ដើម្បី​យក​ឈ្នះ​លើ​គ្រប់​ឧបសគ្គ ។ នៅពេល​អ្នកបង្រៀន ចូរសួរ​សំណួរ​ដែល​តម្រូវ​ឲ្យ​អ្នករៀន​ស្វែងរក​ចម្លើយ​នៅក្នុង​បទគម្ពីរ ។